ទេសភាពដ៏ស្រស់ស្អាតនៅ Thung Ui ខេត្ត និញប៊ិញ។ រូបថត៖ The Hung/VOV5

ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ នៅពេលដែលនិញប៊ិញចូលដល់រដូវទេសចរណ៍ មនុស្សបានហូរមកកាន់គោលដៅទេសចរណ៍ដែលធ្លាប់ស្គាល់ដល់ដូចជា Trang An, Tam Coc – Bich Dong ឬវត្ត Bai Dinh។ ប៉ុន្តែមានចម្ងាយត្រឹមប៉ុន្មានគីឡូម៉ែត្រពីវត្ត Bai Dinh តែប៉ុណ្ណោះ ជ្រលងភ្នំដ៏សុខសាន្តមួយកំពុងក្លាយជាគោលដៅសម្រាប់ភ្ញៀវទេសចរជាច្រើនដែលស្រឡាញ់ដំណើររុករកស្វែងយល់។ នោះគឺ Thung Ui ជាជ្រលងភ្នំដែលព័ទ្ធជុំវិញដោយភ្នំថ្មកំបោរ បឹងពណ៌ខៀវថ្លា និងសំណង់ខាងវិញ្ញាណប្រកបដោយលក្ខណៈបុរមបុរាណ។ បរិយាកាសនៅទីនេះនាំមកនូវអារម្មណ៍ដ៏ស្ងប់ស្ងាត់ ផ្ទុយស្រឡះពីភាពអ៊ូអរមមាញឹកនៃគោលដៅទេសចរណ៍ដ៏ល្បីៗជាច្រើនទៀត។

Thung Ui – គោលដៅថ្មីមួយដែលកាន់តែទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេសចរក្នុងស្រុក និងអន្តរជាតិ។ រូបថត៖ The Hung/VOV5

មើលពីខាងលើ Thung Ui ដូចជាគំនូរមួយផ្ទាំងអញ្ចឹង។ បឹងមួយស្ថិតនៅជើងភ្នំ ដែលឆ្លុះបញ្ចាំងពីពណ៌ខៀវនៃផ្ទៃមេឃ និងព្រៃភ្នំ។ ផ្លូវក្រាលថ្ម ផ្ទះឈើសាមញ្ញៗ និងសំណង់ខាងវិញ្ញាណ បានបង្កើតឡើងទេសភាពទូទៅដ៏សុខដុមរមនារវាងធម្មជាតិ និងស្ថាបត្យកម្ម។

បរិយាកាសនោះនាំមកនូវអារម្មណ៍ដ៏ពិសិដ្ឋផង និងស្និទ្ធស្នាលផង។ ភាពពិសិដ្ឋបានមកពីជម្រៅប្រវត្តិសាស្ត្រ និងកត្តាខាងជំនឿសាសនា ខណៈពេលដែលភាពស្និទ្ធស្នាលបានមកពីទេសភាពធម្មជាតិដ៏រហោស្ថាននិងសុខសាន្តត្រាណ។ អ្នកស្រី Vu Hien មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់វិញ្ញាណ Bai Dinh ខេត្តនិញប៊ិញ បានចែករំលែកថា៖

“ប្រាសាទ Kinh Thien ត្រូវបានសាងសង់ឡើងវិញដើម្បីរំលឹកយើងអំពីសម័យដ៏រុងរឿងរបស់ប្រជាជាតិ។ ពិធីនេះរួមមានពិធីកិច្ចចំនួន៣។ Kinh Thien មានន័យថា ការគោរពបូជាឋានសួគ៌ ការគោរពបូជាព្រះអាទិទេព និងការគោរពបូជាផែនដី”។

