សិប្បការិនី នាង ចាន់ទី ណែនាំផលិតផលរបស់សហករណ៍ (រូបថត៖ ង៉ុកអាញ/VOV5) |
កើតនៅឆ្នាំ ១៩៨៣ គ្រួសាររបស់សិប្បការិនីនាង ចាន់ទី បានប្រកមុខរបរសិប្បកម្មត្បាញក្រណាត់ចរបាប់អស់រយៈពេល ៤ ជំនាន់មកហើយ។ យោងតាមសិប្បការិនី នាង ចាន់ទី លក្ខណៈពិសេសនៃក្រណាត់ចរបាប់ខ្មែរគឺលំនាំស្មុគស្មាញ ដែលបង្កបដោយតម្លៃជំនឿ និងវប្បធម៌យូរអង្វែង ចាប់ពីរូបភាពវត្តអារ៉ាម ផ្កា ស្លឹកឈើ ឬរូបចម្លាក់ព្រះពុទ្ធ។ បច្ចេកទេសជ្រលក់ពណ៌ពិសេសនេះប្រើប្រាស់ថ្នាំជ្រលក់ប្រពៃណីដែលមានប្រភពមកពីធម្មជាតិ ដែលធ្វើឲ្យសូត្រមានពន្លឺចែងចាំង រលោង ឆើតឆាយ ធន់នឹងការរហែក ឬការប្រេះស្រាំ ហើយប្រាស់បានយូរ។
សិប្បការិនី នាង ចាន់ទី គឺជាអ្នកថែរក្សាមុខរបរត្បាញប្រពៃណីតាមរយៈការថែរក្សាបច្ចេកទេសបុរាណ និងច្នៃប្រឌិតផលិតផល (ផ្សំលំនាំប្រពៃណីជាមួយនឹងគ្រឿងបន្ថែមទំនើបៗ រួមទាំងប្រើប្រាស់ថ្នាំជ្រលក់ធម្មជាតិ)។ នាងបានបញ្ចូលលំនាំប្រពៃណីយ៉ាងប៉ិនប្រសប់ទៅក្នុងផលិតផលទំនើបៗ (កាបូបដៃ កាបូបលុយ អាវធំ)។ ការច្នៃប្រឌិតដ៏លេចធ្លោរបស់នាងគឺការប្រើប្រាស់ថ្នាំជ្រលក់ធម្មជាតិផ្សំជាមួយអំបោះកប្បាសទំនើប ដែលកាត់បន្ថយពេលវេលាផលិត ខណៈពេលដែលនៅតែរក្សាបាននូវលក្ខណៈពីសេសនៃក្រណាត់ចរបាប់ខ្មែរ។ ដោយសារតែទេពកោសល្យ និងកិត្យានុភាពរបស់ខ្លួន សិប្បការិនី នាង ចាន់ ទី ត្រូវបានអាជ្ញាធរមូលដ្ឋានជ្រើសរើសជាគ្រូបង្រៀន និងបណ្តុះបណ្តាលសិប្បកម្មនេះឲ្យអ្នកភូមិផងដែរ។
កុមារម្នាក់រៀនត្បាញចរបាប់ខ្មែរពីជីដូន និងម្តាយ (រូបថត៖ VOV) |
"រដ្ឋាភិបាលបានជ្រើសរើសខ្ញុំឱ្យធ្វើជាគ្រូបង្រៀន ដើម្បីបង្រៀនមុខរបរត្បាញដល់អ្នកភូមិទាំងអស់គ្នា។ ពួកគេមកផ្ទះរបស់ខ្ញុំដើម្បីរៀនសិប្បកម្មនេះ។ មុខរបរត្បាញ់ត្រូវឆ្លងកាត់ ជំហានចំនួន ១៧ ដែលពិបាកបំផុតគឺជំហានគូលំនាំ ការជ្រលក់ពណ៌សូត្រ និងការបកសំឡី ដោយមានតែមនុស្សពីរនាក់នៅក្នុងភូមិទេ ដែលស្គាល់ពីរបៀបធ្វើ។ ខ្ញុំចង់ឱ្យរដ្ឋាភិបាលបើកថ្នាក់រៀនបន្ថែមទៀត ដើម្បីជួយអ្នកភូមិក្នុងការធ្វើជាម្ចាស់សិប្បកម្ម និងថែរក្សាសិប្បកម្មប្រពៃណីរបស់ក្រុមជនជាតិខ្លួន។ ស្ត្រីដែលប្រកបមុខរបរបនេះនឹងថែរក្សាសិប្បកម្មប្រពៃណីរបស់ក្រុមជនជាតិខ្លួនបាន។ ខ្ញុំបានទទួលប័ណ្ណកោតសរសើរថ្នាក់ខេត្ត ឃុំ និងភូមិ"។
