ក្នុងដំណាក់កាល ២០២១-២០២៥ ការងារធានាសន្តិសុខសង្គម ការកែលម្អសុខុមាលភាពសង្គម និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ត្រូវបានអនុវត្តទន្ទឹមគ្នា និងមានប្រសិទ្ធភាពទូទាំងប្រទេស។ ប្រព័ន្ធគោលនយោបាយស្តីពីការកាត់បន្ថយភាពក្រីក្រ ជំនួយសង្គម ការងារ ការធានារ៉ាប់រងសង្គម និងការធានារ៉ាប់រងសុខាភិបាល បន្តត្រូវបានកែលម្អក្នុងទិសដៅដ៏ទូលំទូលាយនិងបរិយាប័ន្ន ដោយយកប្រជាជនជាចំណុចកណ្តាល។

គោលនយោបាយសន្តិសុខសង្គមកាន់តែស៊ីជម្រៅ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី ដាវ ហុង ឡាន (រូបថត៖ VGP)

នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកពោរពេញដោយការប្រែប្រួល គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងផលប៉ះពាល់យូរអង្វែងនៃជំងឺ កូវីដ-១៩ គោលនយោបាយសុខុមាលភាពសង្គម នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភប្រជាជន ឱ្យមានស្ថិរភាពជីវភាពរស់នៅ និងស្តារផលិតកម្មឡើងវិញ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី ដាវ ហុង ឡាន បានបញ្ជាក់ថា៖ "សូម្បីតែក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ រដ្ឋាភិបាលបានអនុវត្តកញ្ចប់ជំនួយចំនួនបួនដែលមិនធ្លាប់មានពីមុនមក ដែលមានតម្លៃជាង ១២០.០០០ ពាន់លានដុង (ជាង ៤.៥ ពាន់លានដុល្លារអាមេរិក) និងអង្ករចំនួន ២០០.០០០ តោន ដោយជួយប្រជាជននិងអង្គភាពអាជីវកម្មរាប់សិបលាន បានជំនះពុះពាររាល់ការលំបាក។ ទាំងនេះត្រូវបានអមដោយគោលនយោបាយឧបត្ថម្ភការងារធ្វើ សន្តិសុខសង្គម និង ជួយប្រជាជនឱ្យជំនះពុះពារលើដំណាក់កាលដ៏លំបាកបំផុត។ គោលនយោបាយសុខុមាលភាពសង្គម បានរួមចំណែកដល់ការធានាសិទ្ធិមនុស្ស កែលម្អជីវភាពរស់នៅទាំងខាងសម្ភារៈ និងខាងស្មារតី ក៏ដូចជា ពង្រឹងទំនុកចិត្តរបស់ប្រជាជន"។

គោលនយោបាយឧបត្ថម្ភត្រូវបានអនុវត្តយ៉ាងពេញលេញ និងទាន់ពេលវេលា ហើយគោលនយោបាយឥណទានអនុគ្រោះដែលជួយដល់ជីវភាពរស់នៅគឺពង្រីកបានប្រសិទ្ធភាព។ ជាលទ្ធផល អត្រាភាពក្រីក្រពហុវិមាត្របានថយចុះគួរឱ្យកត់សម្គាល់ ពី ៤,៤% ក្នុងឆ្នាំ ២០២១ មកត្រឹមប្រហែល ១,៣% ក្នុងឆ្នាំ ២០២៥។ កម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព បានវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធ ដោយមានគម្រោងដឹកជញ្ជូន ប្រព័ន្ធធារាសាស្ត្រ ការអប់រំ សុខភាព និងទឹកស្អាតរាប់ពាន់ត្រូវបានសាងសង់ និងធ្វើឱ្យប្រសើរឡើង ដែលរួមចំណែកកែលំអរជីវភាពរស់នៅ និងជួយឃុំជាច្រើនដែលជួបការលំបាកពិសេស ឱ្យសម្រេចបាននូវស្តង់ដារជនបទថ្មី លើសពីគោលដៅដែលបានដាក់ចេញ។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក ភុង ឌឹក ទៀន (រូបថត៖ VGP)

