ស្លាកសញ្ញា (Logo) និងរូបសត្វតំណាង( Mascot) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ (SEA Games 31) និងប៉ារ៉ាហ្គែមអាស៊ានលើកទី ១១ (Paragames 11) នៅវៀតណាម (រូបថត៖ VTV)

ជាក់ស្តែងក្នុងសប្តាហ៍កន្លងមក មិត្តអ្នកស្តាប់ Sam Saly មកពីប្រទេស កម្ពុជា បានផ្ញើសំបុត្រមកកាន់កម្មវិធីដើម្បីបង្ហាញពីចំណាប់អារម្មណ៍នៅពេលដែលវៀតណាមបានប្រកាសស្លាកសញ្ញា (Logo) និងរូបសត្វតំណាង( Mascot) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ (SEA Games 31) និងប៉ារ៉ាហ្គែមអាស៊ានលើកទី ១១ (Paragames 11) នៅវៀតណាម។ ហេតុដូច្នេះមិត្តអ្នកស្តាប់នេះមានបំណងចង់ឱ្យកម្មវិធីណែនាំជាលំអិតបន្ថែមទៀតអំពីព្រឹត្តិការណ៍នេះ។

ប្រិយមិត្តជាទីរាប់អាន។ នាពេលថ្មីៗនេះ ពិធីប្រគល់រង្វាន់សម្រាប់ការបង្កើតស្លាកសញ្ញា (Logo) និងរូបសត្វតំណាង( Mascot) ឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ និងប៉ារ៉ាហ្គេអាស៊ានលើកទី ១១ ត្រូវបានធ្វើឡើងដោយអគ្គនាយកដ្ឋានកីឡាវៀតណាម។ រូបសត្វតំណាងទទួលបានជ័យលាភីក្នុងពិធីនេះគឺជារូបសត្វសៅឡាព្រៃ (SaoLa- Pseudoryx nghetinhensis ) តាមរយៈការរចនារបស់វិចិត្រករ Ngo Xuan Khoi ។ រូបភាពសៅឡាព្រៃ មិនត្រឹមតែបង្កប់នូវអត្ថន័យក្នុងការឃោសនាការពារប្រភេទសត្វកម្រជិតផុតពូជប៉ុណ្ណោះទេ ថែមទាំងក៏ផ្សព្វផ្សាយអំពីរូបភាពដ៏ពិសេសនៃប្រភេទសត្វកម្រដ៏ឆ្លាតវៃនិងគួរឱ្យស្រឡាញ់ទៀតផង។ ទន្ទឹមនឹងនេះស្លាកសញ្ញានៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១គឺជារូបភាព“បក្សីហោះលើមេឃ និងរូបបាតដៃមានរាងអក្សរ V” របស់អ្នកនិពន្ធ Hoang Xuan Hieu ដែលបំផុសគំនិតពីរូបភាពកីឡាករដាក់ដៃទៅលើទ្រូងខាងឆ្វេងដែលជាទីតាំងមានទង់ជាតិពណ៌ក្រហម និងផ្កាយពណ៌លឿងរបស់វៀតណាម។ ស្លាកសញ្ញានិងរូបសត្វតំណាងទាំងនេះ បានបង្ហាញពីការរីកសាយភាយនិងការជក់ចិត្តយ៉ាងសកម្មក្នុងការកសាងអាស៊ីអាគ្នេយ៍មួយប្រកបដោយសន្តិភាពនិងការតភ្ជាប់គ្នាផងដែរ។

ទាក់ទងនឹងវិស័យទេសចរណ៍ កម្មវិធីយើងខ្ញុំក៏បានទទួលសំបុត្រពីមិត្តអ្នកស្តាប់ Valy Nhem ដោយមានបំណងចង់ស្វែងយល់អំពីតំបន់ទេសចរណ៍សហគមន៍ «កូនកោះសត្វឆាប» (ឬហៅថា កូនកោះ Con Chim) នៅខេត្ត Tra Vinh។ តោះយើងរួមគ្នាស្វែងយល់ពីគោលដៅទេសចរណ៍នេះណា៎!

តំបន់ទេសចរណ៍សហគមន៍ «កូនកោះសត្វឆាប» (ឬហៅថាកូនកោះ Con Chim) នៅខេត្ត Tra Vinh (រូបថត៖ senhongtour)

កូនកោះ Con Chim គឺជាគោលដៅទេសចរណ៍សហគមន៍ថ្មីមួយនៅខេត្ត Tra Vinh ដោយសារនៅទីនេះទទួលបានអំណោយផលខាងភូមិសាស្ត្រពីធម្មជាតិ របៀបការពារបរិស្ថាន និងថែរក្សាវប្បធម៌ ដែលពោរពេញទៅដោយភាពសាមញ្ញនិងគួរឲ្យទាក់ទាញពីអត្តាសញ្ញាណនៅស្រុកស្រែផងដែរ។ ពេលមកដល់ទីនេះ ភ្ញៀវទេសចរអាចមានភាពសុខដុមរមនាជាមួយធម្មជាតិ ព្រមទាំងរីករាយនឹងម្ហូបអាហារប្រជាប្រិយក្នុងស្រុកឬក៏ស្តាប់បទចម្រៀងស្នេហានៅភាគខាងត្បូងវៀតណាម ហើយល្អជាងគេបំផុតគឺយើងមានឱកាសស្រូបយកខ្យល់អាកាសបរិសុទ្ធនិងបរិស្ថានស្អាតស្អំនៅទីនេះផងដែរ។ ជាពិសេស ភ្ញៀវទទេសចរមកកូនកោះ Con Chim មិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផលផ្លាស្ទិច ដើម្បីចៀសវាងពីការបោះចោលកាកសំណល់ប្លាស្ទិកនៅក្នុងបរិស្ថាន។ ជាមួយនឹងគុណសម្បត្តិនៃភូមិសាស្ត្រនិងធម្មជាតិ កូនកោះ Con Chim ប្រាកដក្លាយទៅជាគោលដៅទេសចរណ៍សហគមន៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរនៅចុងសប្តាហ៍។

