ផ្សារប្រពៃណីដ៏មមាញឹកនៅក្នុងប៉ុន្មានថ្ងៃមុនបុណ្យតេត។ (រូបថត៖ Le Chi/VOV5)

ចាប់ពីព្រឹកព្រលឹមថ្ងៃទី ២៣ ខែកត្តិក នៅតាមផ្សារប្រពៃណីនានា ត្រូវបានគ្របដណ្ដប់ដោយបរិយាកាសអ៊ូអរមមាញឹក។ ប្រជាពលរដ្ឋយ៉ាងច្រើន ទៅទិញផ្កាស្រស់ៗ គ្រឿងបូជា ក្រដាសសែន ត្រីគល់រាំង និងរបស់របរចាំបាច់ផ្សេងទៀតសម្រាប់រៀបចំស្ពកសែនទេវតាចង្ក្រាន។ ជារៀងរាល់ឆ្នាំ អ្នកស្រី ភុង ធីថាវ នៅសង្កាត់ ហ័ងម៉ៃ ទីក្រុងហាណូយ តែងតែទៅផ្សារតាំងពីព្រលឹមជាមួយកូនៗ។

“ជារៀងរាល់ឆ្នាំ ខ្ញុំតែងតែទៅផ្សារតាំងពីព្រលឹមជាមួយកូនៗ ដើម្បីរៀបចំរបស់របរសម្រាប់ពិធីសែន។ គ្រឿងសែន រួមមានផ្កា ហើយមិនអាចខ្វះបានគឺត្រីគល់រាំង គ្រឿងបូជា និងផ្លែឈើ។ ខ្ញុំទៅទិញជាមួយកូនៗ ដើម្បីឲ្យគាត់អាចយល់បន្ថែមអំពីពិធីសែនទេវតាចង្ក្រានបាយ ហើយគាត់ពិតជាសោមនស្សរីករាយណាស់”។

បរិយាកាសដ៏អ៊ូអរមមាញឹកនៃការទិញលក់ ជាសញ្ញាបង្ហាញថា បុណ្យតេត កំពុងខិតជិតមកដល់ហើយ ដោយនាំមកនូវអារម្មណ៍រំភើបរីករាយ និងការជួបជុំគ្នាយ៉ាងកក់ក្ដៅនៃប៉ុន្មានថ្ងៃចុងឆ្នាំ។

ត្រីគល់រាំងគឺជាគ្រឿងបូជា ដែលមិនអាចខ្វះបានក្នុងពិធីសែនទេវតាចង្ក្រាន។ (រូបថត៖ VOV)

ត្រីគល់រាំងគឺជាគ្រឿងបូជា ដែលមិនអាចខ្វះបានក្នុងពិធីសែនទេវតាចង្ក្រាន។ តាមរឿងព្រេងនិទាន ត្រីគល់រាំងគឺជាមធ្យោបាយតែមួយគត់ ដែលអាចដឹកជញ្ជូនទេវតាចង្ក្រានទៅកាន់ស្ថានសួគ៌។ រូបភាពនៃត្រីគល់រាំងដែលឆ្លងចូលច្រកទ្វារមេឃ ហើយប្រែក្រឡាទៅជាសត្វនាគ បង្កប់នូវអត្ថន័យនៃការហោះឡើង ហើយជានិមិត្តរូបនៃស្មារតីជំនះពុះពារលើការលំបាក ការខិតខំព្យាយាម និងសេចក្តីប្រាថ្នាឈានទៅរកភាពជោគជ័យ។ ការព្រលែងត្រីគល់រាំងនៅជិតថ្ងៃបុណ្យទេវតាចង្ក្រាន ក៏បង្ហាញពីក្ដីសប្បុរស ការអភ័យទោស និងបំណងប្រាថ្នាអំពីភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិ។ ដូច្នេះ ពិធីជូនដំណើរទេវតាចង្ក្រាន មិនត្រឹមតែត្រូវបានបង្ហាញនៅក្នុងបរិយាកាសវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវបានបញ្ចូលទៅក្នុងចង្វាក់ជីវភាពរបស់គ្រួសារនីមួយៗទៀតផង។ ចាប់ពីការជ្រើសរើសគ្រឿងបូជា ការព្រលែងត្រីគល់រាំងរហូតដល់ការដើរផ្សារចុងឆ្នាំ បុណ្យតេត បានបង្ហាញខ្លួនជាបណ្ដើរៗ នៅក្នុងសកម្មភាពដែលធ្លាប់ស្គាល់នីមួយៗ។

ស្ពកបាយសម្រាប់សែនទេវតាចង្ក្រាន។ (រូបថត៖ VOV)