លោក ភួង ឌឹក ទៀន អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានអះអាងថា៖ "ប្រាក់ចំណូល និងស្ថានភាពរស់នៅរបស់ប្រជាជននៅតែបន្តប្រសើរឡើង។ ប្រាក់ចំណូលជាមធ្យមនៅតំបន់ជនបទក្នុងឆ្នាំ ២០២៥ នឹងកើនឡើងប្រហែល ១,៤ ដង បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០។ នៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ប្រាក់ចំណូលក៏ឆ្លុះបញ្ចាំងពីភាពប្រសើរឡើងយ៉ាងច្បាស់នៃជីវភាពរស់នៅ និងស្តង់ដាររស់នៅ។ បណ្តាញសុខុមាលភាពសង្គម និងសេវាសង្គមជាមូលដ្ឋានត្រូវបានបើកទូលាយ ហើយ គុណភាពត្រូវបានលើកកម្ពស់។ នៅឆ្នាំ ២០២៥ ឃុំចំនួន ៩២% បំពេញតាមលក្ខណៈវិនិច្ឆ័យអំពីសុខាភិបាល និងចំនួន ៩៥% បំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការអប់រំ ហើយចំនួន ៩៩% នៃប្រជាជនមានលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ"។

ជាពិសេស កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមត្រូវបានអនុវត្តយ៉ាងសកម្មលើទូទាំងប្រទេស។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដើម្បីធានាបាននូវលំនៅដ្ឋាន និងស្ថានភាពរស់នៅដែលមានស្ថេរភាពសម្រាប់ប្រជាជន ជាពិសេសនៅក្នុងបរិបទដែល គ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុកាន់តែស្មុគស្មាញ។

ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់នៅពីក្រោយ

ក្នុងរបាយការណ៍របស់រដ្ឋាភិបាលស្តីពីទិសដៅអភិវឌ្ឍន៍សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ សន្តិសុខសង្គមនៅតែត្រូវបានកំណត់ថា ជាភារកិច្ចសំខាន់មួយ ដោយមានតម្រូវការខ្ពស់ជាងមុនសម្រាប់ការគ្របដណ្តប់ គុណភាពក្នុងការទទួលផលប្រយោជន៍ និងលក្ខណៈនិរន្តរភាពគោលនយោបាយ។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក ភួង ឌឹក ទៀន បានឲ្យដឹងថែមទៀតថា៖ "ជំរុញការអភិវឌ្ឍសម្រាប់ជីវភាពរស់នៅ ដែលភ្ជាប់ទៅនឹងទីផ្សារ តាមរយៈការឧបត្ថម្ភ ផលិតកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈ ឥណទានអនុគ្រោះ ការអភិវឌ្ឍសហករណ៍ និងការតភ្ជាប់ការប្រើប្រាស់ផលិតផល ដោយចាត់ទុក នេះជាដំណោះស្រាយជាមូលដ្ឋានដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ស្ថិរភាព និងបង្កើនប្រាក់ចំណូល។ ពង្រឹងការការពារ និងជំនួយសម្រាប់ក្រុមងាយរងគ្រោះ ដោយធានាថា ប្រជាជនទាំងអស់ មានសិទ្ធិចូលប្រើប្រាស់គោលនយោបាយសុខុមាលភាពសង្គមដោយអតិបរមា ក្នុងពេលជាមួយគ្នានេះ បង្កើនភាពធន់ចំពោះហានិភ័យនៃការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរនាបច្ចុប្បន្ន"។

គោលនយោបាយទាំងនេះ មិនត្រឹមតែផ្តោតលើការឧបត្ថម្ភជាបន្ទាន់ប៉ុណ្ណោះទេ ថែមទាំងនឹងឆ្ពោះទៅលើការបង្កើតការងារធ្វើសម្រាប់ជីវភាពរស់នៅប្រកបដោយចីរភាព បើកទូលាយលទ្ធភាពទទួលបានការងារធ្វើ ការអប់រំ ការថែទាំសុខភាព និងលំនៅដ្ឋាន ដោយហេតុនេះបង្កើនការពឹងផ្អែកលើខ្លួនឯងរបស់ប្រជាជន។ វិធីសាស្រ្តទាំងនេះបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់រដ្ឋក្នុងការធានាសន្តិសុខសង្គមសម្រាប់ប្រជាជនគ្រប់រូប ដោយមិនទុកនរណាម្នាក់នៅពីក្រោយ ខណៈពេលដែលបង្កើតមូលដ្ឋានគ្រឹះសង្គមរឹងមាំសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពក្នុងរយៈពេលខាងមុខ៕