មានទីតាំងស្ថិតនៅក្បេរមាត់ទន្លេ ចៅប្រាយ៉ា ជាទីមនោរម្យ វត្តអរុណមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ចាប់ពីសម័យ អាណាចក្រអយុធ្យា ដ៏រុងរឿង។ ភស្តុតាងប្រវត្តិសាស្ត្រ ដូចជាផែនទីបុរាណរបស់ឈ្មួញបារាំង បានបង្ហាញពីវត្តមានរបស់វត្តនេះតាំងពីរាប់រយឆ្នាំមុន។ សូម្បីតែផ្នែកស្ថាបត្យកម្មដ៏បុរមបុរាណបំផុតនៅក្នុងវត្ត ដូចជា វិហារតូច(little chapel) និង “ព្រះវិហារតូច(little Viharn) បានលាក់ខ្លួននៅខាងក្រោយប្រាង្គប្រាសាទដ៏ធំក៏ដោយ ក៏យើងនៅតែអាចមើលឃើញស្ថាបត្យកម្មវិសេសវិសាលតាំងពីសម័យដើម។

វត្ត Arun Ratchawararam ត្រូវបានចាត់ទុកនិមិត្តរូបនៃស្ថាបត្យកម្ម និងទេសចរណ៍ថៃ។

បន្ទាប់ពីការដួលរលំនៃ អាណាចក្រអយុធ្យា វត្តអរុណបានក្លាយជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយក្រោមសម័យកាលរបស់ ព្រះចៅអធិរាជ តាក់ស៊ីន។ ព្រះអង្គបានជ្រើសរើសយកតំបន់នេះដើម្បីកសាងរាជធានីថ្មីគឺ រាជធានីថានបុរី ហើយជាពិសេស ព្រះកែវមរកត (Emerald Buddha) ដ៏ពិសិដ្ឋ ត្រូវបានដាក់តម្កល់នៅទីនេះអស់រយៈពេល ១៥ ឆ្នាំ។ ក្រោមការអាណាព្យាបាលរបស់ស្តេចបន្តបន្ទាប់ ជាពិសេស ព្រះបាទរាមាទី២ និងព្រះបាទរាមាទី៣ វត្តអរុណត្រូវបានជួសជុល និងពង្រីកដោយមានប្រាង្គប្រាសាទដ៏ធំសម្បើម ក្លាយជានិមិត្តសញ្ញានៃស្ថាបត្យកម្មវិសេសវិសាលដែលយើងគួរឲ្យកោតសរសើរនាពេលបច្ចុប្បន្ននេះ។ ប្រាង្គប្រាសាទ មិនត្រឹមតែជាសំណង់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តសញ្ញាវប្បធម៌ដែលផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណរបស់ជនជាតិថៃ ពីសម័យអាណាចក្រអយុធ្យា រហូតដល់បច្ចុប្បន្ន។

ក្លោងទ្វាររបស់វត្ត។

អាចនិយាយបានថា វត្តអរុណ គឺជាវត្តបុរាណលំដាប់ទីមួយ ដែលព្រះមហាក្សត្រថៃ មកធ្វើពិធីបុណ្យកឋិន ដែលជាពិធីប្រពៃណីដ៏សំខាន់នៃព្រះពុទ្ធសាសនា។ លោក Chao Khung Chumphong ជំនួយការ និងជាឧបការីព្រះចៅអធិការវត្តអរុណរាជវរារាម បានមានប្រសាសន៍ថា៖ ដូចដែលយើងបានឃើញហើយថា នឹងមានការដង្ហែក្បួនទូកព្រះទីនាំង នៅទន្លេចៅប្រាយ៉ា ក្នុងឆ្នាំ ២០២៤ ដើម្បីធ្វើពិធីកឋិននៅវត្តអរុណ។ នេះ គឺជាចំណុចសំខាន់មួយ ហើយវត្តអរុណក៏ត្រូវបានគោរពដ៏ខ្ពង់ខ្ពស់ពីពុទ្ធបរិស័ទ ដែលតែងតែមកទីនេះដើម្បីធ្វើបុណ្យ និងបដិបត្តិធម៌”។

