ភូមិធូប Thuy Xuan ជាគោលដៅទេសចរណ៍មួយដែលមានសញ្ញាសម្គាល់ដ៏វិសេសវិសាលនិងប្លែកពីគេនៃទីក្រុង Hue។ (រូបថត៖ VOV5)

ដោយមានអាយុកាលប្រហែល ៧០០ ឆ្នាំ ចាប់តាំងពីរាជកាលស្ដេច ង្វៀន ហើយឆ្លងកាត់ការឡើងចុះជាច្រើនតាមពេលវេលា ប្រជាជនជាច្រើនជំនាន់នៅភូមិ Thuy Xuan នៅតែបន្តប្រពៃណីធ្វើធូប ដែលដូនតាបានបន្សល់ទុកមក ហើយក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។

គ្រួសារលោក Ho Ngoc Thu មានភាពល្បីល្បាញនៅក្នុងភូមិ ដោយបានផ្សារភ្ជាប់ជាមួយនឹងផលិតផលពីដើមច័ន្ទគ្រឹះស្នាអស់រយៈពេលជិត ៤០ ឆ្នាំហើយ។ បណ្ដា ជំនាន់ក្នុងគ្រួសារលោក Thu នៅតែថែរក្សានិងផ្សព្វផ្សាយមុខរបរប្រពៃណីរបស់ក្រុមគ្រួសារ ជារៀងរាល់ថ្ងៃ។ ពួកគេរួមគ្នាបង្កើតផលិតផលថ្មីៗជាច្រើន ដើម្បីបំពេញ តម្រូវការទីផ្សារ។

“ការធ្វើធូប ដំបូងបង្អស់ត្រូវមានវត្ថុធាតុដើមឆៅ រួចកិនជាម្សៅឲ្យម៉ត់ខៃ ហើយលាយជាមួយទឹកត្រជាក់និងសារធាតុមួយពីដើមអាកាស្យា ដើម្បីស្មូនជាដើមធូប។ មានវិធីធ្វើជាច្រើនដូចជា ធ្វើដោយម៉ាស៊ីន ដោយជើង ដោយអគ្គិសនី និងដោយដៃ។ ក្រៅពីប្រភេទធូបច័ន្ទគ្រឹះស្នា Thuy Xuan នៅមានធូបជាច្រើនប្រភេទផ្សេងទៀត ដូចជា ស្រល់ ទេព្វិរូ ឬរុក្ខជាតិឱសថ។ សព្វថ្ងៃនេះ ពួកគេលែងច្រៀកជើងធូបដោយដៃទៀតឡើយ គឺច្រៀកដោយម៉ាស៊ីនតែម៉ុណ្ណោះ”។

អាវផាយ គឺជាជម្រើសរបស់ភ្ញៀវទេសចរជាច្រើននៅពេលថតរូបនៅភូមិធូប Thuy Xuan។ (រូបថត៖ VOV5)

បច្ចុប្បន្ននេះ ធូប Thuy Xuan ត្រូវបានផលិតដោយម៉ាស៊ីន បង្កើនប្រសិទ្ធភាពផលិតកម្មរបស់គ្រួសារនីមួយៗ ឡើងរហូតដល់ ៥ ម៉ឺនដើមធូបក្នុងមួយថ្ងៃ ដែលខ្ពស់ ជាងរបៀបធ្វើប្រពៃណី ១០ ដង។ រូបមន្តធ្វើធូបត្រូវបានមរតកពីឪពុកដល់កូន ហើយត្រូវបានកែលម្អឥតឈប់ឈរតាមជំនាន់នីមួយៗ ដោយធ្វើឡើងដើម ធូបដែលមានក្លិនក្រអូបផ្សេងៗគ្នាជាច្រើន។ លោក Bui Van Thanh នៅសិប្បកម្មធូប Non ក្នុងភូមិ Thuy Xuan បាននិយាយថា៖

