“នាងខ្ញុំកើតនៅឆ្នាំ ១៩៤៥ ពេលធំឡើងនាងខ្ញុំបានឃើញដើមកក់និងរបរត្បាញកន្ទេលរួចទៅហើយ ដូច្នេះខ្ញុំបានប្រកបរបរនេះអស់រយៈពេលច្រើនទសវត្សរ៍មកហើយ”។
“នាងខ្ញុំធំឡើងជាមួយម្តាយ ហើយពេលឃើញម្ដាយត្បាញកន្ទេល នាងខ្ញុំក៏រៀនត្បាញដែរ តាំងពីនៅក្មេងហើយ។ ប្តីខ្ញុំពីតំបន់ផ្សេង មកទីនេះរៀបការជាមួយខ្ញុំ ហើយក៏ស្នាក់នៅទីនេះ ត្បាញកន្ទេលបានរាប់សិបឆ្នាំហើយ”។
លក្ខណៈដ៏ល្បីនៃកន្ទេល Ca Hom - Ben Ba គឺថា វាអាចប្រើប្រាស់បានជាប់យូរ រហូតដល់ ៥ ឆ្នាំ ដោយមិនត្រូវរយីករយាក ឬហើរពណ៌ឡើយ។ (រូបថត៖ VOV) |
កន្ទេល Ca Hom – Ben Ba ប្រភេទខ្នាតធំ មានរយៈទទឹង ១,៦ ម៉ែត្រ បណ្តោយ ២ ម៉ែត្រ ចំណែកប្រភេទខ្នាតតូច បណ្តោយ ១,៩ ម៉ែត្រ ទទឹង ១ ម៉ែត្រ ដោយមានគ្រប់ប្រភេទ ចាប់ពីកន្ទេលស កន្ទេលពណ៌ កន្ទេលផ្កា កន្ទេលបោះពុម្ពអក្សរ ជាមួយនឹងពណ៌ស្នូល ចំនួន ៥ គឺ ស ក្រហម ខៀវ លឿង និងស្វាយ។ ដំណើរការត្បាញកន្ទេលនៅតំបន់ណាមបូ ជាមូលដ្ឋានមានលក្ខណៈដូចគ្នា ចាប់ពីការជ្រើសរើសដើមកក់ចាស់ វែង ហាលឲ្យស្ងួត រួចយកទៅស្ងោរដើម្បីជ្រលក់ពណ៌។ ទោះជាយ៉ាងណាក៏ដោយ លក្ខណៈដ៏ល្បីនៃកន្ទេល Ca Hom - Ben Ba គឺថា វាអាចប្រើប្រាស់បានជាប់យូរ រហូតដល់ ៥ ឆ្នាំ ដោយមិនត្រូវរយីករយាក ឬហើរពណ៌ឡើយ។ រូបមន្តសំងាត់នៃការត្បាញកន្ទេលរបស់ប្រជាជននៅ Ca Hom - Ben Ba នៅតែមិនទាន់ត្រូវបានបើកធ្លាយអស់រយៈពេលជាង ១០០ ឆ្នាំមកហើយ។
លោកស្រី Ly Thi Ha រស់នៅ Ben Ba ឃុំ Ham Tan បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៦០ តទៅ កន្ទេល Ca Hom - Ben Ba មានតម្លៃខ្ពស់ជាងកន្ទេល Ca Mau ប្រភេទដូចគ្នា រហូតដល់ ៤០% ប៉ុន្តែនៅតែមិនគ្រប់គ្រាន់សម្រាប់លក់ទេ។ ក្នុងភូមិ គ្រួសារនីមួយៗ មានកីតម្បាញយ៉ាងហោចណាស់ ៣ គ្រឿង ដែលដំណើរការអស់ពីសមត្ថភាពដើម្បីបម្រើទីផ្សារ៖
“ប្តីប្រពន្ធយើងខ្ញុំ ត្បាញកន្ទេលបានតែ ២ កន្ទេលក្នុងមួយថ្ងៃប៉ុណ្ណោះ តម្លៃ ២០ ម៉ឺនដុងក្នុងមួយគូ។ ការជ្រលក់ពណ៌កន្ទេលម្ដងចំណាយពេលប៉ុន្មានថ្ងៃ ហាលវាឲ្យស្ងួតទើបត្បាញម្ដង រួចជ្រលក់ពណ៌ម្ដងទៀត។”
សិប្បការិនីត្បាញកន្ទេល Ngo Thi Pho។ (រូបថត៖ VOV) |
