លោកស្រី Vang Thi Mai មិនត្រឹមតែបានផ្លាស់ប្តូរជីវិតរបស់ស្ត្រីជនជាតិ Mong នៅក្នុងតំបន់ប៉ុណ្ណោះ ថែមទាំងបាននាំសិប្បកម្មត្បាញក្រណាត់ទេសឯកប្រពៃណីទៅកាន់ពិភពលោកផងដែរ។ រូបថត៖ Huyen Trang/VOV5

ស្ត្រីជនជាតិ Mong អាយុជាង ៦០ ឆ្នាំម្នាក់ កំពុងកាន់កន្សែងមួយផ្ទាំង ដោយឧទ្ទេសនាមដល់ភ្ញៀវទេសចរអំពីអត្ថន័យនៃលំនាំ និងក្បូរក្បាច់រចនាលើផលិតផលក្រណាត់ទេសឯករបស់ជនជាតិ Mong។ មានមនុស្សតិចណាស់ដែលដឹងថា ស្ត្រីម្នាក់នោះគឺលោកស្រី Vang Thi Mai ជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលមានឥទ្ធិពលបំផុតទាំង ៥០ នាក់នៅក្នុងប្រទេសវៀតណាម ដែលត្រូវបានទស្សនាវដ្តី Forbes Vietnam បោះឆ្នោតជ្រើសរើសក្នុងឆ្នាំ ២០១៧។ លោកស្រីបានជួយស្តារ និងនាំរបរសិប្បកម្មត្បាញក្រណាត់ទេសឯកប្រពៃណីដែលហាក់ដូចជាជិតបាត់បង់ទៅនេះ ចេញទៅពិភពលោក។ លោកស្រី Vang Thi Mai បានឲ្យដឹងថា៖

«ក្រណាត់ទេសឯករបស់ជនជាតិ Mong គឺជាស្មារតីរបស់ជនជាតិ Mong។ នោះជាប្រពៃណីពីមុនមក។ បច្ចុប្បន្ននេះ យើងថែរក្សា អភិរក្ស និងផ្សព្វផ្សាយតម្លៃវប្បធម៌នេះដល់មិត្តភក្តិអន្តរជាតិ។ ចាប់តាំងពីឆ្នាំ ២០០៨ ក្រណាត់ទេសឯករបស់យើងបានចូលរួមក្នុងការតាំងពិព័រណ៍នៅ លុចសំបួរ សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង និងរុស្ស៊ី។ នៅឆ្នាំ ២០១០ នៅឯពិព័រណ៍នៅទីក្រុងប៉ារីស ប្រទេសបារាំង ពួកគេបានអញ្ជើញក្រុមមួយពីទីនេះឱ្យចូលរួម។ ភូមិសិប្បកម្មនៅទីនេះតំណាងឱ្យជនជាតិទាំង ៥៤ របស់ប្រទេសវៀតណាម ដើម្បីចូលរួមអភិរក្ស និងថែរក្សានៅអង្គការសហប្រជាជាតិចាប់ពីឆ្នាំ ២០១៥ ដល់ ២០១៧។ ឆ្នាំ ២០១៧ គឺជាឆ្នាំពិសេសបំផុត ដោយមានការចូលរួមពីភូមិសិប្បកម្មមកពីប្រទេសចមនួន ១៦០ ដែលបានធ្វើឡើងនៅសហរដ្ឋអាមេរិក ហើយពួកគេបានប្រគល់ពានរង្វាន់មាសដល់វៀតណាម»។

ក្រណាត់ទេសឯក Lung Tam ត្រូវបាននាំចេញ និងប្រើប្រាស់នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិក កាណាដា បារាំង ស្វីស និងអ៊ីតាលី។ ចំណែកឯនៅហ្នឹងស្រុកកំណើតរបស់ខ្លួន ស្ត្រីជនជាតិ Mong មិនត្រឹមតែថែរក្សាប្រពៃណីប៉ុណ្ណោះទេ ថែមទាំងចេះពីរបៀបផ្សព្វផ្សាយ និងបង្កើតរូបភាពដ៏រស់រវើកអំពីរបរសិប្បកម្ម ដែលកម្ររកឃើញនៅកន្លែងដទៃទៀត។

លោកស្រី Sung Thi Co អាយុ ៩៦ ឆ្នាំ ជាអ្នកថែរក្សាគុណតម្លៃនៃភូមិត្បាញក្រណាត់ទេសឯក។ ទោះបីជាដៃរបស់គាត់ខូចទ្រង់ទ្រាយក៏ដោយ ប៉ុន្តែគាត់នៅតែអាចគូរលំនាំដោយក្រមួនឃ្មុំជារៀងរាល់ថ្ងៃ។ រូបថត៖ Huyen Trang/VOV5

