រូបឆាយាល័ក្ខណ៍របស់កវី Tố Hữu និងចំណងជើងបទកំណាព្យល្បីៗរបស់លោកនៅសារមន្ទីរ Tố Hữu។ (រូបថត៖ baovanhoa.vn)

ឈ្មោះពិតរបស់កវី To Huu គឺ Nguyen Kim Thanh។ លោកកើតនៅភូមិ Phu Lai ឃុំ Quang Tho ស្រុក Quang Dien ខេត្ត Thua Thien Hue (ឥឡូវជាឃុំ Quang Dien ទីក្រុង Hue)។ លោក To Huu គឺជាកវីដ៏ល្បីល្បាញរបស់វៀតណាម ហើយក៏ជាអ្នកនយោបាយ ដែលធ្លាប់បានកាន់តំណែងជាអនុប្រធានទីមួយនៃក្រុមប្រឹក្សារដ្ឋមន្ត្រី (ឥឡូវជាឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍)។

លក្ខណៈពិសេសនៃសារមន្ទីរ To Huu គឺថា វានាំមកនូវការទស្សនាក្រោមទិដ្ឋភាពទន្ទឹមគ្នាចំនួនពីរ៖ ទិដ្ឋភាពមួយផ្តោតលើជីវិត និងសកម្មភាពនយោបាយខណៈដែលទិដ្ឋភាពមួយផ្សេងទៀតផ្តោតលើស្នាដៃកំណាព្យរបស់លោក To Huu។ កវី Tran Dang Khoa បានចាត់ទុកថា៖

“សារមន្ទីរនេះឆ្លុះបញ្ចាំងពីទិដ្ឋភាពទន្ទឹមគ្នាទាំងពីររបស់លោក To Huu។ លោកគឺជាសកម្មជនបដិវត្តន៍ ថ្នាក់ដឹកនាំបដិវត្តន៍ផង និងជាកវីម្នាក់ផង។ ពេលមកដល់ទីនេះ យើងនឹងស្វែងយល់អំពីទាំងកវី To Huu ក៏ដូចជាថ្នាក់ដឹកនាំ យុទ្ធជនបដិវត្តន៍ To Huu ផងដែរ”។

តុធ្វើការរបស់កវី Tố Hữu នៅក្នុងសារមន្ទីរ។ (រូបថត៖ baovanhoa.vn)

កន្លែងតាំងពិព័រណ៍នៃសារមន្ទីរត្រូវបានបែងចែកជាពីរផ្នែកសំខាន់ៗ។ ផ្នែកទីមួយបង្កើតឡើងវិញនូវជីវិត និងអាជីពរបស់លោក To Huu តាមរយៈកម្រងកំណាព្យចំនួន ៧ ដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសម័យកាលប្រវត្តិសាស្ត្របដិវត្តន៍របស់ប្រទេសជាតិ។ ឯកសារដើម និងវត្ថុដ៏មានតម្លៃចំនួនរាប់រយ ត្រូវបានគួបផ្សំជាមួយនឹងប្រព័ន្ធសោតទស្សន៍ទំនើប ដែលជួយអ្នកទស្សនាឱ្យយល់ពីមូលហេតុដែលកំណាព្យរបស់លោក តែងតែស៊ីសង្វាក់គ្នាជាមួយនឹងជោគវាសនារបស់ប្រជាជាតិ។ លោកស្រី Nguyen Minh Hong កូនស្រីរបស់លោក To Huu បានចែករំលែកថា៖

“ក្រុមគ្រួសារយើង មានបំណងចង់រីកសាយភាយតម្លៃវប្បធម៌ តម្លៃស្មារតី ក៏ដូចជាទិដ្ឋភាពអំពីទាំងកវី To Huu និងជនបដិវត្តន៍ To Huu។ បំណងប្រាថ្នាតែមួយគត់របស់យើងគឺរីកសាយភាយតម្លៃទាំងនេះដល់មហាជនជាច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ យើងចង់ឱ្យសារមន្ទីរ To Huu ក្លាយជាអាស័យដ្ឋានវប្បធម៌មួយ ដើម្បីឲ្យមនុស្សរាល់គ្នាអាចយល់អំពីកវី To Huu បន្ថែមទៀត”។