ប៉ុន្តែដល់ឆ្នាំ ១៩៩០ ភូមិត្បាញកន្ទេល Ca Hom - Ben Ba ឈរនៅមាត់ជ្រោះនៃការសាបសូន្យ ដោយសារអ្នកភូមិមិនមានភាពម្ចាស់ការលើប្រភពវត្ថុធាតុដើម ហើយផលិតផលកន្ទេលមិនមានការច្នៃប្រឌិតក្នុងការរចនា ដូច្នេះមិនមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារនោះឡើយ។ នៅពេលនោះ សិប្បការិនី Ngo Thi Pho បានរចនាលំនាំ បន្សំពណ៌ដោយខ្លួនឯង ហើយបានសាកល្បងត្បាញផលិតផលកន្ទេលផ្កា ២ មុខ។ បន្ទាប់ពីការបរាជ័យចំនួន ២០ ដង នៅឆ្នាំ ២០០០ ផលិតផលកន្ទេលផ្កា ២ មុខ របស់សិប្បការិនី Ngo Thi Pho ត្រូវបានគេដាក់លក់នៅផ្សារឃុំ ហើយត្រូវបានព្រះរាជាណាចក្រកម្ពុជា ជ្រើសរើសបញ្ជាទិញដើម្បីដាក់នៅក្នុងសាលធំនៃវត្តអារ៉ាមនិងប្រាសាទ។ ក្នុងឆ្នាំ ២០០១ ឃុំ Ham Tan បានកសាងគម្រោងឧបត្ថម្ភថវិកាដំឡើងកីតម្បាញសម្រាប់គ្រួសារក្រីក្រចំនួន ៤០ ហើយបានសុំសិប្បការិនី Ngo Thi Pho បង្រៀនពីការត្បាញកន្ទេលផ្កាពីរមុខជូនប្រជាជន។ ភូមិត្បាញកន្ទេល Ca Hom - Ben Ba ក៏រស់រានមានជីវិតឡើងវិញបន្តិចម្តងៗតាំងពីពេលនោះមក។ មកដល់បច្ចុប្បន្ននេះ ភូមិមានគ្រួសារប្រកបរបរត្បាញកន្ទេលចំនួន ៤៥០ គ្រួសារ ដែលក្នុងនោះមានកម្មករត្បាញដោយផ្ទាល់ចំនួន ៤០០ នាក់ និងកម្មករចំនួន ១.៥០០ នាក់ ធ្វើការដោយប្រយោលក្នុងដំណាក់កាលផ្សេងៗគ្នា ដូចជា៖ ដាំដើមកក់ កែច្នៃវត្ថុធាតុដើម លាយពណ៌ ជាដើម។
ភូមិកន្ទេល Ca Hom – Ben Ba ផ្គត់ផ្គង់ដល់ទីផ្សារនូវកន្ទេលចំនួន ១៥ ម៉ឺនគូក្នុងមួយឆ្នាំ។ អាជ្ញាធរមូលដ្ឋានបានបង្កើតសហករណ៍កន្ទេល-កម្រាល Ham Tan ដើម្បីប្រមូលផ្តុំប្រជាជនរួមគ្នា ឆ្ពោះទៅរកផលិតកម្មប្រកបដោយស្ថិរភាព និរន្តរភាព លើកកំពស់គុណភាពផលិតផល និងពង្រីកទីផ្សារ។ បច្ចុប្បន្ន កន្ទេល Ca Hom - Ben Ba មានវត្តមានពាសពេញតំបន់ដីសណ្តទន្លេ Cuu Long និងតំបន់ណាមបូខាងកើត។ អ្នកស្រី Do Thi Mai Hoa អាជីវការិនីលក់កន្ទេល Ca Hom - Ben Ba បាននិយាយថា៖
“ក្នុងមួយឆ្នាំ គ្រឹះស្ថានរបស់នាងខ្ញុំលក់កន្ទេលបានចំនួន ៧០០០។ កន្ទេលត្រូវតែយកមកពីខេត្តត្រាវិញតែប៉ុណ្ណោះ ព្រោះកន្ទេលនៅទីនោះមានវត្ថុធាតុដើមល្អ និងកន្ទេលរលោងដែរ។ លក់ដាច់បំផុតគឺពីខែធ្នូដល់បុណ្យតេតប្រពៃណី”។
ក្នុងរយៈពេលជាង ១០០ ឆ្នាំកន្លងមកនេះ ជាងសិប្បកម្មដោយមានបាតដៃប៉ិនប្រសប់នៅក្នុងភូមិត្បាញកន្ទេល Ca Hom - Ben Ba បានបង្កើតផលិតផលកន្ទេលដោយមានលក្ខណៈប្លែក ជាប់ និងស្រស់ស្អាត។ មុខរបរត្បាញកន្ទេល Ca Hom របស់ជនជាតិខ្មែរនៅឃុំ Ham Tan ស្រុក Tra Cu ខេត្ត Tra Vinh ទើបនឹងត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ ប្រភេទសិប្បកម្មប្រពៃណី៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

