ក្នុងប៉ុន្មានថ្ងៃនេះ ផ្លូវថ្នល់នៃទីក្រុងហាណូយត្រូវបានតុបតែងលម្អដោយរូបរាងថ្មី ជាមួយនឹងពណ៌ក្រហមនៃទង់ជាតិ បដា និងផ្ទាំងរូបភាព ស្វាគមន៍មហាសន្និបាតលើកទី១៤ របស់ បក្ស។ បរិយាកាសអបអរសាទរមហាសន្និបាតបានរីកសាយភាយពាសពេញផ្ទះ និងគ្រប់ច្រកល្ហកនីមួយៗ ដែលឆ្លុះបញ្ចាំងពីជំនឿជាក់ និងមោទនភាពរបស់ប្រជាជនទីក្រុងហាណូយទៅលើព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះរបស់ប្រទេសជាតិ។ លោក ហ្វាម ទួន ឡុង នាយកមន្ទីរវប្បធម៌ និងកីឡាទីក្រុងហាណូយ បានឲ្យដឹងថា៖ “ក្នុងការរៀបចំសម្រាប់មហាសន្និបាតលើកទី១៤ របស់បក្ស ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ទីក្រុងហាណូយបានតុបតែង និងផ្សព្វផ្សាយអ្វីៗ ដែលពាក់ព័ន្ធនឹងមហាសន្និបាត។ យើងបានដាក់ពង្រាយគ្រឿងតុបតែងទាំងនេះតាមបណ្តោយផ្លូវដែលនាំ ទៅដល់មជ្ឈមណ្ឌលសន្និបាតជាតិ មជ្ឈមណ្ឌលនៃឃុំ និងសង្កាត់ចំនួន ១២៦ នៃទីក្រុងហាណូយ ក៏ដូចជា នៅតាមដងផ្លូវសំខាន់ៗផងដែរ។ រហូតមកដល់បច្ចុប្បន្ន ការងារនេះត្រូវបានបង្ហើយ”។
ជាមួយនឹងសមិទ្ធផលដ៏ធំធេង និងការសម្រេចចិត្តត្រឹមត្រូវដែលបានធ្វើឡើងក្នុងអំឡុងពេលកន្លងមក ប្រជាជនទីក្រុងហាណូយជឿជាក់ថា មហាសន្និបាតនឹងទទួលបានជោគជ័យយ៉ាងធំធេង ដោយបន្តកំណត់ គោលនយោបាយ និងទិសដៅសំខាន់ៗ ដើម្បីកសាងប្រទេសឱ្យកាន់តែសម្បូររុងរឿង។ លោកស្រី ហ្វាម ហាញ់ ធួស រស់នៅក្នុងសង្កាត់ ប៉ាឌិញ ទីក្រុងហាណូយ និងលោក ហ្វៀន វ៉ាន ធួត នៅក្នុងសង្កាត់ហ័នគៀម ទីក្រុងហាណូយ បានឲ្យដឹងថា៖
“ខ្ញុំឃើញថា ការងារត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្សនៅទីក្រុងហាណូយ គឺមានការយកចិត្តទុកដាក់យ៉ាងខ្លាំងណាស់។ ប្រជាជនមានការរីករាយយ៉ាងខ្លាំងនៅពេលឃើញពាក្យស្លោក បដា ទង់ជាតិ និងទង់បក្ស... ក្នុងនាមជាយុវជនម្នាក់ ខ្ញុំពិតជារីករាយណាស់ដែលបានស្ថិតនៅក្នុងបរិយាកាសនៃមហាសន្និបាត។ ខ្ញុំមានអារម្មណ៍ថា នេះកិត្តិយសដែលបានឃើញប្រទេសរបស់យើងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី”។
“ខ្ញុំមិននឹកស្មានថា ប្រជាជនរបស់យើងចាប់អារម្មណ៍នឹងមហាសន្និបាតលើកទី ១៤ របស់ បក្សយ៉ាងដូច្នេះឡើយ។ យើងជឿជាក់ថា មហាសន្និបាតនេះគឺជាយុគសម័យថ្មីមួយ ជាយុគសម័យនៃវឌ្ឍនភាពជាតិ ធ្វើឲ្យសេដ្ឋកិច្ចមានការអភិវឌ្ឍ ហើយប្រទេសជាតិមានសន្តិសុខ និងសន្តិភាព។ ដូច្នេះ ប្រជាជនសង្ឃឹមថា មហាសន្និបាតលើកទី ១៤ របស់បក្សនឹងជ្រើសរើសដោយប្រុងប្រយ័ត្នអ្នកដែលមានទេពកោសល្យ មានចក្ខុវិស័យ មានគុណធម៌ មានសមត្ថភាព សម្រាប់ដឹកនាំប្រជាជន”។
