លំហបៃតងនៅតំបន់ទេសចរណ៍សហគមន៍ Con Chim។ រូបថត៖ Thach Tra Vinh/VOV)

ស្ថិតនៅកណ្ដាលទន្លេ Co Chien ភូមិ Con Chim លេចធ្លោហាក់ដូចជាផ្ទាំងគំនូរធម្មជាតិ ជាមួយនឹងខ្យល់បរិសុទ្ធ និងបរិយាកាសស្ងប់ស្ងាត់។ ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៩ មក ទីតាំងទេសចរណ៍សហគមន៍ Con Chim បានក្លាយជាគំរូទេសចរណ៍កសិកម្មសហគមន៍ដំបូងគេនៅខេត្ត Vĩnh Long។ ភ្ញៀវទេសចរ ពេលមកទីនេះអាចទស្សនាបរិយាកាសផ្ទះបាយបុរាណ ទទួលទានម្ហូបអាហារស្រុកស្រែ ផឹកទឹកដូងស្រស់ក្នុងសួនច្បារ ចាប់ក្តាម ធ្វើនំបាញ់ឆែវពីគ្រឿងផ្សំនៅហ្នឹងកន្លែង ឬដើរលេងផ្សារជនបទជាមួយនឹងក្តាម បង្កង បន្លែ ពង ត្រី នំដែលជាផលិតផលប្រចាំតំបន់ព្រែកទន្លេនេះ។ កាលពីឆ្នាំមុន ផលិតផលរបស់សហករណ៍ទេសចរណ៍សហគមន៍ Con Chim ទទួលបានវិញ្ញាបនបត្រ OCOP ផ្កាយ ៤ ហើយថ្មីៗនេះបានទទួលពានរង្វាន់ទេសចរណ៍សហគមន៍អាស៊ាន - CBT អាស៊ាន។ ក្នុងរយៈពេល៥ឆ្នាំ ទីតាំងទេសចរណ៍នេះ បានទទួលភ្ញៀវជាង ៨៥.០០០នាក់ ជាមួយនឹងចំណូលជាង ២៤ ពាន់លានដុង (ជិត១លានដុល្លារអាមេរិក)។ លោកស្រី Nguyen Thi Bich Van ប្រធានក្រុមប្រឹក្សាភិបាលនៃសហករណ៍ទេសចរណ៍ Con Chim បានចែករំលែកថា៖

ភ្ញៀវទេសចរបរទេស ជាមួយបទពិសោធន៍ដ៏ប្លែកៗ។ (រូបថត៖ Thach Tra Vinh/VOV)

“នៅទីនេះ យើងបានបង្កើតក្រុមសហការ ដើម្បីគ្រប់គ្រងរួមនូវប្រតិបត្តិការក៏ដូចជាទទួលដំណើរទេសចរណ៍ពីខាងក្រៅមក។ យើងផ្តល់យោបល់គ្នាទៅវិញទៅមកនៅក្នុងកិច្ចប្រជុំ អំពីសេវាកម្មណាមួយដែលធ្វើមិនទាន់ល្អ។ នៅទីនេះ យើងក៏ធ្វើតារាងដើម្បីប្រមូលមតិពីភ្ញៀវទេសចរ ឧទាហរណ៍ថា តើពួកគេពេញចិត្តបានប៉ុន្មាន និងផ្ដល់មតិយោបល់យ៉ាងដូចម្ដ៉េច... ពីនោះ យើងអាចលើកកំពស់តម្លៃ និងធ្វើឱ្យទីតាំងទេសចរណ៍របស់យើងកាន់តែប្រសើរឡើង”។

ដំណើរការវេចនំអន្សមជ្រូកនៅភូមិ Tra Cuon។ (រូបថត៖ Thach Tra Vinh/VOV)

