គំនូរ ដុងហូ ជាទម្រង់សិល្បៈប្រជាប្រិយដ៏ពិសេសមួយដែលមានតាំងពីរាជកាលស្ដេច Le។ (រូបថត៖ VOV) |
ពេលបានដឹងដំណឹងថា មុខរបរធ្វើគំនូរប្រជាប្រិយ ដុងហូ ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការ ការពារជាបន្ទាន់នោះ សិប្បករឆ្នើម Nguyen Dang Tam មានក្ដីសប្បាយរីករាយយ៉ាងក្រៃលែង។ នេះប្រហែលជាពេលវេលាដែលសិប្បករធ្វើគំនូរដុងហូរូបនេះ បានរង់ចាំជាយូរមកហើយ។
“នេះគឺជាក្ដីសប្បាយរីករាយ ជាការលើកទឹកចិត្ត ប៉ុន្តែក៏ជាការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរជាងចំពោះមុខរបរសិប្បកម្មប្រពៃណីរបស់ប្រជជាតិវៀតណាមយើង និងគ្រួសារយើងផងដែរ។ ខ្ញុំគិតថា ការរំភើបនោះក៏ជាកម្លាំងចលករសម្រាប់យើង ដើម្បីបន្តលើកកំពស់របរសិប្បកម្មនេះផងដែរ”។
សិប្បករ Nguyen Dang Tam ឧទ្ទេសនាមអំពីគំនូរដុងហូនៅក្នុងព្រឹត្តិការណ៍ "ទិវាវៀតណាមនៅបារាំង ឆ្នាំ២០២៣"។ |
ក្នុងនាមជាសិប្បករម្នាក់ក្នុងចំណោមសិប្បករដែលបានខិតខំប្រឹងប្រែងនាំគំនូរប្រជាប្រិយ ដុងហូ ទៅផ្សព្វផ្សាយ តាំងបង្ហាញ និងចលនានៅកន្លែងជាច្រើន រួមទាំងទីស្នាក់ការរបស់អង្គការយូណេស្កូនៅទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ សិប្បករឆ្នើម Nguyen Dang Tam និងក្រុមគ្រួសាររបស់លោក បានត្រៀមទិសដៅថ្មីមួយសម្រាប់របរធ្វើគំនូរប្រជាប្រិយដុងហូតាំងពីយូរហើយ។ ប្រការដ៏សំខាន់បំផុតគឺ ត្រូវថែរក្សា និងអភិរក្សលក្ខណៈប្រពៃណីដែលបានបង្កើតឡើងព្រលឹងនៃគំនូរដុងហូ។ លើសពីនេះ ចាំបាច់ត្រូវស្វែងរកវិធីដើម្បីធ្វើឱ្យគំនូរដុងហូកាន់តែជិតស្និទ្ធ និងងាយស្រួលអភិក្រម សម្រាប់មនុស្សគ្រប់វ័យតាមរយៈវិធីសាស្រ្តផ្សព្វផ្សាយពិសេសដោយឡែក។
"ចាប់ពីជំនាន់ក្នុងក្រុមគ្រួសារ ឧទាហរណ៍ កូនចៅរបស់យើង ក៏ត្រូវតែតំរង់ទិសឲ្យបន្តថែរក្សាមុខរបរនេះ។ លើសពីនេះ ដើម្បីអភិវឌ្ឍន៍បន្ថែមទៀត យើងត្រូវតែខិតមកជិតមុខសញ្ញាជាច្រើនប្រភេទ ត្រូវតែមានភាពជិតស្និទ្ធជាមួយយុវជន ដើម្បីឲ្យពួកគេអាចយល់ដឹងបន្ថែមអំពីវប្បធម៌ប្រពៃណីរបស់ដុងហូ។ ហើយអ្វីៗដែលបង្កើតជាប្រពៃណី គឺយើងត្រូវតែបន្តថែរក្សាតាមរយៈផលិតផលគំនូរផងដែរ"។
របរធ្វើគំនូរប្រជាប្រិយដុងហូធ្លាប់មានពេលខ្លះដែលត្រូវប្រឈមនឹងហានិភ័យសាបសូន្យទៅ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានការជក់ចិត្តយ៉ាងខ្លាំងចំពោះសិប្បកម្មប្រពៃណីនេះ ដូចជាសិប្បករឆ្នើម Nguyen Huu Qua បានស្វែងរកគ្រប់វិធីទាំងអស់ ដើម្បីថែរក្សា និងធ្វើឲ្យបេតិកភណ្ឌដ៏មានតម្លៃរបស់ដូនតាឲ្យរស់រានមានជីវិតឡើងវិញ។ ហេតុដូច្នេះ នៅពេលដែលរបរសិប្បកម្មធ្វើគំនូរដុងហូត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ សិប្បករឆ្នើម Nguyen Huu Qua មានការងារជាច្រើនដែលលោកត្រូវធ្វើ។
