រដូវផ្កាបាក់វីតនៅខេត្ត Ha Giang

កាលពីយូរណាស់មកហើយ ផ្កាបាក់វីតគឺជាប្រភេទផ្កា ដែលទាក់ទាញភ្ញៀវទេសចរមកទស្សនា នៅពេលមកដល់ខេត្ត Ha Giang ម្ដងៗ។ ផ្កាបាក់វីតបាន ដុះនៅលើ ទូលភ្នំ តាមផ្លូវធ្វើដំណើរ តាមជ្រលងភ្នំ និងលើច្រាំងថ្មត្រចៀកឆ្មានៅតាមជម្រាលភ្នំ។ ទេសភាពនៃផ្កាបាក់វីតបានធ្វើឲ្យតំបន់ខ្ពង់រាបថ្មកាន់តែមានភាពរ៉ូម៉ង់ទិក។ លោក Tong Quang Khai ប្រធានផ្នែកព័ត៌មានភ្ញៀវទេសចរណ៍ ស្រុក Quan Ba បានឲ្យដឹងថា ខេត្ត Ha Giang មិនមែនជាតំបន់តែមួយគត់ដែលមានផ្កាបាក់វីតនោះទេ ប៉ុន្តែផ្កាបាក់វីតនៅខេត្តនេះបានក្លាយទៅជាពាណិជ្ជសញ្ញាជាមួយមហោស្រពផ្កាបាក់វីតដ៏ល្បីឈ្មោះ។ លោកបានសំណេះសំណាលថា៖ “នៅពេលអញ្ជើញមកដល់ខ្ពង់រាបថ្ម Dong Van ចាប់ពីខែតុលា ដល់ចុងខែធ្នូនោះ ភ្ញៀវទេសចរនឹងមានអារម្មណ៍ភ្ញាក់ផ្អើល ព្រោះថា ខ្ពង់រាបថ្មបានគ្របដណ្ដប់ដោយផ្កាបាក់វីតពណ៌ផ្កាឈូកដ៏គួរឱ្យទាក់ទាញ។ ផ្កាបាក់វីតបានក្លាយទៅជាអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ខេត្ត Ha Giang”។

នាបច្ចុប្បន្ននេះប្រជាជននៅខេត្ត Ha Giang បានដាំផ្កាបាក់វីតដើម្បីធ្វើជាម្ហូបអាហារផង និងបម្រើភ្ញៀវទេសចរនៅពេលមកដល់ខេត្ត Ha Giang ក្នុងឱកាសចុងឆ្នាំទៀតផង។ លោក Vi Ngoc Tinh លេខាគណៈកម្មាធិការបក្សឃុំ Quan Ba ស្រុក Quan Ba បានឲ្យដឹងថា៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ថ្នាក់ដឹកនាំឃុំបានផ្ដោតសំខាន់លើការដាំដុះផ្កាបាក់វីត ហើយផ្ទៃដីដាំដុះបានកើនឡើងជារៀងរាល់ឆ្នាំ។ នៅឆ្នាំ ២០២១ ឃុំបានដាំជាង ១០ ហិកតា។ ដោយមានសម្រស់ធម្មជាតិនោះ ផ្កាបាក់វីត មិនត្រឹមតែបានទាក់ទាញភ្ញៀវទេសចរនៅពេលអញ្ជើញមកទស្សនា និងថតរូបប៉ុណ្ណោះទេ ប្រជាជនថែមទាំងបានប្រមូលផលពីដើមផ្កាបាក់វីត ដើម្បីបិតស្រា ធ្វើនំដ៏ឆ្ងាញ់ពិសារទៀតផង។ នារយៈពេលប៉ុន្មានឆ្នាំខាងមុខ ឃុំនឹងធ្វើការពង្រីកផ្ទៃដីប្រកបផ្កាបាក់វីត លើកកម្ពស់គុណភាពផលិផល ដែលធ្វើពីផ្កាបាក់វីត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាលើកកម្ពស់ប្រាក់ចំណូលជូនប្រជាកសិករផងដែរ”។

