សេចក្តីព្រាងផែនការសន្តិភាព ២០ ចំណុច គឺជាឯកសារដែល អ្នកចរចាសហរដ្ឋអាមេរិក និងអ៊ុយក្រែន សម្រេចបានក្រោយពីការចរចាជាច្រើនជុំដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវ (ស្វីស) ទីក្រុងប៊ែរឡាំង (អាល្លឺម៉ង់) និងទីក្រុងម៉ៃអាមី (សហរដ្ឋអាមេរិក) ក្នុងអំឡុងពេលច្រើនសប្ដាហ៍កន្លងមក។
សម្បទានថ្មី
យោងតាមខ្លឹមសារបឋមនៃសេចក្តីព្រាងផែនការសន្តិភាព ២០ ចំណុចដែលភាគីអ៊ុយក្រែនបានប្រកាសនោះ អ៊ុយក្រែននឹងរក្សាទំហំយោធារបស់ខ្លួននៅកម្រិតសន្តិភាពប្រហែល ៨០ ម៉ឺននាក់។ សហរដ្ឋអាមេរិក អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និងអឺរ៉ុបផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន ស្រដៀងគ្នានឹងមាត្រាទី ៥ របស់ណាតូ។ អ៊ុយក្រែននឹងក្លាយជាសមាជិកនៃសហភាពអឺរ៉ុប (EU) នៅពេលវេលាជាក់ស្ដែងមួយ។ លើសពីនេះ លោកប្រធានាធិបតី Zelensky ក៏បានលើកឡើងពីបញ្ហានៃការកសាងឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់អ៊ុយក្រែន ដូចជា៖ ការបង្កើតមូលនិធិមួយចំនួនសម្រាប់ការស្តារប្រទេសជាតិឡើងវិញ ដោយមានគោលដៅកៀរគរទឹកប្រាក់ចំនួន ៨០០ ពាន់លានដុល្លារអាមេរិក ហើយបន្ទាប់មកពន្លឿនដំណើរការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក។
ចំណុចមួយដ៏គួរឱ្យកត់សម្គាល់នៅក្នុងសេចក្តីព្រាងនេះ គឺភាពបើកចំហរបស់អ៊ុយក្រែនក្នុងការដកកងទ័ពចេញពីតំបន់ដែលនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងគៀវ នៅក្នុងខេត្ត ដូណេតស្ក៍ ហើយបង្កើតតំបន់សេដ្ឋកិច្ចសេរីគ្មានយោធា។ ទោះជាយ៉ាងណាក៏ដោយ សម្បទានរបស់អ៊ុយក្រែន មានលក្ខខណ្ឌថា រុស្ស៊ីក៏ត្រូវតែដកកងទ័ពចេញពីតំបន់ដែលស្រដៀងគ្នានឹងតំបន់ដែលអ៊ុយក្រែនបានដកកងកម្លាំងចេញដែរ។
បច្ចុប្បន្ននេះ សេចក្តីព្រាងផែនការ ២០ ចំណុចត្រូវបានបញ្ជូនទៅរុស្ស៊ីដើម្បីពិចារណា។ យោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលក៏ចូលរួមដោយផ្ទាល់ក្នុងការចរចាជាមួយអ៊ុយក្រែននោះ ទោះបីជានៅតែមានចំណុចជាច្រើន ដែលត្រូវ ពិភាក្សាបន្ថែមទៀតក៏ដោយ ប៉ុន្តែផែនការថ្មីនេះនៅជាជំហានវិជ្ជមាន ជាងការបន្តជម្លោះរវាងភាគីទាំងពីរ។
“បញ្ហាមិនមែនជាការដាក់កិច្ចព្រមព្រៀងលើនរណាម្នាក់នោះទេ ប៉ុន្តែជាការកំណត់ថា តើភាគីទាំងពីររំពឹងទុកអ្វី តើពួកគេត្រូវការអ្វី ហើយតើពួកគេគួរតែត្រៀមអ្វីជាថ្នូរ។ យើងក៏ត្រូវកំណត់ថា តើយើងអាចជួយភាគីទាំងពីរឱ្យស្របគ្នាលើការទាមទារមួយចំនួនដែរឬទេ។ ប្រការនេះតម្រូវឱ្យមានពេលវេលា និងការខិតខំប្រឹងប្រែងជាច្រើន។ ខ្ញុំគិតថាយើងសម្រេចបានវឌ្ឍនភាពខ្លះហើយ ប៉ុន្តែនៅតែមានការងារជាច្រើនដែលត្រូវធ្វើ ហើយជារឿយៗបញ្ហាចុងក្រោយគឺជាបញ្ហាដ៏ពិបាកបំផុត។”
