មណ្ឌលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រជាតិ Truong Bon គឺជា"អាសយដ្ឋានក្រហម" អប់រំប្រពៃណីបដិវត្តន៍សម្រាប់មនុស្សជំនាន់ក្រោយ

កន្លែងនេះមិនត្រឹមតែបានកត់ត្រាភស្តុតាងប្រវត្តិសាស្ត្រដែលពោរពេញទៅដោយវីរភាពប៉ុណ្ណោះទេ ថែមទាំងជា "អាសយដ្ឋានក្រហម" អប់រំប្រពៃណីបដិវត្តន៍សម្រាប់មនុស្សជំនាន់ក្រោយទៀតផង។ ដោយមានទីតាំងដ៏សំខាន់ពិសេសនៅលើខ្សែផ្លូវសរសៃឈាមលេខ 15A ធានាការដឹកជញ្ជូនជំនួយ សម្រាប់សមរភូមិភាគខាងត្បូងក្នុងគ្រាតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក សង្គ្រោះប្រទេសជាតិនោះ Truong Bon បានក្លាយជាកន្លែងប្រកួតប្រជែងកម្លាំងយ៉ាងប្ដូរផ្ដាច់រវាងឆន្ទៈ ស្មារតីថែបរបស់មនុស្សអង់អាចក្លាហាន ជាមួយនឹងគ្រាប់បែកដ៏កាចសាហាវរបស់ខ្លាំងសត្រូវ។ ចាប់ពីឆ្នាំ ១៩៦៤ ដល់ឆ្នាំ ១៩៦៨ កងទ័ពអាកាសអាមេរិកបានទម្លាក់គ្រាប់បែកគ្រប់ប្រភេទចំនួន ១៨,៩៣៦ គ្រាប់លើ Truong Bon និងគ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់ សំដៅកាត់ផ្តាច់ខ្សែផ្លូដឹកជំនួយ កម្លាំងមនុស្ស និងសំភារៈដល់សមរភូមិនានា។ ទោះបីជាខ្មាំងសត្រូវបានទម្លាក់គ្រាប់បែក និងបាញ់ផ្លោងកាំភ្លើងក៏ដោយ ប៉ុន្តែដោយទឹកចិត្តមោះមុតក្លាហាន ស្មារតី និងការតាំងចិត្តយ៉ាងខ្លៀវក្លានោះ កម្មាភិបាល និងយុទ្ធជនស្ម័គ្រចិត្ត រាប់ពាន់នាក់បានប្រកៀកស្មាជាមួយកងកម្លាំងយោធាដើម្បីបង្កើតរឿងព្រេង Truong Bon ។

នាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០០៨ លោកប្រធានរដ្ឋបានសម្រេច ប្រគល់ឋានន្តរស័ក្តិជាវីរៈ កងកំលាំងប្រដាប់អាវុធប្រជាជនជូនសមូហភាពយុទ្ធជនស្មគ្រចិត្ត Truong Bon ចំណុះ "កងវរសេនាតូចថែប" នៃរឿងព្រេង។ នាបច្ចុប្បន្នមណ្ឌលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រជាតិ Truong Bon ត្រូវបានសាងសង់លើផ្ទៃដីជិត ២២ ហិកតា ស្ថិតនៅឃុំ My Son ស្រុក Do Luong ខេត្ត Nghe An រួមមាន៖ ផ្នូរវីរៈយុទ្ធជនស្មគ្រចិត្តចំនួន ១៣ នាក់; វិមានរំលឹកវិញ្ញាណក្ខ័ន្ធ; អគារប្រពៃណី; វិមានចួង; តុខ្សាច់អេឡិចត្រូនិច "ទីតាំងភ្លើង" Truong Bon។ នាចុងឆ្នាំ ២០១៤ មណ្ឌលកេរ្កិ៍ដំណែល Truong Bon Truong Bon ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ ហើយបានក្លាយទៅជាអាសយដ្ឋានក្រហមយ៉ាងឆាប់រហ័សសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសគឺយុវជន សិស្សនិស្សិត ក្នុងខេត្ត និងលើទូទាំងប្រទេសមកអុជធូបទាន ថ្វាយផ្ការំលឹកដល់វិញ្ញាណក្ខន្ធ និងតបស្នងសងគុណដល់វីរៈយុទ្ធជនពលី។ អ្នកស្រី Pham Thuong Huyen នៅពលរដ្ឋម្នាក់មកពីទីក្រុងហាណូយបានចែករំលែក៖ “ឪពុករបស់នាងខ្ញុំក៏ជាយុទ្ធជនស្ម័គ្រចិត្តម្នាក់ដែរ។ តាំងពីកុមារភាពមក នាងខ្ញុំបានស្ដាប់ឪពុកដំណាលរឿងរ៉ាវ ដែលលោកនិងយុទ្ធមិត្តប្រយុទ្ធការពារមាតុភូមិ។ ប៉ុន្តែខ្ញុំមិននឹកស្មានឲ្យអស់ពីរាល់ទុក្ខលំបាកដែលបណ្ដាយុទ្ធជនត្រូវឆ្លងកាត់នាគ្រានោះ។ ក្នុងឱកាសមកដល់ Truong Bon តាមរយៈរឿងរ៉ាវ អនុស្សាវរីយ៍ដែលនៅសេសសល់ ទើបខ្ញុំយល់ដឹងយ៉ាងច្បាស់លាស់ថែមទៀតអំពីពលីកម្មរបស់ដូនតាសម្រាប់ឯករាជ្យ និងសេរីភាពបច្ចុប្បន្ននេះផងដែរ”។

