ថ្លែងមតិពីទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Thanh Long ប្រធានគណៈកម្មាធិការជាតិបង្ការនិងទប់ស្កាត់ជំងឺអេដស៍ គ្រឿងញៀន និងពេស្យាចារ បានអំពាវនាវដល់ប្រជាជនគ្រប់រូប គ្រប់អង្គភាព គ្រប់សហគមន៍ និងគ្រប់ប្រទេសទាំងអស់ រួមដៃគ្នាចែករំលែកទំនួលខុសត្រូវ ដើម្បីការពារសុខភាពរបស់ខ្លួន និងរបស់សហគមន៍ទាំងមូល។ ទន្ទឹមនឹងនោះ បង្ហាញពីការប្តេជ្ញាចិត្តការពារសុខភាពសាធារណៈ ឆ្ពោះទៅរកសង្គមមួយដោយគ្មានការភ័យខ្លាចនិងការរើសអើងប្រឆាំងនឹងអ្នកផ្ទុកមេរោគ HIV ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Thanh Long។ រូបថត៖ TXVN

ឧបនាយករដ្ឋមន្ត្រីបានស្នើរថា៖ “វិស័យសុខាភិបាលត្រូវបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនក្នុងការទទួលបានសេវាបង្ការនិងប្រយុទ្ធប្រឆាំងមេរោគ HIV /ជំងឺអេដស៍។ កៀរគរការចូលរួមពីអង្គភាពសុខាភិបាលឯកជនក្នុងការព្យាបាលជំងឺ។ ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងមានគោលការណ៍គ្រប់គ្រាន់សម្រាប់ក្រុមដែលធ្វើការក្នុងការការពារនិងប្រឆាំងមេរោគ HIV /ជំងឺអេដស៍។ សម្រាប់អ្នកផ្ទុកមេរោគ HIV ត្រូវមានទស្សនវិស័យវិជ្ជមាននិងការគិតថ្មីអំពីការរស់នៅជាមួយមេរោគអេដស៍ ការលើកកម្ពស់សិទ្ធិនិងការថែទាំសុខភាពសម្រាប់ខ្លួន និងអ្នកដទៃក្នុងស្ថានភាពដូចគ្នា ។ ឆ្ពោះទៅរកសង្គមមួយដោយគ្មានការរើសអើង និងអនាគតដែលគ្មានមេរោគ HIV /ជំងឺអេដស៍”។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Dao Hong Lan។ រូបថត៖ TXVN

ក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Dao Hong Lan បានចាត់ទុកថា បន្ទាប់ពីរយៈពេលជិត ៣៥ ឆ្នាំនៃការអនុវត្តកម្មវិធីបង្ការនិងទប់ស្កាត់មេរោគ HIV និងជំងឺអេដស៍នៅវៀតណាម បានទទួលលទ្ធផលវិជ្ជមានជាច្រើន ទាក់ទាញការយកចិត្តទុកដាក់ពិសេសរបស់អង្គការក្នុងស្រុក និងក្រៅប្រទេសហើយបានក្លាយជាចំណុចភ្លឺក្នុងការបង្ការនិងទប់ស្កាត់មេរោគ HIV /ជំងឺអេដស៍ ក្នុងតំបន់ និងលើពិពលោក៕