ក្រោយពីទឹកជំនន់ពីរលើកដែលបង្កឡើងដោយព្យុះទីហ្វុង Yagi (ខែកញ្ញា ឆ្នាំ២០២៤) និងព្យុះទីហ្វុង Matmo (ខែតុលា ឆ្នាំ២០២៥) តំបន់ដាំដើមម៉ាក់ខៃ Cam Gia ដែលធ្លាប់មានជីជាតិល្អ និងពោរពេញដោយកម្លាំងរស់ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ អ្នកដាំផ្កាបានប្រឈមមុខនឹងការលំបាកដោយសារតែការខាតបង់ធ្ងន់ធ្ងរ ខណៈដែលគ្រួសារជាច្រើនបានបាត់បង់អ្វីៗទាំងអស់។ គ្រួសារចំនួន ៣៦៥ ជាមួយនឹងផ្ទៃដីដាំម៉ាក់ខៃជាង ៣០ ហិកតា រួមទាំង ដើមម៉ាក់ខៃតាំងលម្អ និងម៉ាក់ខៃបុរាណដោយមានតម្លៃខ្ពស់ជាច្រើន ដែលត្រូវបានរចនារូបរាងនិងថែទាំយ៉ាងល្អិតល្អន់ បានរងផលប៉ះពាល់។ ទោះជាយ៉ាងណាក៏ដោយ ដោយមានសេចក្តីស្រឡាញ់ចំពោះភូមិរបរប្រពៃណី ប្រជាជន Cam Gia មិនបានចុះចាញ់នឹងគ្រោះមហន្តរាយធម្មជាតិដ៏សាហាវនោះឡើយ។ បន្ទាប់ពីទឹកជំនន់ ប្រជាជនបានចាប់ផ្តើមសម្អាតវាលស្រែ និងសួនច្បារយ៉ាងឆាប់រហ័ស ឈូសឆាយដី និងដាំដើមឈើឡើងវិញ។

លោក Hoang Van Doanh នៅភូមិ Cam Gia លេខ ៤ កំពុងកាប់ចោលដើមម៉ាក់ខៃដែលងាប់ដោយសារទឹកជំនន់។ រូបថត៖ VOV

នៅភូមិ Cam Gia លេខ ៤ លោក Hoang Van Doanh ដែលជាម្ចាស់ចម្ការម៉ាក់ខៃទំហំប្រហែល ៥០០០ ម៉ែត្រការ៉េ បានខិតខំប្រឹងប្រែងស្តារនិងថែទាំដើមម៉ាក់ខៃដែលនៅសេសសល់ ដើម្បីបម្រើដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីខាងមុខ។

លោក Doanh សម្រេចចិត្តដាំផ្កាលីលី និងផ្កាចំសន្យា ដើម្បីស្ដារសួនចម្ការឡើងវិញ។ រូបថត៖ VOV

“គ្រួសារខ្ញុំអាចស្ដារដើមម៉ាក់ខៃតែប៉ុន្មានដើមប៉ុណ្ណោះ ដោយទុកឫសសម្រាប់រដូវបន្ទាប់។ បន្ទាប់ពីទឹកជំនន់ យើងបានប្តូរទៅដាំផ្កាស្រស់ៗ ដូចជាផ្កាលីលី និងផ្កាចំសន្យា (gladiolus) ដើម្បីបម្រើបុណ្យតេតឲ្យទាន់ពេលវេលា និងបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ”។

មិនឆ្ងាយប៉ុន្មានពីនោះទេ ចម្ការផ្កាម៉ាក់ខៃរបស់លោក Nguyen Van Bang មានស្ថានភាពវិជ្ជមានជាងបន្តិច។ ដោយសារស្ថិតនៅទីតាំងខ្ពស់ ទឹកជំនន់ទោះជាបានកើនឡើងយ៉ាងលឿន ប៉ុន្តែក៏ស្រកចេញលឿនដែរ ដូច្នេះដើមម៉ាក់ខៃមិនត្រូវលិចទឹកយូរពេកទេ។ មួយថ្ងៃបន្ទាប់ពីទឹកជំនន់ស្រក ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំក្នុងការដាំម៉ាក់ខៃ លោក Bang បានបង្កើនការបាញ់ថ្នាំសម្លាប់សត្វល្អិត ដាក់ជីសរីរាង្គ និងតម្រឹមមែក ដើម្បីឱ្យដើមឈើរស់ឡើងវិញយ៉ាងឆាប់រហ័ស។ ដើមម៉ាក់ខៃនីមួយៗត្រូវបានថែទាំនិងរចនារូបរាងយ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យចេញផ្កាស្របពេលបុណ្យតេត។ លោក Nguyen Van Bang បានចែករំលែកថា៖

