បន្ទាប់ពីជ័យជំនះនៃបដិវត្តខែសីហាឆ្នាំ ១៩៤៥ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម - ដែលជារដ្ឋប្រជាធិបតេយ្យរបស់ប្រជាជនដំបូងគេនៅអាស៊ីអាគ្នេយ៍បានប្រសូត្រឡើង។ ពីទីនេះ ប្រទេសវៀតណាមត្រូវមានឈ្មោះនៅលើផែនទីពិភពលោក សង្គមវៀតណាមបានផ្លាស់ប្តូរពីរបបអាណានិគមពាក់កណ្តាលសក្តិភូមិ ក្លាយទៅជារបបសង្គមថ្មី ជារបបសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។
បដិវត្តខែសីហាឆ្នាំ ១៩៤៥ ។ រូបថតឯកសារ៖ VNA |
តម្លៃប្រវត្តិសាស្ត្រ និងឋានៈនៃសម័យកាល
នៅខែសីហា ឆ្នាំ ១៩៤៥ ក្រោមការដឹកនាំរបស់បក្ស និងលោកប្រធានហូជីមិញ ប្រជាជនវៀតណាមបានក្រោកឈរឡើងដើម្បីដណ្តើមរដ្ឋអំណាច ផ្ដួលរំលំពួកអាណានិគម ហ្វាស៊ីស និងសក្តិភូមិ ដោយបង្កើតរដ្ឋប្រជាធិបតេយ្យរបស់ប្រជាជន។ ជ័យជំនះនៃបដិវត្តន៍ខែសីហា គឺជាយុទ្ធជ័យដ៏ត្រចះត្រចង់ មានអត្ថន័យប្រវត្តិសាស្ត្រនិងសម័យកាលរបស់ប្រជាជនវៀតណាមក្នុងសតវត្សន៍ទី ២០ បើកចេញយុគសម័យថ្មី ជាយុគសម័យនៃប្រទេសវៀតណាមឯករាជ្យ មានសិទ្ធិស្វ័យសម្រេច ប្រជាជនវៀតណាមពីឋានៈទាសករបានក្លាយជាម្ចាស់ប្រទេសជាតិ និងជាម្ចាស់លើជោគវាសនារបស់ខ្លួន។ ប្រធានគណៈកម្មាការឃោសនានិងចលនាមហាជនមជ្ឈឹម លោក Nguyen Trong Nghia បានអះអាងថា៖ “បដិវត្តន៍ខែសីហាបានបន្សល់ទុកនូវមេរៀនប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបានសម្រាប់បុព្វហេតុកសាងនិងការពារមាតុភូមិសង្គមនិយមវៀតណាម អំពីតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្ត របស់បក្ស និងរបស់លោកប្រធានហូជីមិញ ជាត្រីវិស័យសម្រាប់ជ័យជំនះទាំងអស់នៃបដិវត្តន៍វៀតណាម ក្នុងការចាប់យកឱកាស លើកកម្ពស់កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល និងជំនឿជាក់យ៉ាងមុតមាំចំពោះប្រជាជន”។
មិនត្រឹមតែមានតម្លៃ និងសារៈសំខាន់សម្រាប់បដិវត្តន៍វៀតណាមប៉ុណ្ណោះទេ ជោគជ័យនៃបដិវត្តន៍ខែសីហាក៏ជាព្រឹត្តិការណ៍សំខាន់ក្នុងចលនារំដោះជាតិរបស់ពិភពលោកក្នុងសតវត្សទី២០ទៀតផង។ សាស្ត្រាចារ្យរង បណ្ឌិត Bui Dinh Phong សាស្ត្រាចារ្យជាន់ខ្ពស់នៃបណ្ឌិតសភានយោបាយជាតិហូជីមិញ បានលើកច្បាស់ថា៖ “ខ្ញុំគិតថា មានតម្លៃពិសេសចំនួន២។ ទី ១ គឺតម្លៃប្រជាជាតិ ហើយទី ២ ជាតម្លៃនៃសម័យកាល។ តម្លៃប្រជាជាតិគឺជ័យជំនះនៃបដិវត្តន៍ខែសីហា និងលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យ បង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម។ ជ័យជម្នះក៏បានបើកចេញយុគសម័យថ្មី ជាយុគសម័យឯករាជ្យនិងសេរីភាពរបស់ប្រជាជាតិ។ ខ្ញុំគិតថា ជ័យជំនះនៃបដិវត្តន៍ខែសីហា មិនត្រឹមតែជាបញ្ហាប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យពិសេសនិងមានឋានៈនៃសម័យកាល។ ជ័យជំនះនៃបដិវត្តន៍វៀតណាមមិនត្រឹមតែមានអត្ថន័យសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែអាចនិយាយបានថា ជាការដាស់តឿនដល់ប្រជាជាតិដែលត្រូវគេជិះជាន់ទៀតផង”។
ចាប់តាំងពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនោះមក ទោះបីជាត្រូវឆ្លងកាត់ដំណាក់កាលតស៊ូបដិវត្តន៍ដ៏លំបាកលំបិនយ៉ាងណាក៏ដោយ ក៏ជ័យជម្នះនៃបដិវត្តន៍សរទរដូវឆ្នាំ១៩៤៥ នៅតែជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាត្រីវិស័យសម្រាប់ប្រជាជាតិវៀតណាមទាំងមូល រួបរួមគ្នា វាយកម្ចាត់កងទ័ពឈ្លានពាន ដើម្បីទទួលបានឯករាជ្យជាតិ ឯកភាពប្រទេសជាតិ ឆ្ពោះទៅរកការសាងសង្គមនិយម និងអនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វហេតុផ្លាស់ប្តូរថ្មី (Doi Moi) ការកសាង និងការអភិវឌ្ឍប្រទេសជាតិ។
