ការបាញ់កាំជ្រួចនៅ Phu Quoc។ (រូបថត៖ Thanh Huyen/VOV) |
រោងមហោស្រពនៅកណ្ដាលវាល ដោយមានអេក្រង់បញ្ចាំងទឹកសមុទ្រ និងសមត្ថភាពផ្ទុកដ៏ធំបំផុតលើពិភពលោក ដែលត្រូវបានទទួលស្គាល់ដោយអង្គការកំណត់ត្រា ហ្គីណេសពិភពលោក កាលពីខែមេសាកន្លងទៅ គឺជាកន្លែងប្រព្រឹត្តទៅកម្មវិធីសិល្បៈពហុមធ្យោបាយដ៏ល្បីល្បាញរបស់ Phu Quoc ដោយមានប្រធានបទ “ការថើបនៃសមុទ្រ” (Kiss of the sea)។ អេក្រង់បញ្ចាំងទឹកសមុទ្រទំហំជាង ១០០០ ម៉ែត្រការ៉េ ជាមួយនឹងម៉ាស៊ីនចាក់បញ្ចាំងបន្តបន្ទាប់គ្នាចំនួន ៣ ស្រទាប់និងឧបករណ៍ជាង ៣០០ ប្រភេទដែលប្រើសម្រាប់បង្កើតពហុឥទ្ធិពលនៃពន្លឺ សំឡេង ភ្លើង ទឹក ឡាស៊ែរ ដែលនាំទស្សនិកជនចូលទៅក្នុងពិភពវេទមន្ត ជាមួយនឹងបទពិសោធន៍អារម្មណ៍និងវិញ្ញាណជាច្រើន។ អ្នកស្រី Trinh Phuong Mai ភ្ញៀវទេសចរមកពីទីក្រុងហាណូយបានឲ្យដឹងថា៖
"ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍។ នោះជាការរួមបញ្ចូលគ្នារវាងទឹក សំឡេង និងពន្លឺ បង្កើតបានជាផ្ទាំងរូបភាពដ៏រស់រវើក និងទាក់ទាញភ្នែក។ ខ្ញុំដឹងថា តួអង្គទាំងអស់សុទ្ធតែជាតួអង្គពិតៗ នៅពេលដែលពួកគេសម្តែង និងចាក់បញ្ចាំងលើអេក្រង់ទឹក ខ្ញុំមានអារម្មណ៍ហាក់ដូចជាកំពុងទស្សនាភាពយន្ត 3D អញ្ចឹង"។
(រូបថត៖ Thanh Huyen/VOV) |
"ការថើបនៃសមុទ្រ" ត្រូវបានផលិតដោយ ECA2 ដែលជាអង្គភាពបង្កើតកម្មវិធីពហុមធ្យោបាយដ៏ល្បីល្បាញ មកពីបារាំង។ កម្មវិធីនេះ និទានអំពីរឿងស្នេហាដ៏រ៉ូមែនទិករវាងកំលោះ Phu Quoc និងឆ្មាំស្រីនៃកាឡាក់ស៊ី។ ការរចនាតួអង្គត្រូវបានបំផុសគំនិតដោយសិល្បៈអាយ៉ងស្រមោលរបស់វៀតណាម រួមផ្សំជាមួយនឹងបច្ចេកវិទ្យាសម្តែងបែបទំនើប ដែលធ្វើឲ្យទស្សនិកជនមានអារម្មណ៍ដ៏ស្និទ្ធស្នាល ជក់ចិត្ត ដូចខ្លួនឯងជាតួរអង្គក្នុងសាច់រឿងអញ្ចឹង។ អ្នកស្រី Vu Thi Xuan Thu ភ្ញៀវទេសចរមកពីទីក្រុងហូជីមិញបានឲ្យដឹងថា៖
"ខ្ញុំចាប់អារម្មណ៍នឹងការរៀបចំកម្មវិធីយ៉ាងល្អិតល្អន់ និងខ្លឹមសារក៏ល្អផងដែរ នៅពេលដែលអ្នកដឹកនាំរឿងបានរួមបញ្ចូលគ្នានូវសេចក្ដីស្រឡាញ់របស់មនុស្ស សេចក្ដីស្រឡាញ់ចំពោះមហាសមុទ្រ និងសេចក្ដីប្រាថ្នាឈានឡើងរបស់មនុស្ស ដើម្បីឲ្យអំពើល្អតែងតែឈ្នះលើអំពើអាក្រក់ជានិច្ច។ នេះមិនមែនគ្រាន់តែជាការសម្តែងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាពិតជាផ្ទាំងគំនូរដ៏រស់រវើក"។
