ពេលនិយាយដល់សង្វៀនចំបាប់នៅដើមឆ្នាំនៅរដ្ឋធានីហាណូយ មិនអាចរំលងពិធីបុណ្យចំបាប់នៅភូមិ Mai Dong សង្កាត់ Mai Dong ខ័ណ្ឌ Hoang Mai បានឡើយ។ នេះគឺជាពិធីបុណ្យចំបាប់ដែលបានប្រារព្ធឡើងដំបូងគេ នៅក្នុងរដ្ឋធានីចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែមិគសិរ ហើយក៏ជាពិធីបុណ្យចំបាប់ចំណាស់ជាងគេដែលមានប្រវត្តិជិត ២០០០ ឆ្នាំផងដែរ។ ដូច្នេះហើយ ពិធីបុណ្យចំបាប់ភូមិ Mai Dong ត្រូវបានចាត់ទុកថា ជាកន្លែងរក្សានូវគុណតម្លៃវប្បធម៌ប្រជាប្រិយនៅក្នុងរដ្ឋធានី។ លោក Vu Van Au អ្នកប្រមូលសម្រាំង និងស្រាវជ្រាវប្រវត្តិសាស្ត្រភូមិ Mai Dong បានរៀបរាប់ថា៖

“សង្វៀនចំបាប់នេះមានប្រវត្តិតាំងពីសម័យ Hai Ba Trung មក។ ប្រជាជនមកពីគ្រប់ទិសទី ប្រមូលផ្ដុំនៅទីនេះ ដើម្បីចូលរួមពិធីបុណ្យនេះ។ មុនការប្រកួត អ្នកចំបាប់ទាំងពីរត្រូវថ្វាយបង្គំគ្រូ រួចឡើងសង្វៀនកម្តៅសាច់ដុំ ភាគីនីមួយៗធ្វើចលនាមួយដើម្បីឱ្យគូប្រកួតដឹងថា ខ្លួនមានលក្ខណៈបែបណា”។

ការប្រកួតរវាងអ្នកចំបាប់ជើងចាស់ដ៏ល្បីល្បាញនៅភូមិ Mai Dong។ (រូបថត៖ tapchinongthon.vn)

ការប្រកួតចំបាប់ប្រពៃណី រួមទាំងពិធីបុណ្យចំបាប់ភូមិ Mai Dong ត្រូវបានបើកដោយការប្រកួតចំបាប់ដ៏ពិសេសមួយគឺការប្រកួត "ចំបាប់សម្ដែង"។ ការប្រកួតបែបនេះ ជាធម្មតា គឺសម្រាប់តែអ្នកចំបាប់ជើងចាស់ ដែលមានទាំងគុណធម៌ និងទេពកោសល្យ ដែលត្រូវបានជ្រើសរើសដើម្បីសម្ដែងកីឡាចំបាប់ដល់ទស្សនិកជន។ លោក Nguyen Doan Thuy អ្នកចំបាប់ជើងចាស់នៅភូមិ Mai Dong បាននិយាយថា៖

“ខ្ញុំបានចូលរួមក្នុងពិធីបុណ្យចំបាប់តាំងពីការបង្កើតសង្កាត់ក្នុងឆ្នាំ១៩២៨ មក។ ជារៀងរាល់ឆ្នាំ ខ្ញុំតែងតែចូលរួមប្រកួតចំបាប់ “សម្ដែង”។ តាំងពីកុមារភាពមក ខ្ញុំត្រូវបានព្រឹទ្ធាចារ្យភូមិប្រៀនប្រដៅថា ភូមិរៀបចំការប្រកួតចំបាប់ឲ្យមនុស្សមកពីគ្រប់ទិសទីមកចូលរួម។ លុះត្រាតែពេលគ្មានអ្នកចំបាប់ចូលរួម ឬអ្នកចំបាប់មិនទាន់មក ទើបបុរសក្នុងភូមិត្រូវបានបណ្ដោយឲ្យចូលសង្វៀនប្រកួតសម្ដែង។ នេះគឺជាប្រពៃណីនៃភូមិ Mai Dong”។

នេះជាផ្នត់គំនិតដែលបង្កប់នូវស្មារតីស្រឡាញ់ក្បាច់គុនរបស់ប្រជាជននៅទីនេះ។ ហេតុដូច្នេះហើយ តាំងពីមុនមក សង្វៀនចំបាប់ភូមិ Mai Dong មានភាពល្បីល្បាញគ្រប់ទីកន្លែង ហើយជាសង្វៀនចំបាប់មួយដែលប្រមូលផ្តុំអ្នកចំបាប់ជាច្រើនមកពីរដ្ឋធានីហាណូយ ក៏ដូចជាខេត្តក្រុងផ្សេងៗ មកចូលរួមប្រកួតនិងប្រាស្រ័យ។