អ្នកស្រី នាង សុខ គុន ជាអ្នកស្រុកម្នាក់នៅឃុំ អានគឺ ដែលបានទទួលការបង្រៀនសិប្បកម្មនេះពីសិប្បការិនី នាង ចាន់ ទី បាននិយាយថា៖ "បងស្រីបានបង្រៀនតាមរបៀបងាយយល់។ គាត់បង្រៀនដោយឥតគិតថ្លៃ អ្នក ណាក៏អាចមករៀនបានដែរ។ បងស្រីមានចិត្តល្អ មានទេពកោសល្យ រួសរាយរាក់ទាក់ និងតែងតែមានឆន្ទៈជួយអ្នកដទៃ”។
ដើម្បីលើកកម្ពស់សិប្បកម្មប្រពៃណីរបស់គ្រួសារ អ្នកស្រី នាង ចាន់ទី បានបង្កើតផលិតផលត្បាញជាច្រើនប្រភេទ និងសម្បូរបែប។ នាងក៏ចូលរួមយ៉ាងសកម្មក្នុងពិព័រណ៍ និងការតាំងពិព័រណ៍ ដើម្បីណែនាំ និងផ្សព្វផ្សាយផលិតផលត្បាញចរបាប់របស់ជនជាតិខ្មែរ។ ទន្ទឹមជាមួយគ្នានោះ ផ្សំជាមួយនឹងការអភិវឌ្ឍទេសចរណ៍ ដើម្បីនាំអ្នកទស្សនាមកទស្សនាភូមិសិប្បកម្ម។ តាមរយៈនេះ នាងបានរួមចំណែកដល់ការអភិរក្ស និងអភិវឌ្ឍសិប្បកម្មត្បាញចរបាប់ប្រពៃណីរបស់ក្រុមជនជាតិខ្មែរ។ លោក ង្វៀន យី ផុង ប្រធានគណៈកម្មាធិការប្រជាជនឃុំអានគឺ បានឲ្យដឹងថា៖ “សិប្បការិនីរូបនេះបានជួយយុវជនខ្មែរឲ្យយល់ថា សិប្បកម្មត្បាញក្រណាត់ចរបាប់ ក្រៅពីការផ្តល់ប្រាក់ចំណូល ក៏ជាប្រភពនៃមោទនភាព និងនាំមកនូវអត្តសញ្ញាណដល់ក្រុមជនជាតិខ្លួនផងដែរ។ បច្ចុប្បន្ននេះ សិប្បករដែលមានជំនាញខ្ពស់គឺតិចតួចណាស់។ ដូច្នេះ ឃុំលើកទឹកចិត្តពួកគេឱ្យបន្តថែរក្សា និងបង្រៀនបច្ចេកទេសត្បាញប្រពៃណីដល់យុវជនជំនាន់ក្រោយ ជាពិសេសលំនាំ និងការរចនាប្លែកៗរបស់ភូមិ”។
លោក ង្វៀន យីផុង ប្រធានគណៈកម្មាធិការប្រជាជនឃុំអានគឺ ផ្តល់ព័ត៌មានអំពីផែនការអភិរក្ស និងអភិវឌ្ឍនិងអភិវឌ្ឍភូមិសិប្បកម្មត្បាញចរបាប់ (រូបថត៖ VOV) |
