នៅក្នុងវីដេអូរប្រវែងជិត ៦ នាទី ជាមួយទេសភាពធ្លាប់ស្គាល់ដូចជា៖ បឹង Hoan Kiem នាពេលព្រឹកព្រលឹម ព្រះវិហារធំនៅកណ្តាលវិថីបុរាណ ហ្វើ Ly Quoc Su មួយចានដែលកំពុងហុយផ្សែង និងកាហ្វេ Cong មួយពែង... ទាំងអស់នេះ ត្រូវបានលោក Aris ឧទ្ទេសនាមយ៉ាងជាក់ស្តែង ដែលជួយអ្នកទស្សនាមានអារម្មណ៍នៃបរិយាកាសនៅទីក្រុងហាណូយក្រោយជំងឺកូវីដ-១៩។ នេះគឺជាវីដេអូដ៏ពេញនិយមបំផុតនៅលើឆានែលយូធូប "Aris Venture" ដែលមានអ្នកចូលមើលជាងមួយពាន់លើក និងមតិរាប់រយពីទស្សនិកជនឥណ្ឌូនេស៊ី។
"នេះជាវីដេអូដំបូងដែលខ្ញុំបានថតបន្ទាប់ពីការបិទខ្ទប់។ ខ្ញុំចង់ឱ្យប្រជាជនឥណ្ឌូនេស៊ីបានឃើញពីជីវភាពនៅទីក្រុងហាណូយ បន្ទាប់ពីការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩។ ខ្ញុំពិតជារីករាយ និងភ្ញាក់ផ្អើលណាស់ ដែលវីដេអូដំបូងរបស់ខ្លួនទទួលបានការលើកទឹកចិត្តពីមិត្តភក្តិ និងមតិប្រតិកម្មវិជ្ជមានពីអ្នកចូលមើល ដែលជំរុញឱ្យខ្ញុំចាប់ផ្តើមរៀបរាប់រឿងអំពីប្រទេសវៀតណាម"។
រឿងរ៉ាវរបស់លោក Aris ជាមួយវៀតណាមបានចាប់ផ្តើមនៅឆ្នាំ ២០១៦ នៅពេលដែលលោកត្រូវបានឪពុកធម៌របស់ខ្លួន អញ្ជើញទៅទស្សនាទីក្រុងហាណូយ។ មុននោះ ដូចជនជាតិឥណ្ឌូនេស៊ីភាគច្រើនដែរ លោកបានស្គាល់ដល់ប្រទេសវៀតណាមតាមរយៈរឿងរ៉ាវសង្គ្រាមតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងហាណូយបានធ្វើឱ្យលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង៖"នៅពេលមកដល់ទីក្រុងហាណូយ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់។ ខ្ញុំបានទទួលអារម្មណ៍សុខសាន្តត្រាណ និងចង្វាក់រស់នៅដ៏ស្រាលស្រទន់របស់ប្រជាជននៅទីនេះ ដែលខុសពីរដ្ឋធានីនៃប្រទេសដទៃដែលខ្ញុំធ្លាប់ទៅ។ ប្រការនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាល និងចង់បន្តរស់នៅទីនេះ"។
លោក Aris និងសហការី ក្នុងសិក្ខាសាលាស្តីពីទេសចរណ៍ (រូបថត៖ FB Aris Setiawan) |
ចំណាប់អារម្មណ៍ទាំងនេះ បានជំរុញឱ្យលោក Aris ស្នាក់នៅនិងចាប់ផ្តើមដំណើរថ្មីនៅទីក្រុងហាណូយ។ ដំបូងឡើយ លោកបានបង្រៀនភាសាអង់គ្លេស បន្ទាប់មកបានធ្វើការនៅភោជនីយដ្ឋានឥណ្ឌូនេស៊ីមួយក្នុងទីក្រុងហាណូយ។ ដោយចៃដន្យ លោកត្រូវបានទទួលឱ្យធ្វើការនៅក្រុមហ៊ុនទេសចរណ៍មួយដែលមានសាខានៅទីក្រុងហាណូយ។ ចាប់តាំងពីឆ្នាំ ២០១៧ មក លោក Aris បានចូលរួមក្នុងការផ្សព្វផ្សាយអំពីប្រទេសវៀតណាមនៅទីផ្សារឥណ្ឌូនេស៊ី។ បច្ចុប្បន្ន ក្នុងនាមជានាយកផ្នែក Marketing ទទួលបន្ទុកទីផ្សារឥណ្ឌូនេស៊ី លោក Aris