កាលពីចុងឆ្នាំមុន វៀតណាមបានក្លាយជាទីតាំងគួរឲ្យចាប់អារម្មណ៍របស់សហគមន៍បច្ចេកវិទ្យាពិភពលោក នៅពេលដែលលោក Jensen Huang ប្រធានក្រុមហ៊ុន Nvidia (សហរដ្ឋអាមេរិក) ដែលជាសាជីវកម្មរចនា និងផលិតបន្ទះឈីប semiconductor ដ៏ធំបំផុតនៅលើពិភពលោកបានមកប្រទេសវៀតណាមដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិ បត្តិការជាមួយ រដ្ឋាភិបាលវៀតណាមក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ AI នៅវៀតណាម។ នៅក្នុងសាររបស់លោក Jensen Huang បានបញ្ជាក់ថា លោកនឹងប្រែក្លាយវៀតណាមទៅជា “ផ្ទះទីពីររបស់ Nvidia” ខណៈពេលដែលបានកោតសរសើរពីសក្តានុពលដ៏ធំធេងវៀតណាម ជាពិសេសទាក់ទងនឹងធនធានមនុស្សបច្ចេកវិទ្យាខ្ពស់។

“ខ្ញុំគិតថាអាណាព្យាបាលវៀតណាមជាអ្នកដែលមានការរំពឹងទុកយ៉ាងខ្លាំងចំពោះកូនៗ របស់ខ្លួន ដោយសារយុវជនវៀតណាមពូកែខាងផ្នែក STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា) ហើយនោះក៏ជាហេតុផលដែលសហគមន៍សូហ្វវែរវៀតណាម ក៏ដូចជាការនាំចេញសូហ្វវែររបស់វៀត ណាមមានទំហំធំ និងស៊ីជម្រៅ”។

លោក Jensen Huang ប្រធានក្រុមហ៊ុន NVIDIA។ រូបថត៖ VGP

យោងតាមអនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong ព្រឹត្តិការណ៍ Nvidia បង្កើតមូលដ្ឋានសំខាន់នៃក្រុមនេះនៅវៀត ណាម គឺជាចំណុចរបត់មួយសម្រាប់វៀតណាមក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ បញ្ជាក់ការទំនុកចិត្ត របស់វិនិយោគិនអន្តរជាតិក្នុងការផ្លាស់ប្តូរជាវិជ្ជមានជាក់លាក់របស់ វៀតណាមនាពេលថ្មីៗនេះ ក្នុងការកែលម្អលក្ខខណ្ឌទាក់ទាញការវិនិយោគបរទេសដូចជា៖ ដី ថាមពល ជាពិសេសធនធានមនុស្ស។ អនុរដ្ឋមន្ត្រីលោក Tran Quoc Phuong បានឲ្យដឹងថា៖ “អំពីធនធានមនុស្ស យើងបានត្រៀមខ្លួនរួចរាល់ហើយ។ ក្រសួងផែនការ និងវិនិយោគ ក៏ត្រូវបានប្រគល់ភារកិច្ចឲ្យបណ្តុះបណ្តាលវិស្វករ និងកម្មករដែលមានគុណភាពខ្ពស់ចំនួន ៥០,០០០ នាក់ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និង semiconductor។ ការចូលរួមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងសង្វាក់ផលិតកម្មនឹងធ្វើឲ្យប្រសើរឡើងនូវជំហររបស់វៀតណាមក្នុងឆាកអន្តរជាតិ ដែលជាបុព្វបទសម្រាប់ចូលរួមក្នុងខ្សែសង្វាក់សេដ្ឋកិច្ច និងផលិតកម្ម“។

យោងតាមទិន្នន័យរបស់ក្រសួងផែនការ និងការវិនិយោគ កាលពីឆ្នាំមុន វៀតណាមបានទាក់ទាញ ៣៨,២៣ ពាន់លានដុល្លារអាមេរិក ដោយស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១៥ ដែលទាក់ទាញ FDI ច្រើនជាងគេលើពិភពលោក។ ដើមទុន FDI មានប្រហែល ២៥,៣៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៩,៤% ហើយខ្ពស់បំផុតមិនធ្លាប់មាន។ តម្លៃម៉ាក់យីហោជាតិកាលពីឆ្នាំមុនបានឈានដល់ ៥០៧ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ៣២ នៅលើពិភពលោក កើនឡើង ១ កន្លែងបើធៀបនឹងឆ្នាំ ២០២៣។ ជាពិសេស វៀតណាមកំពុងទាក់ទាញ គម្រោងធំៗកាន់តែច្រើនឡើងក្នុងវិស័យ semiconductors ថាមពល (ការផលិតថ្ម កោសិកាពន្លឺព្រះអាទិត្យ ស៊ីលីក) ការផលិតគ្រឿងបន្លាស់ និងផលិតផលអេឡិចត្រូនិក។ គម្រោងជាច្រើនដែលផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ក៏ទទួលបានការវិនិយោគថ្មី និងបង្កើនដើមទុនផងដែរ។

