យោងតាមលោក ចៅ ឃុនជុំផុន លេខាធិការនិងជាជំនួយការព្រះចៅអធិការវត្តអរុណរាជវរារាម បានឲ្យដឹងថា វត្តថៃ ជាពិសេសវត្តអរុណ ត្រូវបានសាងសង់ឡើងដោយផ្អែកលើគោលការណ៍ ពិភពព្រះពុទ្ធសាសនា។ វត្តនេះត្រូវបានរចនាឡើងដោយមានប្រាង្គកណ្តាលតំណាងឱ្យភ្នំព្រះសុមេរុ ដែលជាមជ្ឈមណ្ឌលនៃចក្រវាឡ យោងតាមព្រះពុទ្ធសាសនា។ ចាប់ពីរូបសំណាកព្រះពុទ្ធ រហូតដល់ព្រះវិហារ ឬអគារផ្សេងៗក្នុងវត្ត សុទ្ធតែធ្វើតាមគោលការណ៍នេះ ដែលបង្ហាញពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងស្ថាបត្យកម្ម និងទស្សនវិជ្ជាព្រះពុទ្ធសាសនា៖ “ថៃជាប្រទេសដែលមានពុទ្ធបរិស័ទច្រើន។ ដូច្នេះហើយ វត្តអារាមមានសារៈសំខាន់ណាស់នៅក្នុងសហគមន៍។ មិនត្រឹមតែនៅទីក្រុងបាងកកប៉ុណ្ណោះទេដែលនិយមសាងសង់វត្ត ប៉ុន្តែសូម្បីតែនៅតាមភូមិ-ឃុំតូចៗក៏ត្រូវការវត្ត ឬមូលដ្ឋានសាសនា ដើម្បីបង្ហាញថា ឫសរបស់យើងមកពីវត្ត ហើយយើងជាពុទ្ធបរិស័ទ”

ក្រុមអ្នកកាសែត VOV ថតរូបជាមួយព្រះសង្ឃ និងអ្នកមុខអ្នកការសាសនាថៃ។

សព្វថ្ងៃនេះ ព្រះពុទ្ធសាសនាគឺជាកត្តាសំខាន់មួយក្នុងការអភិវឌ្ឍទេសចរណ៍វប្បធម៌-វិញ្ញាណ នៅក្នុងប្រទេសថៃ។ ក្រុមហ៊ុនទេសចរណ៍ជាច្រើនបានរៀបចំដំណើរធម្មយាត្រាតាមដងទន្លេចៅប្រាយ៉ា ទស្សនាវត្តល្បីៗដូចជា វត្តអរុណ វត្តភូ ឬវត្តប្រាកែវ។ វត្តអរុណ តែងតែរៀបចំពិធីបុណ្យប្រពៃណីធំៗ ដូចជា សង្ក្រាន្ត បុណ្យកឋិនទាន ឬពិធីបុណ្យនៃព្រះពុទ្ធសាសនាធំៗ ដូចជា វិសាខបូជា អាសាឡាបាចា និងខៅផាន់សា ដោយបើកទ្វារឱ្យភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ ចូលគោរពបូជា និងទទួលបទពិសោធន៍នៃវប្បធម៌ព្រះពុទ្ធសាសនាថៃ។

ប្រទេសថៃក៏ត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏សំខាន់មួយក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ ជាឧទាហរណ៍គឺមហាពិធីបុណ្យវិសាខបូជារបស់អង្គការសហប្រជាជាតិ (Visakha Bucha Day)។ ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះជាច្រើនឆ្នាំមកហើយ ដោយបានអញ្ជើញប្រទេសជាច្រើនមកចូលរួម។ អង្គការព្រះពុទ្ធសាសនាអន្តរជាតិសំខាន់ៗ ក៏មានទីស្នាក់ការកណ្តាល ឬមជ្ឈមណ្ឌលប្រតិបត្តិការនៅក្នុងប្រទេសថៃ ផងដែរ ដូចជា៖ បណ្តាញពុទ្ធបរិស័ទអន្តរជាតិ សមាគមពុទ្ធសាសនិកពិភពលោក និងមហាវិទ្យាល័យពុទ្ធសាសនាអន្តរជាតិ។