រួមជាមួយប្រជាជនដទៃទៀតនៃប្រទេសជាតិឆ្ពោះទៅមហាសន្និបាត ភូមិជនជាតិភាគតិចនៃខេត្តដាក់ឡាក់បានបង្កើនចលនា ដើម្បីកសាងរបៀបរស់នៅប្រកបដោយវប្បធម៌ ថែរក្សាបរិស្ថាន និងកសាងផែនមហាសាមគ្គីជនជាតិទាំងមូល។ លោកស្រី ហ លី អា គ្នុល លេខាធិការនៃសាខាយុវជនភូមិ ដ្រាង ផុក ឃុំ បួនដុន ខេត្ត ដាក់ឡាក់ បានចែករំលែកថា៖
“សមាជិកសម្ព័ន្ធយុវជនភូមិ ដ្រាង ផុក បានអនុវត្តន៍ជាក់ស្តែងនូវសកម្មភាពជាច្រើន ដូចជាការសម្អាតភូមិ និងផ្សព្វផ្សាយឲ្យប្រជាជនអបអរសាទរមហាសន្និបាតលើកទី ១៤ របស់បក្ស។ យើងសង្ឃឹមថា មហាសន្និបាតនឹងមានគោលនយោបាយជាច្រើន ដើម្បីជួយដល់យុវជននៅតំបន់ព្រំដែន ដោយផ្តល់ឱកាសឱ្យពួកគេ ចាប់ផ្តើមអាជីវកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់គ្រួសារ និងភូមិរបស់ខ្លួន”។
ពីតំបន់ កាមៅ – ប៉ូលខាងត្បូងបំផុតនៃមាតុភូមិ លោកស្រី ង្វៀន ត្រាង អាន់ ធូអនុលេខាធិការសម្ព័ន្ធយុវជនខេត្ត កាមៅ ជឿជាក់ថា មហាសន្និបាតលើកទី ១៤ របស់បក្សគឺជាមូលដ្ឋានគ្រឹះនៃជំនឿ និងជាប្រភពនៃក្តីសង្ឃឹមសម្រាប់ប្រជាជន ទៅលើគោលនយោបាយជាក់ស្តែង និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីដឹកនាំមាតុភូមិ និងប្រទេសជាតិចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
“ក្នុងនាមជាសមាជិកសម្ព័ន្ធយុវជននៅ "ប៉ូលខាងត្បូងបំផុតនៃមាតុភូមិ" រូបខ្ញុំផ្ទាល់សង្ឃឹមថា មហាសន្និបាតនឹងមានការសម្រេចចិត្ត និងគោលនយោបាយថ្មីៗ ជាច្រើនទៀត ដោយផ្តល់អាទិភាពដល់ការងារឃោសនា និងការអប់រំសម្រាប់សមាជិកសម្ព័ន្ធយុវជន ក៏ដូចជាគោលនយោបាយ ជួយឧបត្ថម្ភវិជ្ជាជីវៈ ការងារ និងសហគ្រិនភាពសម្រាប់យុវជន។ ខ្ញុំសង្ឃឹមថា នឹងមានបន្ថែម សេចក្តីសម្រេចចិត្ត ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការអភិវឌ្ឍ កាមៅ នាពេលអនាគត ដើម្បីឱ្យ កាមៅ អាចក្លាយជាបង្គោលកំណើនបៃតង”។
ប្រជាជនទូទាំងប្រទេសកំពុងឆ្ពោះទៅមហាសន្និបាតលើកទី ១៤ របស់បក្ស ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលនឹងនាំមកនូវយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ ដោយឆ្ពោះទៅ សម្រេចគោលដៅយុទ្ធសាស្ត្រពីរ នៃ ១០០ ឆ្នាំខាងមុខ៖ ខិតខំក្លាយជាប្រទេសឧស្សាហកម្មដែលមានប្រាក់ចំណូលខ្ពស់-មធ្យមនៅឆ្នាំ ២០៣០ ខួបលើកទី ១០០ នៃការបង្កើតបក្ស (១៩៣០-២០៣០) និងនៅឆ្នាំ ២០៤៥ ខួបលើកទី ១០០ នៃការបង្កើតប្រទេសជាតិ (១៩៤៥-២០៤៥) វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់ ជាប្រទេសសម្បូរធូធារ វិបុលភាព អរិយធម៌ និងសុភមង្គល៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