រូបថត៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម

ផ្នែកឧស្សាហកម្មរបស់វៀតណាមកំពុងត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញតាមទិសទំនើបភាវូបនីយកម្ម អភិវឌ្ឍន៍ស៊ីជម្រៅ លើកកម្ពស់ផលិតភាព គុណភាព តម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងនៃផលិតផលនៃផ្នែកឧស្សាហកម្មដែលមានគុណសម្បត្តិ។ ទន្ទឹមនឹងនោះ វៀតណាមផ្តល់អាទិភាពដល់ការអភិវឌ្ឍ ធ្វើជាម្ចាស់បច្ចេកវិទ្យាថ្មីៗ និងវិស័យឧស្សាហកម្ម ដែលកំពុងរីកចម្រើនដូចជា បន្ទះឈីប semiconductor បញ្ញាសិប្បនិម្មិត; អភិវឌ្ឍន៍យ៉ាងខ្លាំងនូវឧស្សាហកម្មឧបត្ថម្ភ បង្កើនការតភ្ជាប់រវាងតំបន់ដែលមានទុនវិនិយោគបរទេស និងតំបន់ក្នុងប្រទេស; ស្រាវជ្រាវនិងអភិវឌ្ឍន៍គ្រឿងសំណង់បៃតង សន្សំសំចៃថាមពល ស្និទ្ធស្នាលជាមួយបរិស្ថាន និងមានការបំភាយឧស្ម័នកាបូនទាប ជាដើម។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien បានអះអាងថា គោលដៅជាក់ស្តែងទាំងនេះនឹងត្រូវបានវិស័យឧស្សាហពាណិជ្ជកម្មបំពេញល្អនៅឆ្នាំនេះ ពីព្រោះនេះគឺជាលក្ខខណ្ឌដើម្បីរួមចំណែកផ្លាស់ប្តូរថ្មី និងជំរុញកំណើនប្រពៃណី៖

“ដើម្បីសម្រេចបានគោលដៅផែនការ ៥ ឆ្នាំ ២០២១-២០២៥ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ប្រទេសឆ្ពោះទៅកាន់យុគសម័យថ្មី - យុគសម័យស្ទុះ ឈានទៅវិបុលភាព ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មត្រូវផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ច និងដំណោះស្រាយដោះស្រាយការលំបាក ឧបត្ថម្ភដល់អាជីវកម្មស្តារសកម្មភាពឡើងវិញ ពន្លឿនការអនុវត្តគម្រោងអភិវឌ្ឍន៍ឧស្សាហកម្ម ថាមពល និងពាណិជ្ជកម្ម ជាពិសេសគម្រោងសំខាន់ៗដែលនឹងត្រូវដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ បង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច”។

យោងតាមការគណនារបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ដើម្បីសម្រេចបានកំណើន GDP យ៉ាងតិច ៨% ផ្នែកឧស្សាហកម្មនឹងត្រូវមានកំណើនយ៉ាងហោចណាស់ ៩,៣%។ នៅក្នុងសេណារីយ៉ូនៃកំណើន GDP សម្រេចបាន "ពីរខ្ទង់" ដោយកំណើន GDP គ្រោងនឹងកើនឡើង ១០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ ផ្នែកឧស្សាហកម្មត្រូវតែកើនឡើង ១១,៩%។ ឧស្សាហកម្មកែច្នៃ និងផលិត គឺជាផ្នែកដែលកំណត់យ៉ាងសំខាន់នូវការពន្លឿនកំណើននៃឧស្សាហកម្មទាំងមូល បង្កើតតម្លៃបន្ថែមដ៏ធំបំផុតសម្រាប់ផ្នែកឧស្សាហកម្ម និងជាកម្លាំងចលករដ៏សំខាន់ក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសក្នុងប៉ុន្មានឆ្នាំថ្មី ៗនេះ ដូច្នេះនាពេលខាងមុខ វៀតណាមនឹងបន្តជ្រើសរើសយ៉ាងប្រុងប្រយ័ត្នបន្ថែមទៀតនូវលំហូរទុនវិនិ យោគផ្ទាល់ពីបរទេស (FDI) ទៅក្នុងវិស័យនេះ។ ជាពិសេស ផ្តល់អាទិភាពដល់គម្រោងដែលមានបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្អាត ការគ្រប់គ្រងទំនើប មានតម្លៃបន្ថែមខ្ពស់ និងការតភ្ជាប់ខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកល។ សេដ្ឋវិទូ សាស្ត្រាចារ្យរង បណ្ឌិត លោក Nguyen Thuong Lang បានឲ្យដឹងថា៖ “យើងត្រូវផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មរបស់វៀតណាមឆ្ពោះទៅរកឧស្សាហកម្មបៃតង ឧស្សាហ កម្មស្អាត ឧស្សាហកម្មឆ្លាតវៃ; យកចិត្តទុកដាក់ចំពោះការរៀបចំឧស្សាហកម្មរបស់វៀតណាមតាមខ្សែសង្វាក់តម្លៃ។ ជាពិសេស នៅក្នុងវិស័យឧស្សាហកម្មថ្មីៗ ដូចជាឧស្សាហកម្ម semiconductor ឧស្សាហកម្មថាមពលស្អាត ថាមពលបៃតង ឧស្សាហកម្មដែលទាក់ទងនឹងការផ្លាស់ប្តូរឌីជីថលជាដើម យើងគួរតែវិនិយោគបន្ថែមទៀត និងខ្លាំងជាងនេះ ដើម្បីបង្កើតរបកគំហើញសម្រាប់ឧស្សាហកម្មនេះ”។

ទន្ទឹមជាមួយគ្នានោះ វៀតណាមត្រូវផ្តោតលើការពង្រឹងការអភិវឌ្ឍឧស្សាហកម្មឧបត្ថម្ភ។ នេះគឺជាកត្តាស្នូលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីសហគ្រាសវៀតណាមអាចចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាចូលរួមក្នុងគម្រោងឧស្សាហកម្មសំខាន់ៗ ក្នុងប្រទេស ដូចជា ឧស្សាហកម្មថាមពល ថាមពលកកើតឡើងវិញ។ លោកស្រី Truong Thi Chi Binh អនុប្រធាន និងជាអគ្គលេខានៃសមាគមឧស្សាហកម្មឧបត្ថម្ភវៀតណាមបានឲ្យដឹងថា៖ “ប្រសិនបើយើងមានយុទ្ធសាស្ត្រតាំងពីដើមមក និងមានផែនការធ្វើមូលដ្ឋានីយកម្មច្បាស់លាស់ ភាគីទាំងអស់នឹងមានការត្រៀមរៀបចំ ហើយប្រសិនបើមានការត្រៀមរៀបចំ សហគ្រាសវៀតណាមពិតជាអាចចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៃវិស័យថាមពលកកើតឡើងវិញនេះ”។

ទាក់ទងនឹងរបៀបរបប វៀតណាមក៏បន្តសុក្រិតគោលនយោបាយ និងឯកសារច្បាប់ បើកទូលាយប្រភពធនធាន និងអភវឌ្ឍន៍សហគ្រាស បង្កើតប្រភពទំនិញសម្រាប់ការនាំចេញ និងបម្រើការប្រើប្រាស់ក្នុងប្រទេស។ លើសពីនេះ ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មនឹងបង្ហើយឯកសារនាពេលឆាប់ៗនេះ ដើម្បីស្នើបង្កើតច្បាប់ផលិតផលិតផលឧស្សាហកម្មសំខាន់ៗ៕