សមាជិកនៃសហករណ៍កសិកម្មសុវត្ថិភាព Chieng Hac ស្រុក Yen Chau វេចខ្ចប់ផ្លែស្វាយ។ រូបថត៖ baosonla.org.vn

ក្រុមគ្រួសារលោក Nguyen Tien Hoi មកពីសហករណ៍ផ្លែឈើ Quyet Tam ឃុំ Tu Nang ស្រុក Yen Chau ខេត្ត Son La មានផ្ទៃដីដាំដើមស្វាយជាង ៣ ហិកតា ក្នុងនោះផ្ទៃដីដាំដើមស្វាយចំនួន ២ ហិកតាត្រូវបានផ្តល់លេខកូដតំបន់ដាំដុះ និងផលិតតាមស្តង់ដារ VietGap ។ ទិន្នផលផ្លែឈើស្រស់ៗដែលប្រមូលបានជារៀងរាល់ឆ្នាំមានបរិមាណដល់រាប់សិបតោន ប៉ុន្តែលោក Hoi មិនដែលបារម្ភអំពីធាតុចេញសម្រាប់ផលិតផលឡើយ ដូច្នេះហើយ គ្រួសារលោកមានប្រាក់ចំណូលស្ថិរភាពពីចំការដាំដើមឈើហូបផ្លែ។ លោក Nguyen Tien Hoi បានឲ្យដឹងថា៖

“គ្រួសារខ្ញុំមានផ្ទៃដីដាំដើមឈើហូបផ្លែរហូតដល់ជាង ៣ ហិកតា។ ជារៀងរាល់ឆ្នាំ យើងខ្ញុំ បានប្រមូលផ្លែស្វាយពី ៣៥ ទៅ ៥០ តោន ក្នុងនោះ ផ្លែស្វាយប្រមាណពី ២៥ ទៅ ៣០ តោនមានស្តង់ដារនាំចេញ។ នាប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទទួលបានលេខកូដ ការនាំចេញកាន់តែងាយស្រួលផងដែរ”។

ផ្លែស្រកានាគ ដែលជាផលិតផលកសិកម្មមួយរបស់ Son La មានលេខកូដតំបន់។ រូបថត៖ baosonla.org.vn

នបច្ចុប្បន្ន ស្រុក Yen Chau ខេត្ត Son La មានផ្ទៃដីដាំដើមឈើហូបផ្លែជាង១១ ៣០០ ហិកតា ក្នុងនោះមានផ្ទៃដីដាំដើមឈើហូបផ្លែជាង ៧៧០ ហិកតាត្រូវបានផ្ដល់វិញ្ញាបនបត្រ VietGAP ។ នាបច្ចុប្បន្ននេះ ស្រុកក៏កំពុងគ្រប់គ្រង និងឃ្លាំមើលលេខកូដតំបន់ដាំដុះចំនួន ៦៧ សម្រាប់ផ្ទៃដីដាំដើមឈើហូបផ្លែគ្រប់ប្រភេទជាង ១ ១៤០ ហិកតា។ ក្នុងភូមិសាស្ត្រស្រុក ផ្ទៃដីដាំដុះប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ លើកកម្ពស់គុណភាពផលិតផល ក៏ដូចជាការផ្ដល់លេខកូដតំបន់ដាំដុះ ដែលងាយស្រួលសម្រាប់ការនាំចេញគឺកាន់តែបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះក៏ជាឧត្តមភាពរបស់សហករណ៍ក្នុងភូមិសាស្ត្រខេត្ត Son Lan នៅពេលនាំចេញទំនិញកសិផលទៅកាន់ពិភពលោក។ លោក Duong Minh Haនាយកសហករណ៍ផ្លែឈើ Quyet Tam ឃុំ Tu Nang ស្រុក Yen Chau ខេត្ត Son La បានឲ្យដឹងថា៖

“ដោយបានផ្ដល់លេខកូដតំបន់ យើងគ្រប់គ្រងងាយស្រួលជាង ហើយតាមរយៈស្តង់ដារ Vietgap ប្រជាកសិករក៏ងាយស្រួលធ្វើការជាង។ ទន្ទឹមនឹងនោះ ផ្លែឈើមានគុណភាពជាង បើប្រៀបនឹងការធ្វើតាមលក្ខណៈគ្រួសារ”។

ការផ្តល់លេខកូដតំបន់ដាំដុះមិនត្រឹមតែជួយពិនិត្យប្រភពដើម ប៉ុណ្ណោះទេ ថែមទាំងគ្រប់គ្រងដំណើរការផលិតកម្មយ៉ាងដិតដល់ បង្កើតទំនុកចិត្តចំពោះអតិថិជន។ ការកសាងលេខកូដតំបន់ដាំដុះជួយប្រជាជនផ្ទេរប្ដូរពីផលិតកម្មខ្នាតតូចទៅជាទិសដៅសហការ បង្កើតតំបន់ផលិតកម្មឯកទេស ប្រមូលផ្តុំ និងទ្រង់ទ្រាយធំ។ ក្នុងនោះ ផ្ដោតសំខាន់ពិសេសលើគុណភាព និងបង្កើតពាណិជ្ជសញ្ញាសម្រាប់ផលិតផល ឆ្លើយតបនឹងតម្រូវការដ៏តឹងរឹងរបស់ប្រទេសនាំចូល ហើយតាមនោះពង្រីកទីផ្សារប្រើប្រាស់។ លោក Ha Van Son នាយកសហករណ៍កសិកម្មសុវត្ថិភាព Chieng Hac ស្រុក Yen Chau បានឲ្យដឹងថា៖

