ប្រជាជននៅ Vu Quang ប្រមូលផលអំពៅដើម្បីផលិតស្កររងូ។ រូបថត៖ Kim Lieu/VOV5

ចាប់ពីព្រឹកព្រលឹម ប្រជាជននៅទីនេះ បានទៅវាលស្រែដើម្បីកាប់អំពៅ យកមកកៀបយកទឹកសម្រាប់ធ្វើស្កររងូ។ ឡចរម្ងាស់ស្កររងូដុតឈើ មានភ្លើងឆេះជាបន្តបន្ទាប់ ផ្សែងហុយឡើងលាយជាមួយក្លិនក្រអូបដ៏ផ្អែមល្អែម សាយភាយពាសពេញភូមិ។ របរធ្វើស្កររងូមានប្រពៃណីជាង ៥០ ឆ្នាំនៅឃុំ Vu Quang (មុននេះជាឃុំ Son Tho ស្រុក Huong Son ខេត្តហាទីញ)។ លោកស្រី Phan Hong Yen ប្រធានគណៈកម្មាធិការប្រជាជនឃុំ Vu Quang ខេត្តហាទីញ បានឲ្យដឹងថា៖

“របរដាំអំពៅ និងផលិតស្កររងូពីដើមអំពៅ មានប្រវត្តិតាំងពីយូរណាស់មកហើយ។ បច្ចុប្បន្ននេះ នៅឃុំ Vu Quang មានតំបន់ Tho Dien គឺជាភូមិសិប្បកម្មប្រពៃណី។ ផ្ទៃដីដាំអំពៅមួយហិកតា អាចនាំមកនូវចំណូលបានប្រហែល ១២០ ទៅ ១៣០ លានដុងសម្រាប់អ្នកផលិត។ ផលិតផលអំពៅ Vu Quang ត្រូវបានទទួលស្គាល់ជាផលិតផល OCOP ផ្កាយ ៣។ តាមរយៈស្ថានភាពជាក់ស្តែង យើងសង្កេតឃើញថា ការដាំអំពៅក៏មានភាពងាយស្រួលច្រើនជាងបើប្រៀបធៀបទៅនឹងដំណាំដទៃទៀត”។

បច្ចុប្បន្ននេះ ឃុំ Vu Quang ទាំងមូលមានផ្ទៃដីដាំអំពៅជាង ៣០ ហិកតា ដោយផ្គត់ផ្គង់ស្កររងូជិត ១៩០ តោនទៅកាន់ទីផ្សារជារៀងរាល់ឆ្នាំ។ ជាធម្មតា រយៈពេលចាប់ពីខែទី១០ដល់ដើមខែទី១២ (តាមប្រតិទិនចន្ទគតិ) គឺជារដូវផលិតកម្មដ៏មមាញឹកបំផុត នៅពេលដែលអំពៅទុំគ្រប់ល្មម មានជាតិស្ករខ្ពស់ និងផ្ដល់នូវគុណភាពស្កររងូដ៏ឈ្ងុយឆ្ងាញ់បំផុត។

ឆ្នាំងធំៗដើម្បីរម្ងាស់ទឹកអំពៅរយៈពេល ៥ ដល់ ៧ ម៉ោង។ រូបថត៖ Kim Lieu/VOV5

បន្ទាប់ពីប្រមូលផលរួច អំពៅត្រូវបានកាត់ជាកង់ៗ រួចកៀបដើម្បីយកទឹកចេញ។ បន្ទាប់មក ទឹកអំពៅត្រូវបានចាក់ចូលក្នុងឆ្នាំងធំៗ ហើយរម្ងាស់រយៈពេល ៥ ទៅ ៧ ម៉ោង ទើបក្លាយជាស្កររងូឡើងក្រាស់ ស្អិត ជាមួយនឹងពណ៌ដ៏ស្រស់ស្អាត និងរសជាតិផ្អែមធម្មជាតិ។ លោក Luong Van Dat អាយុ ៣៥ ឆ្នាំ ជាអ្នកផលិតស្កររងូម្នាក់នៅក្នុងឃុំ Vu Quang បាននិយាយថា៖

