បាយដំណើបស្លឹកខ្ញី គឺជាម្ហូបពិសេសមួយនៅក្នុងស្ពុកអាហារឆ្នាំថ្មីរបស់ជនជាតិតៃនៅឃុំលុកហុន (រូបថត៖ VOV)

សាច់មាន់ស្រែ សាច់ជ្រូកចំហុយ ត្រីជូរ សាឡាដផ្កាចេកព្រៃ មីឆា និងដាក់តាំងបង្ហាញយ៉ាងលេចធ្លោនៅលើថាសម្ហូបគឺបាយដំណើបចម្អិនជាមួយទឹកស្លឹកខ្ញីស្រស់ មានពណ៌បៃតងភ្លឺ។ ម្ហូបទាំងនេះ ដែលឆ្លុះបញ្ចាំងពីពណ៌នៃភ្នំនិងព្រៃឈើ និងមានរសជាតិពិសេស ត្រូវបានរៀបចំដោយបាតដៃយ៉ាងប៉ិនប្រសប់របស់លោកយាយនិងបងប្អូននារីក្នុងភូមិ រៀបដាក់លើថាសម្ហូបនៅសាលាសហគមន៍លុក ណា (ឃុំ លុក ហុន ខេត្តក្វាងនិញ)។ លោកស្រី លឿង ធីកាម តំណាងភូមិណាតាវ បានចែករំលែកថា ការប្រឡងធ្វើម្ហូបអាហារអំណរបាយថ្មី គឺជាការប្រកួតមួយក្នុងចំណោមភូមិចំនួន ២៩ នៅក្នុងតំបន់។

“ភូមិណាតាវ បាននាំមកការប្រឡងដថាសម្ហូបថ្មី ដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិភាគតិច។ ទំនៀមទម្លាប់នេះត្រូវបានប្រជាជនរក្សាអស់ជាច្រើនជំនាន់មកហើយ ហើយឥឡូវនេះ បានក្លាយជាប្រពៃណីវប្បធម៌របស់ក្រុមជនជាតិតៃ។ ស្ពុកម្ហូបថ្មី ក៏ជាឱកាសមួយសម្រាប់សាច់ញាតិ និងអ្នកជិតខាងជួបជុំគ្នា ចែករំលែកបទពិសោធន៍ជាមួយគ្នា ដើម្បីឱ្យរដូវក្រោយកាន់តែអំណោយផលជាង”

ស្ពុកអាហារអំណរបាយថ្មីរបស់ប្រជាជននៅភូមិដុងឡុងឃុំលុកហុន បានឈ្នះរង្វាន់លេខមួយនៅក្នុងការប្រឡង (រូបថត៖ VOV)

ការប្រកួតម្ហូបអាហាអំណរបាយថ្មី បានទាក់ទាញប្រជាជនក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរមកពីគ្រប់ទិសទីឲ្យមកទស្សនា និងរីករាយជាមួយម្ហូបឆ្ងាញ់ៗ តាមរយៈការអញ្ជើញដ៏រួសរាយរាក់ទាក់របស់ក្រុមដែលចូលរួមប្រកួតប្រជែង។ អ្នកស្រី ហាធិ ធួស ដែលជាអ្នកទស្សនាការប្រឡងបាននិយាយថា៖

"ខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងណាស់ ពីព្រោះភូមិនីមួយៗ មានផលិតផលប្រចាំតំបន់គួឲ្យចាប់អារម្មណ៍ ពេលដែលមកដល់ទីនេះខ្ញុំទើបតែបានស្គាល់។ ស្ពុកម្ហូបនីមួយៗ មានលក្ខណៈពិសេសរៀងៗខ្លួន ដូចជា បាយ ដំណើបដែលមានពណ៌ស្រស់ស្អាតខ្លាំង មានពណ៌ខុសៗគ្នា ហើយបាយមានក្លិនក្រអូប និងទន់។ លើសពីនេះ ស្ពុកនីមួយៗក៏មានសាច់ជ្រូកចំហុយ ដែលត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់។ អ្នកទស្សនាក៏មានការជក់ចិត្តយ៉ាងខ្លាំងផងដែរ"។

អ្នកទេសចរមានការរីករាយជាមួយម្ហូបពិសេសរបស់ជនជាតិតៃ យាវ សានជី... (រូបថត៖ VOV)

រួមជាមួយនឹងការប្រកួត ឃុំលុក ហុន ក៏បានរៀបចំពិធីអំណរបាយថ្មី តាមទំនៀមទម្លាប់ប្រពៃណី។ ពិធីនេះត្រូវបានជនជាតិតៃរៀបចំឡើងនារដូវប្រមូលផលជារៀងរាល់ឆ្នាំ នៅពេលដែលភូមិ ភ្នំ និងព្រៃឈើទាំងអស់ត្រូវបានបំភ្លឺដោយស្រូវទុំពណ៌មាស។ ពិធីអំណរបាយថ្មីមានអត្ថន័យ បូកសរុបផលិតកម្មមួយឆ្នាំ ការផ្តល់ផលនៃកម្លាំងពលកម្ម ការថ្លែងអំណរគុណដល់ពពួកទេវតា បុព្វការីជន និងបួងសួងសម្រាប់គ្រួសារដែលមានភាពរុងរឿង និងមានសុខភាពល្អ ហើយក្នុងពេលជាមួយគ្នានេះ ជាឱកាសសម្រាប់ក្រុមគ្រួសារ និងសាច់ញាតិក្នុងការជួបជុំគ្នា។ លោកស្រី ផាន ធិ ហេរ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យហាឡុង បានឲ្យដឹងថា៖ "នេះគឺជាបេតិកភណ្ឌវប្បធម៌អរូបីជាតិដ៏ពិសេសមួយរបស់ជនជាតិតៃ ហើយត្រូវបានប្រជាជននិយមយ៉ាងខ្លាំង។ ទោះបីជានេះជាកម្មសិទ្ធិរបស់ជនជាតិតៃក៏ ដោយ ប៉ុន្តែពិធីបុណ្យនេះមានចូលរួមរបស់ជនជាតិ យ៉ាវ និងសានជី ដោយផ្សព្វផ្សាយភាពស្រស់ស្អាតរបស់ជនជាតិភាគតិច នៅតំបន់ភាគឦសាន។ នេះក៏ជាឱកាសមួយ ដើម្បីផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរ និងជាពិសេស ជាមធ្យោបាយមួយដើម្បីបង្រៀនកូន ចៅជំនាន់ក្រោយ ឲ្យយល់កាន់តែច្បាស់អំពីទំនៀមទម្លាប់ និងអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន”។