លោក Nguyen Van Bang (សង្កាត់ Gia Sang ខេត្ត Thai Nguyen) កំពុងថែទាំដើមម៉ាក់ខៃក្រោយពីទឹកជំនន់។ រូបថត៖ VOV

“ដោយសារតែភ្លៀងទឹកជំនន់ ដើមឈើជាច្រើនត្រូវបានជន់លិច ខណៈដែលឫសម៉ាក់ខៃ ខ្សោយណាស់។ យើងបានប្រើបទពិសោធន៍ និងបច្ចេកទេសដាំដុះ ដើម្បីជួយដើមឈើលូតលាស់ឡើងវិញបន្ទាប់ពីទឹកជំនន់។ បច្ចុប្បន្ននេះ ដើមឈើមានសុខភាពល្អ និងធានាបាននូវគុណភាពដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ”។

ដោយរួមដំណើរជាមួយអ្នកដាំម៉ាក់ខៃ គណៈកម្មាធិការប្រជាជនសង្កាត់ Cam Gia បានដឹកនាំកម្មាភិបាលជំនាញឱ្យសម្របសម្រួលជាមួយភូមិរបរ សមាគមន៍ដាំម៉ាក់ខៃនៅមូលដ្ឋាន ដើម្បីធ្វើស្ថិតិផ្ទៃដីដែលរងការខូចខាតរបស់គ្រួសារនីមួយៗ ហើយបំពេញបែបបទសុំឲ្យមានការជួយឧបត្ថម្ភ ស្របតាមគោលនយោបាយរបស់ខេត្ត។ ធនាគារគោលនយោបាយសង្គម បានរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ លើកលែង ឬកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចីពីមុន ហើយផ្តល់ប្រាក់កម្ចីថ្មីដើម្បីជួយប្រជាជនស្តារភូមិដាំម៉ាក់ខៃដ៏ល្បីល្បាញនេះឡើងវិញក្នុងពេលឆាប់ៗ។

សមាគមកសិករសង្កាត់ Gia Sang បានចុះចម្ការនីមួយៗ ដើម្បីវាយតម្លៃពីការខូចខាត ណែនាំបច្ចេកទេសជំនះផលវិបាក និងលើកទឹកចិត្តប្រជាកសិករឱ្យបន្តផលិតកម្ម។ សមាគមក៏បានសម្របសម្រួលក្នុងការស្វែងរកប្រភពដើមពូជបន្ថែម និងជួយឧបត្ថម្ភការកែលម្អដី ជួយដើមឈើឱ្យលូតលាស់កាន់តែមានស្ថេរភាព។ លោកស្រី Nguyen Thi Thuy Nga អនុប្រធានសមាគមកសិករសង្កាត់ Gia Sang ខេត្ត Thai Nguyen បាននិយាយថា៖ ក្នុងបុណ្យតេតឆ្នាំនេះ មានតែប្រហែល ៥០% នៃផ្ទៃដីដាំម៉ាក់ខៃនៅ Cam Gia ប៉ុណ្ណោះ ដែលនៅតែអាចប្រមូលផលបាន។

“អាជ្ញាធរមូលដ្ឋាន និងសមាគមកសិករសង្កាត់បានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យស្តារផ្ទៃដីដែលនៅសេសសល់ឡើងវិញ ដើម្បីថែទាំ កែលម្អ និងបង្កើតប្រាក់ចំណូលឡើងវិញ។ សមាគមក៏បានស្នើឱ្យធនាគារមួយចំនួនកាត់បន្ថយអត្រាការប្រាក់សម្រាប់អ្នកដាំម៉ាក់ខៃ ដែលកំពុងខ្ចីទុន ដើម្បីជួយពួកគេឱ្យស្តារផលិតកម្មឡើងវិញ”។

គ្រោះធម្មជាតិបានបំផ្លិចបំផ្លាញការខិតខំប្រឹងប្រែង និងទ្រព្យសម្បត្តិជាច្រើន ប៉ុន្តែវាមិនអាចបំបែកការប្ដេជ្ញាចិត្តរបស់ប្រជាជន Cam Gia បានឡើយ។ ដើមម៉ាក់ខៃកំពុងចាក់ឫស និងដុះពន្លក ហើយផ្កាលីលី និងផ្កាគ្រីសានពណ៌បៃតងដ៏ស្រស់ស្អាត នឹងរីកស្គុះស្គាយទាន់ពេលវេលានឹងបុណ្យចូលឆ្នាំប្រពៃណី។ នេះមិនត្រឹមតែនាំមកនូវប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងអះអាងពីស្មារតីខិតខំប្រឹងប្រែងរបស់ប្រជាជន Cam Gia ក្នុងដំណើរងើបឡើងវិញក្រោយពីទឹកជំនន់ទៀតផង៕