ក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត – ចែករំលែកការទទួលខុសត្រូវ – ធានាអនាគត” ពិធីចុះហត្ថលេខាលើអនុសញ្ញា ដោយមានការ ចូលរួមពីប្រទេសប្រហែល ១០០ ជាមួយនឹងប្រតិភូជាង ១០០០ ក្រុមហ៊ុនបច្ចេកវិទ្យា អ្នកស្រាវជ្រាវ អង្គការអន្តរជាតិ និងតំបន់ បានសង្កត់ធ្ងន់ថា ការការពារលំហ អ៊ីនធឺណិតមិនអាចជាការងាររបស់ប្រទេសតែមួយបានទេ។
ប្រធានបទនេះក៏ស្របគ្នានឹងសាររបស់ប្រធានរដ្ឋវៀតណាមលោក Luong Cuong ដែលថា៖ លំហអ៊ីនធឺណិតគឺជាទ្រព្យសម្បត្តិរួមរបស់មនុស្សជាតិ ហើយអាច ការពារប្រកបដោយប្រសិទ្ធភាពធនធាននេះបាន លុះត្រាតែប្រទេសនានាសហការ និងចែករំលែក ការទទួលខុសត្រូវ។
តំណាងគណៈប្រតិភូវៀតណាមថ្លែងសុន្ទរកថាក្នុងពិធីផ្តល់សច្ចាប័នលើអនុសញ្ញាទីក្រុងហាណូយ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅអង្គការសហប្រជាជាតិ។ (រូបថត៖ VNA) |
បើកក្របខណ្ឌច្បាប់ និងសកម្មភាពជាក់ស្តែង
អនុសញ្ញាទីក្រុងហាណូយ បានកំណត់ក្របខ័ណ្ឌច្បាប់ដែលមានជំពូកចំនួន ៩ និងមាត្រាចំនួន ៧១ ដែលគ្រប់គ្រងនិងដាក់ទោសព្រហ្មទ័ណ្ឌលើបទល្មើសតាមអ៊ីនធឺណិត ដូចជា៖ ការចូលប្រើដោយខុសច្បាប់ ការជ្រៀតជ្រែកក្នុងប្រព័ន្ធ ការឆបោក តាមអ៊ីនធឺណិត ការកេងប្រវ័ញ្ចលើកុមារ ជាដើម។ វរសេនីយ៍ត្រី Pham Quang Huy មកពីស្នងការសន្តិសុខតាមអ៊ីនធឺណិត និងប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាខ្ពស់ នៃក្រសួងនគរបាល បាននិយាយថា៖
“ទាក់ទងនឹងវិសាលភាពនៃការគ្រប់គ្រង អនុសញ្ញាទីក្រុងហាណូយបានចែងពីនិយមន័យនៃប្រភេទបទល្មើសថ្មីៗជាច្រើនដែលមិនធ្លាប់បានកំណត់ពីមុនមក។ ឧទាហរណ៍ អំពើលាងលុយកខ្វក់តាមរយៈទ្រព្យសម្បត្តិឌីជីថល។ អនុសញ្ញាទីក្រុង ហាណូយក៏កំណត់យ៉ាងច្បាស់អំពីប្រភេទទិន្នន័យអេឡិចត្រូនិកដែលបានចែករំលែករវាងប្រទេសនានា រួមមាន៖ ទិន្នន័យអ្នកជាវ ទិន្នន័យចរាចរណ៍ ទិន្នន័យមាតិកា ជាពិសេសទិន្នន័យតាមពេលវេលាជាក់ស្តែង។ ទន្ទឹមនឹងនេះ អនុសញ្ញានេះជំរុញ ការប្រតិបត្តិឌីជីថលក្នុងដំណើរការគាំទ្រយុត្តិធម៌អន្តរជាតិ”។
អនុសញ្ញាទីក្រុងហាណូយបានបើកជំពូកថ្មី ទូលំទូលាយជាង យុត្តិធម៌ជាងហើយបានបង្កើនការតភ្ជាប់ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំង បទល្មើសតាមអ៊ីនធឺណិត។ ឧត្តមសេនីយត្រី Le Xuan Minh ប្រធានស្នងការសន្តិសុខ អ៊ីនធឺណិត និងប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាខ្ពស់ នៃក្រសួងនគរបាល បានបញ្ជាក់ថា៖
“អនុសញ្ញាទីក្រុងហាណូយ នឹងក្លាយជាឯកសារច្បាប់ខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិ ហើយការដែលបណ្ដាប្រទេសចូលរួមចុះហត្ថលេខា និងផ្តល់សច្ចាប័ន នៅថ្នាក់ជាតិនោះ នឹងបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ប្រទេសទាំងអស់ក្នុងការអនុវត្ត។ ទន្ទឹមនឹងនោះ ការចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហាណូយក៏បង្ហាញយ៉ាងច្បាស់ អំពីតួនាទី ការទទួលខុសត្រូវ និងការយល់ដឹងរបស់ប្រមុខប្រទេសនានាក្នុងការឆ្លើយ តបនឹងការគំរាមកំហែងធំៗលើសកលលោកផងដែរ”។
វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីប្រែក្លាយការសន្យាអន្តរជាតិទៅជាការពិត
ការដែលអង្គការសហប្រជាជាតិជ្រើសរើសទីក្រុងហាណូយជាកន្លែងបើកការចុះហត្ថលេខាលើអនុសញ្ញានេះ គឺជាការទទួលស្គាល់តួនាទី កិត្យានុភាពនិងការទទួលខុសត្រូវរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណីដែលកំពុងបង្កឲ្យមានផលប៉ះពាល់យ៉ាងជ្រាលជ្រៅដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជុំវិញពិភពលោក។
សម្រាប់វៀតណាម ព្រឹត្តិការណ៍នេះបង្ហាញថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីប្រែក្លាយការសន្យាអន្តរជាតិទាំងនេះ ទៅជាការពិត ចាប់ពីគោលនយោបាយ ច្បាប់ រហូតដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការចូលរួមយ៉ាងពេញលេញក្នុងអនុ សញ្ញា និងសកម្មភាពពាក់ព័ន្ធនឹងជួយបង្កើតបរិយាកាសអ៊ីនធឺណិតប្រកបដោយ សុវត្ថិភាព និងអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរឌីជីថល នៅវៀតណាម។ អនុរដ្ឋមន្ត្រីការបរទេស លោក Dang Hoang Giang បានអះអាងថា៖
“នៅពេលដែលយើងចូលរួមក្នុងដំណើរការនេះ ចូលរួមក្នុងការនាំផ្លូវដំណើរការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត ដែលជាបញ្ហាប្រឈមជាសកលយ៉ាង ដូច្នេះ យើងនឹងប្រមូលផ្ដុំបានធនធាន កិច្ចសហប្រតិបត្តិការបច្ចេកទេស និងធនធាន មនុស្សពីប្រទេសផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត។ តាម នោះ ធានាបាននូវបរិយាកាសសន្តិសុខ សន្តិភាព និងស្ថិរភាពសម្រាប់ប្រទេសក្នុងការ អភិវឌ្ឍ។ យើងក៏នឹងមានឱកាស សិក្សាពីបទពិសោធន៍ និងបច្ចេកវិទ្យារបស់ប្រទេសឈានមុខគេនានា ដើម្បីឆ្លើយតបទៅនឹងបទល្មើសដ៏គ្រោះថ្នាក់ទាំងនេះ”។
អនុសញ្ញាទីក្រុងហាណូយមិនត្រឹមតែបើកក្របខណ្ឌច្បាប់ជាសកលសម្រាប់ការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិតប៉ុណ្ណោះទេ ថែមទាំងបង្កើតនូវសញ្ញាសម្គាល់ផ្នែកការទូតពហុភាគីដ៏សំខាន់សម្រាប់វៀតណាម ជាពិសេសក្នុងដំណើរ ៤៨ឆ្នាំ ដែលវៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិ។ ការដែលវៀតណាម ធ្វើជាម្ចាស់ផ្ទះក្នុងពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហាណូយគឺជាការសន្យាដ៏មុតមាំថា៖ វៀតណាមមិនត្រឹមតែការពារផ្ទៃក្នុងប៉ុណ្ណោះទេ ថែមទាំងនឹងសហការ គាំទ្រអន្តរជាតិ ហើយទទួលយកស្តង់ដារអន្តរជាតិក្នុងសកម្មភាព ដើម្បីលំហ អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
