មិនត្រឹមតែគាត់ជាសិប្បករដ៏ប៉ិនប្រសប់ប៉ុណ្ណោះទេ សិប្បករ Dinh Quang Thang ក៏បង្រៀនសិប្បកម្មរបស់គាត់ដោយឥតគិតថ្លៃដល់ប្រជាជនរាប់រយនាក់នៃស្រុកកំណើតរបស់គាត់ផងដែរ (រូបថត៖ Van Hai/VOV1)

នៅភូមិ Dong Xam គ្រប់គ្នាសុទ្ធតែស្គាល់ដល់លោក Dinh Quang Thang ជាសិប្បករដ៏ល្បីល្បាញដែលមានបទពិសោធន៍ជាង ៣០ ឆ្នាំប្រកបមុខរបរចម្លាក់សំរឹទ្ធនិងប្រាក់៖

“លោក Thang គឺជាមនុស្សម្នាក់ដែលនៅតែរក្សាបាននូវលក្ខណៈដើមនៃមុខរបរចម្លាក់គ្រឿងប្រាក់ Dong Xam ដោយតែងតែរក្សាបាននូវគុណភាពនៃផលិតផល។ លោក Thang បានឆ្លាក់រូបលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap យ៉ាងរស់រវើកដូចរូបបញ្ឈរអញ្ជឹង”។

“សិប្បករ Dinh Quang Thang ត្រូវបានមនុស្សគ្រប់គ្នាលើកតម្កើងថាជាបាតដៃមាសរបស់ភូមិសិប្បកម្ម។ លោក Thang តែងតែព្យាយាមជួយភូមិសិប្បកម្មឲ្យមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ”។

ដោយមកពីគ្រួសារដែលមាន៣ជំនាន់ប្រកបមុខរបរចម្លាក់គ្រឿងប្រាក់ និងសំរិទ្ធ នៅភូមិរបរ Dong Xam តាំងពីកុមារភាពមក លោក Dinh Quang Thang បានមើលឃើញកំណើតនៃផលិតផលជាច្រើន តាំងពីសម័យដើមរហូតដល់ទំនើប ហើយត្រូវបានប៉ះពាល់ពីសំឡេងញញួរ និងពន្លាកដែក។ សម្រាប់រូបលោក ទាំងនេះគឺជាសំឡេងដ៏រស់រវើក ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជោគវាសនានៃផលិតផលនីមួយៗ ដោយហេតុនេះជួយឲ្យលោកកាន់តែស្រឡាញ់និងផ្សារភ្ជាប់ជាមួយនឹងសិប្បកម្មប្រពៃណីនៃស្រុកកំណើតរបស់ខ្លួន៖

“កាលនោះស្រុកខ្ញុំមានសហករណ៍ឆ្លាក់ប្រាក់។ ខ្ញុំបានទៅសាលារៀនផង ហើយរៀនសិប្បកម្មចម្លាក់ប្រាក់របស់ដូនតាផង។ ខ្ញុំចំណាយពេលសិក្សាជិត ៣ ឆ្នាំនៅសហករណ៍”។

អតីតយុទ្ធជន Dinh Quang Thang (ទី៤ ពីស្តាំ) ថតរូបជាមួយសមមិត្តរបស់ខ្លួន (រូបថត៖ vanhoatv.com.vn)

បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធានៅព្រំដែនភាគនិរតីក្នុងឆ្នាំ ១៩៩១ អតីតយុទ្ធជន Dinh Quang Thang បានវិលត្រឡប់មកស្រុកកំណើតវិញ ចំពេលដែលមុខរបរចម្លាក់ប្រាក់កំពុងបាត់បង់បន្តិចម្តងៗ។ លោក Thang បានរំលឹកថា៖ “គំនិតដំបូងរបស់ខ្ញុំនៅពេលវិលត្រលប់ពីកងទ័ពវិញ ជាមួយនឹងមុខរបរចម្លាក់ប្រាក់ហើយខ្ញុំត្រូវតែកសាងម៉ាកយីហោនេះ។ ខ្ញុំបានតាំងចិត្តតាំងពីដើមមកថា ខ្ញុំត្រូវតែក្លាយជាសិប្បករដែលមានជំនាញខាងសិប្បកម្មប្រពៃណី ដើម្បីរក្សាតម្លៃវប្បធម៌។ នោះហើយជាមូលហេតុដែលខ្ញុំប្រកបមុខរបរដោយមិនបានប្រដេញតាមនិន្នាការទីផ្សារនៅឡើយ”។

សម្រាប់អតីតយុទ្ធជន Dinh Quang Thang មានតែកម្រិតនៃកម្លាំងដៃមនុស្សប៉ះផ្ទៃលោហៈតាមរយៈញញួរនិងពន្លាក់ប៉ុណ្ណោះ ទើបអាចបង្កើតបាននូវផលិតផលស្អាត។ ដូច្នេះហើយ ក្នុងបរិបទនៃការលំបាករួមរបស់ភូមិសិប្បកម្មប្រពៃណី ពេលនៅ Dong Sam សិប្បករជាច្រើនបានបោះបង់ចោលមុខរបរប្រពៃណីរបស់ខ្លួន លោក Thang នៅតែលះបង់អស់ពីដួងចិត្តដើម្បីបង្កើតផលិតផលដ៏វិសេសវិសាល៖

