លោកស្រី ទ្រៀវ ធី ម៉ាន់ (កណ្តាល) តែងតែយកចិត្តទុកដាក់ និងជិតស្និទ្ធ ជាមួយអ្នកភូមិ (រូបថត៖ កុងលួន/VOV-ភាគឦសាន) |
ដោយមានប្រាជ្ញាវាងវៃ ស្វាហាប់ និងលះបង់យ៉ាងស្មោះស្ម័គ្រចំពោះកិច្ចការភូមិ ក្នុងឆ្នាំ ២០០៦ លោកស្រី ទ្រៀវ ធី ម៉ាន់ ត្រូវបានប្រជាជនភូមិ ភៀងផាង ទុកចិត្ត ហើយត្រូវបានជ្រើសតាំងជាលេខាសាខាបក្ស។ អស់រយៈពេលជិត ២០ ឆ្នាំកាន់តំណែងនេះ លោកស្រីបានធ្វើការជាប់លាប់ជាមួយកម្មាភិបាលនិងបក្ខជន ដើម្បីណែនាំ និងចលនាប្រជាជនឱ្យអនុវត្តចលនាក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។
នៅឆ្នាំ ២០២០ នៅពេលដែលផែនការសាងសង់ផ្លូវពីមជ្ឈមណ្ឌលឃុំទៅកាន់ ភៀងផាង ត្រូវបានអនុវត្ត គ្រួសារជាច្រើនមានការព្រួយបារម្ភ ព្រោះគម្រោងនេះនឹងប៉ះពាល់ដោយផ្ទាល់ដល់ដីស្រែចម្ការរបស់ពួកគេ។ ដោយយល់ឃើញពីកង្វល់របស់អ្នកភូមិ អ្នកស្រី ទ្រៀវ ធី ម៉ាន់ បានចុះទៅផ្ទះនីមួយៗ ដោយពន្យល់អំពីសារៈសំខាន់រយៈពេលវែងនៃការសាងសង់ផ្លូវសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ។ ជាលទ្ធផល គ្រួសារទាំង ១០០% បានយល់ព្រមបរិច្ចាគដី ដែលជួយសម្រួលដល់ការអនុវត្តគម្រោងនេះដោយរលូន។
ពូជអង្ករដំណើបសរីរាង្គ តាយ ត្រូវបានលោកស្រី ម៉ាន់ និងជនជាតិយ៉ាវអភិរក្ស និងអភិវឌ្ឍ (រូបថត៖ កុងលួន/VOV-ភាគឦសាន) |
ចែករំលែកសេចក្តីរីករាយរបស់ខ្លួន អ្នកស្រី ទ្រៀវ ធីម៉ាន់ បានឲ្យដឹងថា៖ "អ្នកភូមិទាំងអស់សុទ្ធតែបានគាំទ្រគម្រោងនេះ។ ប្រជាជនទាំង ១០០% បានបរិច្ចាគដីសម្រាប់ការសាងសង់។ ការដឹកជញ្ជូនទំនិញឥឡូវនេះកាន់តែងាយស្រួល ហើយការធ្វើដំណើរក៏កាន់តែងាយស្រួល។ ខ្ញុំក៏ចង់បន្តចលនា និងផ្សព្វផ្សាយឲ្យអ្នកភូមិក្នុងទិសដៅថ្មីផងដែរ ដូចជាការចូលរួមក្នុងចលនាដែលរួមចំណែកដល់កម្មវិធីអភិវឌ្ឍន៍ជនបទថ្មី"។
ក្នុងតួនាទីរបស់ខ្លួន លោកស្រីំ ម៉ាន តែងតែលើកតម្កើងស្មារតីទទួលខុសត្រូវ និងធ្វើជាគំរូជាបក្ខនារី ដោយនាំមុខក្នុងសកម្មភាពទាំងអស់នៅក្នុងភូមិ។ ដោយមិនរាថយនឹងការលំបាកឡើយ មិនថាថ្ងៃឬយប់ ភ្លៀងឬថ្ងៃក្តៅ... លោកស្រី ទ្រៀវ ធី ម៉ាន់ បានបន្តចុះទៅគ្រប់គ្រួសារ ដើម្បីផ្សព្វផ្សាយ ប្រមូលផ្តុំ និងពន្យល់អំពីគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្សនិងរដ្ឋ ដោយពាក្យសម្ដីដ៏ស្មោះត្រង់ សាមញ្ញ និងងាយយល់។ ភាពស្និទ្ធស្នាល និងភាពស្មោះត្រង់ទាំងនេះ បានជួយជនរួមជាតិយ៉ាវ នៅក្នុងភូមិឱ្យជឿទុកចិត្តលើការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន ដោយហេតុនេះប្រជាជនបានស្រុះចិត្តគំនិតគ្នាក្នុងការអនុវត្តផងដែរ។
