ផែនការមេរៀបចំខេត្ត Tuyen Quang សម្រាប់ដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ បានកំណត់គោលដៅនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ក្នុងនោះ ក្រៅពីការអភិវឌ្ឍទេសចរណ៍ដែលផ្សារភ្ជាប់នឹងការថែរក្សាបេតិកភណ្ឌ ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ក្រុមជនជាតិភាគតិចនិងជំរុញសេដ្ឋកិច្ចបៃតងនោះ ផែនការក៏យកចិត្តទុកដាក់ជាពិសេសចំពោះការផ្លាស់ប្តូរឌីជីថល ការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយ និងគ្រប់គ្រងគោលដៅទេសចរណ៍ផងដែរ។

អ្នកស្រី Trang Thi Chu មកពីភូមិ Coc Ma ឃុំ Lung Tam។ រូបថត៖ Manh Phuong/VOV

នៅក្នុងឃុំ Lung Tam នៅក្នុងឧទ្យានភូគព្ភសាស្ត្រខ្ពង់រាបថ្ម Dong Van នាប៉ុន្មានឆ្នាំថ្មីៗនេះ ទេសចរណ៍បានអភិវឌ្ឍ ហើយប្រជាជននៅតំបន់ខ្ពង់រាបបានផ្លាស់ប្តូរទៅរកការធ្វើសេវាកម្មជាបណ្ដើរៗ។ ប្រាក់ចំណូលបានកើនឡើង ហើយជីវភាពរស់នៅរបស់ប្រជាជនក៏បានផ្លាស់ប្តូរជាបណ្ដើរៗផងដែរ។ អ្នកស្រី Trang Thi Chu អ្នកភូមិ Coc Ma ឃុំ Lung Tam ទើបតែបើកសម្ពោធផ្ទះឈើមួយខ្នង ដើម្បីធ្វើជាកន្លែងស្វាគមន៍អ្នកទេសចរមកសម្រាកលំហែកាយនិងគយគន់ទេសភាព។ អ្នកស្រីបានចែករំលែកថា៖ “ខ្ញុំបានធ្វើវីដេអូដើម្បីបង្ហោះនៅលើ TikTok។ កូនៗបានបង្រៀន ទើបខ្ញុំចេះធ្វើ។ កូនៗបង្រៀនឱ្យខ្ញុំចូលលេង TikTok ចេះថតរូបបង្ហោះលើ Facebook ដើម្បីឱ្យមានអ្នកចូលមើល ហើយចុច like ឱ្យបានច្រើន”។

ដោយជំរុញការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅក្នុងវិស័យទេសចរណ៍ អ្នកទេសចរអាចស្វែងរក ជ្រើសរើសគោលដៅ និងកន្លែងស្នាក់នៅក្នុងខេត្ត Tuyen Quang បានយ៉ាងងាយស្រួល។ លោក Nguyen Van Nghiep មកពីសង្កាត់ Ha Giang ២ ជាអ្នករត់ម៉ូតូឌុបដឹកភ្ញៀវទេសចរទៅលេងកម្សាន្ត បានចែករំលែកថា៖ “អ្នកទេសចរអាចស្វែងរក និងចុះឈ្មោះតាមអ៊ីនធឺណិត ហើយនឹងទទួលបានព័ត៌មានទាំងអស់។ ប្រសិនបើពួកគេចង់ស្វែងរកផ្ទះសំណាក់ ឬកន្លែងណាមួយ ពួកគេនឹងរកឃើញភ្លាម។ បើធៀបនឹងប៉ុន្មានឆ្នាំមុន ដោយមានបច្ចេកវិទ្យាព័ត៌មាននិងបណ្តាញអ៊ីនធឺណិត វាកាន់តែងាយស្រួលជាងមុន”

មជ្ឍមណ្ឌលផ្សារ Meo Vac។ រូបថត៖ Manh Phuong/VOV

ដោយឡែកក្នុងឆ្នាំ ២០២៥ ខេត្ត Tuyen Quang នឹងផ្តោតលើការអនុវត្តកម្មវិធី និងគម្រោងសំខាន់ៗ ដើម្បីកសាងប្រព័ន្ធទិន្នន័យឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធ ដំណើរការ អភិវឌ្ឍ កែលម្អផលិតផល និងសេវាកម្មទេសចរណ៍។ ជាពិសេស ការណែនាំប្រជាជនឱ្យប្រើប្រាស់កម្មវិធីឌីជីថលប្រកបដោយប្រសិទ្ធភាព ដើម្បីផ្សព្វផ្សាយរូបភាពទេសចរណ៍ក្នុងស្រុក។ លោក Gia Mi Po មេភូមិ Xin Phin Chu ឃុំ Son Vi បានឲ្យដឹងថា បច្ចុប្បន្ននេះ អ្នកភូមិបានដឹងពីរបៀប Livestream ដើម្បីធ្វើទេសចរណ៍។

