ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង។ រូបថត៖ REUTERS/Evelyn Hockstein

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឲ្យដឹងថា បច្ចុប្បន្ននេះ មិនទាន់មានកាលបរិច្ឆេទជាក់លាក់ណាមួយនៅឡើយទេ ហើយមន្ត្រីសេតវិមានកំពុងខិតខំប្រឹងប្រែងដើម្បីឱ្យដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តិទៅឱ្យបានឆាប់ៗ។ មុននោះ នៅថ្ងៃទី១៧ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញថា លោកនឹងពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ប្រហែល ៥ - ៦ សប្តាហ៍ ដោយលើកឡើងពីស្ថានភាពតានតឹងនៅក្នុងប្រទេសអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា លោកទន្ទឹងរង់ចាំជួបជាមួយប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ហើយភាគីទាំងពីរមានទំនាក់ទំនងការងារល្អណាស់។

យោងតាមផែនការដើម លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា។ កិច្ចប្រជុំរវាងមេដឹកនាំអាមេរិក និងចិនត្រូវបានរំពឹងថានឹងផ្តោតលើបញ្ហាពាណិជ្ជកម្ម និងប្រព្រឹត្តទៅក្នុងបរិបទនៃភាពតានតឹងរវាងប្រទេសទាំងពីរលើបញ្ហាពន្ធនាំចូល៕