ក្រុមរាំស្គរឆៃយ៉ាំមួយក្រុមនៅខេត្តអានយ៉ាង។ (រូបថត៖ Ngoc Anh/VOV5)

របាំស្គរឆៃយ៉ាំមានប្រភពពីរឿងរាមកេរ្តិ៍ - ជាវីរកថារបស់ជនជាតិខ្មែរ ដែលអំពើល្អ និងអំពើអាក្រក់ប្រឈមមុខដាក់គ្នា ហើយយុត្តិធម៌បានទទួលជ័យជំនះ។ សូរសំឡេងចង្វាក់ស្គរដ៏លឿននិងខ្លាំងក្លា បានពិរពណ៌នាពីការប្រយុទ្ធដ៏អង់អាចក្លាហានរបស់អ្នកចម្បាំងជនជាតិខ្មែរ ការគោរពបូជាព្រះអាទិទេព្យ និងការបន់ស្រន់សុំឲ្យមានរដូវអំណោយផល ជីវភាពសុខសាន្តត្រាណ ដែលបង្កើតបរិយាកាសដ៏ឧឡារិក ប៉ុន្តែរស់រវើក រីករាយ និងជ្រាលជ្រៅ។

ក្រុមរាំស្គរឆៃយ៉ាំនៅវត្តស្នាយដង្គុំ មានសមាជិកវ័យក្មេងជិត ៥០ នាក់ ដែលសុទ្ធសឹងតែជាបុរសក្នុងអាយុពី ១២ ទៅ ២០ ឆ្នាំ។ វត្តបានអញ្ជើញសិប្បកររាំស្គរ ឱ្យមកបង្រៀនសមាជិកក្រុម។ បន្ទាប់ពីស្ទាត់ជំនាញរបាំរួច ប្អូនៗនឹងបន្តបង្រៀនឲ្យមិត្តភក្តិរបស់ខ្លួន។ ឃុំអូឡឹម មានវត្តខ្មែរចំនួន៤កន្លែង ដែលនៅតែថែរក្សាបាននូវក្រុមរាំស្គរឆៃយ៉ាំ ក្នុងនោះក្រុមរាំនៃវត្តស្នាយដង្គុំ មានចំនួនសមាជិកច្រើនជាងគេ។ ប្អូន Chau Ne Somnath សមាជិកក្រុមរាំស្គរឆៃយ៉ាំ នៃវត្តស្នាយដង្គុំ បានឲ្យដឹងថា៖

ប្អូន Chau Ne Somnath សម្ដែងជាតួយក្ស។ (រូបថត៖ Le Hoang/VOV)

"ក្រុមរាំ ហាត់សមនៅពេលយប់នៅវត្តស្នាយដង្គុំ ដែលវគ្គនីមួយៗមានរយៈពេលប្រហែល ២ ទៅ ៣ ម៉ោង។ ដំបូងឡើយ វាពិបាករៀនខ្លាំងណាស់ ព្រោះចលនាត្រូវតែត្រឹមត្រូវនិងខ្លាំងក្លា។ ខ្ញុំចូលចិត្តតួអង្គយក្ស តាំងពីនៅតូច។ តួអង្គយក្ស ជាតួអង្គប្រឆាំងដែលតំណាងឱ្យអំពើអាក្រក់ ហើយជាធម្មតាស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅឬខៀវ"។

របាំស្គរឆៃយ៉ាំ ក៏អាចត្រូវបានគួបផ្សំជាមួយនឹងការសម្ដែងរបស់ស្វាហនុមានជាមួយនឹងចលនាត្លុកកំប្លែងនានាដូចជា៖ សើច ឱនក្បាល រអស់ លោត និងអង្អែល ជាដើម។ ដូច្នេះ ប្រសិនបើមានឱកាសទស្សនារបាំឆៃយ៉ាំ ភ្ញៀវទេសចរតែងតែមានអារម្មណ៍រំភើបនិងស្រស់ស្រាយ។ របាំឆៃយ៉ាំគឺមិនអាចខ្វះបាននៅក្នុងពិធីបុណ្យធំៗ ដូចជា៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា បុណ្យអកអំបុក ឬពិធីក្បួនដង្ហែព្រះពុទ្ធបដិមារ និងពិធីសម្ពោធសលា។ ប្អូន Chau Kranh សមាជិកក្រុមរាំស្គរឆាំយ៉ាំនៅវត្ត ស្នាយដង្គុំ បានរៀបរាប់ថា៖