កំពុងរួមចំណែកឧទ្ទេសនាមពីរូបភាពប្រទេសវៀតណាមដ៏រួសរាយរាក់ទាក់ គួរឲ្យទាក់ទាញ និងមានសុវត្ថិភាពដល់ភ្ញៀវទេសចរមកពីប្រទេសរាប់ម៉ឹនកោះ៖ "ខ្ញុំចង់ឱ្យប្រជាជនឥណ្ឌូនេស៊ីមើលឃើញថា វៀតណាមមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលពួកគេអាចមានអារម្មណ៍ដូចនៅផ្ទះខ្លួនទៀតផង។ ខ្ញុំចង់ឱ្យពួកគេឃើញថា វៀតណាមជាប្រទេសសន្តិភាព អភិវឌ្ឍ និងមានសុវត្ថិភាព។ នោះជាការងារផ្នែក Marketing របស់ខ្ញុំ"។
វីដេអូរបស់លោកមិនមានពណ៌ស្រស់ឆើតឆាយនោះទេ គ្រាន់តែជារូបភាពសាមញ្ញ និងពិតប្រាកដប៉ុណ្ណោះ ប៉ុន្តែបានទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍ឥណ្ឌូនេស៊ី និងប្រជាជនវៀតណាមជាច្រើននាក់។ ពួកគេបានសរសេរមតិយោបល់អរគុណ និងផ្ញើសារដើម្បីសួរអំពីកន្លែងពិសារម្ហូបអាហារ កន្លែងស្នាក់នៅ និងការធ្វើដំណើរទៀតផង។ អ្នកខ្លះបានចែករំលែកថា ឆានែលបានជួយពួកគេនឹងនរចិត្ត នៅពេលរៀបចំផែនការធ្វើដំណើរទៅវៀតណាម ជាពិសេសសម្រាប់អ្នកដែលកាន់សាសនាឥស្លាម៖ "ជនជាតិឥណ្ឌូនេស៊ីភាគច្រើនកាន់សាសនាឥស្លាម ដូច្នេះហើយ នៅពេលដែលយើងចង់ធ្វើដំណើរទៅវៀតណាម យើងត្រូវស្រាវជ្រាវដោយប្រុងប្រយ័ត្ន តាមរយៈមិត្តភក្តិ និងស្វែងរកនៅលើបណ្តាញសង្គម។ ដោយចៃដន្យ ខ្ញុំបានដឹងពីឆានែលយូធូប Aris Venture។ ម្ចាស់ឆានែលបានផ្តល់ការណៃនាំ ដ៏មានប្រយោជន៍ មុខម្ហូបណាជាហាឡាល និងមុខម្ហូបណាដែលអាចទិញជាអំណោយ។ល។
"នាងខ្ញុំជាមគ្គុទ្ទេសក៍ទេសចរណ៍។ ខ្ញុំបានរកឃើញឆានែល Aris Venture នៅពេលដែលខ្ញុំកំពុងស្វែងរកមេរៀនភាសាឥណ្ឌូនេស៊ីតាមអ៊ីនធឺណិត។ តាមរយៈវីដេអូ ក្រៅពីការរៀនភាសា ខ្ញុំក៏បានរៀនពីប្រទេសវៀតណាមតាមទស្សនៈរបស់ជនបរទេសដចជាលោក Aris។ ឆានែលនេះ មិនមានអ្នកតាមដានច្រើនទេ ប៉ុន្តែគួរឱ្យចាប់អារម្មណ៍ និងមានប្រយោជន៍សម្រាប់រូបខ្ញុំផ្ទាល់។ Aris ហាក់ដូចជាស្គាល់ច្រើនអំពីជីវភាពនិងប្រជាជនវៀតណាម"។
នៅព្រឹកព្រលឹម នៅក្នុងវិថីតូចមួយក្នុងទីក្រុងហាណូយ លោក Aris បានឈប់នៅមុខតូបលក់បន្លែមួយកន្លែង។ លោកបានជ្រើសរើសបន្លែ ហើយជជែកគ្នាជាភាសាវៀតណាមដែលមិនសូវច្បាស់។ អ្នកលក់បានញញឹមយ៉ាងស្រស់ស្រាយ ឆ្លើយតបដោយភាពរួសរាយរាក់ទាក់ ដូចអ្នកស្គាល់គ្នាយូរមកហើយ។ សំឡេងអ៊ូអរនៃផ្សារ សំឡេងម៉ូតូ លាយឡំជាមួយស្នាមញញឹមដ៏រួសរាយរាក់ទាក់របស់ប្រជាជន ត្រូវបានថតដោយកាមេរ៉ាផ្ទាល់ខ្លួនរបស់លោក Aris ជាសម្ភារៈសម្រាប់ឆានែលយូធូប ក៏ដូចជាសំគាល់ពេលវេលាដ៏គួរឲ្យចងចាំនៅប្រទេសវៀតណាមផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