លាយឡំនឹងសូរសំឡេងរបស់ភ្ញៀវទេសចរបរទេសដែលកំពុងស្វែងយល់អំពីរបរត្បាញក្រណាត់ទេសឯកនោះ គឺសំឡេងសំណើចរបស់លោកស្រី Sùng Thị Cờ ដែលធ្វើឲ្យបរិយាកាសកាន់តែកក់ក្តៅ និងស្និទ្ធស្នាល។ ស្ត្រីអាយុ ៩៦ ឆ្នាំរូបនេះ ជាយូរមកហើយ គឺជារូបភាពដ៏គួរឱ្យចាប់អារម្មណ៍ សម្រាប់មនុស្សម្នាក់ៗដែលបានមកដល់ Lung Tam។ លោកស្រីគឺជាអ្នកថែរក្សាគុណតម្លៃនៃរបរត្បាញក្រណាត់ទេសឯកប្រពៃណី ជាពិសេសសិល្បៈគូរគំនូរដោយក្រមួនឃ្មុំ ហើយក៏ជាអ្នកដែលផ្ទេរប្រគល់បទពិសោធន៍ដ៏មានតម្លៃនោះទៅឲ្យអ្នកភូមិផងដែរ។ លោកស្រី Sùng Thị Cờ បាននិយាយថា៖

“ម្តាយបានបង្រៀនខ្ញុំពីរបៀបត្បាញក្រណាត់ទេសឯកនៅពេលខ្ញុំមានអាយុ ១៣ ឆ្នាំប៉ុណ្ណោះ ហើយខ្ញុំបានធ្វើរហូតមកដល់ពេលនេះ។ ខ្ញុំចូលចិត្តក្រណាត់នេះ។ ក្រណាត់ទេសឯកនេះគឺមកពីភូមិ។ ខ្ញុំយកក្រណាត់ពណ៌សមកធ្វើសំពត់។ ខ្ញុំគូរស្លឹកឈើ គូរផ្កា ធ្វើតាមចំណងចំណូលចិត្តផ្ទាល់ខ្លួន។ ខ្ញុំអាចធ្វើក្រណាត់បានត្រឹមតែ ៣ ផ្ទាំង ក្នុងមួយថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីធ្វើរួច ខ្ញុំយកទៅជ្រលក់ពណ៌ធ្លះ ហើយយកទៅស្ងោរ។ ប្រសិនបើអ្នកណាចង់ទិញ ខ្ញុំកាត់ក្រណាត់ឱ្យពួកគេ។ ផ្ទាំងមួយលក់ក្នុងតម្លៃ ៣០០,០០០ ដុង (១១.៤ ដុល្លារអាមេរិក)”។

ការចេះត្បាញក្រណាត់ទេសឯកត្រូវបានចាត់ទុកថាជាលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃទេពកោសល្យ ភាពបិនប្រសប និងភាពឧស្សាហ៍ព្យាយាមរបស់ស្ត្រីជនជាតិ Mong។ រូបថត៖ Huyen Trang/VOV5

ភូមិ Lung Tam សព្វថ្ងៃនេះមានភាពអ៊ូអររីករាយ ជាមួយនឹងសំឡេងនៃការរវៃសសៃសូត្រនិងការត្បាញក្រណាត់។ ដើម្បីបង្កើតផលិតផលក្រណាត់ទេសឯកមួ ត្រូវការឆ្លងកាត់ជំហានជាង ៤០។ ដោយអង្គុយនៅក្បែរភ្លើងអុសឆេះ លោកស្រី Mua Thi My កំពុងស្ងោរសរសៃទេសឯកនៅក្នុងឆ្នាំងចំហុយ។ ពេលខ្លះ លោកស្រីស្ងោរសរសៃអំបោះជាមួយទឹកផេះឈើ ពេលខ្លះទៀតស្ងោរជាមួយទឹកក្រមួនឃ្មុំ ដើម្បីធ្វើឱ្យសរសៃទេសឯក បានទន់និងស។ លោកស្រី My បាននិយាយថា៖

“គ្រួសារខ្ញុំដាំដើមអំបោះនេះ។ វាលស្រែធំបំផុតមានទំហំប្រហែលមួយពាន់ម៉ែត្រការ៉េ។ ជីវភាពក៏មានផាសុកភាពដែរ។ មិនមែនថាយើងរកចំណូលបានច្រើននោះទេ។ ប៉ុន្តែដើម្បីរក្សាប្រពៃណីរបស់ជនជាតិខ្លួន យើងត្រូវតែធ្វើ។ ប្រសិនបើមិនធ្វើទេ យើងមិនមានសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯកដែរ។ មានតែជនជាតិ Mong ទេដែលធ្វើបែបនេះ”។

ខណៈពេលដែលនៅកន្លែងជាច្រើន របរសិប្បកម្មត្បាញក្រណាត់ទេសឯកស្ទើរតែសាបសូន្យទៅហើយ ប៉ុន្តែនៅ Lùng Tám វានៅតែបន្តរីកចម្រើន ហើយបានក្លាយជាកន្លែងសម្រាប់ស្វែងយល់អំពីប្រពៃណីពិសេសរបស់ជនជាតិMong។ ពីសរសៃអំបោះតូចៗ ស្ត្រីជនជាតិ Mong បានត្បាញរឿងរ៉ាវផ្ទាល់ខ្លួនអំពីភូមិ និងអំពីជនជាតិខ្លួន ដើម្បីចែករំលែកជាមួយពិភពលោក៕