នៅឆ្នាំ ២០០០ អ្នកស្រី នាង ចាន់ ទី និងប្រជាជនក្នុងតំបន់មួយចំនួនបានបង្កើតសហករណ៍ត្បាញក្រណាត់ចរបាប់ខ្មែរ វ៉ាន់យ៉ាវ។ នៅឆ្នាំ ២០០៦ សហករណ៍នេះត្រូវបានមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្តអានយ៉ាង កសាងនិងការពារពាណិជ្ជសញ្ញារួមសម្រាប់ផលិតផល “សូត្រក្រណាត់ចរបាប់វ៉ាន់យ៉ាវ” ។ នៅឆ្នាំ ២០២៣ ផលិតផលសារុងក្រណាត់ខ្មែរ វ៉ាន់យ៉ាវទទួលបានស្តង់ដាកម្មវិធីជាតិឃុំមួយផលិតផលមួយ ផ្កាយក្រោមកម្មវិធីជាតិមួយឃុំមួយផលិតផល (OCOP) ផ្កាយ ៣។ បច្ចុប្បន្ននេះ ក្រណាត់ចរបាប់ខ្មែរ វ៉ាន់យ៉ាវ ក្រោមពាណិជ្ជសញ្ញា "Silk Khmer" មិនត្រឹមតែត្រូវបានលក់នៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ដូចជាប្រទេសថៃ កម្ពុជា និងមីយ៉ាន់ម៉ាផងដែរ។ សម្រេចបានសមិទ្ធផលនេះ មានការចូលរួមចំណែកយ៉ាងសំខាន់របស់សិប្បការិនី នាង ចាន់ទី។ អ្នកស្រី នាង ចាញ់ ដា ទី ប្រធានសហករណ៍ត្បាញចរបាប់ខ្មែរ វ៉ាន់យ៉ាវ នៅក្នុងឃុំ អានគឺខេត្ត អានយ៉ាង បានឲ្យដឹងថា៖ "សិប្បការិនី នាងចាន់ ទី មានជំនាញពូកែណាស់ ហើយត្បាញក្រណាត់ដ៏ស្រស់ស្អាត។ នាងអាចធ្វើការរចនាណាមួយ ដែលអតិថិជននិយមចូលចិត្ត។ នាងគឺជាអ្នកត្បាញដ៏ពូកែបំផុតនៅក្នុងភូមិ។ នាងស្លូតបូត្រ និងគួរឱ្យស្រឡាញ់។ មនុស្សគ្រប់គ្នាស្រឡាញ់រាប់អានជាមួយនាង។ នាងបានបង្រៀនសិប្បកម្មនេះដល់សិក្ខាកាម។ រដ្ឋាភិបាលបានអញ្ជើញគាត់ឱ្យបង្រៀន ហើយថ្នាក់នេះមានមនុស្ស ៣០ នាក់"។
សម្រាប់សិប្បការិនី នាង ចាន់ទី ក្រណាត់ចរបាប់ប្រពៃណីនីមួយៗ មិនមែនគ្រាន់តែជាផលិតផលសិប្បកម្មប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជានិមិត្តរូបវប្បធម៌របស់ប្រជាជនខ្មែរទៀតផង។ ក្រៅពីការថែរក្សា អភិរក្ស និងអភិវឌ្ឍន៍សិប្បកម្មត្បាញប្រពៃណី សិប្បការិនី នាង ចាន់ទី ក៏បង្កើតការងារផងដែរ ដោយជួយស្ត្រីក្នុងមូលដ្ឋានជាច្រើនរកប្រាក់ចំណូលបន្ថែម និងកែលំអរជីវភាពរស់នៅប្រចាំថ្ងៃ។ ជាមួយនឹងការចូលរួមចំណែករបស់នាងចំពោះសង្គម សិប្បការិនី នាង ចាន់ទី ត្រូវបានអាជ្ញាធរមូលដ្ឋាន ផ្តល់ប័ណ្ណសរសើរថ្នាក់ខេត្ត ឃុំ និងភូមិ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


