យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរយៈពេល ១០ ឆ្នាំ ដំណាក់កាល ២០២១ - ២០៣០ មានគោលដៅក្តាប់យកដោយទាន់ពេលវេលា និងឆ្លៀតយកប្រកបដោយប្រសិទ្ធភាពនូវបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលផ្សារភ្ជាប់ទៅនឹងការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ ដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល។

ដោយយល់ដឹងពីសារៈសំខាន់នៃបរិវត្តកម្មបៃតង ធុរកិច្ចក្នុងស្រុកជាច្រើនបានម្ចាស់ការច្នៃប្រឌិត ជំរុញការផ្លាស់ប្តូរគំរូឲ្យកាន់តែស៊ីជម្រៅ ដោយផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្និទ្ធស្នាលជាមួយបរិស្ថាន។ លោក Nguyen Doan Ket អគ្គនាយករងនៃក្រុមហ៊ុនភាគហ៊ុនអំពូល បំពង់ទឹកក្ដៅ Rang Dong បានឲ្យដឹងថា ក្នុងដំណើរការអភិវឌ្ឍន៍ ក្រុមហ៊ុនបានផ្តោតការវិនិយោគលើគ្រឿងម៉ាស៊ីននិងឧបករណ៍ទំនើប ដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព។ បច្ចុប្បន្ន Rang Dong មានខ្សែសង្វាក់ផលិតកម្មចំនួន ៧២% ដែលបានដំណើរការដោយស្វ័យប្រវត្តិ៖ “ឡអគ្គីសនីរបស់យើងគឺជាឡបិទជិត គ្មានធូលី គ្មានបំពង់ផ្សែង គ្មានការបំភាយឧស្ម័ន CO2 ឬ SO2 ប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់។ ប្រព័ន្ធរ៉ូប៉ូតរបស់ Rang Dong គឺពិសេសណាស់។ យើងត្រូវការទិញ ដំឡើងម៉ូឌុល ហើយតភ្ជាប់ប្រព័ន្ធផលិតកម្មឆ្លាតវៃដោយខ្លួនឯង។ ដូច្នេះហើយ បានលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងធនធានធម្មជាតិ”។

Nguyen Doan Ket អគ្គនាយករងនៃក្រុមហ៊ុនភាគហ៊ុនអំពូល បំពង់ទឹកក្ដៅ Rang Dong។ រូបថត៖ VOV

ដោយមានគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ ឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមខ្ពស់នៅឆ្នាំ២០៣០ ហើយក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ វៀតណាមត្រូវបន្តរក្សាកំណើនខ្ពស់ នាប៉ុន្មានទសវត្សរ៍ខាងមុខ។ លោក Chu Duc Hoang ប្រធានការិយាល័យមូលនិធិនវានុវត្តន៍បច្ចេកវិទ្យា ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានចាត់ទុកថា៖ “យើងត្រូវការវិនិយោគលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាពិសេសការផ្លាស់ប្តូរបច្ចេកវិទ្យា ដើម្បីជួយអនុវត្តន៍គោលនយោបាយស្របតាមតថភាពជាក់ស្តែង ថែមទាំងបង្កើតលក្ខខណ្ឌសម្រាប់ធុរកិច្ចអាចម្ចាស់ការផ្លាស់ប្តូរបច្ចេកវិទ្យា។ អាជីវកម្មដើរតួនាទីស្នូល ប៉ុន្តែដើរទន្ទឹមជាមួយអាជីវកម្ម ក៏ត្រូវការការគាំទ្រពីសហគមន៍ វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យ អ្នកបង្កើតគោលនយោបាយ និងត្រូវការប្រភពទុនផងដែរ”។

រោងចក្រថាមពលកកើតឡើងវិញរបស់សម្ព័ន្ធក្រុមហ៊ុន Trung Nam បានវិនិយោគនៅស្រុក Thuan Bac ខេត្ត Ninh Thuan។ រូបភាព៖ Cong Thu/TTXVN

ក្នុងដំណើរការផ្លាស់ប្តូរនោះ ការខិតខំប្រឹងប្រែងរបស់អាជីវកម្មមានសារៈសំខាន់ណាស់ ប៉ុន្តែគោលនយោបាយគាំទ្រអាជីវកម្មក៏ត្រូវមានភាពច្បាស់លាស់ តម្លាភាព និងយកអាជីវកម្មជាមជ្ឈភាពផងដែរ។ ការឧបត្ថម្ភអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង នឹងរួមចំណែកក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ច និងជួយវៀតណាម “តាមទាន់ ដើរទន្ទឹម និងវ៉ាដាច់” បណ្តាប្រទេសក្នុងតំបន់។ សាស្ត្រាចារ្យរង - បណ្ឌិត Nguyen Dinh Tho នាយកវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយធនជាន និងបរិស្ថានបានមានប្រសាសន៍ថា៖ "ស្តង់ដាររៀបចំណាត់ថ្នាក់បៃតងរបស់វៀតណាមនាបច្ចុប្បន្ន ត្រូវបានបង្កើតឡើងស្របតាមស្តង់ដារអឺរ៉ុប និងបទប្បញ្ញត្តិរបស់ធនាគារពិភពលោក ក៏ដូចជា AFC និងអង្គការហិរញ្ញវត្ថុអាកាសធាតុផ្សេងទៀត។ ដូច្នេះហើយ ប្រសិនបើធុរកិច្ចបំពេញតាមស្តង់ដារបៃតងរបស់វៀតណាម ក៏អាចបំពេញតាមស្តង់ដារបៃតងរបស់ស្ថាប័នហិរញ្ញវត្ថុជុំវិញពិភពលោកផងដែរ។ នេះគឺជាឱកាសដ៏ល្អសម្រាប់អាជីវកម្មក្នុងការទទួលបានហិរញ្ញវត្ថុបៃតងជាសកល”។

សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងនឹងជួយឱ្យវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ដើម្បីក្តាប់យកឱកាសនាពេលខាងមុខ ត្រូវមានយុទ្ធសាស្ត្រជាតិស្តីពីបរិវត្តកម្មបៃតងជាមួយនឹងគោលដៅ ផែនទីបង្ហាញផ្លូវច្បាស់លាស់និងសមកាលកម្ម។ ក្នុងបរិបទនៃសមាហរណកម្មសេដ្ឋកិច្ចពិភពលោក អង្គភាពអាជីវកម្មវៀតណាមកំពុងខិតខំប្រឹងផ្លាស់ប្តូរការត្រិះរិះ និងបណ្តាក់ទុនលើបច្ចេកវិទ្យាក្នុងផលិតកម្ម និងអាជីវកម្ម ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង៕