“នៅទីនេះ យើងផលិតដោយប្រើវត្ថុធាតុដើមធម្មជាតិទាំងស្រុង។ វត្ថុធាតុដើមត្រូវបានប្រមូលទិញពីតំបន់លក់ច័ន្ទគ្រឹះស្នាដែលពួកគេយកមកពីព្រៃវិញ។ បន្ទាប់ពីយើងទិញរួច យើងនឹងឲ្យកម្មករច្នៃ។ បន្ទាប់មក យើងនឹងហាលឲ្យស្ងួត និងយកទៅកិន រួចយើងលាយម្សៅដើម្បីធ្វើឡើងផលិតផល។ ធូបច័ន្ទគ្រឹះស្នា ធម្មជាតិមានក្លិនក្រអូបស្រាលណាស់”។

នៅទីនេះ ប្រជាជនថែមទាំងលាយពណ៌ដើម្បីជ្រលក់ពណ៌ជើងធូបផងដែរ។ នៅប៉ុន្មានថ្ងៃដែលមានពន្លឺថ្ងៃ ជើងធូបចម្រុះពណ៌ត្រូវបានដាក់ហាលនៅសងខាងផ្លូវ ក្នុងទីធ្លាផ្ទះ ឬតាមវាលស្មៅ។ ប្រជាជន Thuy Xuan ហាលជើងធូបតាមរបៀបគួរឱ្យចាប់អារម្មណ៍ និងស្រស់ស្អាតណាស់។ ពួកគេរៀបវាជារង្វង់មូល រូបផ្កា ពណ៌ឆ្លាស់គ្នា បង្កើតជាទេសភាពដ៏ស្រស់ឆើតឆាយនៅក្នុងភូមិ។ ហេតុដូច្នេះបានជា តាំងពីយូរមកហើយ ភូមិធូបនេះ បានក្លាយជាកន្លែង “check-in” ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិនិងបរទេស។

បាច់ធូបប្រាំពណ៌ដែលត្រូវបានរៀបចំយ៉ាងស្រស់ស្អាត ទាក់ទាញយុវជនឱ្យមកទស្សនា។ (រូបថត៖ VOV5)

ក្រៅពីបង្កើតកន្លែងទស្សនាសម្រាប់ភ្ញៀវទេសចរ អ្នកភូមិក៏ជាមគ្គុទ្ទេសទេសចរណ៍ដែលជួយណែនាំភ្ញៀវទេសចរឱ្យយល់ដឹងបន្ថែមទៀតអំពីផលិតផលដែលបង្កប់នូវតម្លៃវប្បធម៌ពិសេសជាច្រើននៃទឹកដី Hue ផងដែរ។

“ភូមិនេះមានលក្ខណៈពិសេសណាស់។ នេះជាលើកទីមួយដែលខ្ញុំមកភូមិធូបនេះ ខ្ញុំមានអារម្មណ៍ថាប្រជាជនមានភាពរាក់ទាក់ណាស់ ហើយទេសភាពក៏ស្រស់ស្អាតខ្លាំងដែរ។ ខ្ញុំពិតជាចូលចិត្តទីនេះ”។

“មកដល់ភូមិធូប ខ្ញុំបានស្ដាប់អ្នកធ្វើធូបឧទ្ទេសនាមអំពីមុខរបរ បាន check-in ជាមួយរូបថតដ៏រស់រវើក និងស្រស់ស្អាត ហើយមានអារម្មណ៍ថា អ្នកធ្វើធូបនៅទីនេះស្និទ្ធស្នាលជាមួយភ្ញៀវទេសចរ។ ជាពលរដ្ឋ Hue ម្នាក់ ខ្ញុំមានអារម្មណ៍មោទនភាពណាស់”។

ភូមិធូប Thuy Xuan គឺជាកន្លែងរក្សានូវគុណតម្លៃនៃរបរសិប្បកម្មប្រពៃណីព្រមទាំងក៏ជាគោលដៅដែលមានសញ្ញាសម្គាល់ពិសេសដោយឡែកនៃទឹកដី Hue ផងដែរ។ ជាមួយនឹងទេសភាពចម្រុះពណ៌ និងបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ នេះគឺជាទីបង្អង់ដំណើរដែលមិនអាចបំភ្លេចបានក្នុងការធ្វើដំណើរមកកាន់អតីតរាជធានី Hue៕