គ្រាប់បាក់វីតនៅខេត្ត Ha Giang

នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅពេលរដូវផ្កាបាក់វីតរីកមកដល់ម្ដងៗនោះ ខេត្ត Ha Giang បានរៀបចំពិធីបុណ្យផ្កាបាក់វីត។ ក្នុងឱកាសនេះ ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិរាប់ពាន់នាក់បានអញ្ជើញមកដល់ខេត្តព្រំដែននេះ ដើម្បីបានគយគន់ផ្ទាល់ភ្នែកនូវសម្រស់ដ៏ធំមហិមានៃខេត្ត Ha Giang និង ផ្កាបាក់វីតរីកដ៏រ៉ូម៉ង់ទិកផងដែរ។ លោកស្រី Trieu Thi Tinh អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Giang បានឲ្យដឹងថា៖ “មហោស្រពផ្កាបាក់វីតគឺស្ថិតក្នុងយុទ្ធសាស្ត្រកសាងផលិតផលទេសចរណ៍ខេត្ត Ha Giang ។ តាមរយៈការតភ្ជាប់ជាមួយមន្ទីរ ស្ថាប័ននានា ក្នុងនោះមានមន្ទីរកសិកម្ម ដើម្បីរួមជាមួយប្រជាជនរៀបចំផែនការដាំដុះផ្ការបាក់វីតនៅតាមចំការនានានៅឧទ្យានភូគព្ភសាស្ត្រខ្ពង់រាបថ្ម Dong Van សម្រាប់ប្រជាជនបង្កបង្កើនផល ធ្វើអាជីវកម្ម និងរកប្រាក់ចំណូលពីភ្ញៀវទេសចរ។ ក្រោយមក ប្រជាជនអាចប្រមូលផលផ្កាបាក់វីត ដើម្បីផលិតចេញផលិតផលដូចជាស្រា និងនំ សំដៅរកប្រាក់ចំណូលបន្ថែម។ នេះគឺជាការតម្រង់ទិសដៅ សម្រាប់យើងខ្ញុំបង្កើតផលិតផលទេសចរណ៍នៅតំបន់តំបន់ឧទ្យានភូគព្ភសាស្ត្រ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ”។

នំដែលធ្វើពីផ្កាបាក់វីតនៅខេត្ត Ha Giang

អញ្ជើញមកដល់ខ្ពង់រាបថ្ម Ha Giang ភ្ញៀវទេសចរណ៍អាច " check in " នៅគោលដៅទេសចរណ៍ Thach Son Than ឃុំ Quyet Tien ស្រុក Quan Ba ដែលជាកន្លែងដាំផ្កាបាក់វីតដ៏ធំទូលាយ; ឬជ្រលងភ្នំ Sung La ស្រុក Dong Van ដែលជាកន្លែងគយគន់សម្រស់រ៉ូម៉ង់ទិករបស់ផ្កាបាក់វីត ។ នៅស្រុក Dong Van ភ្ញៀវទេសចរអាចឆ្លងកាត់ឃុំ Pho Cao ហើយនៅទីនេះមានវាលផ្កាដ៏ធំទូលាយលាតសន្ធឹងពីជ្រលងភ្នំមួយទៅជ្រលងមួយទៀត។ ក្រៅពីនោះ នៅឃុំ Lung Cu ដែលមានបង្គោលដងទង់ជាតិ Lung Cu ខ្ពស់បំផុតនៅ ខេត្ត Ha Giang នោះ ផ្កាបាក់វីតបានរីកស្គុសស្គាយពេញផ្លូវឃុំ រួមជាមួយសម្រស់នៃពណ៌ផ្កាកូឡាប ដែលលាតសន្ធឹងនៅតាមវាលស្រែជម្រាលភ្នំជាថ្នាក់ផងដែរ៕