“ខ្ញុំបានទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ស្មាតហ្វូន ដើម្បីបង្រៀនឲ្យអ្នកភូមិពីរបៀបប្រើប្រាស់ទូរស័ព្ទដែលភ្ជាប់អ៊ីនធឺណិត។ ក្នុងលំហអ៊ីនធឺណិត មានព័ត៌មានជាច្រើនដែលខ្ញុំ និងអ្នកភូមិអាចសិក្សាបទពិសោធន៍ក្នុងការអភិវឌ្ឍទេសចរណ៍”។

ការជំរុញការផ្លាស់ប្តូរឌីជីថលនៅខេត្ត Tuyen Quang បានជួយលើកកម្ពស់រូបភាព និងម៉ាកយីហោទេសចរណ៍ ជាពិសេសនៅក្នុងព្រឹត្តិការណ៍វប្បធម៌ និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ។ បច្ចុប្បន្ននេះ ប្រព័ន្ធផលិតផលទេសចរណ៍កំពុងត្រូវបានអភិវឌ្ឍក្នុងទិសដៅចម្រុះ ដោយទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំងនៃធនធាន និងអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់មូលដ្ឋាននីមួយៗ។ លោកស្រី Nguyen Thi Hoai អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Tuyen Quang បានឲ្យដឹងថា៖ “អ្នកទេសចរគ្រាន់តែចុចប៊ូតុងមួយនៅលើគេហទំព័រ My Tuyen Quang ឬ ទេសចរណ៍ Ha Giang ដើម្បីទទួលបានព័ត៌មានថ្មីៗយ៉ាងពេញលេញអំពីគោលដៅទេសចរណ៍ ហើយឈរលើមូលដ្ឋាននោះ យើងក៏បានរួមបញ្ចូលនូវសេវាសណ្ឋាគារ ភោជនីយដ្ឋាន មណ្ឌលវេជ្ជសាស្ត្រ និងសេវាកម្មដឹកជញ្ជូន ដើម្បីបម្រើដំណើរកម្សាន្តរបស់ពួកគេ បានកាន់តែប្រសើរឡើង។ សំខាន់ជាងនេះទៅទៀត ក្នុងដំណើរកម្សាន្តរបស់ខ្លួន អ្នកទេសចរអាចចូលប្រើ វិបផតថលទេសចរណ៍ឆ្លាតវៃ ដើម្បីស្វែងរកគោលដៅដែលពួកគេចាប់អារម្មណ៍”។

ទេសភាពនៃខ្ពង់រាបថ្ម Dong Van។ រូបថត៖ Manh Phuong/VOV

ក្នុងអំឡុងពេលបុណ្យតេតប្រពៃណីឆ្នាំមមី អដ្ឋស័ក ២០២៦ បរិមាណភ្ញៀវទេសចរសរុបមកកាន់ខេត្ត Tuyen Quang ត្រូវបានប៉ាន់ប្រមាណសម្រេចបាន ២៥២.០០០ នាក់ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៥.១០០ នាក់។ អត្រាស្នាក់នៅកន្លែងស្នាក់នៅទេសចរណ៍នៅក្នុងរដូវកំពូលបានឈានដល់ ៥៥-៦០% ដោយឡែកឃុំ Dong Van និង Lung Cu សម្រេចបានការស្នាក់នៅ ១០០% ជាប្រចាំ។ នៅឆ្នាំនេះ ខេត្ត Tuyen Quang បន្តចាត់ទុកទេសចរណ៍ជាអាទិភាពស្នូល ដោយឆ្ពោះទៅរកការអភិវឌ្ឍបៃតង ប្រកបដោយចីរភាព វិជ្ជាជីវៈ និងពោរពេញទៅដោយអត្តសញ្ញាណ។ រួមជាមួយនឹងការធ្វើពិពិធកម្មទម្រង់និងកែលម្អគុណភាពផលិតផលទេសចរណ៍ ការអនុវត្តការផ្លាស់ប្តូរឌីជីថល ការផ្សព្វផ្សាយតាមបណ្តាញសង្គមនិងបណ្តាញព័ត៌មានផ្សេងទៀត បានរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពរបស់ខេត្ត Tuyen Quang នៅលើផែនទីទេសចរណ៍វៀតណាម៕