ក្នុងឆ្នាំ ២០២៥ ឧស្សាហកម្មកែច្នៃនិងផលិតកម្ម មានការកើនឡើងប្រមាណ ១០% ដែលរួមចំណែកយ៉ាងធំធេងដល់កំណើនសេដ្ឋកិច្ច (ជិត ៣២%)។ ក្នុងនោះ ការកែច្នៃជម្រៅ និងការផលិតផលិតផលបច្ចេកវិទ្យាខ្ពស់ គឺជា វិស័យដែលមានឧត្តមភាពយ៉ាងខ្លាំង។

នៅឆ្នាំ ២០២៥ ឧស្សាហកម្មផលិតកម្មនិងកែច្នែ បានកើនឡើងប្រហែល ១០% រួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចទាំងមូល។ រូបភាព៖ vneconomy.vn

នៅក្នុងនិន្នាការអភិវឌ្ឍន៍រួម ឆ្នាំ២០២៦នេះ ក៏ដូចជាដំណាក់កាល ២០២៦-២០៣០ វៀតណាមកំពុងផ្តោតលើការផ្លាស់ប្តូរពីការអភិវឌ្ឍយ៉ាងទូលំទូលាយទៅជាការអភិវឌ្ឍយ៉ាងជម្រៅ ដោយមិនត្រឹមតែលើកកម្ពស់គុណភាពផលិតផលឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការពឹងផ្អែកលើការកែច្នៃនិងការដំឡើង ហើយបង្កើនតម្លៃនៅក្នុងវិស័យផលិតកម្មទៀតផង។ លោក Quach Quang Dong អនុប្រធាននាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវគោលដៅកំណើន GDP ចំនួន ១០% ឬច្រើនជាងនៅឆ្នាំនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មកំពុងផ្តោតលើការជំរុញដំណោះស្រាយចំនួនបីក្រុម៖

“ទីមួយ ធ្វើសេនាធិកាដល់ការសុក្រឹត្យស្ថាប័ន គោលនយោបាយ ច្បាប់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងឧស្សាហកម្មសំខាន់ៗ និងអាទិភាពមួយចំនួន។ ទីពីរ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ និងកម្មវិធីឧបត្ថម្ភអាជីវកម្ម ជំរុញការដាក់ឱ្យដំណើរការនូវគម្រោងផលិតកម្មឧស្សាហកម្មថ្មី ដើម្បីបម្រើដល់ការនាំចេញ និងការប្រើប្រាស់ក្នុងស្រុក។ ទីបី ឧបត្ថម្ភដល់សហគ្រាសឱ្យបន្តឆ្លៀតយកឱកាសពីគម្រោងវិនិយោគសាធារណៈធំៗ”។

យុទ្ធសាស្ត្រសំខាន់មួយក្នុងដំណាក់កាលខាងមុខ ដែលក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានដាក់ចេញ គឺការជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍នៅក្នុងឧស្សាហកម្មផលិតកម្មកែច្នែ។ តាមនោះ ទីភ្នាក់ងារគ្រប់គ្រងលើកទឹកចិត្តសហគ្រាសឱ្យបង្កើនការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ម្ចាស់ការអនុវត្តបច្ចេកវិទ្យាថ្មីៗ និងធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូលដែលមានតម្លៃបន្ថែមខ្ពស់ ជាបណ្ដើរៗ ។ លោក To Hoai Nam អនុប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមវៀតណាម បានចាត់ទុកថា៖ “ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវអត្រាកំណើនពីរខ្ទង់ ត្រូវតែផ្តោតសំខាន់លើសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង នវានុវត្តន៍ និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ ធ្វើបានដូច្នេះ ទើបយើងអាចបង្កើនតម្លៃបន្ថែម និងឆ្លៀតយកឧត្តមភាពរបស់ខ្លួន”។

លោក Quach Quang Dong អនុប្រធាននាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។ រូបថត៖ VOV1

