កូនក្រមុំ (ខាងឆ្វេង) និងស្រីកំដរនៅក្នុងពិធីរៀបមង្គលការរបស់ជនជាតិ Dao Khau។

ពិធីថ្វាយបង្គំ របស់ជនជាតិ Dao Khau ច្រើនតែត្រូវបានធ្វើឡើងចាប់ពី៧ដល់ម៉ោង១២រាត្រីនៅក្នុងថ្ងៃរៀបមង្គលការ។ ដើម្បីត្រៀមរៀបចំឲ្យពិធីនេះ គ្រួសារកូនកំលោះ នឹងរៀបចំតុការ៉េមួយ ដាក់នៅល្វែងកណ្ដាលផ្ទះក្បែរអាសនៈ។ នៅសង្ខាងតុ ដាក់កៅអីវែងមួយ។ នៅលើតុការ៉េ ដាក់អង្ករមួយចានគោម ដោតផ្កា២ទងនៅពីលើ; សាច់ខ្លាញ់ស្ងោរមួយចាន ថាសធំពីរ; ចង្កឹះ៨ដល់១០គូ កែវផឹកស្រា៨ដល់១០កែវ; ពោត ១០០ គ្រាប់។ នៅខាងក្រៅតុការ៉េ គេទ្រាប់ចម្បើងមួយស្រទាប់នៅលើគ្រឹះដីហើយក្រាលកន្ទេលធំមួយលើ និងដាក់ភួយកប្បាសបត់តូចចំនួនពីរនៅកន្លែងកូនក្រមុំ និងកូនកំលោះសម្រាប់ធ្វើពិធី។ លោកស្រី Tan My Xoang មេអណ្ដើកម្នាក់នៅឃុំTa Phin ស្រុក Sin Ho បានឲ្យដឹងថា៖

“ក្រៅពីសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដែលកូនក្រមុំបានស្លៀកពាក់នោះ នាងក៏មានក្រណាត់ក្រហមពីរផ្ទាំងបន្ថែមទៀតដោយប្រវែងប្រហែល ៤ ម៉ែត្រ ពាក់តាមឈាងពីស្មាដល់ក្លៀករួច ចងជាផ្កាមួយនៅចំហៀង ហើយក្រណាត់ដែលនៅសល់ធ្លាក់ដល់ដី។ ផ្ទាំងក្រណាត់ក្រហមខ្លីមួយទៀត រុំពីលើក្បាលពោះទៅខាងក្រោយ ចងរឹត ទម្លាក់ចុះដល់កែងជើង។ កូនកំលោះពាក់អាវពណ៌ខៀវបន្ថែមទៀត វែងដល់ជិតប្រអប់ជើង។ កូនកំលោះក៏ពាក់ខ្សែក្រណាត់ក្រហមដូចកូនក្រមុំដែរ ហើយនៅលើក្បាល ពាក់កន្សែងក្រហមមួយទៀតដែលសៀតផ្កាមួយទងនៅពីមុខថ្ងាស”។

ក្នុងពិធីថ្វាយបង្គំ របស់ជនជាតិ Dao Khau តួនាទីរបស់លោកជំនួយកិច្ចការ គឺមានសារៈសំខាន់ណាស់ ព្រោះលោកជំនួយកិច្ចការមានការយល់ដឹងអំពីទំនៀមទម្លាប់នេះ។ លោកជំនួយកិច្ចការត្រូវអង្គុយជាប្រចាំនៅតុការ៉េ ហើយមានភារកិច្ចដឹកនាំពិធីថ្វាយបង្គំ តាំងពីដើមដល់ចប់ ដូចជា៖ ដាស់តឿនមនុស្សឲ្យអង្គុយនៅតុការ៉េ ដើម្បីទទួលការថ្វាយបង្គំ ផ្តល់សញ្ញាឲ្យក្រុមតន្ត្រីលេងភ្លេង រាប់ការថ្វាយបង្គំរបស់កូនក្រមុំកូនកំលោះ ឬផ្ដល់សញ្ញាឲ្យក្រុមតន្ត្រីឈប់ប្រគុំតន្ត្រី ជាដើម។ លោក Tan A San នៅឃុំ Phang Xo Lin ស្រុក Sin Ho ជារឿយៗត្រូវបានបងប្អូនសុំធ្វើជាលេខាធិការក្នុងពិធីមង្គលការបានចែករំលែកថា៖

