យុវជន Ngo Quy Duc គឺជាស្ថាបនិកនៃគម្រោង វិលត្រឡប់មកភូមិវិញ |
Ngo Quy Duc កើតនៅឆ្នាំ ១៩៨៥ នៅទីក្រុងហាណូយ។ នៅពាក់កណ្តាលឆ្នាំ ២០០៦ បន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ, លោកបានកើតចេញគំនិតអនុវត្តន៍នូវគម្រោងវប្បធម៌មួយនៅទីក្រុងហាណូយ។ ហើយលោកបានចាប់ផ្តើមស្វែងរកដៃគូសម្រាប់បង្កើតគម្រោង “ហាណូយរបស់ខ្ញុំ” ដែលគម្រោងនេះ ប្រៀបដូចជាបណ្ណាល័យអនឡាញអំពីវប្បធម៌ហាណូយអញ្ជឹង។ នៅខែឧសភាឆ្នាំ ២០២១ គម្រោង “វិលត្រឡប់មកភូមិវិញ” របស់លោក Ngo Quy Duc ត្រូវបានបង្ហាញមុខជាផ្លូវការ។ នេះគឺជាគេហទំព័រដែលបង្ហោះព័ត៌មានអំពីភូមិសិប្បកម្មប្រពៃណី និងឧទ្ទេសនាមផលិតផលសិប្បកម្មក្នុងប្រទេស។
“តាំងពីឆ្នាំ២០០៦ ខ្ញុំមានគំនិតចង់ធ្វើអ្វីមួយអំពីទីក្រុងហាណូយ។ ខ្ញុំបានមកជួបអ្នកស្រាវជ្រាវវប្បធម៌អំពីហាណូយ លោក Nguyen Vinh Phuc ហើយទទួលបានការចែករំលែកនិងផ្តល់យោបល់លើគម្រោង “ហាណូយរបស់ខ្ញុំ”។ បន្ទាប់ពីគម្រោងនេះ ខ្ញុំពិតជាមានការជក់ចិត្តនិងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមុខរបសិប្បកម្មវៀតណាម។ ដូច្នេះហើយ ខ្ញុំបានកសាងគម្រោងអំពីភូមិ ដោយប្រមូលនូវចំណេះដឹងទាំងអស់ដែលខ្ញុំបានប្រមូលពីមុនមកអំពីភូមិសិប្បកម្មជុំវិញទីក្រុងហាណូយ ហើយបើកទូលាយជាងនេះគឺបណ្តាខេត្តភាគខាងជើង ភាគកណ្តាល និងខាងត្បូងនៃប្រទេសវៀតណាម។ ក្នុងដំណើររបស់ខ្ញុំពីឆ្នាំ ២០០៦ ដល់ពេលនេះ ខ្ញុំបានទៅលេងភូមិសិប្បកម្មជាង ៥០០ កន្លែង។ ភូមិសិប្បកម្មនីមួយៗមានរឿងដោយឡែករបស់ខ្លួន ហើយមានភូមិសិប្បកម្មដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងដួងចិត្តរបស់ខ្ញុំ។ តាមរយៈដំណើរកម្សាន្តនីមួយៗ ខ្ញុំឃើញថា ថ្វីដៃរបស់សិប្បករពិតជាពូកែខ្លាំងណាស់ ពួកគេមានបច្ចេកទេសបន្សល់ទុកមកពីជំនាន់ដូនតា ហើយត្រូវបានពូនជ្រុំជាច្រើនជំនាន់មក បង្កើតបានជាផលិតផលទំនើប សក្តិសមលំដាប់ពិភពលោក”។
ដោយក្តីស្រមើស្រមៃចង់អភិរក្ស និងផ្សព្វផ្សាយតម្លៃភូមិសិប្បកម្មប្រពៃណី យុវជន Ngo Quy Duc បានចំណាយពេលជាច្រើនឆ្នាំធ្វើដំណើរទៅកាន់តំបន់ជនបទនានា ដើម្បីអនុវត្តគម្រោង “វិលត្រឡប់ទៅភូមិវិញ”។ លោកបានក្លាយជា "ស្ពាន" ជំរុញទំនាក់ទំនងរវាងភូមិសិប្បកម្មនិងអាជីវកម្ម បើកឱកាសដើម្បីចូលទៅកាន់ទីផ្សារ ជួបប្រាស្រ័យរវាងសិប្បករជាមួយអាជីវកម្ម។ ជោគជ័យដ៏ធំបំផុតនៃគម្រោង “វិលត្រឡប់ទៅភូមិវិញ” គឺទទួលបានប្រជាប្រិយភាពខ្លាំងពីបណ្តាភូមិសិប្បកម្ម ការគាំទ្ររបស់សិប្បករជាច្រើនដែលមានបំណងប្រាថ្នាចង់អភិរក្សនិងផ្សព្វផ្សាយវប្បធម៌ប្រពៃណី។ សិប្បការិនី Nguyen Thi Tuyet នៅឃុំ Van Canh ស្រុក Hoai Duc ទីក្រុងហាណូយបានឲ្យដឹងថា៖ “ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងចំពោះ Duc ព្រោះយុវជនរូបនេះមានចំណង់ចំណូលចិត្តនឹងឧបករណ៍លេងល្បែងប្រជាប្រិយវៀតណាម។ ខ្ញុំមានអារម្មណ៍រីករាយដែលបានធ្វើការជាមួយ Duc។ ខ្ញុំសង្ឃឹមថា មានយុវជនជាច្រើនដូច Duc ចូលរួមរក្សាអាជីពធ្វើឧបករណ៍លេងប្រជាប្រិយ”។
