លោក Luong Van Quynh (ស្តាំ) នាយកសហករណ៍ផ្លែឈើ Muong Sang ថែទាំចម្ការផ្លែព្រូន។ រូបថត៖ Thu Thuy/VOV-Tay Bac |
គិតត្រឹមខែមិថុនា ឆ្នាំ ២០២៥ ខេត្ត Son La មានសហករណ៍ជាង៩០០ កំពុងដំណើរការ ក្នុងនោះមានសហករណ៍កសិកម្មជិត ៦៥០ ស្មើនឹងជាង ៧០%; ជាមួយសហភាពសហករណ៍ចំនួន៦ ដែលកំពុងប្រតិបត្តិការក្នុងវិស័យកសិកម្ម។ នាពេលកន្លងទៅ សហករណ៍កសិកម្មជាច្រើននៅខេត្ត Son La បានផ្លាស់ប្តូរពីគំរូប្រពៃណីទៅជាគំរូសហករណ៍ថ្មី ដោយអនុវត្តផលិតកម្មតាមខ្សែសង្វាក់ តភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសហគ្រាស កសិករនិងទីផ្សារ។ លោក Dinh Cao Khue ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនរួមនាំចេញអាហារ Dong Giao ខេត្ត Son La បានឲ្យដឹងថា៖ “យើងបានអនុវត្តការតភ្ជាប់យ៉ាងសម្បូរបែប ដោយផ្តោតលើសហករណ៍ផលិតកម្មកសិកម្ម និងសហករណ៍បែបថ្មី។ ដោយឈរលើមូលដ្ឋាននោះ យើងបានកំណត់រចនាសម្ព័ន្ធតំបន់វត្ថុធាតុដើម ធានាអត្ថប្រយោជន៍ប្រកបដោយសុខដុមរមនាសម្រាប់កសិករ សហករណ៍ និងសហគ្រាស”។
បច្ចុប្បន្ន សហករណ៍កសិកម្មភាគច្រើននៅខេត្ត Son La បានអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដែលផលិតតាមស្តង់ដារ VietGAP និង GlobalGAP; កសាងលេខកូដតំបន់ដាំដុះ; អនុវត្តន៍ដោយសមកាលកម្ម ផ្តោតលើការដាំដុះថ្មី ការផ្សាំ និងកែលម្អដើមឈើហូបផ្លែ ដោយពូជថ្មីដែលមានគុណភាពខ្ពស់ ដាំដុះសាកល្បងនូវពូជដើមឈើហូបផ្លែថ្មីមួយចំនួននៅក្នុងផ្ទះកញ្ចក់..។ គំរូផលិតកម្មជាច្រើនបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដោយទទួលប្រាក់ចំណូលប្រចាំឆ្នាំរាប់ពាន់លានដុង/ហិកតា ដូចជា៖ ផ្លែព្រូន ផ្លែបឺរ ផ្លែទំលាប់ ផ្លែក្រូច ជាដើម។ បច្ចុប្បន្ន ខេត្តទាំងមូលមានផ្ទៃដីជាង ២០.០០០ហិកតា ដាំដើមឈើហូបផ្លែតាមស្តង់ដារសុវត្ថិភាព ក្នុងនោះ តំបន់ដាំដុះជាច្រើនត្រូវបានប្រគល់លេខកូដតំបន់ដាំដុះ ដើម្បីនាំចេញទៅកាន់ទីផ្សារដែលមានស្តង់ដារតឹងរឹង ដូចជា៖ចិន អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ លោក Tran Van Ngoc នាយកសហករណ៍សេវាកម្មកសិកម្ម Hung Loc ឃុំ Chieng Khuong ជាតំបន់ដាំដើមមៀនដ៏ធំមួយក្នុងខេត្ត Son La បានឲ្យដឹងថា៖ “ខេត្តបានបណ្តុះបណ្តាលសហករណ៍ចាប់ពីដំណើរការថែទាំ និងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីឲ្យចេញផ្កា។ បន្ទាប់មក សហករណ៍នឹងផ្សព្វផ្សាយដល់ប្រជាជន។ តាមនោះ មានការតភ្ជាប់និងសម្របសម្រួលរវាងប្រជាជននិងសហករណ៍ ដើម្បីឱ្យម៉ាក់យីហោ ផ្លែមៀន Song Ma មានគុណភាពលេចធ្លោ។ ខេត្តបានជួយដល់ប្រជាកសិករឲ្យផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាកែច្នៃគ្មានជាតិពុល ដូច្នេះ សាច់មៀននាំចេញទៅបរទេសបានក្លាយជាការពេញនិយមយ៉ាងខ្លាំង ព្រោះធានាបានគុណភាព”។
