ការតាំងពិព័រណ៌ “៨០ ឆ្នាំ វិទ្យុសម្លេងវៀតណាមរួមដំណើរជាមួយប្រទេសជាតិ” នៅមជ្ឈមណ្ឌលតាំងពិពណ៌ជាតិ បានឧទ្ទេសនាមវត្ថុតាំងដ៏មានតម្លៃជាច្រើនរបស់ VOV រួមផ្សំជាមួយបច្ចេកវិទ្យាទំនើបនិងចំណងជើងទ្វេភាសា។

នេះជាសកម្មភាពដ៏មានអត្ថន័យមួយ ដើម្បីអបអរសាទរខួបលើកទី ៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥- ១៩សីហា ២០២៥) និងទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) និងខួបលើកទី ៨០ ទិវាបង្កើតវិទ្យុសម្លេងវៀតណាម(៧ កញ្ញា ១៩៤៥-៧ កញ្ញា ២០២៥)។

រយៈពេល ៨០ ឆ្នាំបានកន្លងផុតទៅ ពីសម័យដើមដ៏លំបាកលំបិនរហូតដល់បច្ចុប្បន្ន វិទ្យុសម្លេងវៀតណាមបានក្លាយទៅជាទីភ្នាក់ងារផ្សព្វផ្សាយពហុព័ត៌មានដ៏ខ្លាំងក្លា។

នៅឯស្តង់តាំងពិព័រណ៌ មានឧបករណ៍បច្ចេកទេស មីក្រូ និងឧបករណ៍បញ្ជូនត ជាច្រើនដែលត្រូវបានប្រើប្រាស់ក្នុងប្រវត្តិសាស្ត្រ រួមទាំងឧបករណ៍បញ្ជូនកម្លាំង ៣០០W ដែលបានផ្សាយបន្តផ្ទាល់នូវសេចក្តីប្រកាសឯករាជ្យ ពីទីលាន Ba Dinh នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥។

ឧបករណ៍បញ្ជូនត ដែលបានចាក់ផ្សាយសេចក្តីចុះចាញ់របស់ប្រធានាធិបតីនៃសាធារណរដ្ឋវៀតណាម Duong Van Minh នៅថ្ងៃត្រង់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥។

វត្ថុតាំងមួយដែលទាក់ទាញការយកចិត្តទុកដាក់បំផុតគឺឧបករណ៍បំពងសំឡេងក្នុងប្រវត្តិសាស្ត្រនៅលើច្រាំងទន្លេ Hien Luong (Quang Tri) ដែលមានកម្លាំង ៥០០W ។

ឧបករណ៍បំពងសម្លេងនៅច្រាំងខាងជើងនៃទន្លេ Ben Hai មានរន្ធគ្រាប់កាំភ្លើងជាច្រើន គឺជាសក្ខីភាពដ៏រស់រវើកនៃ "ការប្រយុទ្ធដោយសំឡេង" នៅខ្សែរស្របទី ១៧។ អតីតយុទ្ធជនម្នាក់បានចែករំលែកថា "ការក្រឡេកមើលឧបករណ៍បំពងសម្លេងដែលមាន “ស្នាមរបួស” ដោយគ្រាប់បែកសង្គ្រាមគឺហាក់ដូចជាបានមើលឃើញយុទ្ធមិត្តរបស់ខ្លួនអញ្ជឹង"។

កុមាម្នាក់ មើលឃើញដោយការយកចិត្តទុកដាក់ រន្ធគ្រាប់កាំភ្លើងនៅលើឧបករណ៍បំពងសំឡេង។

ចំណុចលេចធ្លោដែលបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងគឺតំបន់ពិសោធន៍ការពិតនិម្មិត (VR) ដែលអ្នកទេសចរអាច "ធ្វើដំណើរឆ្លងកាត់ពេលវេលា" វិលត្រឡប់ទៅទីលាន Ba Dinh នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ជាពេលវេលាដែលលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យ បង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម។

ជាពិសេសនៅឯកន្លែងតាំងពិព័រណ៌របស់ VOV ទស្សនិកជនក៏មានឱកាសស្តាប់កម្មវិធីវិទ្យុ នៅក្នុងពេលវេលាជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ តាមរយៈសម័យកាលនីមួយៗ។

មនុស្សគ្រប់ជំនាន់ សុទ្ធតែមានអារម្មណ៍ដូចគ្នានៅពេលបានស្តាប់សំឡេងប្រវត្តិសាស្ត្រ។ ការរួមបញ្ចូលគ្នានៃតម្លៃប្រវត្តិសាស្ត្រ និងបច្ចេកវិទ្យាថ្មីនៅឯកន្លែងតាំងពិព័រណ៌នេះ បង្ហាញពីការខិតខំប្រឹងប្រែងរបស់ VOV ច្នៃប្រឌិតក្នុងវិធីបញ្ជូនព័ត៌មាន ដើម្បីព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិមិនត្រឹមតែត្រូវបានចងចាំតាមរយៈសៀវភៅប៉ុណ្ណោះទេ ថែមទាំងបាន "រស់ឡើងវិញ" តាមរបៀបជាក់ស្តែងទៀតផង។

នៅទីនេះ VOV ក៏បង្កើតឡើងវិញនូវគំរូ រូងភ្នំ Tram (ហាណូយ) ជាកន្លែងជម្លៀសខ្លួនដំបូងរបស់ VOV និងជាកន្លែងដែលបានចាក់ផ្សាយ “សេចក្តីអំពាវនាវឲ្យឲ្យមានការតស៊ូប្រយុទ្ធទូទាំងប្រទេស” របស់លោកប្រធានហូជីមិញ នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៤៦។

កុមាររីករាយនឹងបទពិសោធន៍នៃការធ្វើជាពិធីករនៅក្នុងបន្ទប់ Booth របស់ VOV ។

ឆ្លើយតបនឹងសេចក្តីស្រឡាញ់ និងបំណងប្រាថ្នារបស់សាធារណជន ចង់រីករាយជាមួយការតាំងពិព័រណ៌នេះ ពិព័រណ៍ “៨០ឆ្នាំវិទ្យុសំឡេងវៀតណាមរួមដំណើរជាមួយប្រទេសជាតិ” បានពន្យាពេលបើកជាផ្លូវការរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ (ជំនួសថ្ងៃទី ៥ ខែកញ្ញា ដូចដែលបានគ្រោងទុក) នៅសាលលេខ ៨ មជ្ឈមណ្ឌលពិព័រណ៍ជាតិវៀតណាម (VEC) Co Loa, Dong Anh ទីក្រុងហាណូយ៕