ភូមិសិប្បកម្ម Trach Xa ស្រុក Ung Hoa ត្រូវបានគេស្គាល់ថា ជាលំយោលនៃអាវផាយប្រពៃណី។ (រូបថត៖ qdnd.vn) |
មានចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីកណ្តាលទីក្រុងហាណូយ ភូមិសិប្បកម្ម Trach Xa ស្រុក Ung Hoa ត្រូវបានគេស្គាល់ថា ជាលំយោលនៃអាវផាយប្រពៃណី។ នេះគឺជាភូមិពិសេសមួយដែល "បុរសកាត់ដេរ ស្ត្រីភ្ជួររាស់"។ តាមនោះ បុរសនៅក្នុងភូមិត្រូវបានដូនតាបង្រៀនរបរ និងជាជាងដេរស្នូលដែលថែរក្សាអាជីពដេរអាវផាយរបស់គ្រួសារ ដោយអនុវត្តន៍ផ្ទាល់នូវជំហាននៃការរចនា កាត់ ដេរ និងថែរក្សាមុខរបរនេះក្នុងអំឡុងពេលប្រវត្តិសាស្ត្រជាង ១០០០ ឆ្នាំ។ រហូតមកដល់បច្ចុប្បន្ន នៅពេលដែលសង្គមផ្លាស់ប្តូរផ្នត់គំនិត ស្ត្រីក៏ត្រូវបានបង្ហាត់បង្រៀនពីរបរដេរអាវផាយដូចបុរសដែរ។ សិប្បការិនី Vu Thi Hang នៅភូមិ Trach Xa បានឲ្យដឹងថា៖
“កាលពីមុន គ្មានម៉ាស៊ីនទេ បុរស Trach Xa ប្រើតែកន្ត្រៃ ម្ជុល និងខ្សែម៉ែត្រទៅគ្រប់ទីកន្លែងដើម្បីដេរអាវផាយ។ ឥឡូវនេះក្នុងសម័យអភិវឌ្ឍន៍ មិនត្រឹមតែកូនស្រីទេ កូនប្រសាស្រីនិងកូនប្រសាប្រុសក្នុងភូមិក៏ត្រូវបានគេបង្រៀនរបរដែរ”។
បច្ចុប្បន្ន ភូមិ Trach Xa មានប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលភាគច្រើនប្រកបរបរចិញ្ចឹមជីវិតដោយការកាត់ដេរអាវផាយ។ កុមារនៅក្នុងភូមិដែលមានអាយុពី ៦ ទៅ ៧ ឆ្នាំ គឺចាប់ផ្ដើមរៀនពីការដេរវាស់កាត់ ហើយនៅអាយុ ១៥ ដល់១៦ឆ្នាំ ពួកគេអាចដេរអាវផាយប្រពៃណីដោយខ្លួនឯង។ គ្រួសារជាច្រើនបានផ្សារភ្ជាប់នឹងអាជីពកាត់ដេរអាវផាយរហូតដល់ជំនាន់ទី ៣ ទី ៤ ហើយនៅក្នុងភូមិ មានជាងដេរពូកែជាច្រើន ដែលត្រូវបានទទួលស្គាល់ជាសិប្បករ។ សិប្បករ Nghiem Van Dat បានចែករំលែកថា៖
“នេះជារបរប្រពៃណីដែលបន្តពីជំនាន់មួយទៅជំនាន់មួយទៀត តាំងពីបុរាណមក។ ដូច្នេះ ខ្ញុំបានប្រកបរបរនេះតាំងពីនៅក្មេង។ កាលពីមុន ពេលយើងខ្ញុំរៀន ដំបូងឡើយឪពុកបង្រៀនឲ្យចេះកាន់ម្ជុល ចេះដេរ... កុមារ Trach Xa រៀនដេរអាវផាយ ពីបែបប្រពៃណីដល់ទំនើប ក៏ចេះធ្វើទាំងអស់។ ស្ត្រីក្នុងភូមិក៏មានជំនាញដែរ ប៉ុន្តែមិនអាចដេរស្អាតដូចបុរសបានទេ។ បុរស Trach Xa មានអាថ៌កំបាំងដេរអាវផាយផ្ទាល់ខ្លួន ដូច្នេះមើលទៅស្រស់ស្អាតខ្លាំងណាស់។ កូនៗរបស់ខ្ញុំក៏បន្តអាជីពនេះដែរ។ នៅក្នុងភូមិ ប្រសិនបើបងប្អូន មិនចេះធ្វើទេ យើងខ្ញុំនឹងបង្រៀន ដើម្បីអាចថែរក្សាអត្តសញ្ញាណនៃភូមិសិប្បកម្មនេះ”។
បុរសនៅក្នុងភូមិត្រូវបានដូនតាបង្រៀនរបរ និងជាជាងដេរស្នូលដែលថែរក្សាមុខរបរនេះក្នុងអំឡុងពេលប្រវត្តិសាស្ត្រជាង ១០០០ ឆ្នាំ។ (រូបថត៖ qdnd.vn) |
