លោកអ្នកនាងជាទីមេត្រី។ ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំបានកែសម្រួលកាលវិភាគរបស់កម្មវិធីផ្សាយសម្លេងមួយចំនួន ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ តទៅ។ តើកាលវិភាគថ្មីបានជួយអ្នកតាមដានកម្មវិធីបានងាយស្រួលជាងទេ? តើគុណភាពរលកមានស្ថេរភាពទេ? យើងសង្ឃឹមថានឹងទទួលបានមតិ និងការរួមចំណែករបស់មិត្តអ្នកស្តាប់អំពីកាលវិភាគថ្មីនេះ ដូច្នេះយើងអាចបន្តកែលម្អបន្ថែមទៀត ដោយនាំមកជូនលោកអ្នកនូវកម្មវិធីវិទ្យុកាន់តែល្អប្រសើរ។

សូមរំលឹកឡើងវិញនូវការផ្លាស់ប្តូរកាលវិភាគផ្សាយដូចខាងក្រោម៖ កម្មវិធីផ្សាយជាភាសារខ្មែរ ចេញផ្សាយនៅវេលាម៉ោង ៥:៣០ នឹងត្រូវបានកែសម្រួលទៅម៉ោង ១៧៖០០ ទន្ទឹមនឹងនោះ កម្មវិធីនៅវេលាម៉ោង ២៣៖០០ នឹងត្រូវបានកែសម្រួលទៅម៉ោង ២១៖០០ ជារាងរាល់ថ្ងៃ។

បន្តទៅនេះ យើងខ្ញុំនឹងឆ្លើយសំណួរមួយចំនួនដែលមិត្តអ្នកស្តាប់បានផ្ញើមកកម្មវិធីក្នុងសប្តាហ៍កន្លងទៅ។ ដំបូងឡើយ គឺសំបុត្ររបស់អ្នកស្តាប់ ឡាយ ដារិទ្ធ មកពីខេត្តតាកែវ កម្ពុជា ដែលចង់ឱ្យកម្មវិធីឧទ្ទេសនាមអំពីមុខម្ហូប ប្រហិតត្រី La Vong ជាមុខម្ហូបដ៏ល្បីល្បាញរបស់រដ្ឋធានីហាណូយ។
ប្រហិតត្រី La Vong

មិត្ត ឡាយ ដារិទ្ធ និងប្រិយមិត្តជាទីមេត្រី។ បើនិយាយពីម្ហូបអាហារនៅទីក្រុងហាណូយ គ្មាននរណាម្នាក់ដែលមិនដឹងអំពីប្រហិតត្រី La Vong ដ៏ឈ្ងុយឆ្ងាញ់ដែលល្បីល្បាញ់នៅទឹកដីរដ្ឋធានីនោះទេ។ ប្រហិតត្រី La Vong ត្រូវបានធ្វើពីត្រីស្រស់ (ជាធម្មតាគឺ ត្រីឆ្លាំង ដែលមានឆ្អឹងតិចតួច សាច់ត្រីផ្អែម និងក្លិនក្រអូប) អាំងលើធ្យូង រួចចៀនក្នុងខ្ទះឆាជាមួយប្រេងឆា ជី និងខ្ទឹមសន្លឹក នៅលើចង្ក្រានធ្យូងនៅកណ្តាលតុបរិភោគអាហារ។ គ្រឿងទេសទាំងអស់ត្រូវបានលាយជាមួយគ្នា ដើម្បីបង្កើតជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ដែលមិនអាចរកបានពីកន្លែងផ្សេងទៀត។