ប្រជាជននៅភៀងផាង កំពុងផ្លាស់ប្តូរជីវភាពរស់នៅបន្តិចម្តងៗ ជាមួយនឹងការអភិវឌ្ឍផលិតផល OCOP (រូបថត៖ កុងលួន/VOV-ភាគឦសាន) |
អ្នកស្រី ទ្រៀវ ធី ឌាវ ជាអ្នកភូមិ ភៀងផាង បានវាយតម្លៃថា ៖ “លោកស្រី ទ្រៀវ ធីម៉ាន់ មានភាពស្វាហាប់យ៉ាងខ្លាំងចំពោះការងារភូមិ សូម្បីតែចេញទៅក្រៅនៅពេល យប់ ដើម្បីប្រមូលផ្តុំអ្នកភូមិក៏ដោយ។ នៅពេលចលនាប្រជាជនបរិច្ជាកដីធ្លីសម្រាប់ធ្វើផ្លូវថ្នល់ លោកស្រីគឺជាអ្នកដំបូងគេដែលបានបរិច្ចាគដីមួយផ្នែកសម្រាប់សួនកុមារ និងទីលានបាល់ទះរបស់ភូមិ។ ដោយឃើញបែបនេះ បងបង្អូនប្រជាជនគ្រប់គ្នាបានឆ្លើយតបយ៉ាងរីករាយ ដោយបរិច្ចាគដីដើម្បី បើកផ្លូវ ធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួលជាង”។
ភូមិភៀងផាង បច្ចុប្បន្នមានគ្រួសារចំនួន ១១២ ដែលភាគច្រើនជាជនជាតិយ៉ាវ។ ពីមុន នេះ ប្រជាជនបានប្រឈមមុខនឹងការលំបាកជាច្រើន ដោយសេដ្ឋកិច្ចរបស់ពួកគេពឹងផ្អែកជាចម្បងលើការធ្វើស្រែចម្ការ ដែលបណ្តាលឱ្យមានប្រាក់ចំណូលមិនស្ថិតស្ថេរ និងអត្រាភាពក្រីក្រខ្ពស់។ ពីស្ថានភាពជាក់ស្តែងនោះ លោកស្រី ទ្រៀវ ធីម៉ាន់ និងសាខាបក្សបានពិភាក្សា និងស្វែងរកទិសដៅសមស្របសម្រាប់ស្ថានភាពក្នុងតំបន់ ដោយលើកទឹកចិត្តប្រជាជនឱ្យផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ លោកស្រីបានផ្សព្វផ្សាយ និងណែនាំប្រជាជនដោយផ្ទាល់ក្នុងការអនុវត្តវឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅក្នុងផលិតកម្ម ការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ ដោយនាំពូជដំណាំដែលមានតម្លៃខ្ពស់ទៅក្នុងវិស័យដាំដុះ។
ភូមិយ៉ាវសព្វថ្ងៃនេះ មានការរីកចំរើនគ្រប់ទិដ្ឋភាពទាំងខាងជីវភាពរស់នៅ និងខាងសេដ្ឋកិច្ច (រូបថត៖ កុងលួន/VOV-ភាគឦសាន) |
រហូតមកដល់បច្ចុប្បន្ន ភូមិមានគ្រួសារចំនួន ៣០ ដែលជាសមាជិកនៃសហករណ៍ អៀន យឿង ដោយផ្តោតលើការអភិវឌ្ឍផលិតផលរឹងមាំដូចជា អង្ករដំណើប តាយ សរីរាង្គ មីសួរធ្វើដោយដៃ និងបទពិសោធន៍ទេសចរណ៍សហគមន៍។ ដោយឡែក អង្ករដំណើប តាយ សរីរាង្គ ត្រូវបានទទួលស្គាល់ថាជាផលិតផល OCOP ផ្កាយ ៤ ដែលលក់នៅក្នុងតំបន់ជាច្រើន រួមចំណែកដល់ការកែលម្អជីភាពរស់នៅរបស់សមាជិកជាមួយនឹងប្រាក់ចំណូលជាមធ្យម ៤-៥ លានដុង (១៥០-២០០ ដុល្លារអាមេរិក)/នាក់/ខែ។ លោក ដាំង វ៉ាន់ គឿង លេខាសាខាបក្សភូមិភៀងផាង បានឲ្យដឹងថា៖ “លោកស្រី ទ្រៀវ ធី ម៉ាន់ តែងតែជាគំរូល្អក្នុងសកម្មភាពភូមិ ដោយដឹកនាំនិងចលនាអ្នកភូមិយ៉ាងសកម្ម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ លោកស្រីផ្ទាល់ក៏ជាសមាជិកនៃសហករណ៍ផងដែរ ដោយតែងតែលើកទឹកចិត្តគ្រួសារឱ្យចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន”។