នៅភូមិធ្វើនំអន្សមជ្រូក Tra Cuon ឃុំ Vinh Kim មានសិប្បកម្មជាង ២០ ដែលផលិតនំអន្សមជ្រូករាប់ម៉ឺននំជារៀងរាល់ថ្ងៃ។ សិប្បកម្មនំអន្សមជ្រូក Hai Ly គឺជាសិប្បកម្មដ៏ធំបំផុតមួយ ដែលផលិតនំពី ២ ទៅ ៣ ពាន់នំក្នុងមួយថ្ងៃ។ ផលិតផលដូចជានំអន្សមជ្រូក ៣ ពណ៌ នំអន្សមជ្រូកស្លឹកងប់ ទទួលបានចំណាត់ថ្នាក់ OCOP ផ្កាយ ៤។ លោកស្រី Nguyen Thi Diem Phuc ម្ចាស់សិប្បកម្មនំអន្សមជ្រូក Hai Ly បានឲ្យដឹងថា៖

“យើងក៏មានប្រភេទនំអន្សមបង្កង ៣ ពណ៌ ផងដែរ។ នំនេះរាងល្មមជាង ហើយមានតម្លៃពី ១០ ម៉ឺន ដល់ ១១ ម៉ឺនដុង សម្រាប់អតិថិជនទិញធ្វើជាកាដូ ប៉ុន្តែវានៅតែជាផលិតផលលំដាប់ខ្ពស់។ ជាមួយនឹងនិន្នាការបច្ចុប្បន្ន មិត្តវ័យក្មេងចូលចិត្តបរិយាកាសជនបទ ចូលចិត្តការរចនាបថបែបជនបទនោះ Hai Ly ក៏មានឈុតគ្រឿងផ្សំ ហើយវេចខ្ចប់មួយឈុតៗ ដើម្បីផ្ញើជូនអតិថិជន។ អតិថិជនត្រឹមតែយកគ្រឿងផ្សំចេញ អង្គុយថតរូបជាមួយគ្នា វេចនំ ស្ងោរនំ ដល់ពេលព្រឹកនឹងមាននំតែម្ដង”។

ដូងខ្ទិះ Cau Ke ជាវត្ថុធាតុដើមដើម្បីកែច្នៃផលិតផលជាច្រើនដែលបំពេញតាមស្តង់ដារ OCOP ផ្កាយ ៥។ (រូបថត៖ Thach Tra Vinh/VOV)

ដូងខ្ទិះ Cau Ke ល្បីល្បាញដោយមានសាច់ដូងទន់ល្មួត រស់ជាតិផ្អែមត្រជាក់ ប៉ុន្តែពេលវេលារក្សាទុកបានតែ ៧ ថ្ងៃប៉ុណ្ណោះ។ ក្រុមហ៊ុនចំកាត់ដូងខ្ទិះ Cau Ke (Vicosap) នៅឃុំ Tam Ngai បានស្រាវជ្រាវ និងកែច្នៃចេញស្ករគ្រាប់ដូងខ្ទិះ ទឹកដោះគោជូរដូងខ្ទិះ ដូងខ្ទិះស្ងួតស្រួយ ហើយជាពិសេសគឺផលិតផលសរសៃដូងខ្ទិះផ្តាច់មុខ។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតផលចំនួន ៩ ដែលក្នុងនោះមានផលិតផលចំនួន ៤ ត្រូវបានទទួលស្គាល់ជាផលិតផល OCOP ផ្កាយ ៥ (ផលិតផលពិសេសដែលមានស្តង់ដារគុណភាពខ្ពស់ ឆ្លើយតបនឹងលក្ខខណ្ឌនៃការនាំចេញ) រួមមាន៖ សរសៃដូងខ្ទិះ ស្ករគ្រាប់ដូងខ្ទិះសុទ្ធ រសជាតិស្លឹកម្នាស់និងកាកាវ។ ក្នុងមួយខែ ក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលចំនួន ៨ តោន និងដូងខិ្ទះចំនួន ១ ម៉ឺនប្រអប់ ដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក កាណាដា ជប៉ុន និងប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប។ លោកស្រី Lam Ngoc Tu នាយិការងក្រុមហ៊ុន Vicosap បានចែករំលែកថា៖

