គណប្រតិភូចូលរួមពិធីប្រគល់ពានរង្វាន់។

បទភ្លេងដ៏រស់រវើកនៃរបាំ Mambo Simbo ដែលសម្ដែងដោយនិស្សិតវៀតណាមកំពុងសិក្សានៅឥណ្ឌូនេស៊ី បានចាប់ផ្តើមពិធីប្រគល់រង្វាន់សម្រាប់ “ការប្រឡងស្វែងយល់ពីទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឥណ្ឌូនេស៊ី” ដែលបានធ្វើឡើងនៅថ្ងៃទី ១៧ ខែធ្នូ នៅទីស្នាក់ការកណ្តាលនៃ VOV។ ការប្រឡងនេះ ត្រូវបានរៀបចំឡើងដោយ VOV សហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំទីក្រុងហាណូយ សំដៅរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឥណ្ឌូនេស៊ី (ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៩៥- ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥) និងខួបលើកទី ៨០ នៃទិវាបុណ្យជាតិនៃប្រទេសទាំងពីរ។ ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់ លោក ង៉ូ មិញហៀន អគ្គនាយករង VOV និងជាប្រធានគណៈកម្មការវិនិច្ឆ័យ បានឲ្យដឹងថា៖ "ក្រោយរយៈពេលជាង ៧ ទសវត្សរ៍ ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ីជានិច្ចកាលអភិវឌ្ឍយ៉ាងល្អប្រសើរ ដោយក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ជាមួយនឹងមូលដ្ឋានដ៏រឹងមាំសម្រាប់ទំនុកចិត្តនយោបាយ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យជាច្រើន ចាប់ពីនយោបាយ និងការទូត ការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ច និងពាណិជ្ជកម្ម រហូតដល់ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន។ ព្រឹត្តិការណ៍សំខាន់ៗទាំងនេះមិនត្រឹមតែបញ្ជាក់ពីឋានៈនៃទំនាក់ទំនងរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបំផុសគំនិតសម្រាប់ VOV និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំទីក្រុងហាណូយ ដើម្បីរួមគ្នារៀបចំការប្រឡងនេះ។ យើងជឿជាក់ថា នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយ វប្បធម៌ និងចំណេះដឹងត្រូវបានផ្សព្វផ្សាយចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ក្នុងវិស័យផ្សេងៗ នឹងមានលក្ខខណ្ឌអំណោយផលកាន់តែច្រើនដើម្បីអភិវឌ្ឍយ៉ាងខ្លាំងក្លា"

ក្នុងពេលនោះ លោកស្រី Jane Madahlena Nelly Runkat ភារធារីស្ថានទូតឥណ្ឌូនេស៊ី បានឲ្យដឹងថា នេះគឺជាឱកាសដើម្បីរំលឹកឡើងវិញនូវចំណងមិត្តភាពរវាងវៀតណាម និងឥណ្ឌូនេស៊ី ដែលបង្កើតឡើងដោយលោកប្រធានាធិបតី Sukarno និងលោកប្រធាន ហូ ជី មិញ។ នៅក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិតនិងឌីជីថលូបនីយកម្មសព្វថ្ងៃនេះ យុវជនជំនាន់ក្រោយដើរតួនាទីយ៉ាងសំខាន់ក្នុងការច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់រូបភាពជាតិនៅលើឆាកអន្តរជាតិ។ ហើយអ្នកឈ្នះពានរង្វាន់នៃការប្រឡងនេះ គឺជា "ឯកអគ្គរដ្ឋទូតនៃចំណងមិត្តភាព" ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។

