លោក Le Quang Toan (ស្តាំ) ផ្តល់អំណោយដល់ប្រជាជនក្នុងស្ថានភាពលំបាក

“សំណាងដែលបានជួបលោក Toan” ជាពាក្យដែលយើងបានឮច្រើនបំផុតក្នុងពេលសន្ទនាជាមួយនឹងអ្នកស្រី Sam Thi Ha (សឹម ធី ហា) នៅខេត្ត Quang Tri។ ទាំងនាងនិងស្វាមីសុទ្ធតែជាជនពិការ និងគ្មានការងារធ្វើ។ ប៉ុន្តែ ដោយសារបានជួបលោក Toan ហើយជីវភាពរស់នៅរបស់គ្រួសារអ្នកស្រីបានផ្លាស់ប្តូរច្រើន។ អ្នកស្រី សឹម ធីហា បានសំណេះសំណាលថា៖ "លោក Le Quang Toan បានចូលរួមជាមួយអង្គការនានារបស់ខេត្ត ដើម្បីផ្តល់ជូនប្តីប្រពន្ធខ្ញុំផ្ទះមួយខ្នងសម្រាប់ស្នាក់នៅ។ បន្ទាប់មក ក្នុងអំឡុងពេលប្រកបរបរចិញ្ចឹមជីវិត ប្តីខ្ញុំ និងខ្ញុំ ទទួលបានការឧបត្ថម្ភពីលោក Toan។ ចាប់តាំងពីពេលនោះមក ជីវភាពគ្រួសាររបស់ខ្ញុំមិនសូវលំបាកដូចមុនទៀតទេ”។

ប្អូន Hoang Thi Kim Thuy នៅខេត្ត Quang Tri ក៏មានស្ថានភាពរស់នៅលំបាកមួយផងដែរ តែមានសំណាងបានជួបលោក Toan។ ឪពុករបស់នាងបានលាចាកលោកនៅពេល Thuy រៀនថ្នាក់ទី ១១ ហើយម្ដាយរបស់នាងមានផ្ទៃពោះកូនទី ៣។ Thuy ទំនងជាត្រូវឈប់រៀនដើម្បីជួយម្តាយរកស៊ី។ លោក Toan បានភ្ជាប់ទំនាក់ទំនងជាមួយក្រុមស្ម័គ្រចិត្តដើម្បីជួយនាងទទួលបានអាហារូបករណ៍ បន្តការសិក្សារបស់ខ្លួន។ មកទល់នឹងពេលនេះ Thuy បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យអប់រំបឋមសិក្សានិងមត្តេយ្យសិក្សា សាកលវិទ្យាល័យ Quang Binh ដោយទទួលបានលទ្ធផលល្អប្រសើរ។ ប្អូន Hoang Thi Kim Thuy បានចែករំលែកថា៖ “បង Toan បានភ្ជាប់ទំនាក់ទំនងជាមួយក្រុមការងារសង្គមដើម្បីជួយឧបត្ថម្ភអាហារូបករណ៍ដល់រូបខ្ញុំ។ បច្ចុប្បន្នគឺមានរយៈពេល ៦ ឆ្នាំហើយ។ ខ្ញុំបានរៀនពីលោក Toan ពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដើម្បីជម្នះលើជោគវាសនា។ នៅ ពេលអនាគត ខ្ញុំនឹងធ្វើការងារស្ម័គ្រចិត្តច្រើនថែមទៀត”។

លោក Le Quang Toan កើតក្នុងឆ្នាំ ១៩៧៩ រស់នៅក្នុងតំបន់ជនបទក្រីក្រនៃខេត្ត Quang Tri។ ពេលកើតមកលោកមានទម្ងន់ត្រឹមតែ១គីឡូក្រាមប៉ុណ្ណោះ។ នៅអាយុ ១០ ឆ្នាំ លោកចាប់ផ្តើមថ្នាក់ទី ១ ហើយរៀនសរសេរនៅពេលលោកអាយុ ១៤ ឆ្នាំ។ ដោយសារលោកជួបការលំបាកក្នុងការនិយាយនិងសរសេរ ដែលធ្វើឲ្យលោករឹតតែពិបាកក្នុងការបញ្ចេញគំនិតរបស់ខ្លួនទាំងស្រុង ប៉ុន្តែលោកមិនដែលឈប់ស្រមៃចង់ទៅសាលារៀនទេ។ បន្ទាប់ពីបញ្ចប់វិទ្យាល័យរយៈពេល ១២ ឆ្នាំ នៅអាយុ ២៤ ឆ្នាំ ដោយដឹងថា វិស័យព័ត៌មានវិទ្យាកំពុងអភិវឌ្ឍ លោក Toan បានសិក្សានៅដ៉េប៉ាឌឺម៉ងព័ត៌មានវិទ្យា នៅមហាវិទ្យាល័យកសិកម្ម និងឧស្សាហកម្ម Quang Binh។ បន្ទាប់ពីបញ្ចប់ការសិក្សា ដើម្បីលើកកំពស់សមត្ថភាព លោក Toan បានបន្តចុះឈ្មោះរៀនមុខវិជ្ជាព័ត៌មានវិទ្យានៅសាកលវិទ្យាល័យជាតិនៃទីក្រុងហាណូយ។ ពីចលនាស្ម័គ្រចិត្តដោយសាលាបំផុសឡើង ក៏ដូចជាបទពិសោធន៍ទទួលមកពីជីវភាពប្រចំាថ្ងៃ បានចិញ្ចឹមសុបិនបំពេញការងារសប្បុរសធម៌របស់លោក Toan។ លោក Toan បានចែករំលែកថា៖ “ក្នុងនាមជាជនពិការ ខ្ញុំយល់ពីការលំបាករបស់ជនពិការ។ មានករណីពិការស្រាលជាងខ្ញុំ ប៉ុន្តែពួកគេខ្លួនឯងមិនអាចសម្របខ្លួនក្នុងសហគមន៍បានទេ។ ខ្ញុំចង់ជួយស្ថានការណ៍ទាំងនោះឲ្យអាចឈានឡើងក្នុងជីវភាពប្រចាំថ្ងៃ”។