“ជាធម្មតា ក្រុមនឹងសម្តែងនៅក្នុងពិធីបុណ្យរបស់ជនជាតិខ្មែរ។ ខ្ញុំដើរតួជាប្រពន្ធរបស់គ្រូធ្មប់។ ចលនាដៃជើង ត្រូវតែមានភាពទន់ភ្លន់។ ក្រុមរាំជាធម្មតាមានមនុស្សពី ១២ ទៅ ១៤ នាក់ ដែលប្រើឧបករណ៍ដូចជា៖ ស្គរ ចាប៉ី របាំងមុខ និងមួក។ យើងពិតជារីករាយណាស់នៅពេលសម្តែងសម្រាប់ភ្ញៀវទេសចរទស្សនា”។

ក្រុមរាំស្គរឆៃយ៉ាំ នៅវត្តស្នាយដង្គុំ។ (រូបថត៖ Ngoc Anh/VOV5)

ក្នុងចង្វាក់ស្គរដ៏រីករាយ ក្រុមរាំស្គរឆៃយ៉ាំ នៅវត្តស្នាយដង្គុំ បានឆ្លាស់គ្នាសម្តែងតួអង្គដែលធ្លាប់ស្គាល់នៅក្នុងរឿងរាមកេរ្តិ៍ ដូចជា រាជបុត្រព្រះរាម នាងសិតា ស្ដេចយក្ស និងស្ដេចស្វាហនុមាន។ តួអង្គនីមួយៗត្រូវបានពិរពណ៌នាយ៉ាងរស់រវើកតាមរយៈរូបរាង សំលៀកបំពាក់ និងចង្វាក់ស្គរដ៏ពិសេស។ ប្អូន Chau Phak Kday សមាជិកក្រុមរាំស្គរឆៃយ៉ាំ នៃវត្តស្នាយដង្គុំ បាននិយាយថា៖

"កាលខ្ញុំនៅតូច ខ្ញុំធ្លាប់មើល TikTok ហើយមានអារម្មណ៍ថាវាគួរឱ្យចាប់អារម្មណ៍ណាស់ ដូច្នេះពេលខ្ញុំឃើញពួកគេបើកថ្នាក់រៀនរាំ ខ្ញុំបានចុះឈ្មោះរៀនភ្លាម។ អ្នកណាដែលចង់ចូលរួម ក៏អាចរៀនបាន។ ដំបូងឡើយ របាំនេះពិតជាពិបាក ប៉ុន្តែបន្ទាប់ពីមួយរយៈ ខ្ញុំក៏ស៊ាំហើយ។ រៀនរយៈពេល ១ ទៅ ២ ខែ គឺស្ទាត់ជំនាញ។ ប្រធានក្រុមនឹងចាត់ចែងតួអង្គដល់សមាជិកម្នាក់ៗ។ ខ្ញុំរៀននៅពេលយប់នៅក្នុងវត្តជាមួយគ្រូដែលវត្តអញ្ជើញមកបង្រៀន ប៉ុន្តែឥឡូវនេះយើងចេះរាំហើយ យើងអាចបង្រៀនគ្នាទៅវិញទៅមកបាន"។

កាលពីឆ្នាំមុន "សិល្បៈសម្តែងស្គរឆៃយ៉ាំរបស់ជនជាតិខ្មែរនៅខេត្តអានយ៉ាង" បានក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ ក្រុមរាំស្គរឆៃយ៉ាំ នៃវត្តស្នាយដង្គុំ មិនត្រឹមតែសម្តែងនៅក្នុងមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងត្រូវបានអញ្ជើញទៅសម្ដែងនៅកន្លែងផ្សេងៗទៀត ដែលរួមចំណែកដល់ការអភិរក្ស និងផ្សព្វផ្សាយរបាំប្រពៃណីរបស់ជនជាតិខ្មែរ ក៏ដូចជាការអភិរក្សវប្បធម៌ខ្មែរផងដែរ៕