មូលដ្ឋានជាច្រើនក៏កំពុងអនុវត្តវិធានការជាបន្ទាន់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មកែច្នៃ និងផលិតកម្មបច្ចេកវិទ្យាខ្ពស់ តាមទិសដៅអេកូឡូស៊ី និងប្រកបដោយនិរន្តរភាព ដោយផ្លាស់ប្តូរពីការកែច្នៃ និងការដំឡើងទៅជាផលិតកម្មដែលមានតម្លៃខ្ពស់ ដោយបង្កើតមូលដ្ឋានគ្រឹះដើម្បីទាក់ទាញសហគ្រាសបច្ចេកវិទ្យាធំៗ និងជំរុញណើនសេដ្ឋកិច្ចរយៈពេលវែង។ លោក Tran Minh Chien ប្រធានគណៈកម្មការគ្រប់គ្រង់នៃតំបន់សេដ្ឋកិច្ចនិងមណ្ឌលឧស្សាហកម្មខេត្ត Khanh Hoa បានឲ្យដឹងថា៖ “ដើម្បីបំពេញតាមតម្រូវការអភិវឌ្ឍឧស្សាហកម្ម តាមទិសដៅបច្ចេកវិទ្យាខ្ពស់ អេកូឡូស៊ី បៃតង និងប្រកបដោយនិរន្តរភាព គណៈកម្មការគ្រប់គ្រង់បានបង្កើតផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធសង្គមប្រកបដោយសមកាលកម្ម នៅក្នុងតំបន់សេដ្ឋកិច្ច និងមណ្ឌល ឧស្សាហកម្មនានា។ គោលដៅគឺដើម្បីធានាលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន ហើយបម្រើតម្រូវការរបស់សហគមន៍ជន។ ការអភិវឌ្ឍឧស្សាហកម្មត្រូវតែផ្សារភ្ជាប់ទៅនឹងការការពារបរិស្ថានបៃតង និងអេកូឡូស៊ី”។

ដើម្បីដាក់គ្រឹះសម្រាប់កំណើនឧស្សាហកម្មក្នុងដំណាក់កាលខាងមុខ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មកំពុងកសាងកម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភដំណាក់កាល ២០២៦-២០៣០ រួមទាំងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបច្ចេកទេសទំនើបៗ ដើម្បីគាំទ្រសហគ្រាសឲ្យលើកកម្ពស់សមត្ថភាពផលិតកម្ម និងចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ នាពេលខាងមុខ ដើម្បីសម្រេចបានកំណើនសន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) កើនពី ១២ ទៅ ១៤% នៅឆ្នាំនេះ លោក Quach Quang Dong អនុប្រធាននាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានបញ្ជាក់ថា ចាំបាច់ត្រូវទាក់ទាញប្រភពទុនវិនិយោគដ៏ចម្រុះ ដោយបង្កើត "កម្លាំងជំរុញ" បន្ថែមទៀតសម្រាប់ផលិតកម្មឧស្សាហកម្ម៖ “ឧស្សាហកម្មមានតម្រូវការដើមទុនច្រើន និងពេលវេលាប្រមូលទុនមកវិញដ៏យូរ។ ដូច្នេះហើយ ត្រូវការគម្រោងធំៗ និងមានប្រសិទ្ធភាពនៅក្នុងវិស័យថាមពល រ៉ែ និងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មជាមូលដ្ឋាន ពីការវិនិយោគសាធារណៈ ឬឯកជន ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍផលិតកម្មឧស្សាហកម្ម តាមនោះ សម្រេចបាននូវគោលដៅកំណើន”។

រោងចក្រវាយនភណ្ឌនៃក្រុមហ៊ុន Jasan Vietnam ក្នុងមណ្ឌលឧស្សាហកម្ម Pho Noi B ខេត្ត Hung Yen។ រូបថត៖ Dang Duy/nhandan.vn

នៅក្នុងផ្ទាំងគំនូរកំណើននៃសេដ្ឋកិច្ចវៀតណាម ឧស្សាហកម្មកែច្នៃ និងផលិតកម្មកំពុងបង្ហាញតួនាទីកាន់តែខ្លាំងឡើង ជាកម្លាំងចលករកណ្តាល។ តាមពិតទៅ បច្ចុប្បន្ននេះ មុខទំនិញនាំចេញសំខាន់ៗជាច្រើនរបស់វៀតណាមបានមកពីវិស័យកែច្នៃ និងផលិតកម្ម។ ការវិនិយោគដ៏ត្រឹមត្រូវនៅក្នុងឧស្សាហកម្មនេះ នឹងក្លាយជាគន្លឹះដើម្បីលើកកម្ពស់ផលិតភាពការងារ កែលម្អគុណភាពផលិតផល និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច៕