ដើម្បីពិសាររស់ជាតិដើមនៃប្រហិតត្រី La Vong លោកអ្នកគួរទៅផ្ទះលេខ ១៤ វិថី Cha Ca ខ័ណ្ឌ Hoan Kiem។ កន្លែងនេះ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជី "ទីកន្លែងទាំង ១០០០ គួរទៅមើលមុនពេលអ្នកស្លាប់" ដោយអ្នកនិពន្ធទេសចរណ៍ដ៏ល្បីល្បាញ Patricia Schultz ហើយនៅឆ្នាំ ២០០៣ ទីភ្នាក់ងារសារព័ត៌មានអាមេរិក MSNBC បានដាក់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោម “ទីកន្លែងទាំង ១០ ដែលអ្នកគួរតែដឹងមុនពេលអ្នកស្លាប់” រួមជាមួយនឹងកន្លែងដ៏ល្បីល្បាញ និងពិធីបុណ្យចំនួន៩ផ្សេងទៀតនៅលើពិភពលោក។ ក្នុងឆ្នាំ ២០១៦ ប្រហិតត្រី La Vong ត្រូវបាន CNN វាយតម្លៃថាមុខម្ហូបវៀតណាមដ៏ឆ្ងាញ់បំផុតមួយក្នុងពិភពលោក។

ទិដ្ឋភាពល្បាក់ទឹក Chieng Khoa មើលពីខាងលើ

ជាបន្តទៅនេះ យើងខ្ញុំសូមឧទ្ទេសនាមដល់ប្រិយមិត្តនូវគោលដៅដ៏មនោរម្យមួយ ដើម្បីបន្ធូរអារម្មណ៍ក្នុងរដូវក្តៅ ដោយចំណាយពេលត្រឹមតែជាង ៣ ម៉ោងពីរដ្ឋធានីហាណូយ។ នោះគឺជាល្បាក់ទឹក Chieng Khoa ស្ថិតនៅក្នុងឃុំ Chieng Khoa ស្រុក Van Ho ខេត្ត Son La ដែលជាទិសដៅដ៏ល្អមួយសម្រាប់អ្នកដែលចង់ស្វែងយល់ពីសម្រស់ធម្មជាតិដ៏សម្បើមអស្ចារ្យ នៃតំបន់ខ្ពង់រាបភាគពាយ័ព្យ។ នេះក៏ជាគោលដៅដែលមិត្តអ្នកស្តាប់ គឹម សុភា មកពីកម្ពុជាមានបំណងចង់ស្វែងយល់។

មិត្ត គឹម សុភា និង ប្រិយមិត្តជាទីមេត្រី។ ដោយសារត្រូវបានហ៊ុំព័ទ្ធដោយព្រៃឈើក្រាស់ ហើយជាទីតាំងថ្មី ល្បាក់ទឹក Chieng Khoa នៅតែរក្សាបាននូវរូបរាងដ៏បរិសុទ្ធនិងផ្ទៃទឹកពណ៌ខៀវថ្លាគួរឱ្យចាប់អារម្មណ៍។ ក្រឡែកមើលពីចម្ងាយ ភ្ញៀវទេសចរអាចឃើញទឹកហូរពណ៌ស ហូរពីលើចុះមកក្រោម បង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យបំផុត ដូចនៅក្នុងផ្ទាំងគំនូរ។ ល្បាក់ទឹក Chieng Khoa មាន ៧ជាន់ ដែលជាន់នីមួយៗមានកម្ពស់ប្រហែល៧ទៅ១០ម៉ែត្រ ។ នៅជើងទឹកធ្លាក់នីមួយៗ មានទីធ្លាធំទូលាយបង្កើតបានជាបឹងពណ៌ខៀវថ្លាដូចត្បូងថ្ម ជាកន្លែងសម្រាប់ភ្ញៀវទេសចរហែលទឹក និងត្រាំខ្លួនក្នុងទឹកត្រជាក់។

គេចផុតពីកំដៅ និងភាពអាប់អួររបស់ទីក្រុង ទៅត្រាំខ្លួនក្នុងបឹងទឹកត្រជាក់ ស្រូបខ្យល់អាកាសបរិសុទ្ធនៃតំបន់ព្រៃភ្នំ ភ្ញៀវនឹងមានអារម្មណ៍ស្រស់ស្រាយ និងការបន្សុទ្ធអារម្មណ៍៕