“ពិធីថ្វាយបង្គំនេះ ខុសពីការថ្វាយបង្គំឪពុកម្ដាយ។ កាយវិកាក្នុងពិធីថ្វាយបង្គំគឺ៖ កូនកំលោះ ដៃស្តាំកាន់កន្សែង ដៃពីរលាតចេញពីគ្នា ហើយសំពះដៃនៅមុខទ្រូង លើកដៃប្រណម ឱនក្បាលចុះក្រោម ដើម្បីឲ្យក្បាលនិងដៃនៅស្មើគ្នា រួចឈរត្រង់ លើកក្បាល ទម្លាក់ដៃចុះពោះ ពន្លាដៃបន្តិចម្តងៗ។ នោះគឺជាកាយវិការឈរថ្វាយបង្គំ។ បន្ទាប់នោះ ចលនាក្រាបចុះថ្វាយបង្គំក៏ដូចគ្នាអញ្ចឹង។ កូនកំលោះឈរថ្វាយបង្គំបីដង ក្រាបចុះថ្វាយបង្គំបីដង ហើយកូនក្រមុំក៏លុតជង្គង់ចុះជាមួយកូនកំលោះដែរ។ នេះត្រូវបានរាប់ថា ជាការថ្វាយបង្គំមួយដង”។

ពិធីរៀបមង្គលការរបស់កូនកំលោះនិងកូនក្រមុំ។

ពិធីថ្វាយបង្គំចាប់ផ្ដើម តុទីមួយគឺសម្រាប់ថ្វាយបង្គំដូនតា។ នៅពេលនេះ លោកជំនួយការ កាន់ថាសមួយដាក់តែចំនួន៦កែវ បង្ហាញនៅចំពោះមុខកូនកំលោះ បន្ទាប់មកកូនកំលោះលូកដៃលើគែមថាស ដើម្បីបង្ហាញថា កូនកំលោះបានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើកាយវិកាថ្វាយបង្គំ។ កូនក្រមុំនិងកូនកំលោះត្រូវតែថ្វាយបង្គំចំនួន៧ដង។

តុទី២គឺសម្រាប់ថ្វាយបង្គំឪពុកម្តាយទាំងសង្ខាងនិងមេអណ្ដើក។ លោកជំនួយការ ធ្វើកាយវិកាអញ្ជើញកូនក្រមុំនិងកំលោះម្ដងទៀត ហើយផ្ដល់សញ្ញាឲ្យក្រុមតន្ត្រីប្រគុំ។ អ្នកដែលទទួលការថ្វាយបង្គំ នឹងយកអំណោយពីហោប៉ៅ ដាក់លើថាសឬលើតុ ថ្កៀបសាច់ជ្រូកបីជាន់មួយដុំដាក់ចូលចាន ចាត់ទុកដូចជាខ្លួនបានទទួលទានរួច ហើយត្រឡប់ទៅផ្ទះវិញ។

តុទីបីគឺសម្រាប់ថ្វាយបង្គំភ្ញៀវ។ អ្នកដែលទទួលការថ្វាយបង្គំគឺជាអ្នកខាង បងប្អូន មិត្តភក្តិ... ប៉ុន្តែប្រសិនបើពួកគេរៀបការហើយធ្លាប់បានថ្វាយបង្គំអ្នកដទៃហើយ ឥឡូវនេះពួកគេទើបមានសិទ្ធិអង្គុយក្បែរតុការ៉េដើម្បីទទួលយកការថ្វាយបង្គំពីអ្នកដទៃ។ តុទីបួន ទីប្រាំ... គឺដូចគ្នានឹងតុទីបីដែរ រហូតដល់អស់មនុស្សទទួលយកការថ្វាយបង្គំ។

នៅពេលបញ្ចប់ពិធីថ្វាយបង្គំ លោកជំនួយការនឹងចេញមុខធ្វើពិធីរៀបអាហ៍ពិពាហ៍ដល់គូស្រករវ័យក្មេង។ លោកនឹងប្រៀនប្រដៅ គូស្វាមីភរិយាឲ្យចងចាំគុណបំណាច់នៃការប្រសូត និងចិញ្ចឹមបីបាច់របស់ឪពុកម្ដាយ ត្រូវថែរក្សាគុណធម៌ ខិតខំប្រឹងប្រែងប្រកបរបររកស៊ី ព្រមទាំងជូនពរគូស្វាមីភរិយារួមរស់ជាមួយគ្នាប្រកបដោយសុភមង្គលជារៀងរហូត៕