“ចាប់ពីពេលទទួលបានលេខកូដតំបន់ដាំដុះ សមាជិក និងបងប្អូនប្រជាកសិករចេះរបៀបផលិកម្មតាមបញ្ញត្តិនៃលេខកូដតំបន់ដាំដុះ និងបម្រើទីផ្សារនានា។ យើងខ្ញុំបានចលនាដល់ប្រជាកសិករប្រតិបត្តិតាមក្នុងដំណាក់ថែទាំ និងការប្រើប្រាស់ជី និងថ្នាំសម្លាប់សត្វល្អិតតាមការកំណត់ផងដែរ”។

យោងតាមតួរលេខស្ថិតិ ខេត្ត Son La ទទួលបានលេខកូដតំបន់ដាំដុះចំនួន ២៨១ ជាមួយផ្ទៃដីសរុបជាង ៤៦០០ ហិកតា ក្នុងនោះខេត្តកំពុងរក្សាលេខកូដតំបន់ដាំដុះនាំចេញចំនួន ២០៥ ហើយច្រើនបំផុតគឺដើមមៀន ចេក និងស្រកានាគជាដើម បង្កើតច្រករបៀងគតិយុត្តិសម្រាប់ផលិតផលកសិកម្មរបស់ខេត្តចូលរួមទីផ្សារនាំចេញទៅកាន់ប្រទេស និងតំបន់ដែនដីចំនួន ២១ នៅលើពិភពលោក។ លោក Duong Gia Dinh ប្រធានសាខានាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិខេត្ត Son La បានឲ្យដឹងថា៖

“ការផ្តល់លេខកូដតំបន់ដាំដុះមានអត្ថន័យដ៏សំខាន់ក្នុងផលិតកម្មកសិកម្ម។ ជាពិសេសនៅពេលដែលវិស័យកសិកម្ម និងសេដ្ឋកិច្ចវៀតណាមកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងផលិតផលកសិកម្មក៏ជាផលិតផលស្នូលសម្រាប់ការនាំចេញផងដែរ”។

បើប្រៀបធៀបនឹងសក្ដានុពលរបស់ខេត្ត ផ្ទៃដីដែលទទួលបានលេខកូដតំបន់ដាំដុះនៅខេត្ត Son La គឺមិនសូវច្រើនឡើយ ដោយមានទំហំជាង ៤ ៦០០ ហិកតា ស្រូបយកប្រមាណ ៥,៥% នៃផ្ទៃដីដាំផ្លែឈើហូបផ្លែនាបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ ការផ្តល់លេខកូដតំបន់ដាំដុះបាន និងកំពុងផ្លាស់ប្តូរការត្រិះរិះផលិកម្មរបស់ប្រជាកសិករ។ បែបផែនផលិកម្មចាស់ត្រូវបានផ្លាស់ប្តូរជាជំហានៗ ប្រជាកសិករបានម្ចាស់ការប្រើប្រាស់វឌ្ឍនភាពបច្ចេកទេស និងបច្ចេកវិទ្យាខ្ពស់ទៅក្នុងផលិតកម្ម រួមចំណែកលើកកម្ពស់គុណភាពផលិតផល ឆ្លើយតបនឹងតម្រូវការនាំចេញ។ លោក Nguyen Dinh Tuan នាយកសហករណ៍ Doan Ket ឃុំ Chieng Mung ស្រុក Mai Son ខេត្ត Son La បានឲ្យដឹងថា៖

“យើងខ្ញុំបានអនុវត្តតាមស្តង់ដារ VietGap គឺដាច់ខាត់មិនប្រើប្រាស់ថ្នាំកម្ចាត់ស្មៅ មិនប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងបញ្ជីហាមប្រាម។ ចំពោះផ្ទៃដីដាំដុះទាំងមូល យើងខ្ញុំបានប្រើប្រាស់ផលិតផលជីវសាស្ត្រតែប៉ុណ្ណោះ”។

ការងកសាងលេខកូដតំបន់ដាំដុះសម្រាប់ប្រជាកសិករ សហករណ៍ និងអង្គភាពអាជីវកម្មនៅភូមិសាស្ត្រខេត្ត Son La បានរួមចំណែកជំរុញការផ្លាស់ប្តូរឌីជីថលក្នុងផលិតកម្មកសិកម្ម បង្កើនផលិតភាព និងកាត់បន្ថយកម្លាំងពលកម្មសម្រាប់ប្រជាកសិករ។ ជាពិសេស ការងារនេះបានបង្កើនតម្លៃក្នុងផលិតកម្មកសិកម្ម ជួយការនាំចេញកសិផលរបស់ខេត្ត Son La កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