តាំងពីឆ្នាំ ២០១៥ មក សម្ព័ន្ធយុវជនខេត្ត Nghe An បានបំផុស ចលនាជាច្រើនសម្រាប់យុវជន សមាជិកសម្ព័ន្ធយុវជន និងនិស្សិត ដោយប្រធានបទ “ឆ្ពោះទៅរក Truong Bon” តាមរយៈសកម្មភាពជាក់ស្តែង ដូចជា៖ ការប្រឡងស្វែងយល់អំពី Truong Bon; ទស្សនា និងតបស្នងសងគុណដល់វីរៈយុទ្ធជនពលី ចូលរួមបង្កើត "សួនដើមឈើយុវជន" នៅមណ្ឌលកេរ្កិ៍ដំណែល សំដៅបង្កើតទេសភាព ក៏ដូចជាចំណុចរំលេច ដើម្បីទាក់ទាញភ្ញៀវទេសចរ។ មន្ទីរទេសចរណ៍ខេត្ត Nghe An ក៏បានប្រែក្លាយមណ្ឌលកេរ្កិ៍ដំណែល Truong Bon ទៅជាគោលដៅទេសចរណ៍ក្នុងចំណោលគោលដៅទេសចរណ៍របស់ខេត្ត រួមមាន៖ Cua Lo ស្រុកកំណើតរបស់លោកប្រធានហូជីមិញ Truong Bon និងតំបន់ទេសចរណ៍អេកូឡូស៊ីភាគខាងលិចរបស់ខេត្ត។

មណ្ឌលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រជាតិ Truong Bon ខេត្ត Nghe An

ក្នុងឱកាសអញ្ជើញចូលរួម និងថ្លែងក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃរឿងព្រេង Truong Bon (៣១ ខែតុលា ឆ្នាំ ១៩៦៨ ៣១ ខែតុលា ឆ្នាំ ២០១៨)លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងពីការរួមវិភាគទានដ៏ធំធេងរបស់កម្លាំងយុវជនស្មគ្រចិត្ត ក្នុងការតស៊ូការពារមាតុភូមិដ៏មហិមារបស់ប្រជាជាតិវៀតណាម ដណ្ដើមបានឯករាជ្យ សេរីភាព និងឯកភាពប្រទេសជាតិ។ “រួមជាមួយនឹងផ្លូវបែកជាបី Dong Loc, រូងភ្នំ Tam Co កំពែងបុរាណ Quang Tri និងកន្លែងប្រវត្តិសាស្ត្រជាច្រើនផ្សេងទៀត Truong Bon បានដិតជាប់ក្នុងប្រវត្តិសាស្ត្រ ដែលប្រៀបប្រដូចជារៀងព្រេងអំពីទឹកដីដ៏ពិសិដ្ឋពោរពេញទៅដោយសាច់ឈាមរបស់វីរយុទ្ធជនពលី និងនិមិត្តរូបដ៏ភ្លឺចែងចាំងនៃលទ្ធិវីរៈភាពបដិវត្តន៍ ហើយជាសញ្ញាសម្គាល់នៃការតស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះប្រទេស ជាតិនិងមោទនភាពរបស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយអំពីគ្រា សង្រ្គាមដ៏កាចសាហាវ អំពីជ័យជំនះដ៏ត្រចះត្រចង់ និងរុងរឿងប្រឆាំងនឹងសត្រូវឈ្លានពានទាំងអស់។ Truong Bon ជានិច្ចកាលជាអាស័យដ្ឋានក្រហមអប់រំសម្រាប់កូនចៅគ្រប់ជំនាន់របស់យើងអំពីប្រពៃណីវីរភាពរបស់ប្រជាជាតិ អំពីស្មារតីស្នេហាជាតិ ឆន្ទៈបដិវត្តន៍ដ៏រឹងមាំ របស់បុព្វបុរសជំនាន់មុន រួមចំណែកធ្វើឲ្យប្រជាជាតិ និងប្រទេសជាតិយើងស្ថិតស្ថេរជានិច្ច និងអភិវឌ្ឍយ៉ាងត្រចះត្រចង់ និងរុងរឿងដូចសព្វថ្ងៃ”។

Truong Bon គឺជានិមិត្តសញ្ញារំលឹកដល់គុណបំណាច់ និងការលះបង់ដ៏សំខាន់របស់កងកម្លាំង យុវជនស្មគ្រចិត្តក្នុងបុព្វហេតុរំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ ក៏ដូចជាបំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ។ កន្លែងនេះក៏ជាអាស័យដ្ឋានក្រហមជានិច្ច ដើម្បីអប់រំយុវជនជំនាន់ក្រោយអំពីប្រពៃណី វីរភាពរបស់ប្រជាជាតិ អំពីស្មារតីស្នេហាជាតិ ឆន្ទៈបដិវត្តន៍ដ៏អង់អាចក្លាហាន មោះមុត របស់បុព្វបុរសជំនាន់មុន រួមចំណែកធ្វើឱ្យប្រជាជាតិវៀតណាមមានសេរីភាព ឯករាជ្យ និងអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះផងដែរ៕