ក្នុងសប្តាហ៍កន្លងទៅ ប្រធានបទមួយដែលទាក់ទាញការយកចិត្តទុកដាក់យ៉ាងច្រើនបំផុតពីមិត្តអ្នកស្តាប់ គឺនាយកដ្ឋានអាកាសចរណ៍វៀតណាមបានអនុញ្ញាតឱ្យអ្នកដំណើរប្រើប្រាស់គណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកកម្រិត ២ នៅលើកម្មវិធី VneID ដើម្បីបំពេញបែបបទធ្វើដំណើរ។ មិត្តអ្នកស្ដាប់ ផល ផានិត មកពីខេត្តសៀមរាបបានសួរថា៖ តើជនបរទេសអាចប្រើ ប្រាស់ VNeID ដើម្បីជំនួសលិខិតឆ្លងដែននៅពេលធ្វើនីតិវិធីហោះហើរនៅវៀតណាមបានទេ? ប្រសិនបើគ្មានគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិក អាចប្រើឯកសារប្រពៃណីបានទេ?“។

រូបថត៖ baochinhphu.vn

មិត្តអ្នកស្ដាប់ ផល ផានិត និងប្រិយមិត្តជាទីមេត្រី! ចាប់ពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ នាយកដ្ឋានអាកាសចរណ៍វៀតណាមបានអនុញ្ញាតជាផ្លូវការឱ្យអ្នកដំណើរប្រើប្រាស់គណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិក(VNeID) កម្រិត ២ ដើម្បីជំនួសអត្តសញ្ញាណប័ណ្ណពលរដ្ឋ នៅពេលធ្វើដំណើរហោះហើរក្នុងស្រុក នៅគ្រប់អាកាសយានដ្ឋានទូទាំងប្រទេសវៀតណាម។ ដូច្នោះហើយ គណនី VNeID កម្រិតទី ២ នឹងត្រូវបានទទួលស្គាល់ឲ្យប្រើប្រាស់នៅអាកាសយានដ្ឋានដូចនឹងឯកសារប្រពៃណីដែរ ដូចជាអត្តសញ្ញាណប័ណ្ណពលរដ្ឋ ឫលិខិតឆ្លងដែន សម្រាប់បំពេញបែបបទហោះហើរ។

ចំពោះជនបរទេសដែលកំពុងរស់នៅនិងធ្វើការនៅវៀតណាម គេអាចទៅកាន់ប៉ុស្តិ៍នគរបាលនៃខេត្ត-ក្រុងចំណុះមជ្ឈិម ដើម្បីចុះឈ្មោះគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកកម្រិត ២ ដោយប្រើប្រាស់លិខិតឆ្លងដែនឬឯកសារធ្វើដំណើរអន្តរជាតិដែលនៅមានសុពលភាព។ បន្ទាប់ពីកំណត់អត្តសញ្ញាណនិងដំឡើងកម្មវិធី VNeID នៅលើស្មាតហ្វូនរួចហើយ ជនបរទេសអាចប្រើប្រាស់គណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិចកម្រិត ២ ជំនួសឲ្យលិខិតឆ្លងដែន-Passport ដើម្បីបំពេញបែបបទហោះហើរ ក៏ដូចជាប្រតិបត្តិការផ្សេងៗទៀតដែលត្រូវការលិខិតឆ្លងដែន។

ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំក៏បានទទួលសំបុត្ររបស់មិត្តអ្នកស្ដាប់ អូន ចន្ធី មកពីទីក្រុងភ្នំពេញ កម្ពុជា ដែលបច្ចុប្បន្នកំពុងធ្វើការនៅទីក្រុងហាណូយ បានចែករំលែកអំពីសកម្មភាព “ប្តូរសំរាមយកដើមឈើ” នៅវិថីសៀវភៅ Ly Thuong Kiet (ខណ្ឌ Hoan Kiem ទីក្រុងហាណូយ)។ នៅក្នុងសំបុត្រមិត្តបានសរសេរថា "ខ្ញុំមានអារម្មណ៍រំភើបនិងសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលក្រដាសត្រូវបោះចោលអាចប្តូរយកដើមឈើមកថែរក្សា និងរួមចំណែកការពារបរិស្ថាន"។