ដើម្បីបន្តកម្មវិធីថ្ងៃនេះយើងខ្ញុំនឹងចំណាយពេលណែនាំដល់មិត្តអ្នកអានអំពីអត្ថបទដោយមានចម្លើយល្អនិងគួរឱ្យចាប់អារម្មណ៍ចំពោះសំនួរនីមួយៗក្នុងការការប្រឡង "តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាមឆ្នាំ ២០២០" ។ ជាពិសេស អត្ថបទនៅសប្តាហ៍នេះសូមផ្តោតលើចម្លើយល្អបំផុតចំពោះសំណួរអំពីការបង្ការនិងទប់ស្កាក់ជំងឺកូវីដ១៩ (Covid-19) នៅវៀតណាម។

ឈូងសមុទ្រ Ha Long ខេត្ត Quang Ninh (រូបថត៖ kienthuc.net.vn)

មិត្តអ្នកស្តាប់ជាទីគោរព! អត្ថបទដែលឆ្លើយសំនួរនេះ ភាគច្រើនវាយ តំលៃថាប្រទេសវៀតណាមបានគ្រប់គ្រងដោយជោគជ័យនូវជំងឺរាតត្បាតសកល ហើយក៏ក្លាយទៅជាចំណុចភ្លឺស្វាងដ៏កម្រនិងជាក្តីសង្ឃឹមសំរាប់ជ័យជំនះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ ពន្យល់អំពីជោគជ័យនេះ មិត្តអ្នកស្តាប់ទាំងអស់បានលើកឡើងថារដ្ឋាភិបាលវៀតណាមមានដំណោះស្រាយយ៉ាងម៉ឺងម៉ាត់ ទាន់ពេលវេលានិងមានប្រសិទ្ធភាពដើម្បីទប់ស្កាត់នឹងជំងឺរាតត្បាត ដូចជាការបិទព្រំដែន ធ្វើការចត្តាឡីស័ក និងរក្សាគម្លាតសង្គមជាដើម។ វិធានការទាំងនេះរបស់រដ្ឋាភិបាលវៀតណាមបានបង្ហាញការគោរពខ្ពស់ចំពោះអាយុជីវិតនិងសុខភាពរបស់ប្រជាជននិងពោរពេញទៅដោយលក្ខណៈមនុស្សធម៍ផងដែរ។ ជាក់ស្តែងមិត្តអ្នកស្តាប់ Xuē Fèi (ជនជាតិចិន) បានវាយតម្លៃថា៖បន្ទាប់ពីជំងឺរាតត្បាតបានផ្ទុះឡើង រដ្ឋាភិបាលវៀតណាមតែងតែប្រកាន់ខ្ជាប់តាមទស្សនៈបើកចំហរ និងតម្លាភាព ព្រមទាំងលើកកំពស់ស្មារតីទទួលខុសត្រូវ និងប្រកាសស្ថានភាពរាតត្បាតទាំងក្នុងនិងក្រៅប្រទេសទាន់ពេលវេលា ក៏ដូចជាចែករំលែកលទ្ធផលនៃការស្រាវជ្រាវវ៉ាក់សាំងសម្រាប់ការបង្ការជំងឺរាតត្បាតយ៉ាងឆាប់រហ័ និងឆ្លើយតបយ៉ាងសកម្មចំពោះការចាប់អារម្មណ៍របស់មិត្តភក្តិអន្តរជាតិផងដែរ។ ម្យ៉ាងវិញទៀត វៀតណាមក៏តភ្ជាប់ទំនាក់ទំនងជាទៀងទាត់ជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីចែករំលែកបទពិសោធន៍ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាមួយប្រទេសដទៃទៀតឲ្យបានទាន់ពេលវេលាផងដែរ»

លោកអ្នកនាងជាទីមេត្រី! ជាថ្មីម្តងទៀតសូមថ្លែងអំណរគុណចំពោះការធ្វើរូមដំណើររបស់មិត្តអ្នកអានទាំងអស់។ យើងខ្ញុំសង្ឃឹមថាលោកអ្នកនាងបានពេញចិត្ត ចំពោះព័ត៌មាន ខាងលើនេះ រាល់សំនួរនិងយោបល់របស់លោកអ្នកសូមអញ្ជើញផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ នៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬក៏អ៊ីម៉ែលទៅកាន់ អាស័យដ្ឋាន៖ vov5khmer @gmail.com។