លោក Le Quang Toan ផ្តល់រទេះរុញដល់ជនពិការ និងកង់ដល់សិស្សក្រីក្រ

លោក Toan ចូលរួមក្នុងសកម្មភាពសប្បុរសធម៌សឹងតែទាំងអស់នៃវេទិកា Quang Binh អនឡាញ វេទិកានេសាទ Quang Binh និងវេទិកា Dioxin វៀតណាម។ ក្នុងឆ្នាំ ២០១២ លោក Toan គឺជាបុគ្គលឆ្នើមម្នាក់ក្នុងចំណោមបុគ្គលឆ្នើមចំនួន ៥ ដែលបានទទួលពានរង្វាន់អ្នកស្ម័គ្រចិត្តជាតិលើកទី ២។ ក្នុងឆ្នាំ ២០១២នេះដែរ លោកក៏ទទួលបានពានរង្វាន់ស្ម័គ្រចិត្ត ត្រចៀកកាំ ដោយសម្ព័ន្ធក្រុមហ៊ុន FPT រៀបចំឡើង ដើម្បីលើកតម្កើងដល់អ្នកដែលបានរួមចំណែកជាច្រើនសម្រាប់សហគមន៍។ ក្នុងឆ្នាំ ២០១៤ លោកបានទទួលប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រី និងទទួលបានកិត្តនាមជាពលរដ្ឋឆ្នើមនៃទីក្រុង Dong Hoi។ នៅឆ្នាំ ២០១៥ នៅពេលដែលលោកត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានក្លឹបយុវជនពិការខេត្ត Quang Binh (ឥឡូវត្រូវបានបញ្ចូលទៅក្នុងខេត្ត Quang Tri) លោក Toan បានលើកទឹកចិត្ត និងជួយដល់ជនពិការឲ្យកាត់បន្ថយភាពតូចចិត្ត និងខិតខំកែលម្អជីវភាពរស់នៅរបស់ខ្លួន។

មិនត្រឹមតែបង្កើតផែនការស្ម័គ្រចិត្តប៉ុណ្ណោះទេ លោក Toan ក៏ជាមនុស្សម្នាក់ដែលតភ្ជាប់កម្មវិធីស្ម័គ្រចិត្តដោយផ្ទាល់ផងដែរ។

"សម្រាប់កម្មវិធីធំៗ ខ្ញុំតែងតែទាក់ទងទៅអង្គការ និងក្រុមហ៊ុននានា ដើម្បីចូលរួមក្នុងការអនុវត្ត។ សម្រាប់កម្មវិធីតូចៗ ខ្ញុំនឹងតភ្ជាប់ជាមួយក្រុមការងារសង្គម ឬបុគ្គលមួយចំនួន ដើម្បីឧបត្ថម្ភដល់ស្ថានភាពលំបាក។ គោលការណ៍របស់ខ្ញុំ គឺទុកឲ្យម្ចាស់ជំនួយ មកផ្តល់ជូនអំណោយដោយផ្ទាល់សម្រាប់មុខសញ្ញាជាក់ស្តែង”។

មុននេះ ២ ឆ្នាំ លោក Toán បានតភ្ជាប់និងឧបត្ថម្ភរទេះរុញ ២០ គ្រឿងសម្រាប់យុវជនតាមស្រុកមួយចំនួននៃខេត្ត Quang Tri; ជួយតភ្ជាប់យុវជនពិការចំនួន ៣ គូរៀបការនឹងគ្នា ហើយ មានការងារស្ថិរភាព។ នៅដើមឆ្នាំកន្លងទៅ ក្នុងវ័យ ៤៥ ឆ្នាំ លោកបានបន្តទទួលបានប័ណ្ណសរសើរពីគណៈកម្មាធិការមជ្ឈិមសហភាពយុវជនវៀតណាម សម្រាប់សមិទ្ធិផលឆ្នើមក្នុងសកម្មភាពសមាគមនិងចលនាយុវជន។ ប៉ុន្តែប្រហែលជាសម្រាប់រូបលោក Toan រង្វាន់ដ៏ធំបំផុតដែលលោកទទួលបានគឺសេចក្តីសប្បុរស និងការនឹករលឹកដល់ជនក្រីក្រជាច្រើននាក់កុមារពិការ កុមារកំព្រា... នៅតាមបណ្តាខេត្ត-ក្រុងជាច្រើនទូទាំងប្រទេស។

បច្ចុប្បន្ន ថ្វីត្បិតតែសុខភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងណាក៏ដោយ ក៏លោក Toan មិនដែលគិតចង់ឈប់ការងារស្ម័គ្រចិត្តរបស់ខ្លួនដែរ។ លោកនឹងបន្តការងារនេះ រហូតដល់ជើងរបស់ខ្កួនមិនអាចដើរបានទៀតទេ។ សម្រាប់លោក ភាពរីករាយបំផុតគឺបានឃើញការផ្លាស់ប្តូររបស់មនុស្សដែលជួបការលំបាកនិងជនពិការ៕