លោក Dao Ngoc Tien អនុប្រធានសាកលវិទ្យាល័យពាណិជ្ជកម្មបរទេសបានអត្ថាធិប្បាយថា តួរលេខខាងលើបង្ហាញថា យុទ្ធសាស្ត្រទាក់ទាញការវិនិយោគគុណភាពខ្ពស់របស់វៀតណាមកំពុងដើរលើផ្លូវត្រូវ៖ “យោងតាមសេចក្តីសម្រេចចិត្តលេខ ៥០ ស្តីពីយុទ្ធសាស្ត្រទាក់ទាញ FDI ក្នុងរយៈពេលថ្មី យើងបានកំណត់គោលដៅមិនត្រឹមតែទាក់ទាញបរិមាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគុណភាព FDI ពីក្រុមហ៊ុនចម្រុះជាតិសាសន៍នៅក្នុងកំពូល ៥០០ ពីក្រុមហ៊ុនពហុជាតិ មកពីប្រទេសអភិវឌ្ឍន៍។ យើងអាចធ្វើបាននៅពេលដែលប្រកាន់ខ្ជាប់គោលដៅរបស់យើង កំណត់គោលដៅខ្ពស់សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

អត្ថាធិប្បាយអំពីនិន្នាការនាពេលខាងមុខ លោក Vu Quoc Huy នាយកមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) បានឲ្យដឹងថា ក្នុងឆ្នាំមុន និងឆ្ពោះទៅឆ្នាំបន្តបន្ទាប់ លំហូរទុន FDI ចូលវៀតណាមនឹងត្រូវបានជ្រើសរើសយ៉ាងច្បាស់ជាងតាមទិសដៅអាទិភាព គម្រោង FDI បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាប្រភព និងការបង្កើតការរីកសាយភាយដល់តំបន់ក្នុងស្រុក។ ដើម្បីជំរុញនិន្នាការនេះ NIC បានរៀបចំយុទ្ធសាស្ត្រសំខាន់ៗជាច្រើនលើការអភិវឌ្ឍន៍ធនធានមនុស្ស និងការកសាងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាខ្ពស់។ លោក Vu Quoc Huy បានចែករំលែកថា៖ “យើងកំពុងកសាងប្រព័ន្ធដៃគូធំៗនៅក្នុងប្រព័ន្ធអេកូឡូស៊ី រួមមានសហគ្រាស សាជីវកម្មក្នុងស្រុក សាជីវកម្មអន្តរជាតិ និងមូលនិធិវិនិយោគជាច្រើន អង្គការគាំទ្រការច្នៃប្រឌិត និងប្រព័ន្ធគ្រប់គ្រងរដ្ឋ។ ទាំងអស់ត្រូវបានតភ្ជាប់ដើម្បីបង្កើតប្រព័ន្ធអេកូនវានុវត្តន៍ បង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងបច្ចេកវិជ្ជាដែលជំរុញការធ្វើពាណិជ្ជកម្មនៃផលិតផលថ្មី ដែលសមរម្យសម្រាប់វិស័យសំខាន់ៗ ក៏ដូចជាបដិវត្តន៍ឧស្សាហកម្មទីបួន”។

យោងតាមអ្នកជំនាញ មិនគ្រាន់តែជាដើមទុនប៉ុណ្ណោះទេ អ្វីដែលសំខាន់នោះជា ធនធានវិនិយោគបរទេសនៅវៀតណាមមានការផ្លាស់ប្តូរដ៏ធំមួយ នោះគឺវិស័យបច្ចេកវិជ្ជាខ្ពស់ បច្ចេកវិជ្ជាប្រភពនាំវៀតណាមបន្តិចម្តងៗទៅកាន់កម្រិតខ្ពស់នៃខ្សែសង្វាក់តម្លៃពិភពលោកក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