Song Ma គឺជា “រដ្ឋធានី” នៃផ្លៃមៀន Son La ដោយមានផ្ទៃដីជាង ៧.៦០០ ហិកតា។ រូបថត៖ Thu Thuy/VOV-Tay Bac |
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ Son La បានបន្តរក្សាឋានៈជាចម្ការដើមឈើហូបផ្លែដ៏ធំបំផុតនៅតំបន់ភាគខាងជើង ជាប់ចំណាត់ថ្នាក់ទីពីរទូទាំងប្រទេស ហើយត្រូវបានចាត់ទុកជា "បាតុភូតសេដ្ឋកិច្ចកសិកម្ម" របស់ប្រទេសទាំងមូល។ លោក Nguyen Thanh Cong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានឲ្យដឹងថា ដោយពង្រីកលទ្ធផលដែលសម្រេចបាន ខេត្តកំពុងបន្តផ្តោតការយកចិត្តទុកដាក់លើការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវឧស្សាហកម្ម និងផ្នែក ដោយផ្សារភ្ជាប់ជាមួយការផ្លាស់ប្តូរគំរូកំណើន ដោយខិតខំសម្រេចបានទិន្នផលសរុបនៃវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងខេត្តក្នុងឆ្នាំ ២០៧៥ ជាង ៨.៨៧០ ពាន់លានដុង កើនឡើង ៤,៩% បើធៀបនឹងឆ្នាំ ២០២៤។
“នៅឆ្នាំ ២០២៥ Son La នឹងអភិវឌ្ឍគោលដៅសេដ្ឋកិច្ចសង្គមចំនួន ២៨ ដែលក្នុងនោះគោលដៅរបស់វិស័យកសិកម្មគឺច្បាស់ណាស់។ បច្ចុប្បន្ននេះ មានខ្សែសង្វាក់ផលិតកម្មសុវត្ថិភាពចំនួន ៣០៨ ហើយខិតខំបង្កើនដល់ ៣៥០; មានលេខកូដតំបន់ដាំដុះចំនួន ២១៣ និងខិតខំឈានដល់ ៣០០; មានផលិតផល OCOP ចំនួន ២០៤ ដែលខិតខំឈានដល់ផលិតផលប្រហែល២៥០; តំបន់កសិកម្មបច្ចេកវិទ្យាខ្ពស់ចំនួន ៩ ខិតខំឈានដល់ ១៥ តំបន់ និងផ្ទៃដីដាំដើមឈើហូបផ្លែចំនួន ៨៤.០០០ ហិកតា ខិតខំអនុវត្តន៍ផលិតកម្មទ្រង់ទ្រាយធំ ផលិតកម្មស្អាតយ៉ាងហោចណាស់ ៦០% នៃផ្ទៃដីសរុប។ ទន្ទឹមនឹងនោះ បញ្ចប់គម្រោងសាងសង់ Son La ឲ្យក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃកសិកម្មនៃតំបន់វាលទំនាបនិងព្រៃភ្នំភាគខាងជើង”។
នាពេលខាងមុខ ខេត្ត Son La នឹងបន្តផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍វិស័យកសិកម្មក្នុងទិសដៅអនុវត្តបច្ចេកវិទ្យាខ្ពស់ កសិកម្មស្អាត កសិកម្មសរីរាង្គ ដោយផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរឌីជីថលក្នុងផលិតកម្ម កែច្នៃ និងការបញ្ចេញលក់។ ខេត្តក៏នឹងពង្រឹងការកសាង និងអភិវឌ្ឍន៍ម៉ាកយីហោផលិតផលកសិកម្ម Son La ពង្រីកទីផ្សារប្រើប្រាស់ ជំរុញពាណិជ្ជកម្មអេឡិចត្រូនិក សំដៅឆ្ពោះទៅរកការនាំចេញប្រកបដោយនិរន្តរភាព។ លើសពីនេះ គោលនយោបាយគាំទ្រលើដើមទុន វិទ្យាសាស្ត្របច្ចេកវិទ្យា និងដីធ្លី នឹងបន្តត្រូវបានអនុវត្តន៍ ដើម្បីជំរុញឱ្យសហគ្រាស សហករណ៍ និងកសិករ វិនិយោគយ៉ាងក្លាហានក្នុងការអភិវឌ្ឍន៍ផលិតកម្មកសិកម្ម រួមចំណែកដល់ការសម្រេចបានគោលដៅបង្កើនផលិតផលសរុបក្នុងតំបន់ (GRDP) នៅឆ្នាំ២០២៥ សម្រេចបាន ៨% តាមផែនការដែលបានដាក់ចេញ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

