ក្រៅពីការងារចម្បងគឺទទួលនិងចិញ្ចឹមសត្វសមុទ្រមានពង រហូតដល់ពេលពងញាស់ និងដោះលែងទៅក្នុងសមុទ្រវិញ លោកបណ្ឌិត Nilnaj Chaitanawisuti ទទួលបន្ទុកមជ្ឈមណ្ឌលអភិរក្សនិងបង្កាត់ពូជសត្វសមុទ្រកោះស៊ីឆាង ក៏បានធ្វើការពន្យល់និងឧទ្ទេសនាមដល់ភ្ញៀវទេសចរណ៍ដែលចង់ស្វែងយល់អំពីគំរូអភិរក្សបៃតងនេះ។ បច្ចុប្បន្ន មជ្ឈមណ្ឌលមានសមាជិក ៨ នាក់ ដែលប្រតិបត្តិការធនាគារបង្កាត់ពូជសត្វសមុទ្រចំនួន ៥ រួមមាន ក្តាមខៀវ ខ្យងស័ង្ខ ផ្កាថ្មទន់ មឹក និងត្រីឆ្លាមឬស្សី។ ទាំងនេះសុទ្ធតែជាសត្វសមុទ្រដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ជួយឱ្យការនេសាទបែបប្រពៃណីរបស់ប្រជាននេសាទនៅលើកោះមានស្ថិរភាព និងនិរន្តរភាពជាង។

លោកស្រី Hathaimas Wanrat ជំនួយការស្រាវជ្រាវនៃមជ្ឈមណ្ឌល ឧទ្ទេសនាមពីបច្ចេកទេសដាំដុះផ្កាថ្មទន់។

លោកបណ្ឌិត Nilnaj Chaitanawisuti មានប្រសាសន៍ថា៖ “ក្តាមខៀវជាប្រភេទជលផលចម្បងមួយដែលភ្ញៀវទេសចរណ៍និយមចូលចិត្តខ្លាំង និងមានតម្លៃខ្ពស់។ រហូតមកដល់ពេលនេះ តម្រូវការក្តាមខៀវមានកម្រិតខ្ពស់បំផុត។ នាពេលខាងមុខ យើងខ្ញុំនឹងអភិវឌ្ឍន៍ខ្យងស័ង្ខទៅជាប្រភេទជលផលសំខាន់ក្នុងស្រុក ព្រោះវាមានតម្រូវការនិងមានតម្លៃខ្ពស់ ប្រហែល ១.០០០ បាត/គីឡូក្រាម។ តាមពិតទៅ នៅលើកោះស៊ីឆាងមិនមានខ្យងស័ង្ខទេ ប៉ុន្តែមានឆ្នេរខ្សាច់ដែលជាទីជម្រករបស់ខ្យងស័ង្ខ។ យើងបានបង្កើតធនាគាខ្យងស័ង្ខប្រហែល១ឆ្នាំហើយ។ មកទល់ពេលនេះ ខ្យងស័ង្ខចំនួន ១០.០០០ ត្រូវបានដោះលែទៅសមុទ្រ។ ឆ្នាំក្រោយមក ខ្យងស័ង្ខនឹងបង្ហាញខ្លួននៅលើទីផ្សារកោះស៊ីឆាង”។

លោកបណ្ឌិត Nilnaj Chaitanawisuti ។

ចំណែកឯត្រីឆ្លាមឬស្សី និងមឹក ថ្វីត្បិតតែត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្ម។ ទោះជាយ៉ាងណាក៏ដោយ ក្រោមការលើកទឹកចិត្តពីមជ្ឈមណ្ឌុល នៅពេលអ្នកនេសាទចាប់បានត្រីឆ្លាមឬស្សី ឬឃើញពងមឹកជាប់ក្នុងសំណាញ់ ពួកគេតែងតែនាំយកទៅមជ្ឈមណ្ឌលដើម្បីចិញ្ចឹមរហូតដល់ពេលពង់ញាស់ រួចដោះលែងទៅក្នុងសមុទ្រវិញ។ ប្រការនេះជួយបង្កើនចំនួនសត្វសមុទ្រ និងជលផលនៅលើកោះ ដែលធ្វើឱ្យការងារនេសាទកាន់តែងាយស្រួលជាង។ អ្នកស្រី Phanomwan Punthavikirtikan អាយុ 58 ឆ្នាំ ជាអ្នកនេសាទនៅលើកោះ បានចែករំលែកថា៖ “មជ្ឈមណ្ឌលបានចិញ្ចឹម និងបង្កាត់ពូជជាច្រើនប្រភេទ ចាប់ពីត្រី ខ្យងប្រការនេះជួយការពារកុំឲ្យជលផលអស់រលីង។ មិនត្រឹមតែជំនាន់យើងខ្ញុំប៉ុណ្ណោះទេ ថែមទាំងជំនាន់កូនចៅទៀតផង។ ខ្ញុំបានទៅមជ្ឈមណ្ឌល ២-៣ ដងហើយ បុគ្គលិកធ្វើបានល្អណាស់ នាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជនយើង”។