សត្វឆ្កែ Phu Quoc មួយក្បាលក៏បានក្លាយជាតួអង្គនៅក្នុងឆាកសម្ដែង រួមជាមួយនឹងសត្វជ្រូកទឹក ដែលជាប្រភេទសត្វសមុទ្រដ៏កម្រនិងជិតផុតពូជ ក្នុងគោលបំណងបង្ហាញសារស្ដីពីការអភិរក្ស និងការពារធម្មជាតិ ជាពិសេសសត្វព្រៃដែលកំពុងជួបហានិភ័យជិតផុតពូជ។ អ្នកស្រី Ho Thi Thuy Binh ភ្ញៀវទេសចរមកពីទីក្រុង Thua Thien Hue បានចែករំលែកថា៖
"ខ្លឹមសារគឺនិយាយអំពីការស្រឡាញ់ធម្មជាតិ ថែរក្សាពណ៌បៃតង។ រូបភាពសត្វឆ្កែ និងសត្វជ្រូកទឹក ប្រៀបដូចជាធម្មជាតិ ខណៈដែលពួកវាកំពុងលេងកំសាន្ត ស្រាប់តែមានយក្សមួយបាននាំភ្លើងមកបំផ្លាញផែនដី។ ក្រោយមក មនុស្សបានលេចមុខ ដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងយក្ស។ ខាងនេះតូចមែន ប៉ុន្តែពេលយើងរួបរួមគ្នា យើងនឹងឈ្នះលើយក្សនោះ ដើម្បីនាំពណ៌បៃតងមកផែនដីវិញ”។
រូបថត៖ Hoang Dinh Ngoc |
បន្ទាប់ពីឆាកសម្ដែង "ការថើបនៃសមុទ្រ" ការបាញ់កាំជ្រួចរយៈពេល ៧ នាទី ដោយរួមបញ្ចូលគ្នានូវឥទ្ធិពលពន្លឺនិងបច្ចេកវិទ្យាប្រហែល ១០០ ប្រភេទបាននាំមកនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបាន។ ប្រជាជនរស់នៅភាគខាងត្បូងនៃកោះ Phu Quoc អាចគយគន់ការបាញ់កាំជ្រួចស្ទើរតែរៀងរាល់ថ្ងៃនៅវេលាម៉ោង ៩ កន្លះយប់។ អ្នកស្រី Nguyen Thi Hoa ភ្ញៀវទេសចរមកពីខេត្ត Dong Nai បានឲ្យដឹងថា៖
“លើកដំបូងដែលខ្ញុំមក Phu Quoc ហើយបានទស្សនាកម្មវិធីតន្ត្រីទឹក និងបាញ់កាំជ្រួច ខ្ញុំពិតជាចូលចិត្តខ្លាំងណាស់។ កាំជ្រួចផ្ទុះឡើងពីលើ ខ្ញុំបានទស្សនានៅជិត ពិតជាស្រស់ស្អាតមែនទែន”។
កាសែត និងទស្សនាវដ្ដីអន្តរជាតិជាច្រើនបានផ្តល់ការកោតសរសើរជាច្រើនដល់ឆាកសម្ដែង “ការថើបនៃសមុទ្រ”។ សម្រាប់ភ្ញៀវទេសចរដែលបានទស្សនាដោយផ្ទាល់ភ្នែក ក្រៅពីបានឃើញភាពអស្ចារ្យរបស់ Phu Quoc នោះ ពួកគេក៏កាន់តែយល់ និងស្រឡាញ់ កោះគុជដ៏ស្រស់បំព្រងនេះច្រើនថែមទៀត ហើយចង់វិលត្រឡប់មកវិញ សម្របខ្លួនក្នុងសូរសំឡេង ពន្លឺ និងទឹក ដើម្បីទទួលអារម្មណ៍ពីសមុទ្រ Phu Quoc តាមរយៈបច្ចេកវិទ្យាទំនើបៗ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


