សប្តាហ៍កំពូល APEC បានបើកជាផ្លូវការនៅថ្ងៃទី ២៧ ខែតុលា នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង ជាមួយនឹងកិច្ចប្រជុំបូកសរុបមន្ត្រីជាន់ខ្ពស់ (CSOM)។ ព្រឹត្តិការណ៍នេះត្រូវបានបន្តដោយកិច្ចប្រជុំរដ្ឋមន្ត្រី APEC (AMM) ហើយជាពិសេសគឺកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC - ជាព្រឹត្តិការណ៍ស្នូលនៃសប្តាហ៍នេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

ជំនួបសំខាន់ៗ

សប្តាហ៍កំពូល APEC ឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិបទដ៏ពិសេស។ នេះគឺជាកិច្ចប្រជុំកំពូលលើកដំបូងរបស់ថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC ចំនួន ២១ រូប ចាប់តាំងពីលោក ដូណាល់ ត្រាំ បានវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទីពីរកាលពីដើមឆ្នាំនេះ ហើយបានចេញផ្សាយគោលនយោបាយពន្ធគយ បានធ្វើឲ្យរង្គោះរង្គើសណ្តាប់ធ្នាប់ពាណិជ្ជកម្មសកល។ នេះក៏ជាលើកដំបូងផងដែរ ដែលលោក ដូណាល់ ត្រាំ គ្រោងនឹងជួបដោយផ្ទាល់ជាមួយប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ចាប់តាំងពីវិលត្រឡប់មកសេតវិមានវិញ ហើយក្នុងពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោកស្រី Sanae Takaichi ក៏នឹងជួបដោយផ្ទាល់ជាលើកដំបូងជាមួយថ្នាក់ដឹកនាំនៃដៃគូសេដ្ឋកិច្ចធំៗជាច្រើន ជាពិសេសគឺចិន និងកូរ៉េខាងត្បូង។

ទាក់ទងនឹងភូមិសាស្ត្រនយោបាយ APEC ក៏បានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការសន្ទនាកម្រិតខ្ពស់រវាងប្រទេសដែលកំពុងជួបការជំពាក់ជំពិនក្នុងទំនាក់ទំនងទ្វេភាគីផងដែរ។ តួនាទីនេះរបស់ APEC ក៏កាន់តែពិសេស នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកលបច្ចុប្បន្ន នៅពេលដែលពិភពលោកទាំងមូលកំពុងទន្ទឹងរង់ចាំកិច្ចព្រមព្រៀងពាណិជ្ជកម្ម (ឬយ៉ាងហោចណាស់គឺក្របខ័ណ្ឌឯកភាពណាមួយ) រវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរ លើពិភពលោកគឺសហរដ្ឋអាមេរិក និងចិន ដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មសកល។ លោក Stephen Nagy សាស្ត្រាចារ្យផ្នែកនយោបាយ និងការសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យគ្រិស្តសាសនាអន្តរជាតិ (ICU) នៅជប៉ុន បានធ្វើអត្ថាធិប្បាយថា៖

“សមាជិក APEC គឺពិតជាសប្បាយចិត្ត ប្រសិនបើលោកប្រធានរដ្ឋ ស៊ី ជីនពីង និងលោកប្រធានាធិបតី ដូណាល់ ត្រាំ អាចមានជំនួបទ្វេភាគី។ តើពួកគេពិភាក្សាអំពីពាណិជ្ជកម្មដែរឬអត់ គឺជារឿងមួយទៀត ប៉ុន្តែអ្វីដែលមនុស្សគ្រប់រូបចង់បានគឺទំនាក់ទំនងអាមេរិក-ចិន មានស្ថិរភាព។ ពួកគេចង់ឃើញសហរដ្ឋអាមេរិក និងចិនពិភាក្សាគ្នាច្រើនថែមទៀតដើម្បីស្វែងរកមធ្យោបាយ វិលត្រឡប់ទៅរកយន្តការសន្ទនាជាយុទ្ធសាស្ត្រអំពីសន្តិសុខ និងសេដ្ឋកិច្ចដែលបានកំណត់ទំនាក់ទំនងអាមេរិក-ចិន មុនពេលដែលរដ្ឋអំណាច Trump អាណត្តិដំបូងបានបញ្ចប់វា”។

ក្រៅពីជំនួបកំពូលអាមេរិក-ចិន ជំនួបមួយចំនួនទៀតក៏បានទាក់ទាញការយកចិត្តទុកដាក់ផងដែរ។ ក្នុងនោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ត្រូវបានគេរំពឹងថា នឹងខិតខំសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-កូរ៉េខាងត្បូង ក្នុងជំនួបជាមួយលោក ដូណាល់ ត្រាំ ព្រមទាំងគ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់កូរ៉េខាងត្បូងក្រោយរយៈពេល ១១ ឆ្នាំ ក៏ដូចជាគ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនថ្មី លោកស្រី Sanae Takaichi ផងដែរ។