ការដោះលែងត្រីឆ្លាមឬស្សីទៅក្នុងសមុទ្រវិញ។

មិនដូចក្តាមខៀវ និងខ្យងស័ង្ខនោះទេ ផ្កាថ្មទន់គឺជាប្រភេទជលផល ដែលត្រូវបានការពារដោយច្បាប់។ ប្រជាជនមិនត្រូវបានអនុញ្ញាតឱ្យធ្វើអាជិវកម្ម ទិញ លក់ ឬកាន់កាប់ឡើយ។ បច្ចុប្បន្ននេះ ផ្កាថ្មទន់ក្នុងធម្មជាតិកំពុងថយចុះយ៉ាងខ្លាំង ដូច្នេះហើយមជ្ឈមណ្ឌលធ្វើការបង្កាត់ពូជ តាមរយៈការណែនាំអំពីរបៀបដាំដុះ និងលើកទឹកចិត្តភ្ញៀវទេសចរឱ្យចូលរួមដាំដុះផ្កាថ្មទន់។ ដូច្នោះហើយ ពួកគេនឹងសរសេរឈ្មោះ ឬនិមិត្តសញ្ញានៅលើពែងដាំផ្កាថ្ម បន្ទាប់មករក្សានៅចំការបណ្ដុះពូជ ឱ្យបុគ្គលិកមជ្ឈមណ្ឌលមើលថែរយៈពេល ១ឆ្នាំ មុននឹងដោះលែងទៅក្នុងសមុទ្រ។ នេះជាមជ្ឈមណ្ឌលដំបូងនិងតែមួយគត់ក្នុងប្រទេសថៃ ដែលបានដាំដុះផ្កាថ្មទន់។ ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរប្រមាណ ២០.០០០ នាក់ បានមកទស្សនានិងចូលរួមដោយផ្ទាល់ក្នុងការដោះលែងសត្វសមុទ្រនិងដាំផ្កាថ្មទន់នៅមជ្ឈមណ្ឌល។ លោកស្រី Hathaimas Wanrat បុគ្គលិកនៃមជ្ឈមណ្ឌលអភិរក្សនិងបង្កាត់ពូជសត្វសមុទ្រកោះស៊ីឆាង មានប្រសាសន៍ថា៖ “យើងមានចំការបណ្ដុះពូជផ្កាថ្មទន់ចំនួន ២ សម្រាប់ភ្ញៀវទេសចរចូលរួមក្នុងដំណើរការបង្កាត់ពូជផ្កាថ្ម។ នេះក៏ជាមធ្យោបាយមួយសម្រាប់លើកកម្ពស់ការយល់ដឹងរបស់យុវជនក្នុងប្រទេស អំពីការចូលរួមចំណែកអភិរក្សធនធានសមុទ្ររបស់ថៃ”។

សកម្មភាពរបស់មជ្ឈមណ្ឌលត្រូវបានវាយតម្លៃខ្ពស់ និងគាំទ្រដោយអាជ្ញាធរមូលដ្ឋាន។ អ្នកស្រី Siyamon Thianngam មន្ត្រីជលផលស្រុកកោះស៊ីឆាង មានប្រសាសន៍ថា៖ “នេះត្រូវបានចាត់ទុកជាតំបន់ទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍នៅលើកោះ ជាកន្លែងចិញ្ចឹមនិងបង្កាត់ពូជសត្វសមុទ្រ ជួយបង្កើនធនធានជលផល។ ជាពិសេស នេះក៏ជាកន្លែងប្រមូលផ្តុំអ្នកនេសាទនៅលើកោះផងដែរ ព្រោះអ្នកនេសាទទាំងអស់នៅលើកោះបានយល់ដឹងនិងសហការជាមួយមជ្ឈមណ្ឌល”

លោក Chusak Nanthithanthada ចៅសង្កាត់កោះស៊ីឆាង កំពុងដាំផ្កាថ្មទន់នៅមជ្ឈមណ្ឌល។

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលក្នុងតំបន់ក៏គាំទ្រសកម្មភាពរបស់មជ្ឈមណ្ឌលដោយរៀបចំការផលិតគំរូផ្កាថ្មសិប្បនិម្មិតសម្រាប់បញ្ចេញទៅក្នុងសមុទ្រ។ ទាំងនេះត្រូវបានចាត់ទុកជា "ជម្រកដ៏អស្ចារ្យសម្រាប់ត្រី និងសត្វសមុទ្រ"។ ការស្រុះចិត្តគំនិត និងកិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋាន មជ្ឈមណ្ឌលអភិរក្សនិងបង្កាត់ពូជសមុទ្រកោះស៊ីឆាង និងប្រជាជន សុទ្ធតែមានគោលបំណងតែមួយគត់គឺស្ដារឡើងវិញធនធានសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព៕