លោកស្រី Jane Madahlena Nelly Runkat ភារធារីស្ថានទូតឥណ្ឌូនេស៊ី ។

"ការប្រឡងនេះមានសារៈសំខាន់ណាស់ ដែលបង្កើតឱកាសដើម្បីពង្រឹងទស្សនៈរបស់យុវជនជំនាន់ក្រោយលើស្មារតីមិត្តភាព និងការយោគយល់គ្នារវាងប្រទេសទាំងពីរ ក៏ដូចជាវប្បធម៌របស់ប្រទេសនីមួយៗ។ ខ្ញុំសូមអបអរសាទរដល់អ្នកឈ្នះពានរង្វាន់ក្នុងការប្រឡងនេះ។ សង្ឃឹមថា បទពិសោធន៍ទាំងនេះនឹងជំរុញឱ្យអ្នកទៅទស្សនាប្រទេសឥណ្ឌូនេស៊ី ឬកសាងទំនាក់ទំនងជាមួយសហគមន៍ និងអង្គការនានានៅក្នុងប្រទេសឥណ្ឌូនេស៊ី"។

ការប្រឡងនេះបានប្រព្រឹត្តិទៅក្នុងរយៈពេល ១ខែ (ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ) ដោយមានសំណួរចំនួន ១៥ និងការសរសេរអត្ថបទជាទម្រង់សរសេរ សំឡេង វីដេអូ ឬ TikTok។ គណៈកម្មការរៀបចំបានទទួលការចូលរួមរាប់រយពីបណ្តាខេត្តក្រុងទូទាំងប្រទេស។ គណៈវិនិច្ឆ័យបានជ្រើសរើសបេក្ខជនឆ្នើមចំនួន ១០ នាក់ដើម្បីផ្តល់រង្វាន់ រួមមាន៖ រង្វាន់លេខមួយចំនួន ២ រង្វាន់លេខពីរចំនួន ២ រង្វាន់លេខបីចំនួន ២ និងរង្វាន់លើកទឹកចិត្តចំនួន ៤។ លើសពីនេះ គណៈកម្មការរៀបចំក៏បានផ្តល់រង្វាន់ដល់បេក្ខជនចំនួន ៣នាក់ ដែលបានឆ្លើយសំណួរពហុជម្រើសបានលឿនបំផុត និងត្រឹមត្រូវបំផុត។ ដោយទទួលបានរង្វាន់លេខមួយ អ្នកស្រី Doan Kim Loan សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Van Lang ទីក្រុងហូជីមិញ បានចែករំលែកថា៖ "ក្នុងនាមជាអតីតនិស្សិតនៃកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Damasiswa រវាងប្រទេសឥណ្ឌូនេស៊ី និងប្រទេសដទៃទៀត ខ្ញុំមានការយល់ដឹងខ្លះៗអំពីវប្បធម៌ និងភាសាឥណ្ឌូនេស៊ី ដូច្នេះខ្ញុំមិនពិបាករៀបចំចម្លើយសម្រាប់ការប្រឡងទេ។ ខ្ញុំសង្ឃឹមថា គំនិតរបស់ខ្ញុំនឹងក្លាយជាការពិត ដើម្បីចូលរួមចំណែកជំរុញ ទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម និងឥណ្ឌូនេស៊ី"។

អ្នកស្រី Doan Kim Loan សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Van Lang ទីក្រុងហូជីមិញ ម្ចាស់រង្វាន់លេខ១។

ការប្រឡងស្វែងយល់ពីទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឥណ្ឌូនេស៊ីបានបញ្ចប់ដោយជោគជ័យ និងបើកចេញឱកាសជាច្រើនសម្រាប់សកម្មភាពសហប្រតិបត្តិការបន្ថែមទៀតរវាង VOV និងស្ថានទូតឥណ្ឌូនេស៊ី ក្នុងកម្មវិធីផ្លាស់ប្តូរ និងផ្សព្វផ្សាយនាពេលខាងមុខ។ ការប្រឡងនេះមិនត្រឹមតែមានតម្លៃចំណេះដឹងបញ្ញាប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកដល់មូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងឥណ្ឌូនេស៊ី អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំង២ឲ្យកាន់តែជាក់ស្តែង ស៊ីជម្រៅ និងមានប្រសិទ្ធិភាពជាង៕