នៅឆ្នាំនេះ ដោយសារតែសុខភាពធ្លាក់ចុះ លោកស្រី ទ្រៀវ ធី ម៉ាន់ បានលែងពីតំណែងជាលេខាសាខាបក្ស ប៉ុន្តែលោកស្រីនៅតែទទួលបានការទុកចិត្តពីអ្នកភូមិ ហើយត្រូវបានជ្រើសរើសជាអ្នកមានកិត្យានុភាពក្នុងភូមិ។ ក្នុងតួនាទីថ្មី លោកស្រីបន្តចលនាប្រជាជនឱ្យអនុវត្តយ៉ាងតឹងរ៉ឹង នូវគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។ ក្នុងពេលជាមួយគ្នានេះ លោកស្រីណែនាំអ្នកភូមិក្នុងការកសាងរបៀបរស់នៅប្រកបដោយអរិយធម៌ លុបបំបាត់ទំនៀមទម្លាប់ហួសសម័យ និងថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ក្រុមជនជាតិយ៉ាវ រួមទាំងថែរក្សាសិប្បកម្មប៉ាក់របស់ជនជាតិ យ៉ាវ ក្រហម។ អ្នកស្រី ទ្រៀវ ធី តឹម ជនម្នាក់នៅ ភៀងផាង បានចែករំលែកថា៖ “លោកស្រី ម៉ាន់ តែងតែលើកកម្ពស់ និងលើកទឹកចិត្តអ្នកភូមិឱ្យមានភាពលេចធ្លោក្នុងសកម្មភាពសេដ្ឋកិច្ច និងរក្សាអត្តសញ្ញាណជនជាតិខ្លួន។ ពី មុន ប្រជាជនច្រើននាក់នៅតែស្ទាក់ស្ទើរក្នុងការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី ព្រោះខ្លាចត្រូវបានគេចាត់ទុក ថាហួសសម័យ ប៉ុន្តែដោយសារការវិភាគ និងការពន្យល់របស់លោកស្រី ម៉ាន់ អ្នកភូមិយល់ពីតម្លៃរបស់សម្លៀកបំពាក់ប្រពៃណី និងមានអារម្មណ៍មោទនភាពកាន់តែខ្លាំង។ ឥឡូវនេះ ស្ទើរតែគ្រប់គ្រួសារនៅក្នុងភូមិ មានសម្លៀកបំពាក់ប្រពៃណីជនជាតិយ៉ាវ មួយ ឬពីរឈុតផងដែរ”។
ដោយស្មារតីទទួលខុសត្រូវ ភាពស្និទ្ធស្នាលជាមួយប្រជាជន ការជឿទុកចិត្ត និងការគាំទ្រពីប្រជាជន បក្ខនារីជនជាតិយ៉ាវ ទ្រៀវ ធីម៉ាន់ ភូមិភៀងផាង មានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ មុខមាត់ជនបទកាន់តែប្រសើរឡើងបន្តិចម្តងៗ សេចក្តីជំនឿរបស់ប្រជាជនជនជាតិយ៉ាវលើបក្ស និងអាជ្ញាធរមូលដ្ឋានត្រូវបានពង្រឹងបន្តិចម្តងៗ។ ជីវភាពសេដ្ឋកិច្ចរបស់ប្រជាជនបានប្រសើរឡើង ហើយអត្រាភាពក្រីក្របានថយចុះគួរឱ្យកត់សម្គាល់។ លោកស្រី ទ្រៀវ ធីម៉ាន់ ទទួលបានការទទួលស្គាល់ និងពានរង្វាន់ជាច្រើនពីគ្រប់កម្រិត។ ប្រការដែលសំខាន់ជាងនេះទៅទៀត លោកបានក្លាយជាសសរស្តម្ភនៃការជឿទុកចិត្ត ជាស្ពានដ៏រឹងមាំរវាងបក្ស និងប្រជាជន ដែលរួមចំណែកដល់ការបញ្ឆេះសេចក្តីប្រាថ្នាសម្រាប់ជីវភាពដ៏រុងរឿង និងប្រកបដោយចីរភាពសម្រាប់ប្រជាជន ជនជាតិយ៉ាវនៅភៀងផាងផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