“ខ្ញុំសប្បាយចិត្តណាស់ពីព្រោះចលនាចំបាប់ក្នុងស្រុកមានការរីកចម្រើន។ ពីនោះជួយពង្រឹងស្មារតីសាមគ្គីភាព និងស្មារតីកីឡារបស់ប្រជាជនក្នុងភូមិ។ យុវជននៅមូលដ្ឋានមានឱកាសកាន់តែច្រើនដើម្បីប្រាស្រ័យទាក់ទងគ្នា។ វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នាទាំងផ្លូវចិត្តនិងរាងកាយ”។

“ខ្ញុំបានដឹងថា ចំបាប់ Mai Dong គឺជាលក្ខណៈវប្បធម៌បុរាណ ជាពិសេសនៅក្នុងទីក្រុងហាណូយ។ Mai Dong នៅតែរក្សាបាននូវលក្ខណៈប្រពៃណីនោះ ហើយខ្ញុំតែងតែចូលរួមពិធីបុណ្យនេះក្នុងឱកាសដើមនិទាឃរដូវជារៀងរាល់ឆ្នាំ។ នេះជាការចូលរួមអំណរពិធីបុណ្យក្នុងភូមិ ហើយក៏ជាវិធីហាត់ប្រាណ និងបង្កើនកម្លាំងកាយបន្ថែមទៀតដែរ។ ពិធីបុណ្យត្រូវបានរៀបចំដោយរបៀបរៀបរយនិងវិជ្ជាជីវៈ ទស្សនិកជនមកទស្សនាការប្រកួតចំបាប់ក៏សប្បាយរីករាយ គាំទ្រយ៉ាងក្លៀវក្លា ដូច្នេះហើយអ្នកចំបាប់មានការខ្នះខ្នែងនិងប្រកួតប្រជែងយ៉ាងខ្លាំងណាស់”។

ការប្រកួតចំបាប់ប្រពៃណីនៅឃុំ Phuong Son ស្រុក Quoc Oai។ (រូបថត៖ Quoc Oai TV)

ទន្ទឹមនឹងពិធីបុណ្យចំបាប់ភូមិ Mai Dong ពិធីបុណ្យចំបាប់ដ៏ល្បីល្បាញជាច្រើនផ្សេងទៀតក៏ត្រូវបានប្រារព្ធឡើងផងដែរ ដូចជា៖ ភូមិ Trieu Khuc (ស្រុក Thanh Tri); ភូមិ Bung (ស្រុក Thach That); ភូមិ Dong Lao (ស្រុក Hoai Duc); ភូមិ Nanh ស្រុក Gia Lam) ជាដើម។

នៅឯពិធីបុណ្យចំបាប់ មនុស្សពេញវ័យបង្រៀនក្មេងៗ ហើយមនុស្សចាស់ជរាបានចែករំលែកអាថ៌កំបាំងដល់កូនចៅ។ ជាពិសេសសម្រាប់អ្នកចំបាប់ជើងចាស់ ពិធីបុណ្យចំបាប់មិនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបង្រៀនប្រពៃណីនៃស្រុកកំណើត និងអប់រំស្មារតីក្បាច់គុនដល់ក្មេងៗជំនាន់ក្រោយទៀតផង។ ដូច្នេះហើយ ចាប់ពីពិធីបុណ្យចំបាប់ប្រពៃណីបែបនេះ កីឡាករចំបាប់អាជីពជាច្រើន ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិត្រូវបានមហាជនស្គាល់ដល់។ លោក Nguyen Duc Thinh នៅមជ្ឈមណ្ឌលវប្បធម៌ ព័ត៌មាន និងកីឡាស្រុក Quoc Oai បានឲ្យដឹងថា៖

“ជាច្រើនឆ្នាំមកនេះ នៅស្រុក Quoc Oai ការប្រកួតចំបាប់នៅតាមភូមិឃុំ ត្រូវបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង ហើយទាក់ទាញកីឡាករជាច្រើន រួមទាំងជើងឯកជាតិ និងកីឡាករចំបាប់អន្តរជាតិផងដែរ។ តាំងពីបុណ្យតេតមក ស្រុក Quoc Oai បានរៀបចំការប្រកួតចំបាប់និទាឃៈរដូវចំនួន ៦ ដែលទាក់ទាញមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់”។

សង្វៀនចំបាប់តែងតែផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យប្រពៃណីរបស់ភូមិឃុំនីមួយៗ ដូច្នេះហើយ កីឡាចំបាប់មិនត្រឹមតែជាផ្នែកដ៏រីករាយក្នុងពិធីបុណ្យប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌នៃតំបន់នីមួយៗទៀតផង។ នេះជាកន្លែងដែលប្រជាជនមិនត្រឹមតែបង្ហាញស្មារតីក្បាច់គុនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីបំណងប្រាថ្នាចង់មានអាកាសធាតុអំណោយផល ដំណាំសម្បូរ និងសុភមង្គលដល់មនុស្សគ្រប់គ្នាក្នុងឆ្នាំថ្មីទៀតផង៕