ការរៀបចំកន្លែងតាំងបង្ហាញផលិតផលសិប្បកម្មនៃគម្រោង “ត្រឡប់ទៅភូមិវិញ” នៅផ្លូវ Chau Long ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ |
កម្មវិធី "វិលត្រលប់ទៅភូមិវិញ" ផ្តោតលើការរំលេចប្រវត្តិសាស្រ្តវប្បធម៌របស់ភូមិ និងពិពិធកម្មបទពិសោធន៍របស់អ្នកទស្សនាជាមួយនឹងមុខរបរប្រពៃណី។ ជាពិសេស កម្មវិធីទេសចរណ៍បទពិសោធន៍ភូមិសិប្បកម្ម ត្រូវបានបង្កើតឡើងដោយលោក និងសហការីយ៉ាងប៉ិនប្រសប់ ដោយនាំ យកបទពិសោធន៍ផ្សេងៗគ្នា ជូនភ្ញៀវទេសចរណ៍ និងអ្នកចាប់អារម្មណ៍។ ដំណើរកម្សាន្តនីមួយៗ មានសារអំពីការថែរក្សាតម្លៃវប្បធម៌ជាតិ និងបង្កប់ដោយព័ត៌មានយ៉ាងយកចិត្តទុកដាក់ ចំណេះដឹង រឿងរ៉ាវ ទាក់ទងយ៉ាងជិតស្និទ្ធជាមួយអ្នកដែលកតាប់ជាប់នូវភាពសម្បូរបែបនៃសិប្បកម្មប្រពៃណី។
ចំណង់ចំណូលចិត្ត និងភាពរីករាយរបស់ Ngo Quy Duc បានធ្វើឱ្យសិប្បករជាច្រើនមានជំនឿកាន់តែច្រើនលើតម្លៃប្រជាជននិងសារៈសំខាន់នៃសិប្បកម្មដែលនឹងស្ថិតស្ថេរជារៀងរហូត។ អ្នកស្រី Dang Huong Lan ដែលជាវិចិត្រករបិទមុខក្រដាសតែមួយគត់ដែលនៅសេសសល់នៃវិថីបុរាណទីក្រុងហាណូយ បានចាត់ទុក Ngo Quy Duc ជាកូនប្រុស និងដៃគូរបស់គាត់។
“កូនខ្ញុំមិនបន្តអាជីពទេ ហើយចៅក៏មិនបន្តអាជីពដែរ។ ឥឡូវយើងទុកចិត្តតែ Ngo Quy Duc ហើយប្រគល់វិជ្ជាជីវៈឱ្យ Duc។ បង្រៀនឲ្យពីរបៀបបង្កើតពុម្ភ និងបច្ចេកទេសសិប្បកម្ម”។
ការចំណាយយុវវ័យរបស់ខ្លួនលើគម្រោង "វិលត្រឡប់ទៅភូមិវិញ" របស់ Ngo Quy Duc នៅតែមិនឈប់ទេ ប៉ុន្តែបន្តចាប់ផ្តើមគម្រោងថ្មី “សង្កាត់ Bach Nghe”។ យុវជនម្នាក់នេះចង់បន្តបំផុសនិងផ្សព្វផ្សាយការអភិរក្សនូវតម្លៃវប្បធម៌ប្រជាប្រិយ ភាពសម្បូរបែពនៃវប្បធម៌ជាតិ ដែលត្រូវបានថែរក្សា និងទទួលមរតកជាច្រើនជំនាន់។
“សិប្បករបានបង្កើត បង្ហាញពីគំនិត និងសេចក្តីប្រាថ្នារបស់ខ្លួន តាមរយៈសិប្បកម្មប្រពៃណី។ ដូច្នេះខ្ញុំគិតថា ខ្លួនត្រូវមានទំនួលខុសត្រូវហើយក៏ជាកិត្តិយសសម្រាប់មុខរបរប្រពៃណីនេះដែរ។ ក្នុងដំណើរទៅភូមិ១៨ឆ្នាំ វិលត្រឡប់ទៅភូមិវិញ ខ្ញុំបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនក្នុងភូមិ។ អ្នកភូមិចាត់ទុកខ្ញុំជាកូនចៅក្នុងគ្រួសារ ហើយសប្បាយចិត្តណាស់ដែលដឹងថាខ្ញុំត្រឡប់មកភូមិវិញ។ អ្វីដែលខ្ញុំចង់បានគឺលើកកម្ពស់ផលិតផលសិប្បកម្មវៀតណាមមិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេថែមទាំងនាំមកនូវភាពសម្បូរបែបរបស់ភូមិរបរវៀតណាមទៅកាន់ពិភពលោក”។
គម្រោង “វិលត្រឡប់មកភូមិវិញ” ត្រូវបានផ្តួចផ្តើមឡើងដោយ Ngo Quy Duc ដោយមានកិច្ចសហការពីយុវជនជាច្រើនដែលជានិស្សិតផ្នែកសេដ្ឋកិច្ច ទំនាក់ទំនង វិចិត្រសិល្បៈ សារព័ត៌មាន ... ដែលចែករំលែកក្តីស្រឡាញ់ចំពោះវប្បធម៌ប្រពៃណីជាតិ។ បំណងធំបំផុតរបស់លោក Ngo Quy Duc គឺនាំយកផលិតផលគុណភាពខ្ពស់ និងសម្បូរបែពនៃភូមិសិប្បកម្មវៀតណាម ទៅកាន់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ លោក Ngo Quy Duc មានកិត្តិយសដែលបានទទួលងារជាពលរដ្ឋរដ្ឋធានីឆ្នាំ ២០១៧ សម្រាប់ការលះបង់ និងការួមវិភាគទានលើទឹកស្រុកកំណើតដែលលោកបានកើត និងធំធាត់៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