“ផ្លែដូងខ្ទិះជាផលិតផលពិសេសតាំងពីមុនមក ហើយយើងចង់បង្កើតផលិតផលដែលមានតម្លៃបន្ថែម ដើម្បីអាចអភិវឌ្ឍន៍ និងនាំផលិតផលឱ្យចេញទៅកាន់តែឆ្ងាយជាងទៀត។ ក្នុងរយៈពេលទើបតែបង្កើតឡើង យើងបានចាប់ផ្តើមជាមួយនឹងដូងខ្ទិះខ្ចប់សុញ្ញកាស ដែលបិតស្លាក និងបិតត្រាបញ្ជាក់ពីប្រភពដើម ដែលសមស្របសម្រាប់ការទិញធ្វើជាអំណោយ។ បន្ទាប់នោះ យើងបាន
អភិវឌ្ឍន៍ផលិតផលបន្ថែមទៀតពីមូលដ្ឋានទៅកម្រិតខ្ពស់; ស្រាវជ្រាវផលិតផលដោយប្រើបច្ចេកវិទ្យាសម្ងួតកម្រិតខ្ពស់ បច្ចេកវិទ្យាឡើងមេជូរនិងបច្ចេកវិទ្យាសម្ងួតត្រជាក់។ បច្ចុប្បន្ននេះ យើងបានបង្កើតផលិតផលចំនួន ៩ ពីផ្លែដូងខ្ទិះ”។

ខេត្ត Vinh Long កំណត់ថា OCOP ជាកម្មវិធីសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ទាញយកប្រៀបខ្លាំងពីវត្ថុធាតុដើមនិងវប្បធម៌ប្រចាំស្រុក ក្នុងទិសដៅសេដ្ឋកិច្ចវិលជុំ។ រហូតមកដល់ពេលនេះ ខេត្តមានផលិតផល OCOP ចំនួន ១០៨៣ មុខ ក្នុងនោះមានផលិតផលលំដាប់ផ្កាយ ៥ ចំនួន ១៣ មុខ និងផលិតផលលំដាប់ផ្កាយ ៤ ចំនួន ១៨៩ មុខ។ អង្គភាព OCOP តែងតែកែលម្អគុណភាព និងការវេចខ្ចប់ជាបន្តបន្ទាប់; បណ្ដាស្ថាប័ន មន្ទីរ បានជំរុញការឃោសនា និងគាំទ្រការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈ ការតាំងពិពណ៌ និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។ លោក Lu Quang Ngoi ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Vinh Long បានអះអាងថា៖

“ការអនុវត្តកម្មវិធី OCOP បានជះឥទ្ធិពលយ៉ាងវិជ្ជមាន ដោយបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍផលិតផលជាច្រើន។ ជាទូទៅ កម្មវិធីនេះបានជំរុញសក្តានុពល បង្កើតប្រៀបខ្លាំងរបស់ខេត្ត ទាក់ទងនឹងតំបន់វត្ថុធាតុដើម តម្លៃវប្បធម៌ប្រពៃណី ជាពិសេសតំបន់វត្ថុធាតុដើមសម្រាប់ផលិតដើមឈើហូបផ្លែប្រពៃណី”។

ជាមួយនឹងសក្ដានុពលនៃកសិផល និងភូមិសិប្បកម្មជាប្រពៃណីរាប់រយឆ្នាំនោះ ផលិតផល OCOP របស់ Vinh Long កំពុងកសាងម៉ាកយីហោក្នុងស្រុក លើកកំពស់ផលិតផលពិសេស។ អាស្រ័យហេតុនេះ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទប្រកបដោយចីរភាព ផ្សព្វផ្សាយវប្បធម៌ជនបទទៅកាន់ពិភពលោក៕