ដើម្បីដេរអាវផាយដ៏ស្រស់ស្អាតមួយឈុត សិប្បករត្រូវតែបំពេញដំណាក់កាលយ៉ាងល្អិតល្អន់ ដែលមានតែអ្នកមានជំនាញខ្ពស់ប៉ុណ្ណោះ ទើបអាចអនុវត្តន៍បានយ៉ាងប៉ិនប្រសប់។ ដូច្នេះហើយ ដោយឡែកការដេរអាវផាយមានតម្លៃប្រហែល ៣៥ ម៉ឺនដុងក្នុងមួយឈុត (ស្មើ ១៧ ដុល្លារ)។ ហើយអាស្រ័យលើប្រភេទក្រណាត់ និងក្បូរក្បាច់រចនានោះ អាវផាយនឹងមានតម្លៃផ្សេងៗគ្នា។ មានផលិតផលប្លែកពីគេ ដែលត្រូវបានភ្ជាប់ត្បូង ប៉ាក់ដៃបែបសិល្បៈ មានតម្លៃប្រហែល ២០ លានដុង/ឈុត (ស្មើ ៨០០ ដុល្លារអាមេរិក) ឬមានឈុតអាវផាយពិសេសដែលអតិថិជនកុម្ម៉ង់រហូតដល់ ១០០ - ២០០ លានដុង/ឈុត (៤០០០-៨០០០ ដុល្លារ)។ ទន្ទឹមនឹងការអភិវឌ្ឍនៃមុខរបរនេះ មុខមាត់ភូមិ Trach Xa នាពេលបច្ចុប្បន្នក៏មានការផ្លាស់ប្តូរច្រើនដែរ។ នៅតាមផ្លូវភូមិចាក់បេតុងយ៉ាងស្អាតបាត គឺផ្ទះទំនើប ធំទូលាយ ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែសម្បូរធូធារ។
បន្តមរតករបស់ដូនតានៅភូមិសិប្បកម្ម Trach Xa អ្នកភូមិជាច្រើនបានបើកហាងផ្ទាល់ខ្លួន ដើម្បីបង្កើតការងារដល់អ្នកភូមិផង ហើយរួមចំណែកឧទ្ទេសនាម និងផ្សព្វផ្សាយផលិតផលប្រកបដោយគុណភាពរបស់ភូមិសិប្បកម្មរាប់ពាន់ឆ្នាំនេះផង។
“ខ្ញុំបានចាប់ផ្តើមរៀនរបរប្រពៃណីនេះជាង១០ឆ្នាំមុន នៅពេលដែលភូមិកំពុងអភិវឌ្ឍន៍។ ខ្ញុំរៀនរួច ត្រឡប់មកបង្រៀនបងប្អូនក្នុងគ្រួសារទៀត។ ការងារនេះក៏មានស្ថិរភាព ដូច្នេះយើងខ្ញុំបានជ្រើសរើសបន្តអាជីពរបស់ដូនតា”។
“អ្វីដែលខ្ញុំមានមោទនភាពបំផុតនោះគឺខ្ញុំបានកើតនៅភូមិកាត់ដេរអាវផាយប្រពៃណី។ ខ្ញុំក៏បានរៀនច្រើនពីជីដូនជីតា ពូមីងក្នុងគ្រួសារអំពីមុខរបរនេះ”។
បច្ចុប្បន្ននេះ ផលិតផលអាវផាយ Trach Xa ត្រូវបានឧទ្ទេសនាមជាញឹកញាប់នៅក្នុងព្រឹត្តិការណ៍ជាច្រើន ដែលផ្សព្វផ្សាយពីវប្បធម៌ និងទេសចរណ៍ហាណូយ។ អាស្រ័យហេតុនោះ ហាងកាត់ដេរជាច្រើននៅក្នុងភូមិ មានឱកាសពង្រីកអាជីវកម្មទៅកាន់ខេត្តជាច្រើនក្នុងនិងក្រៅប្រទេស។ ផលិតផលសម្លៀកបំពាក់ភូមិ Trach Xa ត្រូវបាននាំចេញទៅកាន់ទីផ្សារមួយចំនួនដូចជា៖ ចិន កូរ៉េខាងត្បូង ម៉ុងហ្គោល ជាដើម។
នៅឆ្នាំ២០០៤ ភូមិ Trach Xa ត្រូវបានទទួលស្គាល់ថាជា “ភូមិកាត់ដេរអាវផាយប្រពៃណី”។ នៅចុងខែធ្នូឆ្នាំ២០២៤ មុខរបរកាត់ដេររបស់ភូមិត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ នេះគឺជាកិត្តិយស និងមោទនភាពរបស់អ្នកភូមិ និងជាការលើកទឹកចិត្តដល់សិប្បករ និងកុលបុត្រ កុលធីតារបស់ភូមិ Trach Xa ដើម្បីបន្តថែរក្សា និងអភិវឌ្ឍន៍មុខរបរប្រពៃណី ក៏ដូចជាអះអាងនូវតម្លៃនៃអាវផាយ Trach Xa នៅលើទីផ្សារ។ នេះក៏ជាមធ្យោបាយដើម្បីប្រជាជន Trach Xa រួមចំណែកលើកតម្កើងប្រពៃណីវប្បធម៌វៀតណាម និងសម្រស់នារីវៀតណាមនៅក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