យោងតាមសេចក្ដីព្រាងផែនការ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខា អ៊ុយក្រែនត្រូវតែរៀបចំការបោះឆ្នោតឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ កិច្ចព្រមព្រៀងនេះនឹងមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់ តាមនោះ ការអនុវត្តនឹងត្រូវបានឃ្លាំមើលដោយក្រុមប្រឹក្សាសន្តិភាពក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ មាត្រាចុងក្រោយបានសង្កត់ធ្ងន់ថា បទឈប់បាញ់ដ៏ពេញលេញ នឹងចូលជាធរមានភ្លាមមួយរំពិច បន្ទាប់ពីភាគីទាំងអស់យល់ព្រមលើកិច្ចព្រមព្រៀងនេះ។
កំពុងរង់ចាំការឆ្លើយតបពីរុស្ស៊ី
សំណួរដ៏ធំនៅពេលនេះគឺថា តើរុស្ស៊ីនឹងទទួលសេចក្ដីព្រាងផែនការថ្មី ២០ ចំណុចនេះយ៉ាងដូចម្តេច។ នៅក្នុងប្រតិកម្មដំបូង អ្នកនយោបាយ និងអ្នកជំនាញជាច្រើននៅក្នុងប្រទេសរុស្ស៊ីបានសម្តែងការសង្ស័យអំពីសេចក្ដីព្រាងផែនការនេះ។ យោងតាមលោក Dmitry Novikov អនុប្រធានទីមួយនៃគណៈកម្មាធិការកិច្ចការបរទេសនៃឌូម៉ាជាតិ (សភាជាន់ទាបរុស្ស៊ី) ផែនការថ្មីនេះមិនទាន់ឆ្លើយតបនឹងការព្រួយបារម្ភរបស់ទីក្រុងមូស្គូនៅឡើយទេ ហើយនៅតែមានចំណុចខុសគ្នាជាច្រើនពីជំហររបស់រុស្ស៊ី។
អ្នកជំនាញ Aleksandr Grishin ចាត់ទុកថា ចំណុចទាំង ២០ នៅក្នុងផែនការនេះមិននិយាយទាំងស្រុងអំពីអ្វីៗដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានឯកភាពគ្នានៅក្នុងជំនួបកំពូល នៅអាឡាស្កាកាលពីខែសីហានោះទេ ទោះបីជារុស្ស៊ីតែងតែចាត់ទុកការយោគយល់គ្នារួមដែលសម្រេចបាននៅអាឡាស្កា គឺជាមូលដ្ឋានសម្រាប់ការចរចាលើកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ជម្លោះក៏ដោយ។ នៅក្នុងប្រតិកម្មជាផ្លូវការដំបូង កាលពីថ្ងៃទី ២៥ ខែធ្នូ ទីក្រុងមូស្គូមិនបាននិយាយថា តើពួកគេគាំទ្រផែនការថ្មីឬអត់នោះទេ ដោយគ្រាន់តែបញ្ជាក់ថា ខ្លួនកំពុងវិភាគសំណើទាំងនោះ ហើយនឹងពិភាក្សាដោយដាច់ដោយឡែកជាមួយភាគីអាមេរិក។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖
“បេសកជនពិសេស Kirill Dmitriev មានឱកាសរាយការណ៍ជូនលោកប្រធានាធិបតី Vladimir Putin អំពីលទ្ធផលលម្អិតនៃដំណើរទស្សនកិច្ចរបស់លោក (ទៅកាន់ទីក្រុង Miami)។ ដោយផ្អែកលើព័ត៌មានដែលលោកប្រធានាធិបតី Putin ទទួលបាន យើងនឹងស្រាយបំភ្លឺទស្សនៈរបស់យើងឲ្យបានច្បាស់លាស់ជាង ហើយបន្តទំនាក់ទំនង (ជាមួយភាគីអាមេរិក) ក្នុងរយៈពេលខ្លីខាងមុខនេះ តាមរយៈបណ្តាញទំនាក់ទំនងដែលកំពុងប្រតិបត្តិការ”។
យោងតាមអ្នកសង្កេតការណ៍ ក្នុងចំណោមចំណុចដែលរុស្ស៊ីពិបាកទទួលយក ក៏មានបញ្ហាពីរដែលសូម្បីតែសហរដ្ឋអាមេរិក និងអ៊ុយក្រែនមិនទាន់ឈានដល់ការឯកភាពគ្នានៅឡើយទេ។ បញ្ហាទាំងនោះ គឺជោគវាសនានៃតំបន់ដែនដី Donbass និងផែនការ គ្រប់គ្រង និងប្រតិបត្តិការនា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នាពេលអនាគត។ ប្រទេសរុស្ស៊ី តាំងពីមុនមក នៅតែទទូចថា ការគ្រប់គ្រងតំបន់ដែនដី Donbass ថា "មិនអាចធ្វើសម្បទារបានឡើយ" ហើយរុស្ស៊ីក៏ទំនងជា មិនអាចទទួលយកផែនការរបស់អ៊ុយក្រែនសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនសាជីវកម្មរវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែនដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