ក្រណាត់អំបោះធ្មៃត្រូវតែជ្រលក់ពណ៌ធ្លះជាច្រើនដង ទើបមានពណ៌ភ្លឺ និងជាប់បានយូរ។ (រូបថត៖ Khac Kien/VOV)

តាំងពីព្រឹកព្រលឹម បងប្អូននារីជនជាតិ Mong នៅភូមិ Lao Ty Phung សង្កាត់ Tan Phong ខេត្ត Lai Chau បានក្រោកពីដំណេកដើម្បីត្រៀមរៀបចំសម្រាប់ការជ្រលក់ក្រណាត់។ នៅក្នុងជីវភាពសម័យទំនើប មុខរបរជ្រលក់ក្រណាត់ពណ៌ធ្លះ នៅទីនេះនៅតែត្រូវបានរក្សាដដែលដូចជាសាច់ឈាមមួយផ្នែកអញ្ចឹង។ អ្នកស្រី Vang Thi Su រស់នៅភូមិ Lao Ty Phung បានចែករំលែក
ថា៖ កាលពីមុន អ្នកម្ដាយបានបង្រៀននាងពីរបៀបរវែអំបោះ ត្បាញក្រណាត់ រួចយកទៅបេះដើមត្រុំមកត្រាំក្នុងទឹកដើម្បីជ្រលក់។ បើចង់មានពណ៌ធ្លះដ៏ស្រស់ស្អាត អ្នកត្រូវជ្រលក់ពណ៌ច្រើនដង ហើយហាលពន្លឺថ្ងៃឱ្យល្មមៗ។ ឥឡូវនេះ នាងបានបង្រៀនជូនកូនស្រី ដើម្បីពេលក្រោយមក កូននិងមិត្តវ័យក្មេងផ្សេងទៀតចេះធ្វើសម្លៀកបំពាក់ សំពត់ និងរក្សាមុខរបរប្រពៃណីរបស់ជនជាតិខ្លួន។

“បើលឿនអាចធ្វើសម្លៀកបំពាក់បាន៣ទៅ៤ឈុតក្នុង១មួយឆ្នាំ បើមិនលឿនទេ ធ្វើបានតែ១ទៅ២ឈុតប៉ុណ្ណោះ។ ដើម្បីធ្វើសំលៀកបំពាក់ប្រពៃណីជនជាតិ Mong អ្នកត្រូវប្រើស្លឹកត្រុំដើម្បីជ្រលក់ពណ៌។ បើមិនដូច្នោះទេ ពណ៌នឹងរសាត់បាត់ទៅយ៉ាងឆាប់រហ័ស”។

ក្នុងសង្គមសម័យទំនើប ជនជាតិភាគតិចនិយាយរួម និងជនជាតិ Mong នៅ Lai Chau និយាយដោយឡែក នៅតែយកចិត្តទុកដាក់ដល់ការថែរក្សាមុខរបរប្រពៃណី។ (រូបថត៖ Khac Kien/VOV)

ភូមិ Lao Ty Phung មានប្រជាជន Mong ជាង ១០០ គ្រួសារ ហើយរហូតមកដល់បច្ចុប្បន្ន ៨៥ គ្រួសារនៅតែថែរក្សាមុខរបរជ្រលក់ក្រណាត់ពណ៌ធ្លះ។ ដំណើរការជ្រលក់ពណ៌ ត្រូវបានប្រជាជនធ្វើដោយដៃទាំងស្រុង ចាប់ពីការប្រមូលដើមធ្មៃពីព្រៃ យកសំបកឈើចេញ បុកជាសរសៃរ រវែ ស្ងោរ និងត្បាញ... បន្ទាប់ពីមានក្រណាត់អំបោះធ្មៃគួរឲ្យពេញចិត្តហើយ ស្ត្រីចាប់ផ្តើមជ្រលក់ពណ៌ធ្លះ។ ដើមត្រុំ ត្រូវបានត្រាំក្នុងទឹកប្រហែលមួយសប្តាហ៍ ដោយបង្កើតជាសារធាតុរាវដ៏ខាប់ និងមានពណ៌ខៀវងងឹត។ នៅពេលជ្រលក់ពណ៌ ក្រណាត់ត្រូវបានត្រាំក្នុងសារធាតុរាវនោះ។ ដើម្បីមានឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាត ត្រូវតែជ្រលក់ពណ៌ច្រើនដង ហាលពន្លឺថ្ងៃឱ្យស្ងួត បន្ទាប់មក គូរលំនាំដោយក្រមួនឃ្មុំ ប៉ាក់ក្បូរក្បាច់រចនា ហើយកាត់ដេរដើម្បីបង្កើតរូបរាង។ លោក Ho A Su មេភូមិរង នៃភូមិ Lao Ty Phung បានឲ្យដឹងថា៖

