អាកាសធាតុក្តៅនៅទីលាន Trocadero ជាប់នឹងប៉ម Eiffel ក្នុងរដូវក្តៅនៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។ (រូបថត៖ REUTERS/Tom Nicholson) |
នៅក្នុងរបាយការណ៍ "ស្ថានភាពអាកាសធាតុពិភពលោកឆ្នាំ ២០២៥" ដែលត្រូវបានប្រកាសចំថ្ងៃឧតុនិយមពិភពលោក (ថ្ងៃទី ២៣ ខែមីនា) នោះ អង្គការឧតុនិយមពិភពលោក (WMO) បានឲ្យដឹងថា សូចនាករអាកាសធាតុនិងបរិស្ថានភាគច្រើននៅលើផែនដី កំពុងតែស្ថិតក្នុងស្ថានភាពអាសន្នពណ៌ក្រហម ហើយមិនទាន់ឃើញយថាទស្សន៍ច្បាស់លាស់អំពីការកែលម្អនៅឡើយទេ។
កម្រិតសីតុណ្ហភាពជាប្រវត្តិសាស្ត្រ
របាយការណ៍របស់អង្គការ WMO បង្ហាញយ៉ាងច្បាស់ថា ដំណាក់កាលឆ្នាំ ២០១៥-២០២៥ គឺជារយៈពេល ១១ ឆ្នាំដ៏ក្តៅបំផុត ដែលធ្លាប់ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រដើមសម័យទំនើបរបស់មនុស្សជាតិ ក្នុងនោះឆ្នាំ ២០២៥ ជាប់ចំណាត់ថ្នាក់លេខ ២ ឬលេខ ៣ ដោយមានសីតុណ្ហភាពជាមធ្យមរបស់ពិភពលោក ខ្ពស់ជាងប្រហែល ១,៤៣ អង្សាសេ បើធៀបនឹងសម័យមុនឧស្សាហកម្ម ចាប់ពីឆ្នាំ ១៨៥០ ដល់ ឆ្នាំ១៩០០។
យោងតាមអង្គការ WMO ចំណុចដ៏គួរឱ្យព្រួយបារម្ភបំផុតគឺ "អតុល្យភាពថាមពល" កាន់តែខ្លាំងឡើងរបស់ផែនដី ជាសូចនាករមួយដែលត្រូវបានដាក់បញ្ចូលនៅក្នុងរបាយការណ៍ជាលើកដំបូង ដូចជារង្វាស់ស្នូលមួយ។ ឆ្នាំ ២០២៥ បានកត់សម្គាល់កម្រិតអតុល្យភាពថាមពលខ្ពស់បំផុត ចាប់តាំងពីការសង្កេតចាប់ផ្តើមមនៅឆ្នាំ ១៩៦០។ ផលវិបាកដ៏ច្បាស់លាស់បំផុត ត្រូវបានបង្ហាញនៅមហាសមុទ្រ ដែលជា "អាងស្តុកកំដៅ" ដ៏ធំសម្បើមរបស់ភពផែនដី។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ជារៀងរាល់ឆ្នាំមហាសមុទ្របានស្រូបយកបរិមាណថាមពល ស្មើនឹងប្រហែល ១៨ ដងនៃការប្រើប្រាស់ថាមពលសរុបរបស់មនុស្សជាតិ។ ការឡើងកំដៅនៃមហាសមុទ្រ បាននាំឱ្យមានផលវិបាកជាបន្តបន្ទាប់ រួមមាន៖ ការរិចរិលនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ ការបាត់បង់ជីវចម្រុះ ការថយចុះសមត្ថភាពស្រូបយកឧស្ម័នកាបូន ការកើនឡើងនៃព្យុះត្រូពិច ដែលបណ្ដាលឲ្យកម្រិតនីវ៉ូទឹកសមុទ្រកើនឡើងជាបន្តបន្ទាប់ និងគំរាមកំហែងដល់អាយុជីវិត និងជីវភាពរស់នៅរបស់មនុស្សរាប់ពាន់លាននាក់។ លោកស្រី Ko Barrett អគ្គលេខាធិការរង WMO បានទទួលស្គាល់ថា៖
"និយាយដោយត្រង់ថា នេះគឺជាផ្នែកមួយនៃផ្ទាំងគំនូរដ៏អាប់អួរ។ ការងាររបស់យើងគឺគ្រាន់តែផ្តល់ភស្តុតាងដែលយើងមើលឃើញ ដោយសង្ឃឹមថា ព័ត៌មាននេះនឹងលើកទឹកចិត្តឱ្យមនុស្សរាល់គ្នាធ្វើសកម្មភាព។ ប៉ុន្តែមិនអាចបដិសេធបានឡើយថា សូចនាករដែលត្រូវបានបង្ហាញ មិនអាចនាំមកនូវក្តីសង្ឃឹមច្រើនពេក"។
តាមពិតទៅ មុនពេលដែល WMO បានចេញផ្សាយរបាយការណ៍ឆ្នាំនេះ អ្នកជំនាញអាកាសធាតុភាគច្រើននៅទូទាំងពិភពលោកបានយល់ស្របរួចហើយថា អាកាសធាតុពិភពលោក កំពុងស្ថិតក្នុងស្ថានភាពអាសន្ន នៅពេលដែលផែនដីត្រូវបានរុញច្រានហួសពីដែនកំណត់។ លោកស្រី Samantha Burgess អ្នកជំនាញផ្នែកយុទ្ធសាស្ត្រអាកាសធាតុនៅវិទ្យាស្ថានស្រាវជ្រាវការប្រែប្រួលអាកាសធាតុ Copernicus (C3S) នៃសហភាពអឺរ៉ុប (EU) បានធ្វើអត្ថាធិប្បាយថា៖