ផ្លាស់ប្ដូរថ្មីតួនាទីរបស់ APEC

បញ្ហាទាក់ទងនឹងគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដូចជាជំនួបកំពូលអាមេរិក-ចិន គឺជាការផ្តោតសំខាន់ក្នុងសកម្មភាពការទូតនៅសប្តាហ៍នេះនៅ Gyeongju។ ទោះជាយ៉ាងណាក៏ដោយ សប្តាហ៍កំពូល APEC ឆ្នាំនេះនៅតែមានសកម្មភាពគួរឱ្យកត់សម្គាល់ជាច្រើនទៀតដែរ។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី APEC (AMM) (ថ្ងៃទី ២៩-៣០ ខែតុលា) បណ្ដារដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃសេដ្ឋកិច្ចសមាជិក APEC ទាំង ២១ បានពិភាក្សាអំពីបញ្ហាប្រឈមក្នុងតំបន់ និងវិធានការដើម្បីជំរិញវិបុលភាពរួមគ្នាតាមរយៈកិច្ចសហប្រតិបត្តិការឌីជីថល ព្រមទាំង ស្វែងរកវិធីដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងពង្រីកពាណិជ្ជកម្មផងដែរ។ បន្ទាប់មក កិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC - ដែលជាព្រឹត្តិការណ៍ស្នូលនៃសប្តាហ៍ ទំនងជានឹងអនុម័តលើ "សេចក្តីប្រកាស Gyeongju" ក្នុងបរិបទដែលបញ្ហាប្រឈមកាន់តែខ្លាំងឡើងចំពោះពាណិជ្ជកម្មសេរី និងលិទ្ធិពហុភាគីនិយម។

យោងតាមលោក John Delury អ្នកជំនាញខាងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-ចិន និងបញ្ហានានាលើឧបទ្វីបកូរ៉េ នៅវិទ្យាស្ថានសង្គមអាស៊ី (សហរដ្ឋអាមេរិក) ចាប់តាំងពីវិលត្រឡប់មកសេតវិមានវិញកាលពីដើមឆ្នាំនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិ និងយន្តការពហុភាគីជាច្រើន ជាពិសេសយន្តការរបស់អង្គការសហប្រជាជាតិ ព្រមទាំងផ្តោតការយកចិត្តទុកដាក់ លើការទូតទ្វេភាគីដោយផ្អែកលើការផ្លាស់ប្តូរផលប្រយោជន៍ទៅវិញទៅមក។ ដូច្នេះ ការចូលរួមរបស់លោក ដូណាល់ ត្រាំ នៅកិច្ចប្រជុំកំពូល APEC ឆ្នាំនេះ ជាមួយមេដឹកនាំជាន់ខ្ពស់ជាច្រើននៃខឿនសេដ្ឋកិច្ចផ្សេងទៀត គឺជាពេលវេលាដែល APEC ត្រូវឆ្លៀតយកដើម្បីផ្លាស់ប្ដូរថ្មីតួនាទីរបស់ខ្លួន។

“ដោយសាររដ្ឋាបាលរបស់លោក Trump កំពុងមានកាយវិកា ទាក់ទងនឹងការដកខ្លួនចេញពីវេទិកាស្រដៀងនឹង APEC ដូច្នេះហើយ កិច្ចប្រជុំលើកនេះកាន់តែរំលេចនូវសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងក្នុងការប្រមូលផ្តុំមេដឹកនាំនៅជុំវិញតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីផ្តោតលើរបៀបវារៈចាស់ៗ ដូចជាសកលភាវូបនីយកម្មសេដ្ឋកិច្ច ឬពាណិជ្ជកម្មសេរី ដែលជាប្រធានបទប្រពៃណីរបស់ APEC”។

ព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់មួយទៀតនៅ Gyeongju ក្នុងសប្តាហ៍នេះគឺកិច្ចប្រជុំកំពូលធុរកិច្ច APEC ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩-៣១ ខែតុលា ដោយប្រមូលផ្តុំមេដឹកនាំសហគ្រាសឈានមុខគេជាច្រើននៅលើពិភពលោក ក្នុងនោះមាន លោក Jensen Huang នាយកប្រតិបត្តិសាជីវកម្មបច្ចេកវិទ្យាបន្ទះឈីប Nvidia៕