“ដំណើរការធ្វើក្រណាត់របស់ជនជាតិ Mong ត្រូវចំណាយពេលជាច្រើនជំហាន។ យើងក៏កំពុងឃោសនាដល់ប្រជាពលរដ្ឋ ដើម្បីអភិរក្សលក្ខណៈវប្បធម៌របស់ជនជាតិខ្លួន ដែលបានបន្តពីម្តាយដល់កូន ហើយពីកូនដល់ចៅ។ ត្រូវតែរក្សាវប្បធម៌ដើម្បីឱ្យភ្ញៀវទេសចរអាចគយគន់ភាពស្រស់ស្អាតនៃវប្បធម៌នោះ”។

ស្ត្រីជនជាតិ Mong ប៉ាក់លើផ្ទាំងក្រណាត់ដែលបានជ្រលក់ពណ៌ធ្លះរួច។ (រូបថត៖ Khac Kien/VOV)

សង្គមកាន់តែរីកចម្រើន ហើយសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Mong ក៏ត្រូវបានធ្វើឱ្យទាន់សម័យ បានក្លាយជាអំណោយដ៏ប្រណិតសម្រាប់ភ្ញៀវទេសចរដែរ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ជនជាតិ Mong នៅភូមិ Lao Ty Phung សង្កាត់Tan Phong និងភូមិ Mong ជាច្រើនទៀតនៅតំបន់ភ្នំ Lai Chau ប្រជាជននៅតែជ្រើសរើសក្រណាត់ធ្វើដោយដៃប្រពៃណី។ ដោយសារតែពួកគេពាក់វាមិនត្រឹមតែមើលទៅស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងរំលឹកដល់កូនចៅអំពីមុខរបរប្រពៃណី ដែលជានិមិត្តរូបវប្បធម៌ដែលមិនអាចជំនួសបានទៀតផង។ លោក Le Xuan Dung អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Tan Phong បានឲ្យដឹងថា៖

“ទំនៀមទម្លាប់ជ្រលក់ពណ៌ធ្លះរបស់ជនជាតិ Mong តែងតែប្រព្រឹត្តទៅក្នុងខែកក្កដា និងសីហា ជារៀងរាល់ឆ្នាំ។ ក្រៅពីការត្រាំដើមត្រុំ សម្រាប់ប្រើប្រាស់ក្នុងផ្ទះ ប្រជាជនឥឡូវក៏លក់ទៅខាងក្រៅ ដើម្បីបង្កើតប្រាក់ចំណូលដល់គ្រួសារ។ គណៈកម្មាធិការប្រជាជនសង្កាត់នឹងបន្តដឹកនាំការចលនា ឃោសនាដល់ប្រជាជន ដើម្បីថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណី ដើម្បីផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍។ ក្នុងនោះ របរជ្រលក់ពណ៌ប្រពៃណីនឹងទទួលបានការយកចិត្តទុកដាក់ ដើម្បីបង្កើតបទពិសោធន៍ផ្ទាល់ដល់ភ្ញៀវទេសចរ”។

ការថែរក្សាមុខរបរក៏ជាការថែរក្សាព្រលឹងភូមិ ព្រលឹងជាតិ ហើយការរថែក្សាពណ៌ធ្លះលើក្រណាត់អំបោះធ្មៃ ក៏ជាការថែរក្សាពណ៌នៃវប្បធម៌ជនជាតិ Mong នៅខេត្ត Lai Chau ផងដែរ។ នៅពេលដែលប្រជាជន ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី ទៅផ្សារ ទៅទីក្រុង ឬជូនដល់ដៃភ្ញៀវទេសចរមកពីគ្រប់ទិសទីនោះ វាក៏នាំឱ្យវប្បធម៌ជនជាតិឈានទៅឆ្ងាយផងដែរ។ ហើយមុខរបរជ្រលក់ពណ៌ធ្លះ ដែលជាមុខរបរបុរាណមួយតែមិនចាស់នោះ នៅតែកំពុងរួមចំណែកយ៉ាងស្ងប់ស្ងាត់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃតំបន់ភ្នំខេត្ត Lai Chau សព្វថ្ងៃនេះ៕