លើសពីនេះ ប្រទេសថៃក៏ផ្តោតលើការអភិវឌ្ឍវិស័យអប់រំព្រះពុទ្ធសាសនាផងដែរ។ ព្រះសង្ឃនិងភិក្ខុនីជាច្រើនមកពីប្រទេសផ្សេងៗ រួមទាំងប្រទេសវៀតណាម បានមកសិក្សានៅវិទ្យាស្ថានព្រះពុទ្ធសាសនាដ៏ល្បីឈ្មោះ ដូចជា សាកលវិទ្យាល័យមហាជូឡាឡុងកន។ លោក ចៅ ឃុនជុំផុន លេខាធិការនិងជាជំនួយការព្រះចៅអធិការវត្តអរុណ រាជវរារាម បានចែករំលែកថា៖ “ប្រជាជនវៀតណាម ឬព្រះសង្ឃវៀតណាមជាច្រើនបានមកសិក្សានៅ សាកលវិទ្យាល័យមហាជូឡាឡុងកន ដែលមានទាំងកម្មវិធីសិក្សាពុទ្ធសាសនាថេរវាទ និងមហាយាន។ យើងក៏ស្រាវជ្រាវព្រះពុទ្ធសាសនាអន្តរជាតិ មានកន្លែងសិក្សាព្រះពុទ្ធសាសនាអន្តរជាតិ ហើយក៏មានព្រះសង្ឃវៀតណាមជាច្រើនអង្គមកសិក្សាផងដែរ។ នេះជាការជំរុញទាំងការបង្រៀន ហើយក៏ជាការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ” ។

ដោយធ្វើអត្ថាធិប្បាយអំពីទំនាក់ទំនងព្រះពុទ្ធសាសនារវាងប្រទេសថៃ និងវៀតណាម លោក ចៅ ឃុនជុំផុន លេខាធិការ និងជាជំនួយការព្រះចៅអធិការវត្តអរុណបានឲ្យដឹងថា នេះជាទំនាក់ទំនងដ៏ល្អមួយ។ ថៃសិក្សាព្រះពុទ្ធសាសនាមហាយានពីប្រទេសវៀតណាម ឬវៀតណាមសិក្សាព្រះពុទ្ធសាសនាថេរវាទ អំពីមាគ៌ាបដិបត្តិ របៀបរស់នៅ ការហូបចុក ឬវិធីសំខាន់ៗក្នុងការប្រតិបត្តិព្រះពុទ្ធសាសនា។ នេះគឺជាការផ្លាស់ប្តូរចំណេះដឹងដ៏សំខាន់បំផុត។ ចំណែកឯរដ្ឋាភិបាលថៃវិញ ការគាំទ្រនិងផ្សព្វផ្សាយព្រះពុទ្ធសាសនា គឺជាគោលនយោបាយដ៏សំខាន់មួយដែលរដ្ឋាភិបាលថៃ បានចាត់ឲ្យនាយកដ្ឋានកិច្ចការសាសនាជាតិ។ លោក Yuttasak Kaewprapan មន្ត្រីជាន់ខ្ពស់ក្រសួងសាសនា នៃនាយកដ្ឋានកិច្ចការសាសនាជាតិ បានឲ្យដឹងថា៖

លោក Yuttasak Kaewprapan មន្ត្រីជាន់ខ្ពស់ក្រសួងសាសនា នៃនាយកដ្ឋានកិច្ចការសាសនាជាតិថៃ។

“នាយកដ្ឋានកិច្ចការសាសនាជាតិបានជួយឧបត្ថម្ភព្រះសង្ឃ ភិក្ខុនី និងពុទ្ធបរិស័ទបរទេស រួមទាំងពុទ្ធបរិស័ទវៀតណាម មកសិក្សានៅប្រទេសថៃ។ នាយកដ្ឋានកិច្ចការសាសនាបានសហការជាមួយនាយកដ្ឋានអន្តោប្រវេសន៍ និងក្រសួងការបរទេស ដើម្បីជួយពន្យាពេលទិដ្ឋាការ ផ្លាស់ប្តូរទិដ្ឋាការ ឬផ្តល់លិខិតចូលព្រំដែនសម្រាប់អ្នកដែលមកប្រទេសថៃដើម្បីសិក្សាព្រះពុទ្ធសាសនា។ បច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានមកដល់ខេត្តក្រុងផ្សេងៗនៅប្រទេសថៃ និងទីក្រុងបាងកក ដើម្បីសិក្សាព្រះពុទ្ធសាសនា”

បើទោះបីជាមានការផ្លាស់ប្ដូរជាច្រើនលើពិភពលោកក៏ដោយ ក៏ជំនឿលើព្រះពុទ្ធសាសនានៅតែជាទីបង្អែកដ៏រឹងមាំសម្រាប់ព្រលឹងប្រជាជននៃប្រទេសទាំងពីរ។ ការតភ្ជាប់ខាងវិញ្ញាណ វប្បធម៍ និងក្តីមេត្តាធម៌ក្នុងព្រះពុទ្ធសាសនា បានរួមចំណែកដល់ការតភ្ជាប់សហគមន៍ពុទ្ធបរិស័ទ មិនត្រឹមតែក្នុងបច្ចុប្បន្នកាលប៉ុណ្ណោះទេ ប៉ុន្តែនាពេលអនាគតទៀតផង៕