មេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ២៧ បានបើកកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៩-២០ ខែមីនា នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដោយផ្តោតលើការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ប្លុកនេះ និងការជួយឧបត្ថម្ភអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ការវិវឌ្ឍនៅទូទាំងពិភពលោក បានបង្ខំឱ្យប្លុកនេះ ផ្លាស់ប្តូរអាទិភាពរបស់ខ្លួន។
សម្ពាធពីមជ្ឈិមបូព៌ា
នៅថ្ងៃទី ១៩ ខែមីនា ដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំមេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ធនាគារកណ្តាលអឺរ៉ុប (ECB) បានប្រកាសកាត់បន្ថយការព្យាករណ៍កំណើន និងបង្កើនការព្យាករណ៍អតិផរណាសម្រាប់ឆ្នាំ ២០២៦។ ជាក់ស្តែង ធនាគារកណ្តាលអឺរ៉ុប (ECB) បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់តំបន់ចាយប្រាក់អឺរ៉ូនឹងឈានដល់ ០,៩% នៅឆ្នាំនេះ ធ្លាក់ចុះពីការព្យាករណ៍ ១,២% ក្នុងខែធ្នូ ឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ ធនាគារកណ្តាលអឺរ៉ុបក៏បានដំឡើងការព្យាករណ៍អតិផរណារហូតដល់ ២,៦% នៅឆ្នាំនេះដែលខ្ពស់ជាងការព្យាករណ៍ ១,៩% ក្នុងខែធ្នូ ឆ្នាំ២០២៥។ ការកែសម្រួលទាំង នេះ ឆ្លុះបញ្ចាំងពីឥទ្ធិពលជាសកលនៃជម្លោះមជ្ឈិមបូព៌ា មកលើទីផ្សារទំនិញ ប្រាក់ចំណូលជាក់ស្តែង និងទំនុកចិត្តរបស់វិនិយោគិន ដែលក្នុងនោះ អឺរ៉ុបគឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារតែការពឹងផ្អែកលើប្រភពឧស្ម័នធម្មជាតិរាវ (LNG) នាំចូលពីតំបន់ឈូងសមុទ្រ។ តម្លៃ LNG នៅអឺរ៉ុបបានកើនឡើង ៣៥% គិតត្រឹមថ្ងៃទី ១៩ មីនា ហើយប្រសិនបើតម្លៃបន្តកើនឡើងនោះ ទ្វីបនេះមានលទ្ធភាពតិចតួចណាស់ក្នុងការឆ្លើយតប។ លោក Marcel Fratzscher ប្រធានវិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ (DIW) បានវាយតម្លៃថា៖ “ទាក់ទងនឹងផលប៉ះពាល់សេដ្ឋកិច្ចលើប្រទេសអាល្លឺម៉ង់ និងទ្វីបអឺរ៉ុបនោះ គឺជម្លោះនៅមជ្ឈិមបូព៌ាអូសបន្លាយយូរប៉ុណ្ណា មិនសំខាន់ដូចនឹងអ្វីដែលកំពុងកើតឡើងនៅច្រកសមុទ្រ Hormuz នោះទេ។ តើច្រកសមុទ្រនេះ នឹងត្រូវបានបើកឡើងវិញ និងបើកជាប្រចាំសម្រាប់ការនាំចេញប្រេងនិងឧស្ម័នដែរឬទេ? ប្រសិនបើរឿងនោះកើតឡើង តម្លៃអាចធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយអឺរ៉ុបនឹងមិនមើលឃើញតម្លៃប្រេងនិងឧស្ម័នហក់ឡើងខ្ពស់ដូចបច្ចុប្បន្នឡើយ។ ប្រការនោះនឹងជួយបន្ថយសម្ពាធយ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចអឺរ៉ុប”។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់អឺរ៉ុប ជម្លោះនៅមជ្ឈិមបូព៌ាមិនគ្រាន់តែជាបញ្ហាសេដ្ឋកិច្ចនោះទេ។ ការរិះគន់ និងការគំរាមកំហែងពីប្រធានាធិបតីអាមេរិក លោក Donald Trump ប្រឆាំងនឹងសម្ព័ន្ធមិត្តអឺរ៉ុបដែលមិនគាំទ្រសហរដ្ឋអាមេរិកក្នុងជម្លោះជាមួយអ៊ីរ៉ង់ បានបង្ខំឱ្យអឺរ៉ុបមានប្រតិកម្មដោយប្រុងប្រយ័ត្ន ដើម្បីមិនធ្លាក់ចូលក្នុងជម្លោះដែលខ្លួនមិនចង់បានផង និងមិនធ្វើឱ្យទំនាក់ទំនងដែលកំពុងជួបការលំបាកជាមួយអាមេរិក កាន់តែអាក្រក់ទៅផងដែរ។ អ្នកជំនាញ Fabian Zuleeg នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលគោលនយោបាយអឺរ៉ុប (EPC) នៅទីក្រុងព្រុចសែល បានលើកឡើងថា៖ "ខ្ញុំគិតថា ជំនួសឱ្យការពិភាក្សាអំពីគោលនយោបាយរយៈពេលវែងដែលមានលក្ខណៈស្ថាបនា មេដឹកនាំអឺរ៉ុបឥឡូវនេះត្រូវការពិភាក្សាអំពីអ្វីដែលកំពុងកើតឡើង ហើយខិតខំសម្រេចបានទស្សនៈសមហេតុផល ដែលប្រទេសសមាជិកភាគច្រើនបានយល់ព្រម។ យើងអាចមើលឃើញរឿងនេះ នៅក្នុងការសម្រេចចិត្តរបស់អឺរ៉ុបថា មិនគាំទ្រលោក Donald Trump នៅក្នុងជម្លោះនៅមជ្ឈិមបូព៌ា នាពេលបច្ចុប្បន្នឡើយ"។
ការបែកបាក់គ្នាជុំវិញបញ្ហាអ៊ុយក្រែន
ជម្លោះនៅមជ្ឈិមបូព៌ា និងបញ្ហាថាមពលក៏កំពុងធ្វើឱ្យស្មុគស្មាញបន្ថែមទៀតដល់អាទិភាពកំពូលមួយនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនាសប្តាហ៍នេះ គឺការអនុម័តលើកញ្ចប់ប្រាក់កម្ចីអនុគ្រោះចំនួន ៩០ ពាន់លានអឺរ៉ូ (ជាង ១០៤ ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន។ ការខ្វែងគំនិតគ្នារវាងអ៊ុយក្រែន និងសមាជិកសហភាពអឺរ៉ុបចចំនួនពីរគឺហុងគ្រី និងស្លូវ៉ាគី ទាក់ទងនឹងបំពង់បង្ហូរប្រេងពីរុស្ស៊ី ដែលឆ្លងកាត់ទឹកដីអ៊ុយក្រែនទៅកាន់ប្រទេសទាំងនេះ បានបណ្តាលឱ្យហុងគ្រី រារាំងការអនុម័តលើកញ្ចប់ប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន ទោះបីជាមានសម្ពាធពីប្លុកនេះក៏ដោយ។
ភាពជាប់គាំងនេះបន្តធ្វើឱ្យសហភាពអឺរ៉ុបស្ថិតក្នុងស្ថានភាពលំបាកក្នុងការរក្សាឯកភាពផ្ទៃក្នុងលើការឧបត្ថម្ភអ៊ុយក្រែន។ មេដឹកនាំនៃគណៈកម្មការអឺរ៉ុប និងប្រទេសសមាជិកជាច្រើន បានរិះគន់យ៉ាងខ្លាំងចំពោះហុងគ្រី ដោយអះអាងថា ការខ្វែងគំនិតគ្នាផ្ទៃក្នុងកំពុងធ្វើឱ្យអន្តរាយដល់សមត្ថភាពធ្វើសកម្មភាពរួមរបស់ EU ក្នុងបរិបទដែលប្លុកនេះ ត្រូវការឆ្លើយតបឱ្យបានឆាប់រហ័ស ចំពោះស្ថានភាពសកល។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានព្រមានថា៖ “យើងយល់ស្របថា មិនអាចទទួលយកនូវអ្វីដែលទើបតែកើតឡើងនៅក្នុងក្រុមប្រឹក្សាអឺរ៉ុបនោះទេ។ ប្រការនេះ នឹងបង្កផលវិបាកឆ្ងាយជាងព្រឹត្តិការណ៍នេះទៅទៀត។ យើងខ្ញុំត្រូវការពិភាក្សាអំពីប្រធានបទនេះ (កញ្ចប់ប្រាក់កម្ចី ៩០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន) ម្តងទៀត ជាមួយនឹងលក្ខខណ្ឌគន្លឹះទាក់ទងនឹងថវិកា និងបញ្ហាពាក់ព័ន្ធជាច្រើនទៀត”។
ការបែកបាក់ផ្ទៃក្នុងរបស់សហភាពអឺរ៉ុប ជុំវិញបញ្ហាអ៊ុយក្រែនមិនកំណត់នៅត្រឹមការប្រឆាំងជំទាស់របស់ហុងគ្រីលើកញ្ចប់ជំនួយថ្មីនោះទេ។ ជម្លោះនៅមជ្ឈិមបូព៌ា និងហានិភ័យនៃវិបត្តិថាមពលថ្មីក៏កំពុងធ្វើឲ្យ EU រង្គោះរង្គើផងដែរ។ នៅថ្ងៃទី ១៤ ខែមីនា នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Bart De Wever បានថ្លែងថា សហភាពអឺរ៉ុប (EU) កំពុង «ចាញ់លើគ្រប់វិស័យ» ហើយត្រូវតែបញ្ឈប់ជម្លោះជាមួយរុស្ស៊ី «ដើម្បីផលប្រយោជន៍របស់អឺរ៉ុប»។ យោងតាមលោក Bart De Wever សហភាពអឺរ៉ុបត្រូវការស្ថាបនាឡើងវិញផង និងធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយរុស្ស៊ីផង ដើម្បីទទួលបានថាមពលតម្លៃថោកឡើងវិញ។ លោកក៏បានចាត់ទុកថា មេដឹកនាំអឺរ៉ុបទាំងអស់សុទ្ធតែយល់ព្រមនឹងទស្សនៈនេះ ប៉ុន្តែ «គ្មាននរណាម្នាក់ហ៊ាននិយាយចេញមកឡើយ»៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