ប្រាសាទ Kinh Thien ដែលបានកសាងឡើងវិញនៅ Thung Ui។ រូបថត៖ The Hung/VOV5

ក្រៅពីសម្រស់ទេសភាព Thung Ui ក៏ផ្តល់ជូននូវបទពិសោធន៍វប្បធម៌ប្រចាំតំបន់ផងដែរ។ ភ្ញៀវអាចទស្សនាការសម្តែងគងឃ្មោះ ចូលរួមក្នុងល្បែងប្រជាប្រិយដូចជា លោតដំបងឫស្សី ល្បែងចោលឈូង ឬស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនជាតិ Muong នៅទីនេះ។ បទពិសោធន៍ទាំងនេះ ធ្វើឱ្យដំណើរកំសាន្តនេះមិនត្រឹមតែជាការទស្សនាទេសភាពប៉ុណ្ណោះទេ ថែមទាំងក៏ជាការស្វែងយល់វប្បធម៌ទៀតផង។ អ្នកស្រី To Hong Nhung ជាភ្ញៀវទេសចរមកពីទីក្រុងហាណូយ បានចែករំលែកអារម្មណ៍ថា៖

“អ្វីដែលទាក់ទាញខ្ញុំបំផុតនៅទីនេះ គឺទេសភាពនិងការសម្របខ្លួននៅក្នុងបរិយាកាសវប្បធម៌របស់ជនជាតិ Muong។ នោះគឺជាបទពិសោធន៍ដ៏ពិសេស និងប្លែកមួយ។ ខ្ញុំបានចូលរួមក្នុងរបាំលោតដំបងឫស្សី ដែលគួរឱ្យរំភើប និងរីករាយណាស់។ ខ្ញុំក៏បានសាកល្បងដើរជើងទោម និងលេងល្បែងចោលឈូងផងដែរ”។

ភ្ញៀវទេសចររីករាយនឹងវប្បធម៌ប្រពៃណីរបស់ជនជាតិ Muong នៅ Thung Ui។ រូបថត៖ The Hung/VOV5

យោងតាមអ្នកជំនាញទេសចរណ៍ ការលេចចេញនៃគោលដៅថ្មីៗដូចជា Thung Ui បានជួយធ្វើពិពិធកម្មផលិតផលទេសចរណ៍របស់ខេត្តនិញប៊ិញ ព្រមទាំងរួមចំណែកកាត់បន្ថយសម្ពាធលើគោលដៅទេសចរណ៍ដែលមានមនុស្សច្រើនរួចទៅហើយ។ លោក Vu The Binh ប្រធានសមាគមទេសចរណ៍
វៀតណាម បានធ្វើអត្ថាធិប្បាយថា៖

“ជាមួយនឹងតម្លៃវិនិយោគបច្ចុប្បន្ន និងធនធានដែលមានស្រាប់ Thung Ui។ ប្រាកដថា នឹងក្លាយជាចំណុចលេចធ្លោមួយនៃទេសចរណ៍វៀតណាមក្នុងឆ្នាំ ២០២៦ នេះ”។

នៅក្នុងបរិបទដែលវិស័យទេសចរណ៍កំពុងឆ្ពោះទៅរកបទពិសោធន៍ដ៏ស៊ីជម្រៅ និងប្រកបដោយចីរភាពនោះ គោលដៅដូចជា Thung Ui កាន់តែទទួលបានការចាប់អារម្មណ៍។ មិនត្រឹមតែជាកន្លែងទស្សនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងដែលភ្ញៀវទេសចរអាចរកឃើញការសម្របខ្លួនជាមួយធម្មជាតិ និងយល់ដឹងកាន់តែច្រើនអំពីប្រវត្តិសាស្ត្រនៃទឹកដីអតីតរាជធានីរបស់វៀតណាម។

គ្មានការអួតអាង ឬភាពមមាញឹកនោះឡើយ Thung Ui កំពុងបង្ហាញពីភាពទាក់ទាញបន្តិចម្តងៗតាមរយៈសម្រស់ដ៏បរិសុទ្ធនិងជម្រៅវប្បធម៌របស់ខ្លួន។ ហើយប្រហែលជា ការរួមបញ្ចូលគ្នារវាងភាពពិសិដ្ឋ ភាពបុរណបុរាណ និងធម្មជាតិនោះ បានធ្វើឱ្យ Thung Ui ក្លាយជាគោលដៅថ្មីដ៏ពោរពេញទៅដោយសក្ដានុពលនៅលើផែនទីទេសចរណ៍និញប៊ិញនិយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម៕