“ខ្ញុំគិតថា គ្រប់ផ្ទះផលិតតែផលិតផលមួយ អត់មានគំនិតច្នៃប្រឌិតទេ ដូច្នេះហើយខ្ញុំចង់ជ្រើសរើសផ្លូវផ្ទាល់ខ្លួន ដែលត្រូវតែមានការច្នៃប្រឌិត និងផលិតចេញនូវផលិតផលមានលក្ខណៈពិសេស និងសម្បូរបែបជាច្រើន សម្រាប់លក់នៅលើទីផ្សារ។ ទីផ្សារអ្នកប្រើប្រាស់បច្ចុប្បន្នរបស់ខ្ញុំគឺស្ទើរតែទូទាំងប្រទេស”។

ដោយការវាយញញួរដ៏ប៉ិនប្រសព សិប្បករ Dinh Quang Thang ប្រៀបដូចជាវិចិត្រករម្នាក់ដែលប្រែញញួរនិងពន្លាក់ ឱ្យទៅជាប៊ិចពិសេស ដើម្បីបង្កើតស្នាមប្រេះស្រទន់ បំប្លែងលោហៈដែលគ្មានជីវិតទៅជារូបភាពរស់រវើក ប្រកបដោយព្រលឹង បង្កើតផលិតផលដ៏ប្រណិត។

ក្នុងនាមជាសិស្សម្នាក់ក្នុងចំណោមសិស្សរាប់រយនាក់របស់សិប្បករ Dinh Quang Thang បន្ទាប់ពីខិតខំប្រឹងប្រែងសិក្សា និងធ្វើការអស់ជាច្រើនឆ្នាំមក អ្នកស្រី Nguyen Thi Phuong បានស្ទាត់ជំនាញរាល់ខ្សែរចម្លាក់ដ៏ប្រណិតរបស់សិប្បករដែលមានបទពិសោធន៍រូបនេះ។ ក្នុងអំឡុងពេលសិក្សា អ្នកស្រី Phuong មិនចាំបាច់បង់ថ្លៃសិក្សាទេ ប៉ុន្តែក៏ទទួលបានប្រាក់ខែផងដែរ បន្ទាប់ពីធ្វើការជាមួយគ្រួសារសិប្បករដើម្បីបង្កើតផលិតផលដែលមានគុណភាពខ្ពស់។ ដូចនេះដែរ អ្នកស្រីបានជាប់នឹងមុខរបរប្រពៃណីជាង ១០ ឆ្នាំមកហើយ៖

“ពីដំបូង ខ្ញុំមិនមានបំណងចង់បន្តមុខរបរនេះទេ ប៉ុន្តែពេលខ្ញុំធ្វើការជាមួយលោក Thang ខ្ញុំបានរៀនច្រើនពីលោក ហើយជក់ចិត្តនឹងមុខរបរនេះ។ ហេតុដូច្នេះដែលខ្ញុំនៅជាមួយលោក Thang រហូតមកដល់ពេលនេះ។ លោកស្រលាញ់ការងាររបស់ខ្លួនខ្លាំងណាស់ ហើយដាក់បេះដូងទាំងអស់ទៅក្នុងផលិតផលដែលលោកបានធ្វើ។ លោកបង្កើតផលិតផលពិសេស ដែលមនុស្សយើងច្រើននាក់មិនអាចផលិតបានទេ”។

រាល់ចំណង់ចំណូលចិត្ត និងបទពិសោធន៍ក្នុងវិជ្ជាជីវៈសុទ្ធតែត្រូវបានអតីតយុទ្ធជន Dinh Quang Thang បង្រៀនដល់យុវជនក្នុងភូមិ។ លោក Thang បានចែករំលែកថា៖

“ខ្ញុំតែងមានការខ្វល់ខ្វាយក្នុងអារម្មណ៍ដល់មុខរបរដែលជីដូនជីតាបន្សល់ទុកមក។ ដូច្នេះហើយខ្ញុំចង់ដាក់ចិត្តបង្ហាត់កូនចៅៗ។ ពេលបង្រៀនក្មេងៗ ខ្ញុំមានអារម្មណ៍រីករាយ។ នៅពេលដែលជំនាញឈានដល់កម្រិតជាក់លាក់មួយ ក្មេងជាច្រើនទទួលបានជោគជ័យក្នុងអាជីពរបស់ខ្លួន”។

សម្រាប់សិប្បករ Dinh Quang Thang ការរក្សានូវចំណង់ចំណូលចិត្តនៃវិជ្ជាជីវៈឱ្យនៅស្ថិតស្ថេរ ដើម្បីប្រឈមមុខនឹងការប្រែប្រួលទីផ្សារ ការរក្សានូវតម្លៃស្នូល និងគុណតម្លៃដែលជីដូនជីតាបន្សល់ទុកឲ្យក្មេងជំនាន់ក្រោយ គឺជាទំនួលខុសត្រូវចំពោះកូនចៅជំនាន់ក្រោយ ក៏ដូចជាការដឹងគុណចំពោះបុព្វបុរស និងអ្នកជំនាន់មុនចំពោះវិជ្ជាជីវៈ។ ឆ្នាំនេះលោកមានអាយុជិត ៧០ ឆ្នាំហើយ ប៉ុន្តែលោកនៅតែខិតខំធ្វើឱ្យភូមិសិប្បកម្មប្រពៃណីនៅស្រុកកំណើតរបស់ខ្លួនរស់ឡើងវិញ ដើម្បីឱ្យឃុំ Dong Xam ក្លាយជាគោលដៅសម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ៕