ផ្នែកតាំងពិព័រណ៍ទី២ គឺការបង្កើតឡើងវិញនូវបន្ទប់ទទួលភ្ញៀវ និងបន្ទប់ធ្វើការរបស់លោក To Huu នៅផ្ទះលេខ ៧៦ វិថី Phan Dinh Phung (ទីក្រុងហាណូយ) ជាកន្លែងដែលលោកនិងក្រុមគ្រួសារបានរស់នៅចាប់ពីឆ្នាំ ១៩៦០ រហូតដល់ពេលដែលលោកទទួលមរណភាពនៅឆ្នាំ ២០០២។ រូបថតនីមួយៗ ទំព័រឯកសារនីមួយៗ និងវត្ថុនីមួយៗ សុទ្ធតែនិទានរឿងរ៉ាវ អំពីមនុស្សដ៏អស្ចារ្យម្នាក់ដែលជាកវីនៃឧត្តមគតិនិងសេចក្តីប្រាថ្នា។ លោកស្រី Pham Kim Ngan នាយិការងសារមន្ទីរ To Huu បានឲ្យដឹងថា៖

“សារមន្ទីរនេះដាក់តាំងបង្ហាញរបស់របរប្រើប្រាស់ របស់កូនពីរនាក់ របស់អ្នកម្តាយ Tơm ដែលបានចិញ្ចឹមកវី To Huu នៅ Cu Lao Hanh ក្នុងឆ្នាំ ១៩៤២ នៅពេលដែលលោកទើបតែរត់គេចពីពន្ធនាគារ Dak Glei ហើយបានក្លាយជាលេខាគណៈកម្មាធិការបក្សបណ្ដោះអាសន្ននៃខេត្តថាញ់ហ័រ។ កូនប្រុសពីរនាក់របស់អ្នកម្តាយ Tơm បានធ្វើជាជាងកាត់សក់តាមដងផ្លូវ រកប្រាក់ដើម្បីជួយទំនុកបម្រុងកវី To Huu និងសមមិត្តរបស់លោក ហើយក៏ដើម្បីប្រមូលព័ត៌មានពីកន្លែងផ្សេងៗផ្ញើរមកផងដែរ។ នៅពេលនោះ កវី To Huu និងសមមិត្ត បានបោះពុម្ពផ្សាយកាសែត “បណ្តេញសត្រូវឈ្លានពានចេញ” ដែលការចំណាយលើក្រដាសនិងទឹកថ្នាំគឺមកពីប្រាក់កាត់សក់នោះ”។

បទកំណាព្យសរសេរដោយដៃរបស់កវី Tố Hữu។ (រូបថត៖ baovanhoa.vn)

សារមន្ទីរ To Huu មានការតាំងបង្ហាញបែបពហុមេឌា រួមទាំង ការអាន មើលស្តាប់ និងធ្វើអន្តរកម្ម ដែលជួយអ្នកទស្សនាមានអារម្មណ៍ថា ពួកគេហាក់ដូចជាកំពុងស្ដាប់កវី To Huu និទានរឿង និងណែនាំជាជំហានៗក្នុងដំណើររុករកសារមន្ទីរអញ្ចឹង។ សារមន្ទីរ To Huu គឺជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរជាច្រើន រួមទាំងមនុស្សដែលស្រឡាញ់កំណាព្យ គ្រូបង្រៀន សិស្សានុសិស្ស និងនិស្សិតផងដែរ។

“ខ្ញុំគិតថា ដំណើរសិក្សានិងឆ្លងកាត់បទពិសោធន៍លើកនេះ ពិតជាមានអត្ថន័យខ្លាំងណាស់សម្រាប់សិស្សានុសិស្ស។ កវី To Huu គឺជាមោទនភាពរបស់កំណាព្យវៀតណាម ជាពិសេសកំណាព្យបដិវត្តន៍។ សិស្សានុសិស្សមានឱកាសស្វែងយល់រឿងរ៉ាវដ៏រំជួលចិត្តអំពីជីវិតរបស់កវី ហើយបានស្តាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់ប្រទេសជាតិ។

សារមន្ទីរ To Huu មិនត្រឹមតែជាកន្លែងដែលថែរក្សាការចងចាំអំពីកវី និងយុទ្ធជនបដិវត្តន៍ម្នាក់ៗប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលបំផុសឡើងស្មារតីស្នេហាជាតិ និងមោទនភាពជាតិទៀតផង។ នៅទីនេះ អ្នកទស្សនាមិនត្រឹមតែទស្សនាវត្ថុអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះនឹងលំហូរនៃការចងចាំ ហើយស្តាប់ស្នាដៃកំណាព្យដែលត្រូវបានភ្ជាប់នឹងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ៕