សកម្មភាពនេះបានទាក់ទាញមនុស្សចូលរួមយ៉ាងច្រើនកុះករ។ រូបថត៖ VOV

មិត្តអ្នកស្ដាប់ អូន ចន្ធី និងប្រិយមិត្តជាទីមេត្រី! សកម្មភាព “ប្តូរសំរាមយកដើមឈើ” ត្រូវបានរៀបចំឡើងដោយអង្គការការពារបរិស្ថាន Greenlife ចាប់តាំងពីឆ្នាំ ២០១៨មក ហើយបានប្រព្រឹត្តិទៅជារៀងរាល់ថ្ងៃសៅរ៍ចុងខែ។ សកម្មភាពនេះទទួលបានការគាំទ្រនិងការចូលរួមពីមនុស្សគ្រប់អាយុវ័យ។ ដោយឡែកក្នុងខែកក្កដា ឆ្នាំ ២០២៣ Greenlife បានប្រមូលនិងកែច្នៃកាកសំណល់ជាង ៣ តោន។ គិតចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ អង្គការនេះបានប្រមូលសំរាមបានប្រមាណ ៦០០តោន។ ជាមួយនឹងក្រដាស់គ្រប់ប្រភេទ ផ្លាស្ទិច ៣ គីឡូក្រាម ឫដែក ១ គីឡូក្រាមនឹងត្រូវប្តូរជូនផ្កាយ ១ ហើយ

អ្នកចូលរួមអាចជ្រើសរើស និងប្រើប្រាស់ផ្កាយដើម្បីប្តូរយកដើមឈើជាច្រើនប្រភេទពីកម្មវិធី។ សកម្មភាព “ប្តូរសំរាមយកដើមឈើ” បានរួមចំណែកផ្សព្វផ្សាយសារនៃការចាត់ថ្នាក់កាកសំណល់តាំងពីដើម លើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីការការពារបរិស្ថាន។

ជាបន្តកម្មវិធី គឺសំណួររបស់មិត្តអ្នកស្តាប់ ហេង សុគីម ដែលមានបំណងចង់ស្វែងយល់ពីសកម្មភាពឆ្លងបទពិសោធន៍នៃការជិះឡានក្រុងលើទន្លេ Sai Gon ដើម្បីគយគន់ទេសភាពនាពេលរាត្រីនៅតាមដងទន្លេ។

ឡានក្រុងលើទន្លេ Sai Gon នាពេលយប់ ។ រូបថត៖ baotintuc.vn

មិត្ត ហេង សុគីម និងប្រិយមិត្តជាទីមាត្រី! Water Bus ឫឡានក្រុងលើទន្លេ តាមពិតជាសាឡាងមួយដែលត្រូវបានបំពាក់បរិក្ខាទំនើប ហើយកៅអីត្រូវបានរចនាឡើងស្រដៀងនឹងឡានក្រុងដែរ។ នេះត្រូវបានចាត់ទុកថាជាចំណុចថ្មីក្នុងប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកនៃទីក្រុងហូជីមិញដែលមនុស្សជាច្រើនចង់ទទួលបទពិសោធន៍។ ជាមួយនឹងតម្លៃសំបុត្រ ១០.០០០ដុង ឡានក្រុងលើទន្លេ Saigon នឹងធ្វើដំណើរឆ្លងកាត់ស្ថានីយចំនួន ៤ ដែលជាស្ថានីយធំជាងគេគឺ Bach Dang នៅខណ្ឌទី១ ; ស្ថានីយ៍ Binh An ខណ្ឌទី២; ស្ថានីយ៍ Thanh Da នៅខណ្ឌ Binh Thanh និងស្ថានីយ៍ Linh Dong នៅទីក្រុង Thu Duc។ ពេលវេលាដ៏ល្អបំផុត ដើម្បីឆ្លងបទពិសោធន៍ជះឡានក្រុងទឹកគឺនៅម៉ោង ១៧៖០០ - ១៧៖៣០ នៅពេលដែលព្រះអាទិត្យលិច។ អ្នកអាចគយគន់ទេសភាពទិនាវសាននៅលើទន្លេ Saigon ហើយក៏នាំមកនូវរូបថត Check-in ស្អាតៗផងដែរ។ ក្រៅពីនោនេះ ប្រសិនបើអ្នកទៅពេលយប់ អ្នកនឹងរីករាយជាមួយទេសភាពនៃទីក្រុងហូជីមិញនៅពេលយប់ជាមួយនឹងពន្លឺចែងចាំងដែលលាតសន្ធឹងតាមដងទន្លេទាំងសងខាង។

មិត្តអ្នកស្តាប់ជាទីមេត្រី! រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖vov5khmer@gmail.com ។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