“ការធ្វើស្កររងូគឺជាដំណើរការដ៏ស្មុគស្មាញមួយ ដែលទាមទារឲ្យមានបច្ចេកទេស និងបទពិសោធន៍ ទើបធ្វើបានស្កររងូដ៏ឈ្ងុយឆ្ងាញ់។ បន្ទាប់ពីកៀបយកទឹកអំពៅរួច ត្រូវត្រៀមរៀបចំឡដុតនិងអុស។ ដើម្បីធ្វើស្កររងូមួយឆ្នាំង អ្នកត្រូវការទឹកអំពៅ ១០០ លីត្រ។ បន្ទាប់ពីដាំឱ្យពុះ កាកសំណល់ទាំងអស់នឹងអណ្តែតឡើងលើផ្ទៃទឹក។ នៅពេលនេះ អ្នកត្រូវប្រើកន្ត្រងមួយ ដើម្បីស្រង់ពពុះ និងកាកសំណល់ទាំងអស់ចេញឲ្យបានលឿន បើមិនដូច្នោះទេ វានឹងហៀរចេញខាងក្រៅ”

ផលិតផលស្កររងូពីឃុំ Vu Quang ត្រូវបានទទួលស្គាល់ថាជាផលិតផល OCOP។ រូបថត៖ Kim Lieu/VOV5

ក្នុងអំឡុងពេលធ្វើស្កររងូ សំខាន់បំផុតគឺការរក្សាភ្លើងក្នុងឡដុតឱ្យស្ថិតស្ថេរ។ ប្រសិនបើភ្លើងឆេះខ្លាំងពេក ស្កររងូនឹងងាយខ្លោច ប៉ុន្តែប្រសិនបើភ្លើងខ្សោយពេក នឹងចំណាយពេលយូរ។ ដំណើរការធ្វើស្កររងូ ទោះបីជាមិនស្មុគស្មាញក៏ដោយ ក៏ទាមទារការអត់ធ្មត់ បទពិសោធន៍ និងការជក់ចិត្តពីអ្នកធ្វើផងដែរ។ ភាពល្អិតល្អន់នោះ បានរួមចំណែកបង្កើតឡើងប្រភេទស្កររងូ ដែលមានពណ៌ត្នោតរលោងស្រស់ស្អាត រសជាតិផ្អែមស្រាល និងភាពស្អិតពិសេស។

បច្ចុប្បន្ននេះ គ្រួសារផលិតកម្ម បានរួមគ្នាបង្កើតសហករណ៍សេវាកម្មស្កររងូ Son Tho ដែលរៀបចំផលិតកម្មតាមដំណើរការប្រមូលផ្ដុំ ជួយបង្កើនតម្លៃម៉ាក យីហោនិងចែកចាយស្កររងូទៅកាន់ទីផ្សារទូទាំងប្រទេស។ លោកស្រី Doan Thi Nhan នាយិកាសហករណ៍សេវាកម្មស្កររងូ Son Tho បានឲ្យដឹងថា៖

“ជារៀងរាល់ឆ្នាំ សហករណ៍ផ្គត់ផ្គង់ស្កររងូចំនួន ១៥-២០ ពាន់លីត្រទៅកាន់ទីផ្សារ។ ឆ្នាំនេះ ចំនួនអតិថិជនបញ្ជាទិញកាន់តែច្រើនឡើង ដូច្នេះសហករណ៍ត្រូវធ្វើការពេញសមត្ថភាព។ បច្ចុប្បន្ន យើងច្របាច់អំពៅស្រស់ប្រហែល ៣-៤ តោនក្នុងមួយថ្ងៃ ដែលអាចផលិតបានស្កររងូប្រហែល ៣០០ លីត្រ ដើម្បីបំពេញតម្រូវការរបស់ប្រជាជន”។

នៅឆ្នាំ ២០២០ ផលិតផលស្កររងូរបស់ឃុំ Vu Quang ត្រូវបានទទួលស្គាល់ថាជា ផលិតផល ឃុំមួយផលិតផលមួយ (OCOP) ថ្នាក់ខេត្ត ដែលជួយបញ្ជាក់ពីគុណភាពផលិតផល និងបង្កើតឱកាសកាន់តែច្រើនដើម្បីពង្រីកទីផ្សារ៕