“ខ្ញុំគិតថា នៅក្នុងទសវត្សរ៍ក្រោយ ពោលគឺក្រោយពីឆ្នាំ២០៣០ កម្រិតមូលដ្ឋាននៃកំដៅផែនដី នឹងកាន់តែក្តៅឡើង។ ចំនួនបាតុភូតអាកាសធាតុធ្ងន់ធ្ងរ នៅលើពិភពលោកនឹងកើនឡើង ហើយផលវិបាកដែលបណ្ដាលមកពីបាតុភូមិទាំងនេះ នឹងកាន់តែអាក្រក់ទៅៗ។ នៅពេលនោះ យើងនឹងងាកមើលទៅអាកាសធាតុត្រជាក់គួរសមនៃទសវត្សរ៍ឆ្នាំ ២០២០ នេះ ដោយក្តីនឹករលឹក។ នេះគឺជាក្តីបារម្ភពិតប្រាកដមួយ”។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិស្ដីពីការបង្កើនការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងបញ្ច្រាសដំណើរការរបស់សហរដ្ឋអាមេរិកលើការប្រែប្រួលអាកាសធាតុ និងថាមពលស្អាត។ (រូបថត៖ REUTERS/Mike Segar) |
ជម្លោះប៉ះពាល់ដល់បរិស្ថាន
ភាពចលាចលភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចធំៗ នាពេលថ្មីៗនេះនៅជុំវិញពិភពលោក កំពុងបង្កឡើងបញ្ហាប្រឈមគួរឲ្យកត់សម្គាល់បន្ថែមទៀត ដល់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាសកល។ រដ្ឋាភិបាលជាច្រើនបានកាត់បន្ថយការសន្យារបស់ពួកគេ ឬថែមទាំងបោះបង់ចោលគោលនយោបាយឧស្សាហកម្មបៃតងដែលបានដាក់ចេញពីមុនផងដែរ។ ក្រោមសម្ពាធពីការប្រកួតប្រជែងសេដ្ឋកិច្ច រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបោះបង់ចោលការឧបត្ថម្ភធនយានយន្តអគ្គិសនី ជំរុញការធ្វើអាជីវកម្ម និងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ក៏ដូចជាដកខ្លួនចេញពីការសន្យាអាកាសធាតុជាច្រើន។ គួរឱ្យព្រួយបារម្ភជាងនេះទៅទៀត ជម្លោះភូមិសាស្ត្រនយោបាយថ្មីៗនេះនៅកន្លែងជាច្រើន (អ៊ុយក្រែន ហ្គាហ្សា មជ្ឈិមបូព៌ា។ ល។) កំពុងបំផ្លិចបំផ្លាញបរិស្ថាន ហើយបន្សល់ទុកនូវផលវិបាកយូរអង្វែង។ នៅមជ្ឈិមបូព៌ា ការវាយប្រហារលើវាលប្រេងនិងឧស្ម័នរបស់អ៊ីរ៉ង់ និងប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្ស បានបញ្ចេញឧស្ម័នពុលយ៉ាងច្រើនទៅក្នុងបរិយាកាស… អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានចាត់ទុកថា៖
“យើងមានការព្រួយបារម្ភពិសេសអំពីចំនួនរបាយការណ៍ថ្មីៗនេះ ទាក់ទងនឹងការវាយប្រហារលើរោងចក្រប្រេង ដែលអាចបង្កឡើងផលវិបាកបរិស្ថានដ៏ធ្ងន់ធ្ងរសម្រាប់តំបន់មជ្ឈិមបូព៌ាទាំងមូល ហើយនឹងផលប៉ះពាល់ភ្លាមៗទៅលើប្រភពទឹកស្អាត ខ្យល់ឬអាហារ។ លើសពីនេះ មានការវាយប្រហារលើរោងចក្រចម្រាញ់ទឹកប្រៃនៅក្នុងប្រទេសមួយចំនួនផងដែរ”។
យោងតាមអ្នកជំនាញសេដ្ឋកិច្ច ផលវិបាកមួយទៀតនៃជម្លោះបច្ចុប្បន្នគឺថា ការពឹងផ្អែកលើប្រេងឧស្ម័នរបស់ប្រទេសនានានឹងអូសបន្លាយយូរជាងការរំពឹងទុក។ ទោះជាយ៉ាងណាក៏ដោយ ផ្ទុយទៅវិញ ក្នុងរយៈពេលវែង វិបត្តិថាមពលនេះក៏ជាមេរៀនសម្រាប់ប្រទេសនានាឱ្យពន្លឿនការអភិវឌ្ឍប្រភពថាមពលផ្សេងទៀត ដើម្បីជំនួសឲ្យប្រេងនិងឧស្ម័ន ជាពិសេសថាមពលកកើតឡើងវិញ។ ដូច្នេះ នេះគឺជាអាទិភាពចម្បងមួយដែលអង្គការសហប្រជាជាតិនឹងជំរុញក្នុងរយៈពេលខាងមុខ ដើម្បីបង្កើនកម្លាំងសម្រាប់ឧបករណ៍នេះក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុពិភពលោក៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