នៅក្នុងពិធីសែនទេវតាចង្ក្រាន ស្ពកបាយគ្រួសារគឺជាផ្នែកសំខាន់បំផុតនៃពិធី។ ទោះបីជាជាប់រវល់នឹងការងារយ៉ាងណាក៏ដោយ ការរៀបចំស្ពកបាយសម្រាប់សែនទេវតាចង្ក្រាន មិនដែលត្រូវបានបំភ្លេចឡើយ។ យោងតាមអ្នកស្រី ភុង ធីថាវ សកម្មភាពសាមញ្ញនេះគឺជារបៀបដើម្បីរក្សាប្រពៃណីគ្រួសារ។

“ខ្ញុំធ្វើបែបនេះជារៀងរាល់ឆ្នាំ ពីព្រោះឪពុកម្តាយខ្ញុំបានបង្រៀនខ្ញុំពីរបៀបរៀបចំអាហារទាំងនេះតាំងពីខ្ញុំនៅតូច។ ឥឡូវនេះ ខ្ញុំចង់ឱ្យកូនៗ អាចបន្តទំនៀមទម្លាប់ប្រពៃណីទាំងនេះ។ កូនៗក៏ចាប់អារម្មណ៍និងរំភើបយ៉ាងខ្លាំងនៅពេលរៀបចំស្ពកបាយផងដែរ”។

ចំណែកឯ លោក ង្វៀន ង៉ុកលីញ ស្ពកបាយសម្រាប់សែនទេវតាចង្ក្រាន នៅតែបានរក្សាដដែលតាមពេលវេលាដែរ។

“គ្រួសារខ្ញុំតែងតែចម្អិនស្ពកបាយដ៏កក់ក្ដៅជារៀងរាល់ឆ្នាំ ដើម្បីជូនដំណឹងទេវតាចង្ក្រាន ក្រោយពីបានប្រទានពរជ័យដល់គ្រួសារក្នុងឆ្នាំកន្លងទៅ។ តាមពេលវេលា ម្ហូបអាហារមិនផ្លាស់ប្តូរទេ ដែលតែងតែជាមុខម្ហូបប្រពៃណីបំផុតនៅក្នុងគ្រួសារខ្ញុំ ដូចជា៖ ទឹកឆ្អឹងជាមួយដំឡូងបារាំង បន្លែស្រោះ បន្លែឆា សាច់មាន់ស្ងោរមួយចាន ហើយមិនអាចខ្វះបាយដំណើបមួយចានឡើយ”។

ពីទស្សនៈវប្បធម៌ លោកសាស្ត្រាចារ្យ ហ្វាម ហុងទុង ក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបណ្តុះបណ្តាល នៃសាកលវិទ្យាល័យជាតិហាណូយ បានចាត់ទុកថា៖

"គ្រឿងបូជាថ្វាយព្រះ ឬថ្វាយតុអាសនៈរបស់គ្រួសារ មិនថាក្នុងសម័យណាទេ ប្រការដ៏សំខាន់មិនមែនជាអាហារដ៏ប្រណីត ច្រើនមុខ ឬរបស់របរថ្លៃៗនោះទេ ប៉ុន្តែជាទឹកចិត្តរបស់យើង ដែលឆ្ពោះទៅរកជីដូនជីតា និងព្រះអាទិទេព តាមរបៀបដ៏ស្មោះស្ម័គ្រនិងសប្បុរសបំផុត។ ទឹកចិត្តស្មោះស្ម័គ្ររបស់យើងគឺជាគ្រឿងបូជាដ៏ថ្លៃថ្នូរបំផុត និងមិនអាចកាត់ថ្លៃបាន។ នោះគឺជាការគោរពដ៏ខ្ពង់ខ្ពស់បំផុតដើម្បីឆ្ពោះទៅរកប្រការដ៏ល្អប្រសើរ"។

នៅក្នុងទស្សនៈទានរបស់ប្រជាជនវៀតណាម ពិធីសែនទេវតាចង្ក្រាន មិនត្រឹមតែជាពិធីមួយដើម្បីជូនដំណឹងទេវតា វិលត្រឡប់ទៅស្ថានសួគ៌វិញប៉ុណ្ណោះទេ ថែមទាំងក៏ជាឱកាសសម្រាប់គ្រួសារនីមួយៗ ជួបជុំគ្នា សម្រាប់មនុស្សម្នាក់ៗក្រឡេកមើលឡើងវិញឆ្នាំកន្លងទៅ បោះបង់ចោលក្ដីបារម្ភនៃឆ្នាំចាស់ ហើយឆ្ពោះទៅឆ្នាំថ្មីមួយដ៏ពោរពេញទៅដោយទំនុកចិត្តនិងក្តីសង្ឃឹមល្អៗ៕