បន្តប្រវត្តិសាស្រ្ត
បន្តយុគសម័យឯករាជ្យ និងសេរីភាព បុព្វហេតុផ្លាស់ប្តូរថ្មីបានបង្កើតយុគសម័យនៃការផ្លាស់ប្តូរថ្មីនិងការអភិវឌ្ឍរបស់ប្រទេសជាតិនិងប្រជាជនវៀតណាម។ ក្រោយរយៈពេលជិត៤០ឆ្នាំនៃការផ្លាស់ប្តូរថ្មី ចាប់ទាំងពីឆ្នាំ១៩៨៦រហូតដល់បច្ចុប្បន្ន វៀតណាមទទួលបានសមិទ្ធិផលដ៏ធំធេងជាច្រើន។ បច្ចុប្បន្ននេះ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមខឿនសេដ្ឋកិច្ចធំជាងគេទាំង ៤០ នៅលើពិភពលោក ស្ថិតក្នុងក្រុមប្រទេសពាណិជ្ជកម្មឈានមុខគេទាំង ២០ ហើយជាប់ចំណាត់ថ្នាក់ទី ៣២ ក្នុងចំណោមម៉ាកយីហោជាតិខ្លាំងបំផុតទាំង ១០០ នៅលើពិភពលោក; ពីសម័យរងការឡោមព័ទ្ធនិងហ៊ុមព័ទ្ធ វៀតណាមបានបង្កើតទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយប្រទេសចំនួន ១៩៤ អភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជាង ២៣០ នៅលើពិភពលោក។ បច្ចុប្បន្ននេះ វៀតណាមជាមិត្ត ជាដៃគូដ៏គួរឱ្យទុកចិត្ត ជាសមាជិកសកម្មនិងម្ចាស់ការរបស់សហគមន៍អន្តរជាតិ។ ក្នុងបរិបទនៃការផ្លាស់ប្តូរជាប្រវត្តិសាស្ត្ររបស់ជាតិ ប្រទេសបានត្រៀមខ្លួនឈានចូលយុគសម័យនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លា វៀតណាមកំពុងកែលម្អក្បាលម៉ាស៊ីនរដ្ឋបាល សុក្រឹត្យស្ថាប័ននិងរៀបចំប្រព័ន្ធនយោបាយប្រកបដោយសមកាលកម្ម បង្រួម សុពលភាព និងប្រសិទ្ធភាព សំដៅឆ្ពោះទៅរកខឿនរដ្ឋបាលទំនើប ស្និតស្នាលជាមួយប្រជាជន បម្រើប្រជាជន និងផលប្រយោជន៍ទាំងអស់បានទៅលើប្រជាជន។
ពិធីបង្ហូតទង់ជាតិនៅទីលាន Ba Dinh។ រូបថត៖ Pham Kien/VNA |
ក្នុងដំណើរនោះ ជ័យជំនះនៃបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ គឺជាកម្លាំងចលករសម្រាប់វៀតណាមក្នុងការអភិវឌ្ឍប្រទេសជាតិ។ សាស្ត្រាចារ្យបណ្ឌិត Pham Hong Tung អតីតនាយកវិទ្យាស្ថានសិក្សាវៀតណាមនិងវិទ្យាសាស្ត្រអភិវឌ្ឍន៍ (សាកលវិទ្យាល័យជាតិហាណូយ) បានចាត់ទុកថា៖ “ក្រោយរយៈពេល ៨០ឆ្នាំ យើងអាចឃើញកាន់តែច្បាស់ពីឋានៈដ៏ធំធេង និងសារៈសំខាន់លើសពីសម័យកាលនៃបដិវត្តខែសីហា។ សមិទ្ធិផលដ៏អស្ចារ្យបំផុតចំនួនពីរនៃបដិវត្តន៍នេះ គឺឯករាជ្យជាតិ និងរបបសាធារណរដ្ឋប្រជាធិបតេយ្យដែលគ្រប់គ្រងដោយច្បាប់ - ជាមូលដ្ឋានគ្រឹះនយោបាយ ស្មារតី និងវប្បធម៌សម្រាប់ដំណើរប្រវត្តិសាស្ត្រដ៏មហិមារបស់ប្រទេសជាតិយើងក្នុងការតស៊ូប្រយុទ្ធយ៉ាងអង់អាច់ក្លាហាន ប្រឆាំងនឹងសត្រូវឈ្លានពាន ក៏ដូចជាលើបុព្វហេតុផ្លាស់ប្តូរថ្មី និងសមាហរណកម្មអន្តរជាតិ។ ឈានចូលយុគសម័យនៃការអភិវឌ្ឍន៍ថ្មី កត្តាជាមូលដ្ឋានទាំងនោះនៅតែជាទីបង្អែក ជាប្រភពធនធាន និងជាប្រភពនៃការបំផុសគំនិតមិនចេះចប់សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេសជាតិ”។
ចាប់តាំងពីបដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥មក យុគសម័យនៃឯករាជ្យភាព និងសេរីភាពត្រូវបានបន្តដោយយុគសម័យនៃការបង្រួបបង្រួមប្រទេសជាតិ សន្តិភាព និងការអភិវឌ្ឍ។ បច្ចុប្បន្ននេះ ជាពេលវេលាដែលវៀតណាមប្រមូលផ្តុំកម្លាំងនៃប្រវត្តិសាស្ត្រក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគត នាំប្រទេសជាតិឆ្ពោះទៅយុគសម័យថ្មី ដើម្បីប្រជាជនមានបាន ប្រទេសខ្លាំងមាំមួន សង្គមយុត្តិធម៌ ប្រជាធិបតេយ្យ អរិយធម៌ រីកចម្រើន និងសម្បូរណ៍រុងរឿង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