សព្វថ្ងៃនេះ វត្តអរុណមិនត្រឹមតែជាកន្លែងធម្មយាត្រាដ៏សំខាន់ប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍កំពូលនៅក្នុងប្រទេសថៃទៀតផង។ ភ្ញៀវទេសចរអាចងាយស្រួលស្គាល់ដល់រូបភាពវត្តអរុណ នៅលើការបោះពុម្ពផ្សព្វផ្សាយទេសចរណ៍ថៃ ចាប់ពីអាកាសយានដ្ឋាន សុវណ្ណភូមិ រហូតដល់គ្រប់ច្រកល្ហក់នៃប្រទេសថៃ។

“ខ្ញុំរស់នៅសិង្ហបុរី នៅជិតប្រទេសថៃ។ នៅទីនេះ មានវត្តជាច្រើនដែលរកមិនឃើញនៅសិង្ហបុរីទេ។ មនុស្សម្នានិយាយថា របស់របរថៃស្អាតណាស់។ ខ្ញុំមើល Tiktok ហើយឃើញវត្តអរុណនេះ ជាកន្លែងដែលមិនគួររំលងបានទេនៅពេលមកដល់ប្រទេសថៃ។ វត្តនេះពិតជាស្អាតណាស់ ហើយទេសភាពក៏អស្ចារ្យដែរ”

ទេសភាពនៅក្នុងវត្ត

កត្តាមួយដែលធ្វើឱ្យវត្តអរុណ ក្លាយទៅជាល្បីល្បាញជាងពេលណាៗទាំងអស់ គឺឥទ្ធិពលនៃរឿងភាគទូរទស្សន៍ថៃល្បីៗ ជាពិសេសរឿង “បុព្វេសន្និវាស”។ រឿងនេះ បានជំរុញឲ្យមាននិន្នាការស្លៀកឈុតសម្លៀកបំពាក់ប្រពៃណីថៃទៅថតរូបនៅវត្ត៖

“យើងហោះហើរពីឈៀងម៉ៃទៅបាងកក តាំងពីម៉ោង ៦:៣០។ វត្តអរុណជាគោលដៅដំបូងរបស់យើងនៅទីក្រុងបាងកក។ ខ្ញុំចង់ស្លៀកពាក់សំលៀកបំពាក់ថៃមកថតរូបនៅទីនេះ។ ឈុតនេះរួមទាំងការផាត់មុខ ម្តាយខ្ញុំ និងខ្ញុំចំណាយត្រឹមតែ ២.៩៩០ បាតប៉ុណ្ណោះ"

"ខ្ញុំក៏ធ្លាប់មកទីនេះ ប៉ុន្មានដងហើយ។ រាល់ពេល ខ្ញុំមកជាមួយក្រុមមិត្តភ័ក្តិផ្សេងៗគ្នា។ មិត្តភក្តិរបស់ខ្ញុំមកជាលើកដំបូង ដូច្នេះខ្ញុំក៏នាំគេមកទីនេះ។ យើងមកថតរូប។ ខ្ញុំមានអារម្មណ៍ស្រួលនៅពេលស្លៀកពាក់សំលៀកបំពាក់ថៃ។ ស្ថាបត្យកម្មនៅទីនេះស្អាតណាស់ រូបសំណាកក៏ប្លែកៗផងដែរ"។

ភ្ញៀវទេសចរណ៍ស្លៀកឈុតសម្លៀកបំពាក់ប្រពៃណីថៃទៅថតរូបនៅវត្ត។

វត្ត អរុណ រាជវរារាម មិនត្រឹមតែជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបដ៏រស់រវឹកនៃវប្បធម៌ និងប្រវត្តិសាស្ត្រថៃទៀតផង។ មកដល់វត្តអរុណ ភ្ញៀវទេសចរមិនត្រឹមតែគយគន់សម្រស់បុរមបុរាណប៉ុណ្ណោះទេ ថែមទាំងមានឱកាសបានជ្រួតជ្រាបក្នុងបរិយាកាសខាងវិញ្ញាណដ៏បរិសុទ្ធ និងយល់ដឹងកាន់តែស៊ីជម្រៅអំពីសម្រស់វប្បធម៌ព្រះពុទ្ធសាសនារបស់ប្រទេសនេះទៀតផង៕