អំណរបាយថ្មីគឺជាពិធីមួយក្នុងចំណោមពិធីពិសេសៗ ដែលទាក់ទាញភ្ញៀវទេសចរឱ្យចូលរួមក្នុង “ពិធីបុណ្យរដូវមាស” ឆ្នាំ ២០២៥ ដែលប្រព្រឹត្តទៅចាប់ពីចុងខែតុលា ដល់ចុងខែវិច្ឆិកា។ ក្រៅពីការស្វែងយល់ពីទំនៀមទម្លាប់យូរអង្វែងរបស់ជនជាតិតៃ “ពិធីបុណ្យរដូវមាស” ឆ្នាំនេះក៏មានសកម្មភាពលេចធ្លោជាច្រើនដូចជា៖ ទស្សនា “ពិធីបុណ្យរដូវមាស” នៅវាលស្រែ កាំជណ្ដើរ; ទស្សនាការប្រមូលផលស្រូវនៅលើវាលស្រែកាំជណ្ដើរ; សកម្មភាព លោតឆ័ត្រយោងដូចជា "ហោះហើរលើរដូវកាលមាស"; និងកម្មវិធី "រស់នៅជាមួយអ្នកភូមិ ញ៉ាំអាហារជាមួយអ្នកស្រុក ធ្វើការជាមួយវិជ្ជាជីវៈដូចគ្នា"...។ ដោយមានប្រជាជនជាង ៩៨% ជាជនជាតិភាគតិច ឃុំ លុក ហុន កំពុងបន្តសមិទ្ធផលអភិវឌ្ឍន៍ពីមូលដ្ឋានដែលមានស្រាប់របស់ស្រុក ប៊ិញ លាវមុននេះ ក្នុងនោះមានសកម្មភាពវប្បធម៌ និងទេសចរណ៍ពិសេសៗ ដូចជាពិធីបុណ្យអំណរបាយថ្មី និងសកម្មភាពនៅក្នុងពិធីបុណ្យរដូវកាលមាស។ លោក វី ទៀន វឿង ប្រធានគណៈកម្មាធិការប្រជាជនឃុំ លុក ហុន បានឲ្យដឹងថា៖ "នេះជាឱកាសមួយសម្រាប់ឃុំដើម្បីណែនាំ និងផ្សព្វផ្សាយតម្លៃវប្បធម៌របស់ជនជាតិភាគតិច បង្កើនម៉ាកផលិតផលទេសចរណ៍ លើកទឹកចិត្តអាជីវកម្មទេសចរណ៍ និងអ្នកវិនិយោគឱ្យអភិវឌ្ឍសេវាកម្មទេសចរណ៍ និងលើកកម្ពស់ប្រភេទនៃការទស្សនា និងបទពិសោធន៍ដែលជិតស្និទ្ធជាមួយជីវភាពរស់នៅ និងវប្បធម៌ក្នុងមូលដ្ឋាន”។

ពិធីបុណ្យប្រមូលផលមាសត្រូវបានរៀបចំដោយឃុំលុកហុន នៅពេលដែលវាលស្រែកាំជណញតើរចាប់ផ្តើមប្រែជាពណ៌លឿងមាស (រូបថត៖ VOV)

ឆ្នាំ ២០២៥ នេះ ឃុំ លុក ហុន ដាក់ចេញគោលដៅទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៣៥.០០០ នាក់។ ពិធីបុណ្យអំណរបាយថ្មី និងពិធីបុណ្យរដូវកាលមាស គឺជាសកម្មភាពសំខាន់ៗនៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍របស់ឃុំ។ រួមជាមួយនឹងការរៀបចំព្រឹត្តិការណ៍ទាំងនេះ តំបន់កំពុងផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍផ្ទះស្នាក់នៅ រមណីយដ្ឋានទេសចរណ៍ធម្មជាតិនិងកន្លែងបោះតង់ ព្រមទាំងការចាប់ផ្តើមចលនា "ប្រ ជាពលរដ្ឋគ្រប់រូបគឺជាមគ្គុទ្ទេសក៍ទេសចរណ៍"។ កត្តាទាំងនេះមានគោល បំណងកសាងឃុំ លុក ហុន ឱ្យក្លាយជាគោលដៅទេសចរណ៍សហគមន៍ដែលមានការអភិវឌ្ឍន៍មួយ នៅតំបន់ព្រំដែនភាគឦសាន៕