“យើងក៏ត្រូវផ្សព្វផ្សាយគំនូរដុងហូ បង្រៀនដល់មនុស្សជំនាន់ក្រោយ ហើយបំពេញការងារជាច្រើន។ ធ្វើយ៉ាងណាដើម្បីថែរក្សាគំនូរដុងហូឲ្យបានត្រឹមត្រូវតាមតម្លៃវប្បធម៌ប្រពៃណី។ ត្រូវស្រាវជ្រាវដើម្បីស្តារតម្លៃវប្បធម៌នៃគំនូរដុងហូឲ្យត្រឡប់ទៅរកទម្រង់ដើមរបស់វា។ ត្រូវផ្សព្វផ្សាយដល់មិត្តភក្តិទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីឱ្យពួកគេអាចមើលឃើញតម្លៃវប្បធម៌ទាំងនោះ។ ពីនោះផ្សព្វផ្សាយវាទៅកាន់មហាជនកាន់តែទូលំទូលាយ ហើយមនុស្សគ្រប់រូប នឹងរួមគ្នា រួមចំណែកជាមួយភូមិរបរ ដើម្បីអភិវឌ្ឍន៍គំនូរដុងហូឲ្យស្ថិតស្ថេរជារៀងរហូត”។
ភ្ញៀវទេសចរ និងនិស្សិតក្នុងស្រុក និងអន្តរជាតិជាច្រើនបានទៅទស្សនា និងទទួលបានបទពិសោធន៍នៅមជ្ឈមណ្ឌលផ្លាស់ប្តូរសិល្បៈប្រជាប្រិយដុងហូ។ |
ចំពោះខេត្តបាក់និញ ការដែលរបរធ្វើគំនូរប្រជាប្រិយដុងហូរ ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ នឹងបើកឱកាសដ៏មានតម្លៃដើម្បីតភ្ជាប់ជាមួយអ្នកជំនាញ ហើយខិតមកជិតគំរូអភិរក្សដ៏ជឿនលឿន។ លើសពីនេះ វាក៏ជួយគំនូរប្រជាប្រិយដុងហូ ក្លាយជាផលិតផលវប្បធម៌ និងទេសចរណ៍ដ៏ពិសេសដោយឡែករបស់ខេត្ត តាមរយៈសកម្មភាពទទួលបទពិសោធន៍ អប់រំ តាំងពិព័រណ៍ និងច្នៃប្រឌិតផងដែរ។ លោកបណ្ឌិត Nguyen Van Dap នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តបាក់និញ បានឲ្យដឹងថា៖
“ដំបូងបង្អស់ យើងនឹងធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជន ដើម្បីកសាង និងចេញផ្សាយគម្រោង ឬផែនការមេជាបន្ទាន់ ដើម្បីការពារបេតិកភណ្ឌ។ ចំណុចសំខាន់នៃកម្មវិធីគឺការការពារមនុស្ស ដែលជាស្នូលនៃបេតិកភណ្ឌ។ ខេត្តក៏នឹងបន្តអនុវត្តម៍គោលនយោបាយជួយគាំទ្រសិប្បករ ពង្រីកការបង្រៀនរបរដល់យុវជនជំនាន់ក្រោយ ហើយបណ្តុះបណ្តាលជំនាញគ្រប់គ្រងបេតិកភណ្ឌ និងផ្តោតលើការអភិរក្សកន្លែងប្រតិបត្តិរបរប្រពៃណីផងដែរ។ ទាក់ទងនឹងប្រភពឯកសារដើម ខេត្តក៏នឹងថែរក្សាប្រព័ន្ធបន្ទះចម្លាក់ឈើ ឬគំរូគំនូរបុរាណ ចំណេះដឹងប្រជាប្រិយ និងឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធ ព្រមទាំងកសាងមូលដ្ឋានទិន្នន័យដើម្បីបម្រើការស្រាវជ្រាវ ការអប់រំ និងការផ្សព្វផ្សាយបេតិកភណ្ឌស្របតាមស្តង់ដារអន្តរជាតិ”។
ពីបេតិកភណ្ឌដែលត្រូវបានសហគមន៍សិប្បករថែរក្សានោះ របរធ្វើគំនូរប្រជាប្រិយដុងហូ មានការបោះជំហានដ៏គួរឱ្យកត់សម្គាល់មួយទៅក្នុងលំហូររួមនៃបេតិកភណ្ឌមនុស្សជាតិ។ ជាមួយនឹងការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តដែលកំពុងត្រូវបានអនុវត្តន៍ដោយទាំងមូលដ្ឋាន អាជ្ញាធរ និងសិប្បករនោះ របរធ្វើគំនូរដុងហូ នឹងមិនត្រឹមតែរីកសាយភាយតម្លៃលើទូទាំងពិភពលោកប៉ុណ្ណោះទេ ថែមទាំងនឹងអភិវឌ្ឍន៍ប្រកបដោយចីរភាព និងស្ថិតស្ថេរជារៀងរហូតទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


